អាមេរិក-រុស្ស៊ី

អាមេរិករៀបចំទណ្ឌកម្មថ្មីប្រឆាំងរុស្ស៊ីក្នុងសំណុំរឿងមេបក្សប្រឆាំងលោកអាឡិចសី ណាវ៉ាល់នី

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកជេក ស៊ូលីវ៉ាន់
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកជេក ស៊ូលីវ៉ាន់ AP - Evan Vucci

នៅ​អាមេរិក ទីប្រឹក្សាសន្តិសុខជាតិ​លោក​ជេក ស៊ូលីវ៉ាន់​បាន​ប្រកាស​ក្នុង​ថ្ងៃ​អាទិត្យ ទី២០ មិថុនា​ថា អាមេរិក​កំពុង​រៀបចំ​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​ប្រទេស​រុស្ស៊ី​ក្នុង​បទ​បំពុល​មេបក្សប្រឆាំង​លោក​អាឡិចសី ណាវ៉ាល់នី។ ក្រសួង​ការបរទេស​រុស្ស៊ី​បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​សម្តែង​ការ​សោយស្តាយ​ចំពោះ​ទង្វើ​របស់​អាមេរិក និង​បាន​គំរាម​ធ្វើ​ការ​វាយបក​វិញ។ អ្វី​ជា​ការ​កត់សម្គាល់ ការ​ប្រកាស​របស់​លោក​ស៊ូលីវ៉ាន់​នេះ​បាន​ធ្វើ​ឡើង ៤ថ្ងៃ​ក្រោយ​ជំនួប​ទ្វេភាគី​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន និង​សមភាគី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ ពូទីន។

ផ្សាយពាណិជ្ជកម្ម

គឺ​ជា​មួយ​នឹង​ទូរទស្សន៍ CNN ដែល​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក​ជេក ស៊ូលីវ៉ាន់​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​រុស្ស៊ី​ក្នុង​សំណុំរឿង​លោក​អាឡិចសី ណាវ៉ាល់នី​ដែល​ជា​មេបក្សប្រឆាំង​ដ៏​សំខាន់​នៅ​រុស្ស៊ី។ គួរ​រម្លឹក​ថា ក្រោយ​ពី​ត្រូវ​បាន​បំពុល​ក្នុង​ទឹកដី​រុស្ស៊ី លោក​ណាវ៉ាល់នី​ត្រូវ​បាន​គេ​ដឹក​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​អាល្លឺម៉ង់​នា​ខែ​សីហា ឆ្នាំ ២០២០។ ក្រោយ​ពី​បាន​សម្រាក​ព្យាបាល​អស់​រយៈពេល ៦ខែ​ក្នុង​ប្រទេស​អាល្លឺម៉ង់ មេបក្សប្រឆាំង​រុស្ស៊ី​រូប​នេះ​បាន​សម្រេចចិត្ត​វិល​ត្រឡប់​ចូល​ប្រទេស​រុស្ស៊ី​វិញ​ក្នុង​ខែ​មករា ឆ្នាំ ២០២១ និង​ដែល​ត្រូវ​បាន​រដ្ឋអំណាច​រុស្ស៊ី​ចាប់​ខ្លួន​ភ្លាមៗ។

តាំង​ពី​ពេល​នោះ​មក អាមេរិក​បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក​ណាវ៉ាល់នី។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​ទណ្ឌកម្ម​ថ្មី​ដែល​អាមេរិក​កំពុង​រៀបចំ​ដាក់​លើ​រុស្ស៊ី​ពេល​នេះ​មាន​អ្វី​ខ្លះ​ទេ។ តែ​កន្លង​មក អាមេរិក​ធ្លាប់បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ក្នុង​បទ​បំពុល​លោក​ណាវ៉ាល់នី​ដោយ​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​រុស្ស៊ី​ចំនួន ៧នាក់។ រុស្ស៊ី​តាម​រយៈ​ក្រសួង​ការបរទេស​បាន​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​គម្រោង​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​ដោយ​គំរាម​ថា រុស្ស៊ី​នឹង​ធ្វើ​ការ​វាយបក​វិញ។

« គ្រប់​សកម្មភាព​ខុសច្បាប់​របស់​អាមេរិក​តែង​តែ​ទទួល​បាន​ចម្លើយ​ស្របច្បាប់​មួយ​ពី​យើង។ វា​ពិត​ជា​ចម្លែក​ដែល​មនុស្ស​មួយ​ចំនួន​នៅ​អាមេរិក​ចូលចិត្ត​ប្រឈម​មុខ​គ្មាន​ទីបញ្ចប់​លើ​ឧបសគ្គ​ដដែលៗ » នេះ​ឃ្លា​សរសេរ​ដោយ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី​លោកស្រី​ម៉ារីយ៉ា ហ្សាការ៉ូវ៉ា​នៅ​លើ​បណ្តាញសង្គម​តេឡេក្រាម។ គម្រោង​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​ប្រឆាំង​រុស្ស៊ី​បាន​ធ្លាក់​មក ៤ថ្ងៃ​ក្រោយ​ជំនួប​ទ្វេភាគី​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន និង​សមភាគី​រុស្ស៊ី​លោក​វ្ល៉ាឌីមៀរ ពូទីន​ក្នុង​ប្រទេស​ស៊្វីស។ នៅ​ក្នុង​ជំនួប ភាគី​ទាំង​ពីរ​បាន​ត្រឹម​បង្ហាញ​ពី​ជំហរ​ចង់​កាត់​បន្ថយ​ភាព​តានតឹង​រវាង​គ្នា។

ទាក់ទង​នឹង​រឿង​លោក​ណាវ៉ាល់នី លោក​បៃដិន​ធ្លាប់​បាន​ព្រមាន​នៅ​មុន​ពេល​ជួប​លោក​ពូទីន​ថា ការ​ស្លាប់​លោក​ណាវ៉ាល់នី​នៅ​ថ្ងៃ​ណា​មួយ​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​រស្ស៊ី​ជាមួយ​លោក និង​ជាមួយ​ពិភពលោក​នឹង​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លាំង។ ចំណែក​លោក​ពូទីន​បាន​ថ្លែង​យ៉ាង​សាមញ្ញ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​បៃដិន​ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ណាវ៉ាល់នី​ថា « បុរស​រូប​នេះ​ដឹង​ច្បាស់​ថា រូប​គេ​កំពុង​រំលោភ​ច្បាប់​ដែល​កំពុង​ចូល​ជា​ធរមាន​នៅ​រុស្ស៊ី »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI