អាមេរិក-ទេសចរណ៍-អវកាស

មហាសេដ្ឋី​អាមេរិក​ជែហ្វ បេសូស៍​ បញ្ចប់​បេសកកម្ម​ថ្មី​នៅ​ទី​អវកាស

មហាសេដ្ឋីអាមេរិកជែហ្វ បេសូស៍ ត្រូវបានអមដំណើរដោយប្អូនប្រុស Mark Bezos អ្នកស្រី Wally Funk វ័យ ៨២ ឆ្នាំ ជាអ្នកបើកបរយន្តហោះម្នាក់ និងម្នាក់ចុងក្រោយគេគឺជាសិស្សអាយុ ១៨ ឆ្នាំ។
មហាសេដ្ឋីអាមេរិកជែហ្វ បេសូស៍ ត្រូវបានអមដំណើរដោយប្អូនប្រុស Mark Bezos អ្នកស្រី Wally Funk វ័យ ៨២ ឆ្នាំ ជាអ្នកបើកបរយន្តហោះម្នាក់ និងម្នាក់ចុងក្រោយគេគឺជាសិស្សអាយុ ១៨ ឆ្នាំ។ REUTERS - JOE SKIPPER

លោក ជែហ្វ បេសូស៍​ (Jeff Bezos) មហាសេដ្ឋី​កំពូល​លំដាប់​ពិភពលោក ​បាន​សម្រេច​ក្តីសុបិន​ជាយូរ​មកហើយរបស់​លោក​ ធ្វើ​ដំណើរ​ចូល​ទៅក្នុង​អវកាស​នៅ​ថ្ងៃអង្គារ​ ២០ កក្កដា​ ឆ្នាំ ២០២១​។ ដំណើរ​ទៅកាន់​អវកាស​ជា​លើក​ទីមួយ​របស់​មហាសេដ្ឋីអាមេរិក​រូបនេះ​ អាច​រាប់ចាត់​ថា​ ជាការ​បើក​ទំព័រ​សករាជ​ថ្មី​នៃ​ទេសចរណ៍​អវកាស​ដែលជា​អាជីវកម្ម​ដ៏​ធំ​បំផុត​មួយ​។

ផ្សាយពាណិជ្ជកម្ម

ដំណើរទៅកាន់​ទីអវកាសនេះ​បានគូសដៅ​បេសកកម្ម​លើកដំបូង​មិនធ្លាប់មាន​សម្រាប់​ទេសចរណ៍​អវកាស​ក្រោមគន្លងតារាវិថី​របស់​យាន​ New Shepard​ ផលិតដោយ​ក្រុមហ៊ុន​ Blue Origin របស់​លោក ជែហ្វ បេសូស៍​។

ស្ថាបនិកក្រុមហ៊ុន​ Amazon​ លោក ជែហ្វ បេសូស៍​ បាន​ចំណាយពេលពីរបីនាទី​នៅលើលំហអវកាស​ក្រៅ​បរិយាកាសនៃ​ផែនដី​ក្នុង​ស្ថានភាព​អណ្តែតគ្មាន​កម្លាំង​ទំនាញ​។ បេសកកម្មទៅអវកាស​របស់យាន New Shepard​ មានរយៈពេល ១០ នាទី និង ១០ វិនាទី និង​បានហោះចេញ​ពី​ភាគខាងលិច​នៃរដ្ឋតិចសាស់​ទៅ​រយៈកម្ពស់​ប្រមាណ​ជា ១០៧​គីឡូម៉ែត្រ​មុននឹង​ត្រូវ​ហោះ​ចុះត្រលប់​មកដីវិញ​។

មហាសេដ្ឋីអាមេរិក​ត្រូវបានអមដំណើរដោយប្អូនប្រុសរបស់លោកឈ្មោះ Mark Bezos អ្នកស្រី Wally Funk វ័យ ៨២ ឆ្នាំ ជាអ្នកបើកបរយន្តហោះម្នាក់​ និង​ម្នាក់ចុងក្រោយគេគឺជាសិស្សអាយុ ១៨ ឆ្នាំ​ - ពួកគេជាមនុស្ស​ចាស់​ជាងគេ​ និងក្មេងជាងគេ​ដែល​បានហោះហើរ​ទៅកាន់អវកាស​ជាលើក​ដំបូងនេះ​។

អ្នកទេសចរអវកាសទាំង៤រូប​ បានធ្វើដំណើរនៅក្នុង​កាប់ស៊ុលបំពាក់​ដោយបង្អួចធំៗ​ ដែលអនុញ្ញាតឲ្យពួកគេ​អាច​មើលឃើញទេសភាព​ដ៏អស្ចារ្យ​នៃភពផែនដី​។ ក្រោយក្បាលកាប់ស៊ុល​របស់យាន​ New Shepard ចុះចតមកកាន់ផែនដីវិញ​ លោកបេសូស៍​ បាន​និយាយថា​ នេះ​គឺជាថ្ងៃដ៏ពិសេស​កម្រ​នឹងមាន​។ លោកពិតជាមានការភ្ញាក់ផ្អើលណាស់​ដោយសារសម្រស់ផែនដី​។ លោកបានបន្ថែមថា​បានឃើញផែនដី​ដោយផ្ទាល់​ពីលើអាកាស​គឺ​ប្រសើរជាងគ្រាន់តែបានឮនិងបានដឹង​។

គួរបញ្ជាក់ថា​ មានវ័យ ៥៧ ឆ្នាំ​ លោកជែហ្វ​ បេសូស៍​ បានក្លាយជា​មហាសេដ្ឋីទី ២ ដែលបាន​ជិះយាន​ផ្ទាល់ខ្លួន​ទៅកាន់ទីអវកាស​។ មហាសេដ្ឋីអង់គ្លេស​ រីឆាដ ប្រែនសុន (Richard Branson) និងជាម្ចាស់ក្រុមហ៊ុន Virgin Galactic បានធ្វើដំណើរទៅកាន់​អវកាសមុន​លោកបេសូស៍ ៩ ថ្ងៃ​ ពោលគឺនៅថ្ងៃទី ១១​ កក្កដា​ ឆ្នាំ ២០២១​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI