អាមេរិក-ពន្ធដារ

បែកធ្លាយ​​ឯកសារ​បង្ហាញថា កំពូល​​មហាសេដ្ឋី​អាមេរិក​ច្រើន​នាក់ មិន​បង់​ពន្ធ​ជូនរដ្ឋ

លោក Elon Musk (ឆ្វេង) ស្ថាបនិកក្រុមហ៊ុន Tesla និងលោក Jeff Bezos (ស្តាំ) ស្ថាបនិក​ Amazon គឺជាកំពូលមហាសេដ្ឋី២នាក់ ក្នុងចំណោម​៣នាក់ ដែលមានទ្រព្យច្រើនជាងគេបង្អស់លើលោក។
លោក Elon Musk (ឆ្វេង) ស្ថាបនិកក្រុមហ៊ុន Tesla និងលោក Jeff Bezos (ស្តាំ) ស្ថាបនិក​ Amazon គឺជាកំពូលមហាសេដ្ឋី២នាក់ ក្នុងចំណោម​៣នាក់ ដែលមានទ្រព្យច្រើនជាងគេបង្អស់លើលោក។ AP - Britta Pedersen

មានកំពូលមហាសេដ្ឋីអាមេរិកជាច្រើននាក់ ក្នុងនោះ ដូចជាលោក​ Jeff Bezos ម្ចាស់ក្រុមហ៊ុន​Amazon និងលោក​ Elon Musk ម្ចាស់​ក្រុមហ៊ុន Tesla ជាដើម បានរកវិធីគេច មិនបង់ពន្ធជូនរដ្ឋ បានទាំងស្រុងនៅឆ្នាំខ្លះ។ នេះគឺជាការអង្កេត និងសន្និដ្ឋាន របស់​អង្គការឯករាជ្យមួយ ឈ្មោះ ProPublica កាលពីថ្ងៃអង្គារទី៨មិថុនា ដោយផ្អែក​លើឯកសារពន្ធ ប្រមាណ១៥ឆ្នាំចុងក្រោយ របស់មហាសេដ្ឋីទាំងនេះ។

ផ្សាយពាណិជ្ជកម្ម

អង្គការ ProPublica បានសរសេរ​លើគេហទំព័រខ្លួនថា ការស៊ើបអង្កេត និង​ការ​ទំលាយ​​ឯកសារនេះ គឺដើម្បី​​បរិហារ​អំពីការរំលោភបំពាន ព្រមទាំង​ការក្បត់​ទំនុកចិត្ត​របស់​សាធារណៈជន​ទាំងអស់​ ពី​សំណាក់​មហាសេដ្ឋី ម្ចាស់​ជំនួញ​ធំៗនៅ​អាមេរិក​។

យោងតាម​ការអង្កេតរបស់ ProPublica លោក Jeff Bezos ម្ចាស់ក្រុមហ៊ុន​Amazon មិនបានបង់ពន្ធ​ជូន​​រដ្ឋសហព័ន្ធ សូម្បី​តែ​មួយដុល្លារ នៅរវាងឆ្នាំ ២០០៧​ដល់ឆ្នាំ​​២០១១។ ជាងនេះទៀត កំពូល​មហាសេដ្ឋីរូបនេះ បានថែមទាំង​​ទទួល​បាន​ឥណ្ឌទាន​ពន្ធពីរដ្ឋ ចំនួន​​៤០០០ដុល្លា​រ​ថែមទៀតផង នៅឆ្នាំ​២០១១ សម្រាប់​កូនខ្លួន បន្ទាប់​ពីបាន​ប្រកាស​ថាខ្លួន​ បាន​ខាតបង់​ក្នុងការវិនិយោគ ច្រើន​ជាង​ចំណូល​ដែល​រកបាន​ប្រចាំឆ្នាំ។

ចំណែកលោក Elon Musk ម្ចាស់​ក្រុមហ៊ុន Tesla បានគេចមិនបង់ពន្ធបាន​ទាំងស្រុង នៅក្នុងឆ្នាំ​២០១៨។ ដូចគ្នាដែរ កំពូលមហាសេដ្ឋីលោក Michael Bloomberg លោក​ Carl Icahn និងលោក​ ​George Soros សុទ្ធតែ​បាន​រៀបវិធីសាស្រ្ត​ ដើម្បីគេច​មិនបង់ពន្ធ​ជូនរដ្ឋ​សហព័ន្ធ នៅក្នុង​ឆ្នាំខ្លះ។

ProPublica បានបញ្ជាក់ថា ការសន្និដ្ឋាន​នេះ គឺដោយ​ផ្អែកលើ​ឯកសារ​ពន្ធ​រាប់ពាន់សន្លឹក របស់​កំពូល​មហាសេដ្ឋីទាំងនេះ ក្នុងរវាង​​១៥ឆ្នាំ​ចុងក្រោយ ហើយ​ដែល​ឯកសារ​ទាំងនេះ​ ត្រូវបាន​​គេ​ទំលាយ​​​​ដោយ​​សំងាត់ មកឲ្យ​​ ProPublica។ អ្នកជំនាញ​របស់ ProPublica អះអាងថា​ ករណីទាំងនេះ គឺ​មិនមែន​ជា​ករណី​គេចពន្ធ​ដោយ​ខុសច្បាប់​នោះទេ តែ​ជាករណី​​ដែល​គេរៀបវិធី ​ដើម្បីមិន​បង់ពន្ធ​ដោយ​ស្របច្បាប់ ឬក៏​បង់​តិចបំផុត ក្រោម​ហេតុផល​ផ្សេងៗ។ បន្ថែម​ពីនេះ ProPublica ​បាន​​បង្ហាញ​ឲ្យ​ឃើញនូវ « កម្រិតតម្លៃពន្ធ​ជាក់ស្តែង » ទាបខ្លាំង​បំផុត ដែល​មហាសេដ្ឋី​ទាំងនេះ​បានបង់​ទៅឲ្យ​រដ្ឋ ដោយ​​ប្រៀបធៀប ទៅនឹង​ទំហំ​​ទ្រព្យសម្បត្តិ​របស់​ម្នាក់ៗ។ ជាក់ស្តែង សម្រាប់​មហាសេដ្ឋីឈ្មោះ Warren Buffett កម្រិត​បង់ពន្ធ​ជាក់ស្តែង រវាង​ឆ្នាំ ២០១៤-២០១៨ គឺ​មានត្រឹម​តែ​​ ០.១%​តែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ តំណាងរបស់មហាសេដ្ឋីទាំងនោះ សុទ្ធតែ​បានបដិសេធ មិនឆ្លើយ​ប្រតិកម្ម​អ្វី ទៅនឹង​ការ​ចុះផ្សាយ របស់ ​​ProPublica។ ក្រសួង​ហិរញ្ញវត្ថុ​អាេមរិក អះអាង​ថា គេនឹង​ស្រាវជ្រាវវែក​រកមុខ អ្នក​ដែលធ្វើ​ឲ្យ​បែក​ធ្លាយ​ ឯកសារ​ពន្ធ​របស់​មហាសេដ្ឋី​ទាំងនេះ។

គួររំលឹកថា លោកចូ បៃដិន បាន​បង្ហាញ​ជំហរ ធ្វើកំណែ​ទម្រង់​ពន្ធដា ដើម្បី​​ដំឡើង​ពន្ធឲ្យ​ខ្ពស់ យកពីអ្នកមាន មក​ជួយ​​ប្រជាជន​អាមេរិកក្រីក្រ។ ហើយ​កាល​ពីខែ​មេសា​កន្លងទៅ លោក ​Jeff Bezos ក៏បាន​​ប្រកាស​គាំទ្រ នឹង​ការ​ដំឡើងពន្ធ​ដែរ។ លោក Ron Wyden ប្រធាន​គណកម្មការ​ហិរញ្ញវត្ថុ​នៅ​ព្រឹទ្ធសភា​អាមេរិក បាន​​លើកឡើងថា វាជា​រឿង​ដែលមិន​អាច​ទទួល​យក​បានទេ ដែលក្នុង​អំឡុងពេល​ប្រទេស​ជួបវិបត្តិ​សេដ្ឋកិច្ច ដោយសារ​កូវីដ​ តែបែ​​ជា​មហាសេដ្ឋីខ្លះ ក្រុមហ៊ុន​អន្តរជាតិ​ខ្លះ ​កើបប្រាក់​ចំណេញ​យ៉ាងស្រួល ដោយ​​មិន​ខ្វល់​បង់ពន្ធ​ជូនរដ្ឋ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI