អ.ស.ប.-អាកាសធាតុ

អ.ស.ប. ៖ មាន​សមាជិកជិត​ពាក់​កណ្តាល​ មិន​គោរពកិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស

មាន​ប្រទេស​ជិត​ពាក់​កណ្តាល​ មិន​គោរព​សន្យា​ផ្តល់​ផែនការ​អាកាសធាតុ​ថ្មី ស្រប​តាម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស
មាន​ប្រទេស​ជិត​ពាក់​កណ្តាល​ មិន​គោរព​សន្យា​ផ្តល់​ផែនការ​អាកាសធាតុ​ថ្មី ស្រប​តាម​កិច្ចព្រមព្រៀង​អាកាសធាតុ​ក្រុង​ប៉ារីស Dimitar DILKOFF AFP

នៅក្នុង​កិច្ចព្រមព្រៀងអាកាសធាតុ​​ក្រុង​ប៉ារីសឆ្នាំ​​២០១៥ រដ្ឋ​ជា​សមាជិកអង្គការ​សហប្រជាជាតិ​ទាំង​ប្រមាណ​២០០​ប្រទេស​បានប្តេជ្ញា​ប្រឹង​ទប់​ស្កាត់​ការ​ឡើង​កម្តៅ​អាកាសធាតុ​ឱ្យ​នៅ ក្រោម​២អង្សា ឬ​បើ​អាច​ត្រឹម​មួយ​អង្សា​កន្លះ បើ​ប្រៀប​ធៀប​ទៅ​នឹង​សម័យ​មុនឧស្សាហកម្ម។ ប៉ុន្តែ​៥​ឆ្នាំក្រោយ​ការ​ចុះ​ហត្ថលេខាលើ​កិច្ច​ព្រមព្រៀង​ មាន​បណ្តាប្រទេស​ជា​សមាជិក​អង្គការ​សហប្រជាជាតិ​តែជាង​ពាក់កណ្តាល​បន្តិច​ប៉ុណ្ណោះ ដែល​មាន​​ផែនការ​អាកាសធាតុប្រកប​ដោយ​មហិច្ឆតាពិតៗ។ នេះ​បើ​តាម​អ្នក​ទទួល​ខុស​ត្រូវ​អាកាសធាតុ​នៅ​អង្គការ​សហប្រជាជាតិ​លោកស្រី Patricia Espinosa ដែល​បាន​ចេញ​សេចក្តីអំពាវនាវ​នៅ​ថ្ងៃសៅរ៍​ទី​៣១​កក្កដា​នេះ ឱ្យ​គ្រប់​គ្នា​ពង្រឹងពង្រីកកម្មវត្ថុ​អាកាសធាតុ​។

ផ្សាយពាណិជ្ជកម្ម

បើ​តាម​​​កិច្ចព្រមព្រៀងអាកាសធាតុ​ក្រុង​ប៉ារីស​ ប្រទេស​ហត្ថលេខី​ទាំង​អស់​ ត្រូវកែ​សម្រួល​កម្មវត្ថុ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​​របស់​ខ្លួន ឬ​ហៅ​ថា “ផែនការអាកាសធាតុ​ថ្នាក់​ជាតិ​" ឡើង​វិញ និង​ត្រូវ​ប្រគល់​​ជូន​អង្គការ​សហប្រជាជាតិ​ឱ្យ​បាន​យ៉ាង​យូរ​ត្រឹម​ចុ​ងឆ្នាំ​២០២០។

ប៉ុន្តែ​ដោយ​ហេតុ​កូវីដ​ និង​ដោយ​ហេតុ​តែសន្និសីទ​អន្តរជាតិ​ស្តី​អំពី​អាកាសធាតុ​លើក​ទី​២៦ COP26 នៅ​ក្រុង Glasgow ​ ត្រូវ​​​​លើក​ពេល​ទៅ​ធ្វើនៅ​ខែ​វិច្ឆិកា ២០២១​វិញ ​រដ្ឋាភិបាល​ជា​ច្រើន​ក៏​ឆ្លៀតឱកាស​មិន​គោរពកាលបរិច្ឆេទ​កំណត់​ក្នុង​កិច្ចព្រមព្រៀងដែរ។

មកទល់​នឹង​ថ្ងៃទី ១ មករា ២០២១ មាន​ប្រទេស​ចំនួន តែ​៧៥​ ប៉ុណ្ណោះ ដែលបាន​​រៀប​ចំ​ផែនការ​អាកាសធាតុថ្មី​​រួច​ស្រេច​បាច់។ នៅ​ក្នុង​ចំណោមនោះ ភាគ​ច្រើន​ជា​ប្រទេស​ក្នុង​​សហភាព​​អឺរ៉ុប​ និង​តិច​តួច​បំផុត​ជា​ប្រទេស​បញ្ចេញ​ផ្សែងពុល​ខ្លាំង។

ប្រឈម​នឹង​ភាព​យឺត​យ៉ាវ​នេះ អង្គការ​សហប្រជាជាតិ​បាន​កំណត់​ឱសានវាទ​ថ្មី ទុក​​ពេល​ឱ្យប្រទេសនីមួយៗ​សើរើមើល​មហិច្ឆតា​អាកាសធាតុ​របស់​ខ្លួន​​ឡើង​វិញ​ ​រហូត​ដល់​​ថ្ងៃទី ៣០កក្កដា ឆ្នាំ​២០២១ និង​ឱ្យ​បាន​មុន​ជំនួប​ប្រជុំ​ដ៏​សំខាន់​សម្រាប់​អនាគត​ភព​ផែន​ដី។ ប៉ុន្តែ​ជា​ថ្មី​ម្តងទៀត មកដល់​ថ្ងៃ​សុក្រ​ទី ២៩​កក្កដាទៅ​ហើយ មាន​ប្រទេស​ចំនួន​តែ​១១០​ទេ ដែល​បាន​លាត​ត្រដាង​ផែនការ​​អាកាសធាតុ​ថ្មី​របស់​ខ្លួន។ ពោល​គឺមាន​ប្រទេស​ហត្ថលេខីតែ​៥៤%​ប៉ុណ្ណោះ​ដែល​បាន​គោរព​ពាក្យ​សន្យា។

ការវិភាគ​បឋម​ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ​ផែនការ​អាកាសធាតុ​របស់​​៧៥​ប្រទេស​ដំបូង​នេះ អាច​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​ នៅឆ្នាំ​២០៣០ (បើប្រៀប​ទៅ​នឹង​ឆ្នាំ​២០១០)  មិន​បាន ១%ផង។ គឺ​ទាប​ជាង​ការ​ទាមទារ​របស់​ក្រុម​អ្នក​ជំនាញ​អាកាសធាតុ​ឆ្ងាយ​ណាស់។ ភ្នាក់ងារ​ជំនាញ​អាកាសធាតុអង្គការ​សហប្រជាជាតិ ព្យាករ​ថា ​ដើម្បី​អាចសម្រេច​កម្មវត្ថុ​ទប់​កម្តៅ​អាកាសធាតុ​ឱ្យ​ឡើង​ត្រឹម​១អង្សា​កន្លះ នៅ​ចុង​សតវត្សរ៍​ គេត្រូវ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ចំនួន​ ​៤៥%​ បើ​ប្រៀប​ទៅនឹង​សម័យ​មុន​ឧស្សាហកម្ម។

ដូច្នេះគ្រប់​ប្រទេសត្រូវ​តែមាន​ផែនការ​អាកាសធាតុប្រកប​ដោយ​មហិច្ឆតា​បំផុត​ និង​ឱ្យ​បាន​លឿន​បំផុត​ ទើប​អាច​ជួយ​ផែនដី​បាន។

សូម​បញ្ជាក់​នៅ​ក្នុង​ចំណោម​ប្រទេស​ដែល​ទើប​លើក​ផែនការ​អាកាសធាតុ​ថ្មី​ចុងក្រោយ​គេ មាន​ជាអាទិ៍​កាណាដា និង​សហរដ្ឋ​អាមេរិក ដែល​ក្រោម​អាណត្តិ​លោក​ចូបៃដិនបាន​ត្រលប់​​មក​គោរព​កិច្ចព្រមពៀង​ក្រុង​ប៉ារីស​វិញ។ ចំណែក​ចិន ដែល​ប្រកាស​ធ្វើ​អព្យាក្រិតកាបោន​នៅ​ឆ្នាំ​២០៦០ មិន​ទាន់​បង្ហាញ​ផែនការអាកាសធាតុថ្មី​ជូន​អង្គការ​សហប្រជាជាតិ​ទេ។ ឥណ្ឌា​និង​អាហ្វ្រិក​ខាង​ត្បូង​ ក៏​មិនទាន់មាន​ផែនការ​ថ្មី​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI