អាមេរិក-ដូណាល់ត្រាំ

លោកដូណាល់ ត្រាំ ត្រលប់មក​រិះគន់​នយោបាយ​អន្តោប្រវេសន៍​របស់​លោក​ប្រធានាធិបតី ចូ បៃដិន

អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ នៅក្នង​ពិធីឃោសនាសម្រាប់ការបោះឆ្នោត​សភាពាក់កណ្តាល​អាណត្តិ នៅ​រដ្ឋ​អូហៃយូ កាលពីថ្ងៃទី ២៦ មិថុនា ២០២១
អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ នៅក្នង​ពិធីឃោសនាសម្រាប់ការបោះឆ្នោត​សភាពាក់កណ្តាល​អាណត្តិ នៅ​រដ្ឋ​អូហៃយូ កាលពីថ្ងៃទី ២៦ មិថុនា ២០២១ REUTERS - SHANNON STAPLETON

ចាញ់ឆ្នោត អស់តំណែង​ប្រធានាធិបតីអាមេរិក នៅ​ឆ្នាំ ២០២០ លោកដូណាល់ ត្រាំ មិនទាន់ទៅណាឆ្ងាយ​ពីឆាកនយោបាយ​អាមេរិកនោះទេ។ នៅថ្ងៃ​សៅរ៍​ទី ២៦​មិថុនា អតីតប្រធានាធិបតីអាមេរិក បានចេញធ្វើ​យុទ្ធនាការ​បោះឆ្នោត ដើម្បី​ជួយ​មនុស្ស​ជំនិត​របស់​លោកម្នាក់ ដែល​ឈរឈ្មោះ ជា​បេក្ខជន​គណបក្សសាធារណរដ្ឋ​ សម្រាប់ ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ។ នៅចំពោះមុខ​អ្នកគាំទ្រ​របស់​លោក នៅរដ្ឋ អូហៃយូ លោកដូណាល់ ត្រាំ បាន​រិះគន់​នយោបាយ​អន្តោប្រវេសន៍​របស់​លោក​ចូ បៃដិន និងបានអំពាវនាវ​ឲ្យគេបោះឆ្នោត ឲ្យ​គណបក្ស​សាធារណរដ្ឋ។

ផ្សាយពាណិជ្ជកម្ម

៥ខែ ក្រោយ​ចាកចេញពីសេតវិមាន អតីត​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ​បាន​ត្រលប់​មក​ជួបអ្នកគាំទ្រ​របស់​លោក​សាជាថ្មី។ នៅថ្ងៃ​សៅរ៍​ម្សិលមិញ លោក​ដូណាល់ ត្រាំ បាន​ផ្តើមបើក​យុទ្ធនាការ ឃោសនា​ សម្រាប់​ការបោះឆ្នោត​សភាអាមេរិក ពាក់កណ្តាល​អាណត្តិ ដែល​ត្រូវ​ប្រព្រឹត្តទៅ នៅ​ឆ្នាំក្រោយ។

នៅ​រដ្ឋ​អូហៃយូ លោក​ដូណាល់ ត្រាំ បាន​ចេញមុខ​គាំទ្រ​បេក្ខជន​បក្ស​សាធារណរដ្ឋ​ម្នាក់ ដែលធ្លាប់ធ្វើជា​ជំនួយការនៅ​សេតវិមាន និង​ដែលជា​គូប្រជែង​នឹង​លោក Anthony Gonzalez បេក្ខជន​ម្នាក់ទៀត មកពី​បក្ស​សាធារណរដ្ឋ​ដូចគ្នា។ លោក​ដូណាល់ ត្រាំ ស្អប់ មិនគាំទ្រ លោក Gonzalez ដែលជា​អ្នកតំណាងរាស្រ្ត​នៅ​រដ្ឋ​អូហៃយូ ព្រោះ លោក ស្ថិតនៅ​ក្នុង​ចំណោម​សមាជិក​បក្ស​សាធារណរដ្ឋ ១០រូប ដែលធ្លាប់​ចេញមុខ​បោះឆ្នោតគាំទ្រ​ឲ្យ​គេ​ដកលោកដូណាល់ ត្រាំ ចេញពីតំណែង នៅ​ចុងឆ្នាំ ២០២០

ធ្លាប់​រួចផុត​ពី​ការបោះឆ្នោត ដកតំណែង ប្រធានាធិបតី​ដល់​ទៅ​២​លើក នៅ​ព្រឹទ្ធសភា លោក​ដូណាល់ ត្រាំ នៅ​មាន​ឥទ្ធិពលទៅ​លើ​សមាជិក​បក្ស​សាធារណរដ្ឋ។ ទោះបី លោកដូណាល់ ត្រាំ មិនបាន​បញ្ជាក់ច្បាស់​ពីផែនការ​ចង់​វិលត្រលប់មក​ឈរឈ្មោះ សាជាថ្មី សម្រាប់​ការបោះឆ្នោតប្រធានាធិបតី នៅ​ឆ្នាំ ២០២៤ ប៉ុន្តែ យុទ្ធនាការ​ឃោសនា​របស់លោកដើម្បី​ជួយ គណបក្ស​សាធារណរដ្ឋ​ឲ្យ​ឈ្នះឆ្នោត ដើម្បី​ចូលគ្រប់គ្រង​សំឡេង​ភាគច្រើន​នៅ​សភា​ទាំងពីរ​ជាន់ថ្នាក់ គឺ​ជា​ឱកាស​មួយសម្រាប់​ឲ្យ​លោកដូណាល់ ត្រាំ សន្សំពិន្ទុ ប្រមូលសំឡេងឆ្នោត សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​នៅ ៣ឆ្នាំ​ខាងមុខ។

បាត់មុខ ជាង ៥ខែ នៅក្រោយ ចាញ់ឆ្នោត បាត់តំណែង​ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ បាន​ត្រលប់មក​ជួប​អ្នកគាំទ្រ របស់​លោក​ជាមួយ សំដី ឥរិយាបថ ដូចដើម គ្មាន​ផ្លាស់ប្តូរ។

ថ្លែងទៅកាន់​អ្នកគាំទ្រ​រាប់ពាន់នាក់ នៅ​រដ្ឋអូហៃយូ លោក​ដូណាល់ ត្រាំ នៅ​តែ​និយាយ​ចោទប្រកាន់ បក្ស​ប្រជាធិបតេយ្យ​ថា​ជាអ្នក​លួច​សន្លឹកឆ្នោត ​នៅឆ្នាំ ២០២០។ អតីតប្រធានាធិបតី សក់លឿងខ្ចីរូបនេះ នៅ​បាន​រិះគន់​មិន​សំចៃមាត់ នយោបាយ​អន្តោប្រវេសន៍​របស់​រដ្ឋបាលលោកចូ បៃដិន ដែលបាន​បណ្តោយ​ឲ្យ​ជនអន្តោប្រវេសន៍​ខុសច្បាប់ ចូល​កាន់តែច្រើន ក្នុង​ទឹកដីអាមេរិក។ សម្រាប់​លោកដូណាល់ ត្រាំ ដើម្បីទប់ស្កាត់លំហូរ​ជនអន្តោរប្រវេសន៍ ក្នុង​អាណត្តិលោកចូ បៃដិន គេ​ត្រូវតែ​បោះឆ្នោត ជួយ​ឲ្យ​គណបក្ស​សាធារណរដ្ឋ ឈ្នះឆ្នោត ចូលគ្រប់គ្រង សភា​អាមេរិក ទាំងពីរ​ជាន់ថ្នាក់ នៅ​ឆ្នាំ​ក្រោយនេះ។

សព្វថ្ងៃនេះ គណបក្ស​ប្រជាធិបតេយ្យ​កំពុង​គ្រប់គ្រង សភា​អ្នកតំណាងរាស្រ្ត និង​ព្រឹទ្ធសភា ជាមួយ​សំឡេង​នាំមុខ ស្តួចស្តើង​បំផុត។ គេ​វាយតម្លៃ​ថា នៅក្រោម​អាណត្តិដឹកនាំ​របស់​ប្រធានាធិបតី មកពី​បក្ស​ប្រជាធិបតេយ្យ គណបក្ស​សាធារណរដ្ឋ​នឹង​អាច​មាន​ឱកាស ច្រើន ដើម្បី​ឈ្នះឆ្នោត ចូល​ទៅគ្រប់គ្រង​សភា ទាំងពីរជាន់ថ្នាក់​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI