សហរដ្ឋអាមេរិក-បណ្តេញចេញពីផ្ទះ

ប្រជាជនអាមេរិក​ប្រឈមនឹង​ការបណ្តេញចេញពីផ្ទះ នៅក្នុង​អំឡុង​ជំងឺកូវីដ​ផ្ទុះឡើងវិញ

សមាជិកសភាអ្នកតំណាងរាស្រ្តលោកស្រី Cori Bush (ឆ្វេង) and សមាជិកព្រឹទ្ធសភាអាមេរិក លោកស្រី Elizabeth Warren ដែល​អញ្ជើញទៅគាំទ្រលោកស្រី Bush ដែល​ធ្វើបាតុកម្ម​ប្រឆាំង​ការបណ្តេញចេញពីផ្ទះ
សមាជិកសភាអ្នកតំណាងរាស្រ្តលោកស្រី Cori Bush (ឆ្វេង) and សមាជិកព្រឹទ្ធសភាអាមេរិក លោកស្រី Elizabeth Warren ដែល​អញ្ជើញទៅគាំទ្រលោកស្រី Bush ដែល​ធ្វើបាតុកម្ម​ប្រឆាំង​ការបណ្តេញចេញពីផ្ទះ REUTERS - ELIZABETH FRANTZ

ចាប់ពីថ្ងៃអាទិត្យទី ១ សីហា ប្រជាជនអាមេរិកាំង​រាប់លាននាក់​ត្រូវ​ប្រឈម​នឹង​ការបណ្តេញចេញ ពីផ្ទះ ដោយសារ​ខកខាន​មិនបាន​បង់ថ្លៃឈ្នួលផ្ទះ​អស់រាប់ខែ។ នៅថ្ងៃ​សៅរ៍ ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន​បានអំពាវនាវ​សភា Congres បោះឆ្នោត ពន្យារ ការផ្អាកបណ្តេញចេញ នៅ​អំឡុង​វិបត្តិកូវីដ។ ប៉ុន្តែ ការអំពាវនាវ​របស់​ប្រធានាធិបតី​អាច​នឹង​គ្មានលទ្ធផល ព្រោះថា សភាអាមេរិក​ទាំងពីរជាន់ថ្នាក់ ត្រូវ​បិទទ្វារ ក្នុង​អំឡុង​វិស្សមកាល រហូត​ដល់​ខែ កញ្ញាខាងមុខ។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបាន​ពន្យារពេល​ជាច្រើនលើក ក្នុង​ហេតុផល​ប្រយុទ្ធប្រឆាំង​នឹង​ការរីករាលដាល​ជំងឺកូវីដ​១៩ នយោបាយ ផ្អាកការបណ្តេញចេញពីផ្ទះសម្បែង ត្រូវ​ចប់ អស់សុពលភាព នៅត្រឹម​យប់​ថ្ងៃ​សៅរ៍ម្សិលមិញ។

មានន័យថា ចាប់តាំង​ពីថ្ងៃ​អាទិត្យនេះតទៅ ប្រជាជន​អាមេរិកាំង ប្រមាណ ជាង​១០លាននាក់ ដែល​យឺតយ៉ាវ បង់ថ្លៃឈ្នួលផ្ទះ នឹង​អាច​ប្រឈម​នឹង​ការបណ្តេញចេញ គ្រប់ពេលវេលា។ ការសិក្សា​របស់​ការិយាល័យ​ស្ថិតិ អាមេរិកាំង ​កាលពី​ដើម​ខែ​កក្កដា បាន​បង្ហាញ​ថា ក្នុង​ចំណោម​អ្នកជួលផ្ទះ ជាង ៥១លាននាក់ មាន​ជាង ៣លាននាក់ (៣,៦លាននាក់) វាយតម្លៃថា ពួកគេនឹងអាច​ត្រូវ​បណ្តេញចេញពីផ្ទះ នៅ ២ខែ​ខាងមុខ។

ទៅតាម វិធានការ​ផ្អាកការបណ្តេញចេញពីផ្ទះ ដែល​បង្កើតឡើង​ដោយ​មជ្ឈមណ្ឌល បង្ការ និង​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ នៅ​ខែ កញ្ញា ឆ្នាំ ២០២០ ប្រជាជន​អាមេរិកាំង ដែល​ខកខាន មិន​អាច​បង់ថ្លៃឈ្នួលផ្ទះ តាមពេលវេលា ដោយសារ ធ្លាក់ខ្លួនឈឺ ដោយសារ​ជំងឺកូវីដ ឬ បាត់បង់​ការងារ​ធ្វើ ក្នុង​អំឡុង​វិបត្តិកូវីដ ត្រូវ​បាន​គេ​អនុគ្រោះ ឲ្យ​បន្ត ស្នាក់នៅ ទៀត។

ប៉ុន្តែ នៅក្រោយការតវ៉ា​របស់​ក្រុមបក្ស​សាធារណរដ្ឋ ដែលលើកឡើង​ពីបន្ទុកធ្ងន់ធ្ងរ​របស់​ម្ចាស់ផ្ទះ តុលាការកំពូលអាមេរិក បាន​សម្រេច កាលពី​ខែ​មិថុនា​កន្លងទៅថា រាល់ការពន្យារ ការផ្អាក​បណ្តេញចេញពីផ្ទះ ត្រូវសម្រេចឡើង​ដោយ​សភាអាមេរិក។

បញ្ហា​នៅត្រង់ថា សមាជិកបក្ស​សាធារណរដ្ឋ​បាន​ព្យាយាម​ប្រឆាំង​រាល់​ការប៉ុនប៉ង​របស់​ក្រុមប្រជាធិបតេយ្យ ដែល​ចង់​ឲ្យ​គេ​ពន្យារ​ការផ្អាកបណ្តេញចេញពីផ្ទះ រហូត ដល់​ខែ តុលាខាងមុខ។

នៅ​ថ្ងៃ​សៅរ៍ សមាជិកម្នាក់ របស់​សភា អ្នកតំណាងរាស្រ្ត​មក​ពីគណបក្ស​ប្រជាធិបតេយ្យ បាន​តវ៉ា បោះតង់ ស្នាក់នៅ មុខ វិមាន​កាពីតូល ដើម្បី ប្រឆាំង​នឹង​នយោបាយ​បណ្តេញ​ចេញ​ពី​ផ្ទះ។ លោកស្រី Cori Bush បាន​អំពាវនាវ​ឲ្យ​គ្រប់សមាជិក​សភា មកពីគ្រប់គណបក្ស ឲ្យ​ត្រលប់​មកពី​វិស្សមកាល ជាបន្ទាន់ ដើម្បី​បោះឆ្នោត ផ្អាក​ការបណ្តេញ​ចេញ​ពីផ្ទះ។

ប្រជាជន​អាមេរិកាំង រាប់លាននាក់​កំពុង​ប្រឈម​ធ្លាក់ខ្លួន ទៅរស់នៅ​តាមផ្លូវ ក្នុង​ពេលករណី​ឆ្លងជំងឺកូវីដ​កំពុង​ផ្ទុះកើនឡើងវិញ ដោយសារ​មេរោគបំប្លែងខ្លួន “ដែលតា”។ បន្ថែមពីលើ​ស្ថានភាពដ៏មិនទំនងគាប់ភ្នែក នៅមាន​បញ្ហា​ការិយាធិបតេយ្យ មួយទៀត ព្រោះថា រហូតដល់​ពេលនេះ ក្នុង​ចំណោម ប្រាក់ជំនួយ​របស់​រដ្ឋ​សហព័ន្ធ ចំនួន ៤៥​ពាន់​លាន​ដុល្លារ ដែល​រដ្ឋបាល​លោក​ចូ បៃដិន បង្កើតឡើង​សម្រាប់​ជួយ​ម្ចាស់ផ្ទះ មាន​តែ ៣ពាន់​លាន​ដុល្លារ ប៉ុណ្ណោះ ដែល​បាន​ផ្ញើ​ទៅដល់​គោលដៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI