សហរដ្ឋ​អាមេរិក-អាវុធ

សហរដ្ឋ​អាមេរិក ៖ លោក ចូ បៃដិន ចេញ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹងអំពើហិង្សា​ដោយ​អាវុធ

លោក ចូ បៃដិន ប្រកាស​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​អាវុធ
លោក ចូ បៃដិន ប្រកាស​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​អាវុធ © 纽约时报照片

ឃាតកម្ម​សម្លាប់​មនុស្ស​បានកើន​ឡើង​៣០% នៅសហរដ្ឋ​អាមេរិក រវាង​ពី​ឆ្នាំ​២០១៩​ទៅ​២០២០។ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ហិង្សា​ និង​កំរិត​ចរាចរណ៍​អាវុធ​ លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​ចេញ​វិធានការមួយ​ខ្សែ នៅ​ថ្ងៃពុធ​ទី ២៣​មិថុនា ២០២១។ លោក ចូ បៃដិន បាន​ដាក់​សម្ពាធ​លើ​សភា​អាមេរិក​ឱ្យ​ពង្រឹង​ច្បាប់​អាវុធ​ និង​បាន​ប្រកាសពង្រឹង​ការ​ត្រួតពិនិត្យ​ការ​អនុវត្តច្បាប់​ដែល​មាន​ស្រាប់​ភ្លាម។

ផ្សាយពាណិជ្ជកម្ម

នារយៈ​ពេល​២៥​ឆ្នាំកន្លងមកនេះ ឆ្នាំ​២០២០ ជា​ឆ្នាំ​​មរណៈដែល​មាន​ករណី​​មនុស្សឃាត​ច្រើន​បំផុត​​នៅអាមេរិក​។ ហើយ​និន្នាការ​ហិង្សាមាន​កើត​នៅ​គ្រប់​ខេត្តក្រុង​ទាំងអស់ មិនថា​ក្រុង​តូច​ធំ ដឹកនាំ​ដោយ​អ្នកសាធារណរដ្ឋ​ឬប្រជាធិបតេយ្យទេ។ សម្រាប់​លោក ចូ បៃដិន អំពើ​ហិង្សា​ដោយ​អាវុធ​ ​ជា​​​ជំងឺ​រាតត្បាត នៅ​អាមេរិក​តាំង​ពី​យូរ​មក​ហើយ និង​កំពុង​តែរីក​ធំធាត់​ឡើង​ទន្ទឹម​នឹង​ជំងឺ​រាតត្បាត​សកលកូវីដ​១៩។ ​ហេតុ​ដូច្នេះ​ហើយបាន​ជា​​លោក​ប្រធានាធិបតី​ សូម​​​អំពាវនាវ​ អ្នក​ប្រជាធិបតេយ្យ និង​អ្នក​សាធារណរដ្ឋ​​រួបរួម​គ្នា ដើម្បី​ធានា​​សន្តិសុខ​ជាតិ។

ប៉ុន្តែ​ដោយ​ដឹង​ច្បាស់​ថា​សភា​អាមេរិក​នឹង​មិន​ងាយ​​​ប្តូរ​ជំហរ​ទៅ​អនុម័ត​ការ​កែប្រែ​ច្បាប់​ត្រួត​ពិនិត្យ​​ចរាចរណ៍​អាវុធ លោកប្រធានាធិបតី​ បៃ​ដិន សុខ​ចិត្ត​ប្រើ​មធ្យោបាយ​ផ្សេង គឺ ប្រកាសពង្រឹង​​ការ​​អនុវត្តច្បាប់​អាវុធ​ដែល​មាន​ស្រាប់​ឱ្យ​បាន​ហ្មត់​ចត់​បំផុត។

“នឹង​គ្មានការអនុគ្រោះ​សោះដល់​អ្នកលក់​អាវុធ​ណា​ដែល​រំលោភដោយ​ចេតនា​​ច្បាប់​និង​វិធានដែល​មានស្រាប់​។ មិនអនុគ្រោះ​ឱ្យ​ទេ ! ហាង​ណា​ហ៊ាន​ល្មើសលក់​អាវុធ​ទៅ​អ្នក​គ្មាន​សិទ្ធិ​កាន់​អាវុធ អ្នកលក់​នោះ​នឹង​ត្រូវ​​ដក​អាជ្ញាបណ្ណ។ នឹង​មានការ​ត្រួត​ពិនិត្យ​ខ្លាំង ដើម្បី​ធានាថា​អ្នក​លក់​មិនលក់​ជីវិត និង​ភាព​ស្លន់​ស្លោតាម​ផ្លូវ​អាមេរិក”។ នេះ​ជាប្រសាសន៍​របស់​លោក ចូ បៃដិន ពី​សេតវិមាន ដោយ​បញ្ជាក់​អំពី​ការ​បង្កើត​ក្រុមការងារ​៥​ក្រុម​សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ជួញ​ដូរ​អាវុធ។ ក្រុមការងារនេះ​នឹងផ្តុំ​សកម្មភាពខ្លាំងនៅ​តាម​បណ្តា​ក្រុង​ដែលមាន​ផ្ទុះ​អំពើ​ហិង្សា​អាវុធ​ខ្លាំង​ជាង​គេ គឺ New York, Chicago, Los Angeles, San Francisco et Washington ញូវយ៉ក ហ្ស៊ីកាហ្គោ ឡូហ្សង់ហ្សឺឡេស សាន់ហ្វ្រាន់ស៊ីស្កូ និងវ៉ាស៊ីនតោន។

បន្ថែម​ពី​លើ​ការ​ចែក​រំលែក​​មូលនិធិសហព័ន្ធ​ទៅ​ឱ្យ​ភ្នាក់ងារនគរបាល​ក្រុង​មានអំពើ​ហិង្សា​ខ្លាំង លោកប្រធានាធិបតី​ចូបៃដិន​ ចង់​ផ្តល់ហិរញ្ញវត្ថុ​សម្រាប់​កម្មវិធី​ក្នុង​សហគមន៍ ដើម្បី​ឱ្យ​ក្មេង​ក្នុង​សង្កាត់​ក្រីក្រលំបាក​​ខ្លាំង​ មាន​ឱកាស​កសាងអនាគត​ និង​មិន​​លង់​​ក្នុងអំពើ​ហិង្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI