អាមេរិក-កូវីដ​១៩

Facebook និង Google តម្រូវឲ្យ​​បុគ្គលិក​ត្រូវ​ចាក់វ៉ាក់សាំង ទើប​អាច​ចូល​ទៅធ្វើការ​​នៅ​​ក្នុង​ទីតាំង​បាន

បុគ្គលិក២នាក់ កំពុងដើរនៅក្នុងទីតាំងរបស់​ Google នៅ Mountain View រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ថ្ងៃទី ២៤ កញ្ញា ២០១៩
បុគ្គលិក២នាក់ កំពុងដើរនៅក្នុងទីតាំងរបស់​ Google នៅ Mountain View រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ថ្ងៃទី ២៤ កញ្ញា ២០១៩ AP - Jeff Chiu

ក្រុមហ៊ុន​បច្ចេកវិទ្យា Google និង Facebook ដែលមានទីតាំងនៅ​តំបន់ស៊ីលីកូនវ៉ាឡេ រដ្ឋកាលីហ្វ័រញ៉ា បាន​បញ្ជាក់ថា គេបានសម្រេច តម្រូវឲ្យ​បុគ្គលិកគេទាំងអស់ ត្រូវតែចាក់វ៉ាក់សាំងបង្ការកូវីដ​១៩រួចរាល់ ទើបអាចចូលទៅធ្វើការ នៅក្នុងទីតាំងរបស់​ក្រុមហ៊ុន​បាន​។ គួរកត់សំគាល់ថា ប្រឈមនឹង​ការឆ្លងរាលដាលកូវីដ១៩ ទម្រង់បំប្លែងខ្លួនដែលតា ព្រមទាំងដើម្បី​ចាប់បង្ខំ​ឲ្យ​មនុស្ស​ ឲ្យ​ប្រញ៉ាប់​រូតរះ​ទៅ​ចាក់វ៉ាក់​សាំង មាន​ស្ថាប័ន​ និង​អង្គភាព​​​សាធារណៈជាច្រើន នៅអាមេរិក ​បាន​ចេញ​ប្រកាស​ដូចគ្នានេះ។

ផ្សាយពាណិជ្ជកម្ម

Google និងតម្រូវឲ្យ​បុគ្គលិក ត្រូវចាក់វ៉ាក់សាំងបង្ការកូវីដ១៩ មុននឹងអាចចូលមកធ្វើការ​នៅទីតាំងបាន។ កាតព្វកិច្ចនេះ នឹងចូលជាធរមាន​ ក្នុងរវាងប៉ុន្មានសប្តាហ៍ខាងមុខ នៅសហរដ្ឋអាមេរិក មុននឹងពង្រីកអនុវត្តនៅតាមទីតាំងផ្សេងទៀត របស់ Google  នៅឯប្រទេសផ្សេង។ នេះបើយោងតាម លិខិតប្រកាស របស់លោក Sundar Pichai អគ្គនាយកក្រុមហ៊ុន Google នៅថ្ងៃទី​២៨​កក្កដា។​

លោក Sundar Pichai បានលើកឡើងថា ការចាក់វ៉ាក់សាំង គឺជាវិធីដ៏ចាំបាច់មួយ ដើម្បី​ការពារសុខភាព របស់​មនុស្ស​គ្រប់គ្នានៅក្នុងសហគមមូលដ្ឋាន និង​អ្នករួមការងារជាមួយគ្នា។ តែយ៉ាងណា លោកបានបញ្ជាក់បន្ថែមថា ក្រុមហ៊ុន Google នឹងចេញលិខិត​មួយទៀត ដើម្បី​លំអិត​ករណីលើកលែងមួយចំនួន ចំពោះអ្នកដែល​មិនអាចចាក់វ៉ាក់សាំងបាន ដោយ​មូលហេតុចាំបាច់ផ្សេងៗ ដូចជាដោយសារបញ្ហាសុខភាព និង​ករណីប្រទេសមួយចំនួន ដែល​ពុំសូវសម្បូរវ៉ាក់សាំង ចាក់ជាដើម។

ដូចគ្នាដែរ លោកស្រី Lori Goler អគ្គនាយករងក្រុមហ៊ុន Facebook បានសរសេរសារលើ លើបណ្តាញសង្គមខ្លួនថា នឹងសម្រេច​ដាក់កំហិត ឲ្យ​បុគ្គលិកទាំងអស់ ត្រូវតែ​ចាក់វ៉ាក់សាំង មុននឹង​អាចចូលទៅ​ក្នុងទីតាំងធ្វើការ នៅសហរដ្ឋអាមេរិក។

គួររំលឹកថា បុគ្គលិកក្រុមហ៊ុន​បច្ចេកវិទ្យាទាំងនេះ មួយចំនួនធំ បានធ្វើការ​ពីផ្ទះ នៅក្នុងបរិបទកូវីដ។ Facebook បាន​គ្រោងថា នៅខែ​កញ្ញាបុគ្គលិក៥០% អាចនឹងត្រូវត្រលប់មកធ្វើការផ្ទាល់នៅកន្លែងវិញ ហើយពេញទាំងស្រុងនៅរវាងខែ​តុលា។ ដោយឡែក Google គ្រោងនឹង​បើកទ្វារទទួលបុគ្គលិកចំនួន ៨០% នៅ​ថ្ងៃទី ១៨តុលា រីឯ២០%ទៀត បន្តធ្វើការពីផ្ទះ។

គួរកត់សំគាល់ថា រហូតមកទល់ពេលនេះ មានក្រុមហ៊ុនឯកជនតិចបំផុត នៅអាមេរិក ដែលហ៊ាន​សម្រេចដាក់​កំហិត ឲ្យ​បុគ្គលិកចាក់វ៉ាក់សាំង ដោយ​ក្លាចក្រែងត្រូវគេចោទថាមាន​ការរើសអើង។ ដោយឡែកស្ថាប័នរដ្ឋ អង្គភាព​សាធារណៈ និងអង្គការ​វប្បធម៌ជាច្រើន បាន​សម្រេច​ដាក់កំហិត ឲ្យ​បុគ្គលិកចាក់វ៉ាក់សាំង។ យោងតាម​​បណ្តាញព័ត៌មានអាមេរិក លោកចូ បៃដិន អាចនឹងសម្រេច​ដាក់បញ្ជា ឲ្យ​បុគ្គលិករដ្ឋសហព័ន្ធទាំងអស់ ត្រូវ​ចាក់វ៉ាក់សាំង។

យោងតាមទីភ្នាក់ងារសហព័ន្ធអាមេរិក ទទួលបន្ទុក​ប្រយុទ្ធប្រឆាំងនឹងការរើសអើងក្នុងវិស័យការងារ គឺនយោជក មានសិទ្ធិទាមទារ ឲ្យ​បុគ្គលិកត្រូវបង្ហាញឯកសារភស្តុតាង ថាខ្លួនបានចាក់វ៉ាក់សាំង មុននឹងអនុញ្ញាតឲ្យត្រលប់ទៅ​ធ្វើការនៅទីតាំងដោយផ្ទាល់។ លើកលែងតែក្នុងករណីមួយចំនួន ដូចជា បញ្ហាសុខភាព ឬជំនឿសាសនាជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI