គ្រោះរញ្ជួយដី នៅ​ហៃទី​ ស្លាប់មនុស្ស​ជាង​៣០០នាក់

នៅហៃទី ថ្ងៃសៅរ៍​ មាន​គ្រោះធម្មជាតិ​រញ្ជួយ​ដី ដ៏​ខ្លាំង​សម្បើម​ កម្រិត​៧.២រិចទ័រ ។
នៅហៃទី ថ្ងៃសៅរ៍​ មាន​គ្រោះធម្មជាតិ​រញ្ជួយ​ដី ដ៏​ខ្លាំង​សម្បើម​ កម្រិត​៧.២រិចទ័រ ។ via REUTERS - REUTERS TV

នៅហៃទី ថ្ងៃសៅរ៍​ មាន​គ្រោះធម្មជាតិ​រញ្ជួយ​ដី ដ៏​ខ្លាំង​សម្បើម​ កម្រិត​៧.២។ តុល្យការ​បឋម មានមនុស្ស ​ ​៣០៤នាក់ ស្លាប់ ហើយ​១ពាន់​៨រយនាក់ រងរបួស​។ នាយករដ្ឋមន្ត្រី​ហៃទី បាន​ប្រកាស​សុំ​ជំនួយ​ជាបន្ទាន់​ពីសហគមអន្តរជាតិ។​

ផ្សាយពាណិជ្ជកម្ម

ហេតុការណ៍​រញ្ជួយ​ដីនេះ កើតឡើង​នៅ​ប៉ែក​នីរតី នៃកោះហៃទី ចម្ងាយ​ប្រហែល​១៦០គីឡូម៉ែត្រ​ពីរដ្ឋធានី Port-au-Prince​។ ផ្ទះ​និងលំនៅដ្ឋាន​រាប់​រយខ្នង ត្រូវ​រំលំបាក់និងសង្កត់លើ​មនុស្ស​។ ​នាយករដ្ឋមន្ត្រី​ហៃទី បានទៅដល់កន្លែងកើតហេតុ។ លោកបានឲ្យដឹងថា ក្នុង​ចំណោម​អ្នក​ស្លាប់​ ចំនួនជាង​៣០០នាក់ គឺមាន​ អតីត​សមាជិកព្រឹទ្ធសភា​ម្នាក់​ ក៏​បាន​ស្លាប់​ក្នុង​ហេតុការណ៍រញ្ជួយដីនេះ​។ ​​នាយករដ្ឋមន្ត្រី​ ហៃទី ថែមទាំង​​បាន​អំពាវនាវ​ស្វែងរក​ជំនួយជាបន្ទាន់ ពីគ្រប់​ប្រភព​ និងគ្រប់​ប្រភេទ​​។

ភ្លាមៗ​ ប្រធានាធិបតីអាមេរិក ចូ បៃដិន បាន​ចាត់ចែង​ឲ្យ​ទីភ្នាក់​ងារ​ជំនួយ​អាមេរិក USAID ជួយ​សង្គ្រោះ​ឲ្យ​បាន​ឆាប់​បំផុត។ ចំណែក​​ប្រទេស​ផ្សេងៗ​ទៀត ទៅតំបន់​អាមេរិក​ឡាទីន ក៏បាន​ស្នើ​សុំ​ចូលរួម​ជួយ​ដែរ​។ សាធារណរដ្ឋ​ដូមីនិកាំង​​ ជាអ្នក​ជិតខាង​ហៃទី បាន​បញ្ចូន​គ្រឿងបរិក្ខាពេទ្យ​ ១ម៉ឺន​សម្រាប់។  អេក្វាទ័រ បាន​បញ្ជូន​ក្រុម​សង្គ្រោះ ខណ​ អេស្ប៉ាញ​ ក៏​ស្មគ្រចិត្តជួយ។ គ្រូពេទ្យ​គុយបា ជាង២៥០នាក់ ដែល​កំពុងតែ​ព្យាបាល​អ្នក​ជំងឺ​កូវីដ​នៅទីនោះ ក៏បែរមក​ត្រូវទទួល​ជួយ​សង្គ្រោះ​អ្នក​រងគ្រោះ​ដោយ​រញ្ជួយដីដែរ។​

នៅហៃទី គឺ​ឧស្សាហ៍​កើតមាន​គ្រោះថ្នាក់​ធម្មជាតិណាស់​។ ​​​យ៉ាង​តិច ប្រហែល​៤ខែម្តង គឺ​តែង​កើត​មាន​គ្រោះធម្មជាតិ​ យ៉ាងហោច​ម្តង។​ នេះបើតាម​នាយករដ្ឋមន្ត្រីហៃទី។​

គួរ​រម្លឹកជូន​ ថាកាលពី​ ឆ្នាំ២០១០ ហៃទី ធ្លាប់​រងគ្រោះ​រញ្ជួយធ្ងន់ធ្ងរ កើតឡើង​នៅ​រដ្ឋធានី​និងបណ្តាខេត្ត​ជាច្រើន។ កាលណោះ គឺ​​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ ២០ម៉ឺននាក់ ហើយ​៣០ម៉ឺននាក់​រងគ្រោះ។ ពលរដ្ឋហៃ​ទី​ ជាង​១លាន​៥សែននាក់ គ្មាន​ផ្ទះសម្បែង​ស្នាក់នៅ បង្ក​ជាផល​វិបាក​ដល់​សង្គម​ នយោបាយ និងសេដ្ឋកិច្ច​ជាខ្លាំង។​ ​

មន្ទីរពេទ្យ ហៃទី ​ដែល​កំពុង​តែ​លំបាក​ខ្លាំង ដោយ​ត្រូវ​ទទួល​ព្យាបាល​អ្នក​ជំងឺ​កូវីដ តែ​ពេលនេះ  ត្រូវ​ទទួល​បន្ទុក​ធ្ងន់បន្ថែមទៀត៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI