អាមេរិក អាកាសធាតុក្តៅ

មនុស្ស​៣០​លាន​នាក់​នៅ​ភាគ​ខាង​លិច​អាមេរិក​ប្រឈម​នឹង​អាកាស​ធាតុ​ក្តៅ​ខ្លាំង​ជាថ្មី

ភ្នាក់ងារអាកាសធាតុជាតិរបស់អាមេរិក បានទាញសញ្ញាអាសន្ន ថារលកកំដៅកាន់តែក្តៅខ្លាំង អាចនឹងចាប់បក់បោកទៀតទៅលើភាគខាងលិចរបស់អាមេរិកនៅថ្ងៃអាទិត្យ ទី១១ កក្កដា ឆ្នាំ២០២១។
ភ្នាក់ងារអាកាសធាតុជាតិរបស់អាមេរិក បានទាញសញ្ញាអាសន្ន ថារលកកំដៅកាន់តែក្តៅខ្លាំង អាចនឹងចាប់បក់បោកទៀតទៅលើភាគខាងលិចរបស់អាមេរិកនៅថ្ងៃអាទិត្យ ទី១១ កក្កដា ឆ្នាំ២០២១។ REUTERS - KAREN DUCEY

អាជ្ញាធរ​អាមេរិក​បាន​ប្រកាស​អាសន្ន​អំពី​អាកាស​ធាតុ​ដែល​ឡើង​ក្តៅ​ខ្លាំង​សម្រាប់​ប្រជាជន​ជាង​ ៣០ លាន​នាក់​ដែល​រស់​នៅ​ទូទាំង​ភាគខាង​លិច​ប្រទេស​។ សេចក្តី​ប្រកាសនេះ​ធ្វើឡើង​បន្ទាប់ពី​រលកកម្តៅលើកទី ២​​ បាន​នាំ​មក​នូវ​កំណត់ត្រា​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ជាថ្មី​។

ផ្សាយពាណិជ្ជកម្ម

តំបន់​ភាគខាងលិច​សហរដ្ឋអាមេរិក​ កំពុង​រងគ្រោះ​ពី​អាកាសធាតុ​ដែលឡើង​ក្តៅខ្លាំង​។ ភ្នាក់ងារ​អាកាសធាតុ​ជាតិ​របស់​អាមេរិក​ បានទាញសញ្ញាអាសន្នថា​រលក​កំដៅកាន់​ក្តៅ​ខ្លាំង​អាច​នឹងចាប់​បក់បោក​ទៀតទៅលើ​ភាគ​ខាង​លិចរបស់​អាមេរិក​នៅថ្ងៃ​អាទិត្យ​ ទី១១​ កក្កដា ឆ្នាំ២០២១​។

អាកាសធាតុ​ក្នុង​ទីក្រុង ​ Las Vegas បានឡើង​ក្តៅខ្លាំង​បំបែក​កំណត់ត្រា​ថ្មី​ ពោលគឺ​ឡើងដល់​ ៤៧,២ អង្សា​។ យោងតាម​ភ្នាក់ងារ​អាកាសធាតុ​ជាតិ​អាមេរិក​ (NWS) សីតុណ្ហភាពក្តៅ​ខ្លាំង​ក្នុង​ទីក្រុង ​Las Vegas ត្រូវ​បាន​កត់​ត្រា​ម្តង​ក្នុង​ឆ្នាំ​ ១៩៤២​ និង​ ៣ដង​ទៀត​ចាប់តាំងពីឆ្នាំ ២០០៥​មក​។

ក្រុម​អ្នកព្យាករណ៍​បានចេញសារ​ព្រមាន​អំពី​រលក​កម្ដៅខ្លាំង​ហួសប្រមាណ​ សម្រាប់​ទីតាំង​ជា​ច្រើន​ផ្សេងទៀត​រួមមាន​ភាគខាងត្បូង​ក្រុងភ្វីនីច (Phoenix) និងសាន ចូស​ (San Jose) ដែល​ជា​មជ្ឈមណ្ឌល​តំបន់​ឧស្សាហកម្ម​បច្ចេកវិទ្យា​ Silicon Valley​ ស្ថិតនៅ​ភាគខាងត្បូងសាន់ហ្វ្រាន់ស៊ីស្កូ​។

កាលពីថ្ងៃសៅរ៍​ ភ្នាក់ងារ​អាកាសធាតុ​អាមេរិក​បាន​និយាយថា​ មនុស្ស​ជាង​ ៣០លាន​នាក់នៅតែស្ថិតក្រោម​ការប្រកាសអាសន្ន​អំពីសីតុណ្ហភាពក្តៅខ្លាំង​ ហើយកម្តៅ​និង​លក្ខខណ្ឌស្ងួត​ដែល​មានគ្រោះថ្នាក់​នឹង​បន្ត​រហូតដល់​ថ្ងៃអាទិត្យ​។

គួរជ្រាបថា​ អាកាសធាតុក្តៅ​នាចុងសប្តាហ៍​បានកើតឡើង​ បន្ទាប់ពី​រលក​កម្តៅមួយផ្សេងទៀត​ បានវាយប្រហារ​ភាគខាងលិច​សហរដ្ឋអាមេរិក​ និង​កាណាដា​កាលពី​ចុងខែមិថុនា​។ អាកាសធាតុ​ក្តៅខ្លាំង​បំបែក​កំណត់ត្រា​បាន​កើត​ឡើង​បីថ្ងៃជាប់ៗគ្នា​នៅក្នុង​ខេត្ត​ British Columbia របស់​កាណាដា​។

ចំនួន​ជនរងគ្រោះ​ពី​រលកកម្តៅខ្លាំង​នៅមិនទាន់ត្រូវបានគេដឹងនៅឡើយទេ​ ប៉ុន្តែ​គេ​ប៉ាន់ស្មានថា​ អ្នកស្លាប់​អាច​កើន​ដល់​រាប់រយនាក់ហើយ​។ ​ចំណែកខែមុន​ គឹជាខែមិថុនាដែល​ក្តៅបំផុតបំបែកកំណត់ត្រា​នៅអាមេរិកខាងជើង​។ នេះបើយោងតាម​ទិន្នន័យ​ដែល​ចេញផ្សាយដោយ​ភ្នាក់ងារ​អាកាសធាតុ​របស់​សហភាពអឺរ៉ុប​។

សកម្មភាពមនុស្ស​បាន​រុញច្រាន​ឲ្យ​សីតុណ្ហភាពពិភពលោកឡើងខ្ពស់​ បង្កឲ្យ​មាន​ព្យុះកំណាច​កាន់តែច្រើន​ រលកកំដៅកាន់តែខ្លាំង​ គ្រោះរាំងស្ងួត​ និងភ្លើងឆេះព្រៃ​។ អង្គការឧតុនិយមពិភពលោក​បាន​និយាយ​ថា​កំណត់​ត្រា​ដែល​ក្តៅ​បំផុត​បាន​កើតឡើង​នៅ ៦ ឆ្នាំ​ចុង​ក្រោយ​នេះ បូករួមនឹងឆ្នាំ​ ២០២០​ផង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI