អាមេរិក-កូវីដ១៩

អាមេរិក៖ប្រធានាធិបតីលោកចូ បៃដិនអំពាវនាវឲ្យពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការកូវីដ១៩

ប្រធានាធិបតីអាមេរិកលោកចូ បៃដិនអំពាវនាវឲ្យពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការកូវីដ១៩
ប្រធានាធិបតីអាមេរិកលោកចូ បៃដិនអំពាវនាវឲ្យពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការកូវីដ១៩ REUTERS - EVELYN HOCKSTEIN

ថ្ងៃ​អាទិត្យ ទី៤ កក្កដា អាមេរិក​ប្រារព្ធ​បុណ្យឯករាជ្យជាតិ។ លោក​ចូ បៃដិន​ដែល​បាន​ចូលរួម​ជា​លើកទី១ ក្នុង​នាម​ជា​ប្រធានាធិបតី​បាន​ថ្លែង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ១៩។ តាម​លោក​បៃដិន ចាក់​វ៉ាក់សាំង​មិនមែន​ដើម្បី​ការពារ​ខ្លួន​ឯង​ទេ តែ​ក៏​ជា​ការ​ចូលរួម​ការពារ​សាច់ញាតិ សហគមន៍ និង​មាតុភូមិ​របស់​ខ្លួន​ដែរ។ លោក​បៃដិន​យល់​ឃើញ​ថា អាមេរិក​គ្រប់គ្រង​ជំងឺ​កូវីដ១៩ បាន តែ​នៅ​មិន​ទាន់​កំចាត់​ជំងឺ​ឆ្លង​មួយ​នេះ​បាន​ទាំង​ស្រុង​នៅ​ឡើយ​ទេ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សុន្ទរកថា​ខ្លី និង​ម៉ឹងម៉ាត់ ប្រធានាធិបតី​អាមេរិក​លោក​ចូ បៃដិន​បាន​ចាត់​ទុក​ការ​ប្រារព្ធ​បុណ្យឯករាជ្យជាតិ​ឆ្នាំ ២០២១ មាន​លក្ខណៈពិសេស។ ពិសេស​នៅ​ត្រង់​ថា ជា​ឆ្នាំ​ដែល​អាមេរិក​ទើប​ងើប​ផុត​ពី​ឆ្នាំ ២០២០ ដែល​អាប់អួរ និង​គ្របដណ្តប់​ខ្លាំង​ដោយ​ជំងឺ​កូវីដ១៩។ តែ​លោក​បៃដិន​មិន​ភ្លេច​ព្រមាន​ទេ​ថា ផ្លូវ​ដែល​ត្រូវ​ដើរ​ដើម្បី​ទទួល​បាន​ឯករាជ្យ​ទាំង​ស្រុង​ពី​កូវីដ១៩ នៅ​មាន​បន្ត​ទៀត។ អ្វី​ដែល​លោក​បៃដិន​ចង់​និយាយ អាមេរិក​នឹង​បន្ត​យុទ្ធនាការ​ប្រឆាំង​នឹង​កូវីដ១៩ ដោយ​មិន​បន្ធូរដៃ។ យុទ្ធនាការ​ប្រឆាំង​កូវីដ១៩ ដែល​លោក​បៃដិន​ចង់​បញ្ជាក់​នៅ​ត្រង់​ចំណុច​នេះ គឺ​ការ​បង្កើន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង។

នៅ​ក្នុង​ន័យ​នេះ លោក​បៃដិន​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ច្រើន​ដោយ​លោក​យល់​ថា ចាក់​វ៉ាកសាំង​នៅ​ក្នុង​កាលៈទេសៈ​សព្វថ្ងៃ​ជា​ទង្វើ​ស្នេហាជាតិ​ជាង​ពេល​ណាៗ​ទាំង​អស់។ ជា​ទង្វើ​ស្នេហាជាតិ ព្រោះ​ក្រៅ​ពី​ការពារ​ខ្លួន​ឯង ចាក់​វ៉ាក់សាំង​ក៏​ជា​ការ​ចូលរួម​ការពារ​សាច់ញាតិ មនុស្ស​ជំនិត សហគមន៍ និង​មាតុភូមិ​របស់​ខ្លួន​ដែរ។ គួរ​រម្លឹក​ថា អាមេរិក​ជា​ប្រទេស​ដែល​បាន​រងគ្រោះ​ខ្លាំង​ជាង​គេ​ដោយ​កូវីដ១៩ ជា​មួយ​នឹង​ករណី​ឆ្លង​ចំនួន ៣៣លាន​ករណី និង​អ្នក​ស្លាប់​ចំនួន ៦០០ ០០០នាក់។ តែ​ការ​ពន្លឿន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នា​ពេល​កន្លង​មក​បាន​ធ្វើ​ឲ្យ​ចំនួន​អ្នក​ចូល​ពេទ្យ និង​ចំនួន​អ្នក​ស្លាប់​ធ្លាក់​ចុះ​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

តែ​ខណៈ​នេះ នៅ​មាន​ពលរដ្ឋ​វ័យក្មេង ក្រុម​អ្នកអភិរក្សនិយម និង​សហគមន៍​ស្បែក​ខ្មៅ​មួយ​ចំនួន​បន្ត​រារែក អាល់អែក​នឹង​ការ​ចាក់​វ៉ាក់សាំង។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ការ​ចាក់វ៉ាក់សាំង​ហាក់​កំពុង​នៅ​ទ្រឹង​មួយ​កន្លែង។ គួរ​រម្លឹក​ថា កម្មវត្ថុ​របស់​លោក​បៃដិន​នៅ​ត្រឹម​ថ្ងៃទី៤ កក្កដា គឺ​ចាក់​លើ​ពលរដ្ឋ​ឲ្យ​បាន ៧០% សម្រាប់​ដូសទី១។ តែ​តួលេខ​ជាក់ស្តែង​មាន​ក្នុង​រង្វង់​ប្រមាណ ៦៥% ប៉ុណ្ណោះ។ ទន្ទឹម​គ្នា​នេះ ចំនួន​ករណី​ឆ្លង​ថ្មី​លែង​ធ្លាក់​ចុះ​តាំង​ពី​ពាក់​កណ្តាល​ខែ​មិថុនា។ អ្វី​ដែល​ក្រុម​អ្នកជំនាញ​កំពុង​បារម្ភ គឺ​ចរាចរណ៍​របស់​មេរោគបំប្លែងខ្លួន « ដែលតា » និង​អត្រា​ចាក់វ៉ាក់សាំង​ធ្លាក់​ចុះ​នៅ​តាម​តំបន់​មួយ​ចំនួន។

យ៉ាង​ណា​ក៏​ដោយ មាន​ពលរដ្ឋ​អាមេរិក​ជិត ៥០លាននាក់​បាន​ចូលរួម​ប្រារព្ធ​បុណ្យឯករាជ្យជាតិ ៤ កក្កដា​ដោយ​ជួបជុំ​ជាមួយ​មិត្តភក្តិ ឬ​ជាមួយ​គ្រួសារ​ដូច​ដែល​ធ្លាប់​ធ្វើ​នៅ​មុន​ផ្ទុះ​កូវីដ១៩ ឬ​ជិត​ប្រហែល​ដូច​មុន​ផ្ទុះ​កូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI