សហរដ្ឋ​អាមេរិក-ប្រេង-បរិស្ថាន

លោក​ចូបៃដិន​សម្រេច​ផ្អាក​សកម្មភាព​ជីកប្រេង​នៅតំបន់​អាកទិក

លោក​ចូបៃដិន​សម្រេច​ផ្អាក​សកម្មភាព​ជីកប្រេង​នៅតំបន់ធម្មជាតិ​​អាកទិក ដែល​ជា​ជម្រក​សត្វ​ខ្លាឃ្មុំ​ និង​សត្វ​ផ្សេងៗជា​ច្រើន
លោក​ចូបៃដិន​សម្រេច​ផ្អាក​សកម្មភាព​ជីកប្រេង​នៅតំបន់ធម្មជាតិ​​អាកទិក ដែល​ជា​ជម្រក​សត្វ​ខ្លាឃ្មុំ​ និង​សត្វ​ផ្សេងៗជា​ច្រើន POLAR BEARS INTERNATIONAL/AFP/File

លោក​ ចូ បៃដិន បាន​កាច់បត់​​សេចក្តី​សម្រេច​មួយ​ថ្មី​ទៀតរបស់​​លោកអតីត​ប្រធានាធិបតី​​ដូណាល់ត្រាំ​។ នៅ​ថ្ងៃ​អង្គារ​ទី ១​មិថុនា ម្សិលមិញ ​រដ្ឋបាល​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោកបៃដិន បាន​សម្រេច​ហាមឃាត់​​ជា​បណ្តោះ​អាសន្ន ​​សកម្មភាព​ជីក​ប្រេង​នៅ​តំបន់​ធម្មជាតិ​អាកទិក​ ​ដែល​ជា​ជម្រក​សត្វ​ព្រៃ​មាន​អាទិ៍​ខ្លាឃ្មុំ​។ មូលហេតុ​ គឺ​ដើម្បី​វិភាគ​លម្អិត​អំពី​ផលវិបាកដែល​អាច​បង្ក​ឡើង​ដោយ​ឡើង​ដោយ​ការ​ខួង​ប្រេង ទៅ​លើ​បរិស្ថាន។

ផ្សាយពាណិជ្ជកម្ម

ក្រសួង​មហាផ្ទៃអាមេរិក​ ចង់​សិក្សា​ឱ្យ​សព្វជ្រុង​ជ្រោយ​​អំពី​ផលវិបាកបរិស្ថាន​​នៃ​ការជីកប្រេង​នៅ​​​​តំបន់​អភិរក្ស​ធម្មជាតិ​ដ៏​ធំ​របស់​សហរដ្ឋ​អាមេរិក នៅ​តំបន់​អាកទិក ព្រោះ​នៅក្នុង​ដំណើរបែបបទ​ផ្តល់​សម្បទាន​ មាន​ចំណុច​ខ្វះខាត​តាម​ផ្លូវ​ច្បាប់​ច្រើន​ និង​មិន​គ្រប់គ្រាន់សម្រាប់​​បរិស្ថានទេ។ នៅពេល​បាន​ទទួល​លទ្ធផល រដ្ឋាភិបាល​នឹង​ធ្វើ​សេចក្តី​សម្រេច​ជា​ថ្មី​ ថា​នឹង​រក្សា​​គម្រោង​សម្បទានរបស់​រដ្ឋាភិបាល​មុន​ដដែល​ ឬ​ក៏​លុប​ចោល​ទាំង​ស្រុង​តែ​ម្តង ឬ​ក៏​ចេញ​វិធានការ​បន្ថែម​ដើម្បី​ការពារ​បរិស្ថាន​ នៅ​តំបន់​អាកទិក​ដែល​ក៏​ជា​ទី​ជម្រក​របស់​សត្វ​ចចក​ ខ្លាឃ្មុំ និង​សត្វ​ស្លាប​ ជា​ច្រើន។

ជាង​៣០​ឆ្នាំ​មក​ហើយ​ដែល​ក្រុមហ៊ុន​ប្រេង​និង​ថ្នាក់​ដឹកនាំ​រដ្ឋ​អាឡាស្កា បាន​សើ្ន​សុំ​ជីកប្រេង​នៅ​ក្នុង​តំបន់​ធម្មជាតិ​​អាកទិក​នេះ​ ដើម្បី​បង្កើត​ការងារ​និង​បង្កើន​ចំណូល​ឱ្យ​រដ្ឋ។ នៅ​ទី​បំផុត​នៅ​ឆ្នាំ​២០១៧ សភា​អាមេរិក​បាន​បោះឆ្នោត​អនុម័ត​គម្រោង​សម្បទាន​លើ​​ផ្ទៃ​ដី​សរុប​៦៥០០​គីឡូម៉ែត្រ​ការ៉េ ​តាម​បណ្តោយ​ឆ្នេរ​មហាសមុទ្ទ​អាកទិក ​ក្នុង​តំបន់ធម្មជាតិ​ដែល​មាន​ផ្ទៃក្រឡា​៧៨០០០​គីឡូម៉ែត្រ​ការ៉េ។ សកម្មភាព​ជីករក​​ប្រេង​នៅ​តំបន់​អាកទិក ក៏​បាន​ចាប់​ផ្តើម​ កាល​ពី​ដើម​ខែ​មករា ២០២១ (ពីរ​សប្តាហ៍​មុន​​ការ​ចូល​កាន់​តំណែង​របស់​លោក​បៃដិន)។

លោក​ចូបៃដិន តាំង​ពីនៅ​ជា​បេក្ខជន​ប្រធានាធិបតី​ បាន​សន្យា​ថា​ចាត់​វិធានការ​ការពារ​តំបន់​ធម្មជាតិ​ និង​បាន​ចេញ​ក្រិត្យ​ភ្លាម ផ្អាករាល់​គ្រប់​​សម្បទាន​​ជីក​ប្រេង និង​ឧស្ម័ន​​ថ្មីៗ ​នៅ​លើ​ដី និង​ក្នុង​ដែន​ទឹកជា​​របស់​រដ្ឋ នៅ​ថ្ងៃ​ចូល​កាន់​តំណែង​តែម្តង។ ​

សម្ព័ន្ធ​ដើម្បី​ធម្មជាតិ​នៅ​អាឡាស្កា បាន​អប​អរ​សេចក្តី​សម្រេច​របស់រដ្ឋាភិបាលដែល​គិត​គូរ​និង​ផ្តល់​អាទិភាព​ដល់​បរិស្ថាន វិទ្យាសាស្ត្រ ​និង​ជន​ជាតិ​ដើម​ តែ​សហព័ន្ធ​ប្រេង​អាមេរិក​ បាន​សម្តែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ ដោយ​រិះគន់​ថា នយោបាយ​ពន្យឺត ឬ​បញ្ឈប់​ការ​បូម​ប្រេង​និង​ឧស្ម័ន​ក្រោម​ដី​ និ​ងក្រោម​ទឹក​  ដើម្បី​បរិស្ថាន​ មិន​ខ្វល់​នឹង​កម្លាំង​សេដ្ឋកិច្ច​ អាច​ជា​ការ​គំរាមកំហែង​សន្តិសុខ​ជាតិ​ ទៅ​វិញ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI