កូឡុំប៊ី

កូឡុំប៊ីបញ្ចេញ​ទាហាន​ដើម្បីស្តារសណ្តាប់ធ្នាប់ នៅ​ទីក្រុង ដែល​រញ្ជួយ​ដោយបាតុកម្មប្រឆាំង​រដ្ឋាភិបាល

ទាហាន​កូឡុំប៊ី ជាង ១ពាន់នាក់ ត្រូវ​បាន​ពង្រាយ​នៅទីក្រុង​Cali ដែល​រញ្ជួយខ្លាំង ដោយសារ​បាតុកម្ម​ហិង្សា ប្រឆាំង​រដ្ឋាភិបាល​កូឡុំប៊ី ដែលបានសម្លាប់មនុស្ស យ៉ាងតិច ១៣នាក់ កាលពីថ្ងៃ​សុក្រទី ២៨ ឧសភា ២០២១
ទាហាន​កូឡុំប៊ី ជាង ១ពាន់នាក់ ត្រូវ​បាន​ពង្រាយ​នៅទីក្រុង​Cali ដែល​រញ្ជួយខ្លាំង ដោយសារ​បាតុកម្ម​ហិង្សា ប្រឆាំង​រដ្ឋាភិបាល​កូឡុំប៊ី ដែលបានសម្លាប់មនុស្ស យ៉ាងតិច ១៣នាក់ កាលពីថ្ងៃ​សុក្រទី ២៨ ឧសភា ២០២១ REUTERS - STRINGER

ទៅតាម​ក្រឹត្យ ប្រធានាធិបតី កងទ័ព​កូឡុំប៊ី ជាង​១០០០​នាក់​ត្រូវ​បាន​ដាក់ពង្រាយ នៅទីក្រុង​Cali ចាប់ពីថ្ងៃ​សៅរ៍​ម្សិលមិញ ជា​ទី ដែល​ការប៉ះទង្គិច ដ៏ហិង្សា រវាង បាតុករ និង​ប៉ូលិស បាន​សម្លាប់​មនុស្ស យ៉ាងតិច ១៣នាក់ កាលពី​ថ្ងៃ​សុក្រ។ ជាង​១ខែ​មកហើយ កូឡុំប៊ី បានធ្លាក់ចូល​ក្នុង​វិបត្តិសង្គម​ដ៏សែនជ្រៅ ដែល​មួយចំណែក បណ្តាល​មក​ពី ជំងឺរាតត្បាតកូវីដ។ សឹងជារៀងរាល់ថ្ងៃ ប្រជាជន​កូឡុំប៊ី ជាពិសេស យុវជន​បាន​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដើម្បី​បរិហារ​អំពើពុករលួយ និង​ការអត់ការងារធ្វើ។

ផ្សាយពាណិជ្ជកម្ម

នៅទីក្រុង​Cali ភាគខាងលិច​ប្រទេស​កូឡុំប៊ី ការប៉ះទង្គិច ដ៏ហិង្សា រវាង ប៉ូលិស និង បាតុករ ដែលមានលាយឡំ​ដោយ​​ជនស៊ីវិលប្រដាប់អាវុធ  បាន​សម្លាប់មនុស្ស យ៉ាងតិច ១៣នាក់ ដែលនៅក្នុងនោះ ២នាក់ ជាប៉ូលិស កូឡុំប៊ី។ នៅថ្ងៃ​សុក្រ អ្នកស៊ើបអង្កេត​របស់​អយ្យការកូឡុំប៊ីម្នាក់ បាន​បាញ់​សម្លាប់​បាតុករ ២នាក់ មុននឹងត្រូវ​ក្រុមបាតុករ សង្រ្គប់​វាយសម្លាប់វិញ។

ប្រឈម​នឹង​អសន្តិសុខ និង​អំពើហិង្សា​សម្លាប់មនុស្ស នៅក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល លោកប្រធានាធិបតី អ៊ីវ៉ាន់ ឌុកេ បាន​ចេញ​ក្រឹត្យ កាលពី​ថ្ងៃ​សុក្រ ដើម្បី​បញ្ជា​ឲ្យ​ដាក់​ពង្រាយ​កងទ័ព  ជាង ១ពាន់នាក់ នៅទីក្រុង​Cali ឬ ៧ពាន់នាក់ សម្រាប់​ទូទាំងប្រទេស។

នៅមួយខែមកនេះ កូឡុំប៊ី​រងរញ្ជួយ​ដោយ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​សឹងតែរាល់ថ្ងៃ។ ដំបូងឡើយ មហាបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល បាន​ផ្ទុះឡើង នៅ​ចុងខែ​មេសា ដើម្បី​ប្រឆាំង​គម្រោងការរបស់រដ្ឋាភិបាល​ដែល​ចង់ ដំឡើងពន្ធ​លើ​តម្លៃបន្ថែម TVA ក្នុង​គោលដៅ បាន​ប្រាក់ចំណូល សម្រាប់ទប់ទល់​សេដ្ឋកិច្ច ដែល​ត្រូវ​ដើរអូសជើង​ដោយសារ​វិបត្តិកូវីដ។ ដោយសារ ប្រជាជន​ធ្វើបាតុកម្ម​ប្រឆាំង ខ្លាំងក្លា រដ្ឋាភិបាល​របស់​លោក​អ៊ីវ៉ាន់ ឌុកេ បានលុបចោល​វិធានការ​នោះវិញ ប៉ុន្តែ វា​មិនបាន​ទៅ​បំបាត់​កំហឹង តវ៉ា​របស់​ប្រជាជន​កូឡុំប៊ី​នោះទេ។ នៅកូឡុំប៊ី​ជាទី ដែល​ប្រជាជន​ប្រមាណ ៤៥% នៃ​ប្រជាជន​សរុប ៥០លាននាក់ រស់នៅ​ក្នុងភាពក្រីក្រ ប្រជាជន​កូឡុំប៊ី ចុះថ្នល់​ធ្វើ​បាតុកម្ម សឹងជារៀងរាល់ថ្ងៃ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ការងារ​ធ្វើ ការសិក្សាឥតគិតថ្លៃ។

នៅមួយខែមកនេះ ចលនា​បាតុកម្ម កម្លាំង​ងើបតវ៉ា​របស់​ប្រជាជន ដែលពេលខ្លះ ឈាន​ដល់​ការប្រើប្រាស់​អំពើហិង្សា បាន​សម្លាប់ មនុស្ស យ៉ាងតិច ៥៩នាក់ របួស ២៣០០នាក់ និង​បាត់ខ្លួន ១២៣នាក់។ ទោះមាន​ការចរចា សម្របសម្រួល​ជាមួយ គណៈកម្មាធិការ​បាតុកម្ម​ជាតិ រដ្ឋាភិបាល​នៅតែ​មិនអាច ដោះស្រាយ បន្ថយកំហឹង​តវ៉ា​របស់​ប្រជាជន។

សម្រាប់អ្នកវិភាគ​ចលនាបាតុកម្ម​ផ្ទុះខ្លាំង​ឡើង នៅពេលនេះ សបញ្ជាក់​ពី​កំហឹង​របស់​យុវជន កូឡុំប៊ី ដែលត្រូវគេផាត់ចេញពី​ពិភពនយោបាយ ​គ្មានការងារធ្វើ គ្មាន​ការសិក្សា និង​ធ្លាក់ខ្លួន​កាន់តែ​ក្រីក្រ ដោយសារ​វិបត្តិកូវីដ។ នៅពេល ១ភាគ​៣​នៃ​យុវជន​កូឡុំប៊ី អាយុ​ចន្លោះ ១៤ និង​២៨​ឆ្នាំ គ្មាន​ការងាធ្វើ និង​មិនបាន​ចូលសាលា អ្នកជំនាញ​បាន​ព្រមានថា កូឡុំប៊ី ដែល​នៅតែ​ជាប់ដៃប្រយុទ្ធ​ជាមួយ​ក្រុមឧទ្ទាម​ក្នុងស្រុក នឹង​អាច​ធ្លាក់ខ្លួន​ជា​ប្រទេស​ដែលមាន​ជម្លោះប្រដាប់អាវុធ ក្នុងក្រុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI