យន្តការកូវ៉ាក់-វ៉ាក់សាំងកវីដ១៩

កូវ៉ាក់​រំពឹង​ថា​នឹង​ទទួល​បាន​ជំនួយ​វ៉ាក់សាំង​កូវីដ​២៥០​លាន​ដូស​ក្នុង​៦​-៨​សប្តាហ៍​ទៀត

នៅថ្ងៃពុធ ទី២៨ កក្កដា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោក បានប្រកាសរំពឹងថានឹងទទួលបាន ជំនួយជាវ៉ាក់សាំងបង្ការកូវីដបន្ថែមទៀត ចំនួន ២៥០ លានដូស ក្នុងរយៈពេល ៦ ទៅ ៨ សប្តាហ៍ខាងមុខ។
នៅថ្ងៃពុធ ទី២៨ កក្កដា ឆ្នាំ២០២១ អង្គការសុខភាពពិភពលោក បានប្រកាសរំពឹងថានឹងទទួលបាន ជំនួយជាវ៉ាក់សាំងបង្ការកូវីដបន្ថែមទៀត ចំនួន ២៥០ លានដូស ក្នុងរយៈពេល ៦ ទៅ ៨ សប្តាហ៍ខាងមុខ។ AIZAR RALDES AFP

យន្តការ​កូវ៉ាក់​រំពឹងថា​នឹង​ទទួលបាន​ជំនួយ​ជា​វ៉ាក់សាំងបង្ការ​កូវីដ​បន្ថែមទៀត​ចំនួន​ ២៥០លាន​ដូសក្នុង​រយៈពេល​ ៦ ទៅ ៨ សប្តាហ៍​ខាងមុខ​។ នេះ​បើ​តាម​ការប្រកាសឲ្យ​ដឹងពី​អង្គការ​សុខភាពពិភពលោក​ នៅថ្ងៃពុធ​ ទី២៨​ កក្កដា​ ឆ្នាំ២០២១​។ ជំនួយ​ថ្មីនេះ​ គឺជា​កត្តា​រួមចំណែក​ដ៏សំខាន់​ជួយ​បណ្តា​ប្រទេសក្រីក្រ​ដែលកំពុងត្រូវការវ៉ាក់សាំង​​។

ផ្សាយពាណិជ្ជកម្ម

ជំនួយ​វ៉ាក់សាំង​បង្ការ​កូវីដ​ចំនួន​ ២៥០ លានដូស​នេះ​គឺជា​កាតាលីករ​ ជួយដាស់​ឲ្យ​យន្តការ​កូវ៉ាក់​ចាប់​មាន​សន្ទុះ​ឡើង​ និង​ជួយប្រទេសក្រីក្រ​ ដែល​កំពុងស្រែកឃ្លាន​វ៉ាក់សាំង​​យក​ទៅចាក់​ជូនប្រជាជន​។

នៅថ្ងៃពុធ​ ទី២៨ កក្កដា​ ក្នុង​ពេលធ្វើ​បច្ចុប្បន្នភាព​អំពី​ប្រតិបត្តិការ​របស់​កូវ៉ាក់​ អង្គការសុខភាព​ពិភពលោកបានឲ្យដឹងថា​វ៉ាក់សាំង​ដែល​បរិច្ចាគ​ដោយ​ប្រទេសម្ចាស់​ជំនួយ​នឹង​ទៅ​ដល់​មណ្ឌល​កូវ៉ាក់​ក្នុង​រយៈពេល​ ៦ ទៅ ៨ សប្តាហ៍​ខាងមុខនេះ​។

គួររំឭកថា​ កូវ៉ាក់​គឺជា​យន្តការ​អន្តរជាតិ​មួយ​ដែល​បាន​បង្កើត​ឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​សម្ព័ន្ធ​ដើម្បី​វ៉ាក់សាំង​ហៅ​កាត់ Gavi​ ដើម្បីធានាថា​ប្រទេស​ក្រីក្រ​អាចទទួល​បាន​វ៉ាក់សាំង​បង្ការ​កូវីដ១៩ ​ដោយ​ស្មើ​ភាពគ្នាជាមួយនឹង​ប្រទេស​អ្នកមាន​។

នៅក្រោម​យន្តការ​កូវ៉ាក់​ ប្រទេស​ក្រីក្រខ្លាំងចំនួន​ ៩២​ អាច​ទទួល​បាន​វ៉ាក់សាំង​ដោយឥតគិតថ្លៃ​ ដោយ​មាន​ក្រុមម្ចាស់​ជំនួយ​ជាអ្នក​ជួយ​រ៉ាប់រង់​រាល់​ថ្លៃចំណាយ​ទាំងអស់។ ហើយ​មកទល់នឹងពេលនេះ​ដែរ​ អង្គការសុខភាពពិភពលោក​បាន​បញ្ជូន​វ៉ាក់សាំង​បង្ការកូវីដ​ចំនួន​ ១៥២ លានដូសហើយ​ទៅឲ្យ​ ១៣៧ ប្រទេស​។

ដោយឡែក​ តាំងពី​ឥណ្ឌា​បាន​សម្រេច​ផ្អាក​និង​បិទ​ខ្ទប់​ការ​នាំ​ចេញ​​ថ្នាំ​បង្ការ ​AstraZeneca ​មួយ​រយៈ​រួចមក​ យន្តការ​កូវ៉ាក់​ ត្រូវពឹងផ្អែកកាន់ខ្លាំងលើ​ការ​បរិច្ចាគពី​ប្រទេសអ្នកមាន​ដែលបាន​ទិញវ៉ាក់សាំងទុក​ច្រើនជាង​ចំនួន​ដែលពួកគេត្រូវការ​។

នៅគ្រាកន្លងមក​ លោកតេដ្រូស ប្រធាន​អង្គការសុខភាព​ពិភពលោកធ្លាប់​បាន​បរិហារ​រិះគន់​ពីភាពអាត្មានិយម​របស់​ក្រុម​ប្រទេសអ្នកមាន និង​បាន​អំពាវបាននាវផងដែរឲ្យ​ពួកគេ ​ជួយ​គិតគូរចែក​រំលែក​វ៉ាក់សាំង​កូវីដ​ ដល់ប្រទេសក្រីក្រ​ដែល​កំពុង​ខ្វះ​ខាត​វ៉ាក់សាំង​ផង​។

តប​ទៅតាមការ​អំពាវនាវ​របស់​ប្រធាន​អង្គការសុខភាព​ពិភពលោក ក្រុមប្រទេសអ្នកមាន​រួមមានជាអាទិ៍​ សហរដ្ឋអាមេរិក អង់គ្លេស បារាំង ស៊ុយអែត និងជប៉ុនជាដើម​ បាន​ប្រកាស​ផ្តល់​វ៉ាក់សាំង​ដែល​ខ្លួនមាន​​ទៅ​ឲ្យ​យន្តការ​កូវ៉ាក់​។ ជា​សរុប​សម្រាប់​ឆ្នាំ​ ២០២១​-២០២២​ យន្តការ​កូវ៉ាក់​រំពឹងថា​នឹង​ទទួល​បាន​ជំនួយ​វ៉ាក់សាំងកូវីដ​យ៉ាងហោច ៦១០ លាន​ដូស​។​

ក្នុងចំណោមនោះ​ គេរំពឹងថា​នឹង​ទទួល​វ៉ាក់សាំង​ចំនួន​ ២៦០ លានដូស​ពី​សហរដ្ឋអាមេរិក​ ២០០ លានដូស​ពី​បណ្តាប្រទេស​សហភាពអឺរ៉ុប​ ៨០ លានដូសពី​អង់គ្លេស​ និង​ប្រមាណជា ៣០ លានដូស​ពីកាណាដា ហើយ៣០ លានដូសទៀតពីជប៉ុន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI