អាមេរិក-កូវីដ​១៩

ប្រឈមនឹង​កូវីដ​១៩​ទម្រង់​ដែលតា អាជ្ញាធរ​សុខាភិបាល​​អាមេរិក​ពង្រឹង​វិធានការ​បង្ការ​ឡើងវិញ

ក្រដាសជូនដំណឹងឲ្យពាក់ម៉ាស នៅតាមទីសាធារណៈ មាត់ច្រកចូល Rose E. McCoy Auditorium  ក្រុង Jackson រដ្ឋមីស៊ីស៊ីពី ថ្ងៃទី ២៧ កក្កដា ២០២១
ក្រដាសជូនដំណឹងឲ្យពាក់ម៉ាស នៅតាមទីសាធារណៈ មាត់ច្រកចូល Rose E. McCoy Auditorium ក្រុង Jackson រដ្ឋមីស៊ីស៊ីពី ថ្ងៃទី ២៧ កក្កដា ២០២១ AP - Rogelio V. Solis

កូវីដ​១៩ ទម្រង់បំប្លែងខ្លួនដែលតា កំពុងតែ​ឆ្លងរាលដាល គួរឲ្យព្រួយបារម្ភ នៅសហរដ្ឋអាមេរិក។ ប្រឈមនឹងបញ្ហានេះ អាជ្ញាធរសុខភិបាល​អាមេរិក បាន​សម្រេចពង្រឹងវិធានការ​បង្ការឡើងវិញ តាម​រយៈការ​ចេញអនុសាសន៍ ឲ្យ​ពាក់ម៉ាសនៅទីសារធារណៈ បើទោះបីអ្នកនោះ​បានចាក់ចាក់វ៉ាក់សាំង​ រួចរាល់ហើយ​ក្តី។ ទន្ទឹមគ្នានេះ​ រដ្ឋាភិបាល​អាមេរិក ក៏កំពុងពិចារណាផងដែរ នូវការដាក់កំហិត ឲ្យ​បុគ្គលិក​រដ្ឋសហព័ន្ធ ត្រូវតែចាក់វ៉ាក់សាំង​។

ផ្សាយពាណិជ្ជកម្ម

សេតវិមាន​អាេមរិក​បាន​ចេញបញ្ជា កាលពីថ្ងៃអង្គារទី​២៧កក្កដា ឲ្យ​បុគ្គលិកខ្លួន​ទាំងអស់ ត្រូវពាក់ម៉ាសឡើងវិញ បន្ទាប់ពី​បាន​សង្កេតឃើញ នូវកម្រិតឆ្លងរាលដាល​កូវីដ​១៩ ឡើងខ្លាំង​ក្នុងតំបន់ទីក្រុង​វ៉ាស៊ីនតោន។ នៅក្នុង​លិខិត​ប្រកាសមួយរបស់​សេតវិមាន លោក​ ចូ បៃដិន បានលើកឡើងថា រដ្ឋាភិបាល​លោក កំពុងតែពិចារណា ដាក់កំហិតការចាក់វ៉ាក់សាំង ទៅលើ​បុគ្គលិករដ្ឋសហព័ន្ធ ប្រមាណ​២.១នាក់ ដែលមិនទាន់ចាក់វ៉ាក់សាំង។ លោក​លើកឡើងថា កម្រិតនៃការចាក់វ៉ាក់សាំង បានកើនឡើងមែន តែ​វានៅតែមិនគ្រប់គ្រាន់ទេ ខណៈដែល​កូវីដ១៩ ទម្រង់បំប្លែងខ្លួនដែលតា កំពុងឆ្លងរាលដាលខ្លាំង។

គួរបញ្ជាក់ថា ដោយសង្កេតឃើញ ការឆ្លងរាលដាលកូវីដ​ បានស្ទុះឡើងជាថ្មី​ មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងអាមេរិក​ (CDC) បានចេញអនុសាសន៍​ នៅថ្ងៃអង្គារទី​២៧កក្កដា ឲ្យ​ប្រជាជន​ត្រូវពាក់ម៉ាស នៅតាមទីសាធារណៈ ទាំងអ្នក​មិនទាន់ចាក់វ៉ាក់សាំង និងទាំងអ្នកបានចាក់វ៉ាក់សាំងហើយ។ លោកស្រី Rochelle Walensky នាយិកាមជ្ឈមណ្ឌលនេះ​ បាន​លើកឡើងថា វ៉ាក់សាំង​អាចការពារ​អាយុជីវិតរបស់​មនុស្ស​បានមែន ក៏ប៉ុន្តែមានករណីមួយចំនួន​ ដែលមនុស្ស​នោះ អាច​ចម្លងមេរោគ​ទៅកាន់អ្នកផ្សេង។ អាជ្ញាធរសុខាភិបាល​អាមេរិកនេះ ក៏បាន​ផ្តល់អនុសាសន៍​ផងដែរ ថានៅតាមសាលារៀន គ្រូ សិស្ស និស្សិត ត្រូវតែពាក់ម៉ាសទាំងអស់គ្នា មិនថាអ្នកនោះ​បានចាក់វ៉ាក់សាំងហើយនោះទេ។

គួររំលឹកថា គិតត្រឹមពេលនេះ ប្រជាជនអាមេរិកប្រមាណ​៤៩% បានចាក់វ៉ាក់សាំងរួចហើយ ក៏ប៉ុន្តែ កម្រិតសមាមាត្រ គឺប្រែប្រួលពីតំបន់មួយទៅតំបន់មួយ​។ ករណីឆ្លងថ្មី កើត​មានច្រើននៅតំបន់ភាគខាងត្បូង ជាទីដែល​កម្រិតនៃការចាក់វ៉ាក់សាំង មានទាបជាងតំបន់ខាងជើងឈាងខាងកើត។ លោក Eric Cioe-Pena អ្នកជំនាញ​សុខភាពសាធារណៈ នៅ Northwell Health បានបញ្ជាក់ថា ការតម្រូវឲ្យ​គ្រប់គ្នាពាក់ម៉ាសឡើងវិញនេះ គឺមិនមែនមានន័យថា វ៉ាក់សាំងមិនមាន​ប្រសិទ្ធិភាពទប់​កូវីដ​១៩ ទម្រង់បំប្លែងដែលតានោះទេ។ តែវាជាដំណោះស្រាយ​មួយ​ ដើម្បីការពារ​មនុស្សច្រើននាក់ទៀត ដែលមិនទាន់ចាក់វ៉ាក់សាំង៕

សូមបញ្ជាក់ថា យោងតាមតួលេខផ្លូវការ​ ក្នុង​មួយ​សប្តាហ៍ចុងក្រោយនេះ មានអ្នកឆ្លងកូវីដ​១៩ ជាមធ្យម ចំនួន​ ៥៦០០០នាក់ ជារៀងរាល់ថ្ងៃ នៅសហរដ្ឋអាមេរិក។ ក្នុងនោះ ៩០% នៃករណីឆ្លងថ្មី គឺ​ជា​កូវីដ​១៩ ទម្រង់បំប្លែងខ្លួនដែលតា។ របាយ​ការណ៍សិក្សាមួយ​ ចុះផ្សាយ​ក្នុងទស្សនាវត្តីវិទ្យាសាស្ត្រ Virological បាន​អះអាងថា អ្នកដែល​ឆ្លង​កូវីដ​១៩ទម្រង់​បំប្លែងខ្លួនដែលតា គឺ​អាច​មាន​​ទំហំ​​បន្ទុក​មេរោគ​ក្នុងខ្លួន លើស​​អ្នកឆ្លង​កូវីដ​​ទម្រង់ដើម ដល់ទៅ​១០០០ដង។ មានន័យនេះ​ កូវីដ​១៩ ទម្រង់បំប្លែង​ខ្លួន​ដែលតា អាចពង្រីក​​បន្ទុក​មេរោគ​បាន​យ៉ាងលឿនរហ័ស ហើយទន្ទឹមគ្នានេះ ការ​ឆ្លងសាយភាយ ទៅ​ក្នុង​ខ្យល់​បរិយាកាស ក៏មានកំណើនខ្លាំងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI