រដ្ឋបាល​ ចូ បៃដិន ចាប់​ផ្តើមបញ្ចេញ​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សាដោយ​អាវុធ

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទទួលស្គាល់ថា អំពើហិង្សានិងការស្លាប់ព្រោះតែអាវុធ ជាសោកនាដកម្ម ដែល អាមេរិកបានទទួលរង ជាយូរ និងជាច្រើនឆ្នាំមកហើយ។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទទួលស្គាល់ថា អំពើហិង្សានិងការស្លាប់ព្រោះតែអាវុធ ជាសោកនាដកម្ម ដែល អាមេរិកបានទទួលរង ជាយូរ និងជាច្រើនឆ្នាំមកហើយ។ Tom Brenner POOL/AFP

សេតវិមាន​អាមេរិក កើតក្តីព្រួយ​បារម្ភ​ជាខ្លាំង ចំពោះ​ចំនួនអត្រា​មនុស្ស​ស្លាប់​ព្រោះតែ​អាវុធ​ ដែល​កាន់តែ​កើនឡើង​ខ្ពស់​ ចាប់ពី​ដើម​ឆ្នាំ​២០២០មក។ ថ្ងៃព្រហស្បតិ៍ ទី២២កក្កដា រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អាមេរិក បាន​ទៅ​រដ្ឋ​ Chicago ដើម្បី​ប្រកាសពី​សេចក្តីប្តេជ្ញាចិត្ត​របស់​រដ្ឋបាលអាមេរិក​​ក្រោមអាណត្តិ​ដឹកនាំរបស់​ប្រធានាធិបតី​ ចូ បៃដិន​។ រដ្ឋមន្ត្រីយុត្តិធម៌​អាមេរិក ក៏​បាន​ប្រកាសពីការ​បង្កើត​ជាផ្លូវការ នូវ ក្រុម​ទទួល​បន្ទុក​ពិសេស​មួយ សម្រាប់​កិច្ចការ​ប្រយុទ្ធប្រឆាំង​នឹងការ​ជួយ​ដូរ​អាវុធ​ខុស​ច្បាប់ នៅតាម​បណ្តារដ្ឋ​នានា​ របស់​សហរដ្ឋអាមេរិក។

ផ្សាយពាណិជ្ជកម្ម

សហរដ្ឋអាមេរិក ឆ្នាំ​២០២០ ​មនុស្ស យ៉ាង​ហោច ៤៣ ០០០ នាក់ បាន​ស្លាប់​ ព្រោះតែ​ហិង្សា​បង្កឡើង​ដោយ​អាវុធ​។ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ មែរីក ហ្ការលែនដ៍ (Merrick Garland) ទទួល​ស្គាល់ថា អំពើ​ហិង្សានិងការ​ស្លាប់​ព្រោះតែ​អាវុធ​នេះ ជា​សោកនាដកម្ម​ ដែល​សហរដ្ឋ​អាមេរិក​បា​ន​ទទួល​រង ជា​យូរ ​និងជា​​ច្រើន​ឆ្នាំមកហើយ។​

ប៉ុន្តែ​ សភាពការណ៍ ​កាន់តែ​ដុនដាបខ្លាំង ! អង្គការ​ Gun Violence Archive បញ្ជាក់ថា នៅឆ្នាំ​២០២១  មនុស្ស​ ប្រមាណ ២៤ ៧០៩ នាក់​ ត្រូវ​ស្លាប់​ដោយ​អាវុធ ។ ​ក្នុង​នោះ មាន ​១៣ ០០០នាក់ បាន​បាញ់សម្លាប់​ខ្លួន​ឯង។​ ​ ប្រសិន​បើនិន្នាការ​នេះ នៅ​បន្តកើនឡើង​​ទៅទៀតដល់​ដាច់​ឆ្នាំ គឺ​ឆ្នាំ​២០២១​ នឹង​កាន់តែ​អាក្រក់​ ជាង​ឆ្នាំ​២០២០​។ ឆ្នាំ​២០២០ ចំនួន​ឃាតកម្ម បាន​កើនឡើង​ចំនួន​២៥ភាគរយ។ ជា​អត្រា​ចំនួន​​មួយ​ដ៏​ខ្ពស់​បំផុត បើ​ធៀប​នឹង​នឹង​រយៈ​៦០ឆ្នាំចុងក្រោយ។​ នេះបើ​ទិន្នន័យ​របស់​ប៉ូលីស FBI។​

ប្រធានាធិបតី​អាមេរិក​ បាន​សន្យា​គិត​គូរ​បញ្ហានិងដោះស្រាយ​ឲ្យ​ឆាប់។ លោក​ ចូ បៃដិន បាន​ចេញក្រឹត្យប្រធានាធិបតី ដើម្បី​ទប់​ទល់​នឹង​ការ​ជួញ​ដូរ​អាវុធ​ខុស​ច្បាប់ និង​​ដាក់ទណ្ឌកម្ម​ធ្ងន់ ចំពោះ​​អ្នក​លក់​អាវុធទាំងឡាយ​ណា ដែល​មិន​បាន​ត្រួត​ពិនិត្យ​​ឲ្យ​ត្រឹមត្រូវ ​ពី​ប្រវត្តិ​ប្រើប្រាស់​អាវុធ​របស់​អតិថិជន។

​សមាគម​និងអ្នក​ដែល​ប្រឆាំង​នឹង​ការ​ជួញដូរ​អាវុធ​ យល់ថា ចំណាត់​ការ​របស់​សេតវិមាន តិចតួច​ណាស់ មិនគ្រប់គ្រាន់​សម្រាប់​ឆ្លើយតប​នឹង​បញ្ហា​ជាក់ស្តែង​។​ ក្រុម​អ្នក​ប្រឆាំង​នឹង​អាវុធ​នៅអាមេរិក ​​ទាមទារ​ជាយូរណាស់​​មកហើយ ច្បាប់​កម្រិត​ការ​លក់ដូរ​​អាវុធ ក៏ប៉ុន្តែ​ ច្បាប់​នេះ​ធ្វើ​ទៅមិនរួច​។ មិនរួច ព្រោះ​ក្រុម​អ្ន​កនយោបាយ​បក្ស​សាធារណរដ្ឋ មាន​សំឡេង​ប្រឆាំង​ច្រើន​ជាង ដើម្បី​ខ្ទាស់​ ​គម្រោង​ច្បាប់​របៀប​នេះ មិន​ឲ្យចេញ​ទៅបាន៕​

-អត្ថបទ​ដោយ Anne Corpet អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់​ RFIនៅ​ក្រុង​វ៉ាស៊ីន​តោន

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI