សហរដ្ឋអាមេរិក-ភេរវកម្ម

២០ឆ្នាំក្រោយ​ភេរវកម្ម​​១១​កញ្ញា២០០១  មេក្លោង​ភេរវកម្ម កំពុង​រងចាំ​សវនាការ នៅ​មន្ទីរឃុំឃាំង​ហ្គាន់តាណាម៉ូ

រូបភាពឯកសារ ខែកុម្ភៈ ឆ្នាំ​២០០២៖ អ្នកជាប់ឃុំដែលអាមេរិកចោទថាជាសមាជិក​បណ្តាញ​អាល់កៃដា ត្រូវបាន​អាមេរិក យកមកដាក់ នៅមន្ទីរឃុំឃាំងហ្គាន់តាណាម៉ូ ដែល​ជាមូលដ្ឋានទ័ពអាមេរិក ស្ថិតនៅលើ​កោះគុយបា។
រូបភាពឯកសារ ខែកុម្ភៈ ឆ្នាំ​២០០២៖ អ្នកជាប់ឃុំដែលអាមេរិកចោទថាជាសមាជិក​បណ្តាញ​អាល់កៃដា ត្រូវបាន​អាមេរិក យកមកដាក់ នៅមន្ទីរឃុំឃាំងហ្គាន់តាណាម៉ូ ដែល​ជាមូលដ្ឋានទ័ពអាមេរិក ស្ថិតនៅលើ​កោះគុយបា។ AP - LYNNE SLADKY

ខណៈដែលសហរដ្ឋអាមេរិក ទើបតែបាន​ប្រារព្ធពិធីរំលឹកខួប ២០ឆ្នាំ នៃការវាយ​ប្រហារភេរវកម្ម ថ្ងៃទី​១១កញ្ញា ២០០១ ក្រុមគ្រួសារជនរងគ្រោះមួយចំនួន នៅតែទន្ទឹងរកចាំ ចង់បាន​​យុត្តិធម៌​ តាមរយៈការកាត់ទោស​ក្រុមជនដែលជាអ្នករៀបចំអំពើដ៏ព្រៃផ្សៃនេះ។ យ៉ាងណាមិញ ជនម្នាក់ឈ្មោះ Khalid Sheikh Mohammed ដែលត្រូវគេស្គាល់ថា គឺជាអ្នករៀបចំអំពើភេរវកម្ម​នេះទាំងស្រុង កំពុងជាប់ឃុំ នៅមន្ទីរឃុំឃាំងហ្គាន់តាណាម៉ានៅឡើយ ដោយ​មិនទាន់​មានការកាត់ទោសទេ។ ក្រៅពី​ជននេះ បច្ចុប្បន្ននៅមាន​ អ្នកជាប់ឃុំចំនួន​៣៨នាក់ផ្សេងទៀត ដែល​កងទ័ពអាមេរិក​បន្តឃុំខ្លួននៅ មន្ទីរឃុំឃាំងហ្គាន់តាណាម៉ូ។

ផ្សាយពាណិជ្ជកម្ម

ស្ត្រីឈ្មោះ Elizabeth Berry ដែល​មានប្អូនប្រុសម្នាក់ ស្លាប់ក្នុង​ហេតុការណ៍ភេរវកម្ម​ ១១កញ្ញា បានសម្រេចចិត្ត​ធ្វើដំណើរទៅ​ ក្បែរមន្ទីរឃុំឃាំងហ្គាន់តាណាម៉ូ ក្នុងឱកាសរំលឹកខួប​២០ឆ្នាំ នៃការស្លាប់របស់ប្អូនប្រុសខ្លួន។​ លោកស្រីបាន​ថ្លែងប្រាប់អ្នក​យកព័ត៌មាន​បារាំងថា លោកស្រីចង់ឃើញ​ការស្រាយចំណង ចង់ស្វែងយល់ពីការពិត និងចង់ឃើញជនដែលជាមេក្លោង​ រៀបចំភេរវកម្មសម្លាប់ជីវិតមនុស្ស​ជិត​៣០០០នាក់នោះ ត្រូវគេផ្តន្ទាទោស។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ នៅមន្ទីរឃុំឃាំងហ្គាន់តាណាម៉ូ នៅមានសល់អ្នកជាប់ឃុំ ចំនួន​៣៩នាក់ ដែលសុទ្ធតែពាក់ព័ន្ធនឹងបណ្តាញ​អាល់កៃដា។ ក្នុងចំណោមនោះ គឺមានជនឈ្មោះ Khalid Sheikh Mohammed ដែលត្រូវគេស្គាល់ថា គឺអ្នកផ្តើមគំនិតរៀបចំភេរវកម្ម ដោយប្រើយន្តហោះ វាយ​ប្រហារទៅលើសហរដ្ឋអាមេរិក នៅថ្ងៃទី​១១កញ្ញា ២០០១។ ជននេះ ត្រូវបាន​កងទ័ពអាមេរិក ចាប់ខ្លួនបាន​នៅ​ប៉ាគីស្ថាន នៅខែ​មីនា ឆ្នាំ២០០៣ មុននឹងត្រូវបញ្ជូនយកទៅដាក់ឃុំ នៅមន្ទីរឃុំឃាំង ហ្គាន់តាណាម៉ូ នៅឆ្នាំ​២០០៦។

ជនឈ្មោះ Khalid Sheikh Mohammed មិនទាន់ត្រូវបាន​តុលាការជំនះជំរះទោសនៅឡើយទេ។ យោងតាមឯកសារចម្លើយសារភាព ជននេះបានអះអាងថាខ្លួន មិនមែនត្រឹមតែជាមេគំនិត រៀបចំការធ្វើភេរវកម្ម​ថ្ងៃទី​១១កញ្ញានោះទេ នៅមាន​ប្រតិបត្តិការ​ប្រមាណជាង​៣០ករណីទៀត ដែលខ្លួនជាអ្នកចាត់ចែង មានដូចជា​ ភេរវកម្មនៅបាលី នៅកេនយ៉ា និងករណីឃាតកម្មអ្នកកាសែតអាមេរិក Daniel Pearl ជាដើម។

យ៉ាងណាក៏ដោយ ពាក្យចចាមរ៉ាម និងការបែកធ្លាយ​ដំណឹងកន្លងមក ស្តីអំពីការប្រើទារុណកម្មធ្ងន់ធ្ងរ ទៅលើអ្នកជាប់ឃុំ ពីសំណាក់ក្រុមអ្នកសួរចម្លើយរបស់​ភ្នាក់ងារ CIA អាមេរិក កំពុងធ្វើឲ្យ​គេចោទសួរថា តើចម្លើយសារភាព​ទាំងអំបាលម៉ាណ អាចត្រូវចៅក្រមសម្រេចទទួលថាយកជាការបានឬទេ។

សូមរំលឹកថា មន្ទីរឃុំឃាំងហ្គាន់តាណាម៉ូ ដែលស្ថិតនៅលើ​កោះ​គុយបា ត្រូវបានរដ្ឋបាល​លោក Gorges W. Bush សម្រេចបង្កើតឡើង ដើម្បីដាក់សមាជិកបណ្តាញ​ភេរវកម្ម ដែលអាមេរិកចាប់ខ្លួនបាន នៅក្រោយ​ថ្ងៃ១១​កញ្ញា២០០១។ ក៏ប៉ុន្តែមន្ទីរឃុំឃាំង ដែលមិនស្ថិតនៅលើទឹកដីអាមេរិកនេះ ត្រូវបាន​អង្គការសិទ្ធិមនុស្ស​ខ្លះលើកឡើងថា គឺសហរដ្ឋអាមេរិក បាន​ធ្វើបំពាន និង​រំលងច្បាប់អាមេរិកខ្លួនឯង ព្រមទាំងច្បាប់អន្តរជាតិ​ផង តាមរយៈចាប់មនុស្ស​មកដាក់ឃុំ ដោយគ្មានការជំនំជំរះ​តាមផ្លូវច្បាប់។ លោកអូបាម៉ា ធ្លាប់បានសន្យាថានឹង​បិទមន្ទីរឃុំឃាំងនេះ កាលពីក្នុងអាណត្តិលោក។ ជាមួយនឹងបរាជ័យ​ដ៏អាម៉ាស ក្នុងការដកទ័ពចេញពីអាហ្វហ្កានីស្ថាន គេក៏គ្មានសង្ឃឹមថា លោកចូ បៃដិន អាចនឹងមាន​លទ្ធភាព​បិទមន្ទីរឃុំឃាំង​ ដ៏ចម្រូងចម្រាសនេះដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI