អាមេរិក-រុស្ស៊ី

ជំនួបកំពូល​រវាង​​លោកចូ បៃដិន​ និង​លោកពូទីន ដើម្បី​​បើកផ្លូវ​រក​ទំនាក់ទំនង​ល្អ​ រវាង​អាមេរិក និងរុស្ស៊ី

លោក ចូ បៃដិន និង លោក ពូទីន ពេលជួបគ្នា នៅ​ក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី ១៦ មិថុនា ២០២១
លោក ចូ បៃដិន និង លោក ពូទីន ពេលជួបគ្នា នៅ​ក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី ១៦ មិថុនា ២០២១ DENIS BALIBOUSE POOL/AFP

កម្មវិធីជំនួបកំពូល ដែល​គេរងចាំបំផុត បានមកដល់ហើយ នៅថ្ងៃទី​១៦មិថុនានេះ គឺលោក ប្រធានាធិបតីអាមេរិក​ ចូ បៃដិន និង​លោក ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន នឹងជួបគ្នាមួយទល់នឹងមួយ នៅទីក្រុង​ហ្សឺណែវ ប្រទេសស្វ៊ីស។ អស់រយៈពេលជាច្រើនខែមកហើយ ដែល​មេដឹកនាំមហាអំណាចទាំង២នេះ បាន​បោះសំដី ឌឺដងឲ្យគ្នាទៅវិញទៅមក ខណៈដែលទំនាក់ទំនង រវាងអាមេរិក និង​រុស្ស៊ី បាន​ធ្លាក់ចុះតានតឹង​ខ្លាំងបំផុត។ រុស្ស៊ី និង អាមេរិក គឺជាមហាអំណាចដែលប្រជែងគ្នា និងមានចំណុចវិវាទជាមួយគ្នា ជាច្រើនរឿង។ តើជំនួបកំពូលនាពេលនេះ អាចនឹងនាំ​មហាអំណាចទាំង២នេះ ឲ្យ​មើលមុខគ្នាដោយត្រង់ ឈាន​ទៅ​កាត់បន្ថយ​ភាពតានតឹង ផ្នែកនយោបាយ​ការបរទេស និងសន្តិសុខដែរឬទេ?

ផ្សាយពាណិជ្ជកម្ម

បិទបញ្ចប់សង្គ្រាមពាក្យសំដី និងវិបត្តិការទូត

ប្រធានាធិបតីទាំង២រូបនេះ បានទទួលស្គាល់ខ្លួនឯងថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និង​រុស្ស៊ី ស្ថិតក្នុងស្ថានភាពមួយតានតឹងខ្លាំងណាស់។ សង្គ្រាមពាក្យ​សំដីបានផ្ទុះឡើង បន្ទាប់ពី​លោក ចូ បៃដិន បាន​និយាយ​នៅក្នុងបទសម្ភាសន៍​មួយ ដោយ​ថា លោក ពូទីន គឺជាឃាតក។ ជាការឆ្លើយតបវិញ លោកពូទីន បានលើកឡើងថា អ្នកដែលនិយាយ​ចោទគេ គឺឆ្លុះបញ្ចាំងថាអ្នកនោះឯងហើយ ដែលដូចពាក្យ​ចោទខ្លួនឯង។ បន្ទាប់មកទៀត​ មានការកោះហៅ ឯកអគ្គរដ្ឋ​ទូត​ទាំង​សងខាង ថែមទៀតផង។

លើសពីរឿងរ៉ាវ ការបោះសំដីឌឺដងឲ្យ​គ្នានេះ ជំនួបកំពូលរវាង​លោក ចូ បៃដិន និងលោក ពូទីន នៅថ្ងៃនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះថា អាមេរិក និងរុស្ស៊ី គឺជាមហាអំណាចដ៏សំខាន់ ក្នុងពិភពលោកយើង។ ទំនាក់ទំនងល្អ ឬ អាក្រក់ រវាងមហាអំណាចទាំង​២នេះ គឺវាជះឥទ្ធិពលទៅលើតំបន់ផ្សេងទៀត។

ទីក្រុងហ្សឺណែវ ត្រូវបានគេបង្កើនការការពារសន្តិសុខខ្ពស់ណាស់ តាំងតែពីប៉ុន្មានថ្ងៃមុនម្លេះ។ ក្រុមការងារ តំណាងរដ្ឋាភិបាល​ទាំងសងខាង បានត្រៀមរៀបចំជំនួប​នេះ យ៉ាងប្រុងប្រយ័ត្នបំផុត ព្រោះថាមិនដឹងភាគី​ម្ខាងទៀត គេនិយាយពីអ្វីខ្លះទេ ក្នុងពេលជួបគ្នា។ តាមការគ្រោងទុក កម្មវិធីជំនួបនេះ នឹងចាប់ផ្តើមនៅពេលរសៀល ដោយ​ត្រូវចំណាយ​ពេល ៤ ទៅ ៥ម៉ោង។​ ជាដំបូង នឹងមានការជួបប្រជុំ គ្នាតិចនាក់ គឺរវាងតែលោក ប្រធានាធិបតីទាំង២រូប និង រដ្ឋមន្ត្រីការបរទេសទាំងសងខាង។ បន្ទាប់មកទៀត នឹងមានការប្រជុំធំដោយមានក្រុមការងារ ក្នុងវិស័យផ្សេងៗទៀត ចូលរួម។

មន្ត្រីអាមេរិកម្នាក់​អះអាងថា មិនមានកម្មវិធី ពិសារអាហារជុំគ្នា រវាងមេដឹកនាំទាំង២ទេ។ ក្រោយចប់ការប្រជុំ លោក ចូ បៃដិន និងលោក ពូទីន នឹងធ្វើ សន្និសីទកាសែត ដាច់ដោយឡែកពីគ្នា ពោលគឺមិនធ្វើរួមគ្នាទេ។ ភាគីអាមេរិក បានទាមទារធ្វើបែបនេះ ព្រោះចង់បញ្ចៀសមិនចង់ឲ្យ​កើតជាបញ្ហា ទំនាស់ពាក្យសំដី ប្រជែងយកឈ្នះគ្នា ឆ្លើយដាក់គ្នាទៅវិញទៅមក នៅចំពោះមុខអ្នកកាសែត។

និយាយ​ដោយ​ត្រង់ៗ នូវចំណុចមិនចុះសម្រុងគ្នា

មានបញ្ហាច្រើនណាស់ ដែលមហាអំណាចទាំងនេះ មិនត្រូវគ្នា ឬប្រជែងគ្នា។ យើងអាចនិយាយត្រួសៗបាន នូវបញ្ហាធំៗមួយចំនួន ដូចជាទីមួយ គឺបញ្ហា សន្តិសុខលើបច្ចេកវិទ្យាព័ត៌មានវិទ្យា ពោលគឺការវាយ​ប្រហារតាមអ៊ីនធ័រនិត នេះតែម្តង។ មួយរយៈចុងក្រោយនេះ ភាគីអាមេរិក បានរងនូវការវាយប្រហារច្រើនដងណាស់ ដូចជាករណី SolarWinds Colonial Pipeline និង JBS ជាដើម។ នេះយើងមិនរាប់បញ្ចូល ករណី​ចូលលុកលុយ​ ក្នុងកិច្ចការបោះឆ្នោតនៅអាមេរិកផង។ ភាគីអាមេរិក អះអាងថា ការវាយប្រហារតាមអ៊ីនធ័រនិតទាំងនេះ គឺជាស្នាដៃ របស់ក្រុមចោរព័ត៌មានវិទ្យាដែលមានប្រភពនៅរុស្ស៊ី ឬជាដៃជើងរបស់ក្រុមចារកិច្ចរុស្ស៊ីតែម្តង។ ជាការចោទប្រកាន់ ដែលខាងរុស្ស៊ី ទាត់ចោល។ រុស្ស៊ី ក៏គេអះអាងថា គេក៏រងការវាយ​ប្រហារ ពីក្រុមចោរព័ត៌មានវិទ្យាអាមេរិកដែរ។ ភាគីរុស្ស៊ី ធ្លាប់បានលើកឡើងថា​ គេចង់ឲ្យមានកិច្ចព្រមព្រៀមរួមមួយ កំណត់ពីការគោរពគ្នា មិនយកបច្ចេកវិទ្យាព័ត៌មានវិទ្យា ជាអាវុធវាប្រហារគ្នា។

សំណុំរឿងសិទ្ធិមនុស្សនៅរុស្ស៊ី ក៏សំខាន់ណាស់ដែរ ក្នុងក្រសែភ្នែក រដ្ឋាភិបាលថ្មីអាមេរិក។ លោក ចូ បៃដិន ធ្លាប់បានរិះគន់ លោកពូទីន ថាមនុស្ស​គ្មានបេះដូង ជាឃាតក។ ពាក្យទាំងនេះ គឺលោកចង់សំដៅ ទៅលើករណីកៀបសង្កត់ បំបិទសំឡេង​រិះគន់ និងការសម្លាប់អ្នកនយោបាយ​ប្រឆាំងនៅរុស្ស៊ី។ ជាក់ស្តែង លោក បូរីស ញែមសូវ ដែលត្រូវគេបាញ់សម្លាប់កណ្តាលក្រុងម៉ូស្គូ នៅខែកុម្ភៈ ២០១៥ ហើយចុងក្រោយនេះ គឺករណី​ដាក់ថ្នាំបំពុល ប៉ុនប៉ងសម្លាប់ លោក អាឡិចសី ណាវ៉ាល់នី។ លោក ចូ បៃដិន បាន​អះអាងថា ប្រសិនបើលោកអាឡិចសី ណាវ៉ាល់នីស្លាប់ អាមេរិកនឹងមិនព្រងើយឈរឱបដៃមើលទេ ហើយ​លោកពូទីន ត្រូវតែទទួលខុសត្រូវ។

សំណុំរឿងធំមួយទៀត គឺបញ្ហាសន្តិសុខ កងទ័ព និងគ្រឿងសព្វាវុធ ។ អាមេរិកចោទរុស្ស៊ី ថាបានចល័តទ័ព ចង់ចូលឈ្លានពាន​អ៊ុយក្រែន បញ្ហាកង​ទ័ពរុស្ស៊ីនៅស៊ីរី និងបញ្ហាចល័តទ័ពកាន់តែសកម្មទៅរបស់រុស្ស៊ី នៅតំបន់​​សមុទ្រ​ទឹក​កក​អាកទិក ជាដើម​។ ចំណែករុស្ស៊ីវិញ ចោទអាមេរិក និងអូតង់ ថាជាអ្នកគំរាមមកលើរុស្ស៊ី តាមរយៈការពង្រឹងកម្លាំង នៅតំបន់អឺរ៉ុបខាងកើត។ ដូចយើងដឹងហើយ រុស្ស៊ី និងអាមេរិក គឺជាមហាអំណាចយោធា និងជាមហាអំណាចនុយក្លេអ៊ែរទៀត។ ដូច្នេះ ការប្រជែងគ្នា សង្គ្រឺតធ្មេញដាក់គ្នា គឺមិនមែនជារឿងល្អ សម្រាប់ពិភពលោកយើងទេ។ ដូច្នេះហើយ ទាក់ទិននឹង បញ្ហានេះ វាជារឿងចាំបាច់ណាស់ ដែលមហាអំណាចទាំង២នេះ ត្រូវតែរកច្រកផ្លូវនិយាយគ្នា គោរពគ្នាទៅវិញមក ចៀសវៀងការប្រជែងគ្រឿងសព្វាវុធ។

អាមេរិកមិនចង់រករឿងបង្កជម្លោះ

លោក ចូ បៃដិន បាន​អះអាងថា គាត់នឹងនិយាយត្រង់ៗ ហើយ​ប្រាប់ថាចំណុចណាខ្លះ ដែលអាមេរិកមិនពេញចិត្តរុស្ស៊ី។ ដូច្នេះ វាអាស្រ័យថាតើ លោកពូទីន ស្តាប់ពាក្យត្រង់ៗនោះដែរឬទេ ឬក៏ស្តាប់ហើយ ឆ្លើយតបបកមកវិញ កើតទៅជារឿងឈ្លោះគ្នាកាន់តែខ្លាំងឡើង?

យ៉ាងណាក៏ដោយ លោកចូ បៃដិន បានលើកឡើង នៅក្នុងសន្និសីទកាសែត កាលពីចុងសប្តាហ៍កន្លងទៅ ថា រដ្ឋាភិបាលលោក ​មិនចង់រករឿងឈ្លោះ បង្កវិវាទណាមួយ ជាមួយរុស្ស៊ីទេ។ កម្មវត្ថុនៃជំនួបកំពូលនេះ គឺដើម្បី​រកផ្លូវនិយាយគ្នា សម្របគ្នា គោរពគ្នាទៅវិញទៅមក។ ដូចគ្នាដែរ កាលពីថ្ងៃអង្គារទី​១៥មិថុនា​ លោក Sergueï Riabkov អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានប្រាប់បណ្តាញព័ត៌មានរុស្ស៊ី RIA Novosti ថា គោលជំហររុស្ស៊ី គឺប្រឹងប្រែងឲ្យ​អស់ពីសមត្ថភាព ធ្វើ​​ឲ្យ​ជំនួបកំពូលនេះបានជោគជ័យ ដើម្បី​ឈាន​ទៅ​ទប់ស្កាត់ កុំឲ្យទំនាក់ទំនងរវាង អាមេរិក និងរុស្ស៊ី កាន់តែអាក្រក់ឡើងៗថែមទៀត។

យោងតាមអ្នកវិភាគជាច្រើន អះអាងថា គេមិនសង្ឃឹមថា នឹងមានកិច្ចព្រមព្រៀងធំដំណាមួយទេ នៅក្រោយ​កិច្ចប្រជុំនេះ។ លោក Steven Pifer អ្នកវិភាគ នៅមជ្ឈមណ្ឌលពិចារណា Brookings បានលើកឡើងថា ជំនួបនេះ វាជាការបោះជំហានដំបូង អង្គុយទល់មុខគ្នា និយាយគ្នាដោយត្រង់ ដើម្បី​ឈានទៅ​ស្តារទំនាក់ទំនង ដែលបច្ចុប្បន្ននេះ ល្អក់កករខ្លាំង។

លោក Guy Parmelin ប្រធានាធិបតីស្វ៊ីស ដែលជាអ្នករៀបចំជំនួបកំពូលនេះ បានលើកឡើងថា ពិភពលោកយើងជួប​រឿងអាក្រក់ខ្លាំងណាស់ ២ឆ្នាំមកនេះ ជាមួយនឹងកូវីដ​១៩។ ដូច្នេះលោកសង្ឃឹមថា ជំនួប​កំពូលរវាងលោក ចូ បៃដិន និង​លោកពូទីន នៅថ្ងៃទី​១៦មិថុនានេះ​ នឹងផ្តល់ពន្លឺក្តីសង្ឃឹម សុទិដ្ឋិនិយម ឲ្យ​ដល់ពិភពលោកទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI