បរិស្ថាន-ធនធានធម្មជាតិ

Global Witness ៖ ​ក្នុងឆ្នាំ​២០២០ មាន​​សកម្មជន​បរិស្ថាន​ចំនួន​ ២២៧នាក់ ត្រូវគេ​ធ្វើឃាត

ថ្ងៃ៥ កក្កដា​ ២០២១ ប្រជាជនហុងឌូរ៉ាស់ រួមគ្នារំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលត្រូវគេសម្លាប់ ដោយសារតែពួកគេ​ធ្វើសកម្មភាពការពារបរិស្ថាន។ ឆ្នាំ​២០២០ នៅហុងឌូរ៉ាស់ មានករណីឃាតកម្ម​ទៅលើសកម្មជនបរិស្ថាន ចំនួន១៧នាក់។
ថ្ងៃ៥ កក្កដា​ ២០២១ ប្រជាជនហុងឌូរ៉ាស់ រួមគ្នារំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលត្រូវគេសម្លាប់ ដោយសារតែពួកគេ​ធ្វើសកម្មភាពការពារបរិស្ថាន។ ឆ្នាំ​២០២០ នៅហុងឌូរ៉ាស់ មានករណីឃាតកម្ម​ទៅលើសកម្មជនបរិស្ថាន ចំនួន១៧នាក់។ AP - Elmer Martinez

ឆ្នាំ២០២០ គឺជាឆ្នាំ​ដែល​មានចំនួន​ករណី​ឃាតកម្ម សម្លាប់សកម្មជនការពារបរិស្ថាន ដ៏ច្រើន​បំផុត​មិនធ្លាប់មាន។ យោងតាមរបាយ​ការណ៍​មួយ របស់អង្គការ Global Witness ដែល​ទើបតែចេញ​ផ្សាយ​នៅថ្ងៃចន្ទនេះ គឺក្នុង​ឆ្នាំ​២០២០ មាន​សកម្មជនការពារបរិស្ថាន​ ចំនួន​២២៧នាក់ ដែល​ត្រូវបាន​គេ​ធ្វើឃាត​ នៅទូទាំងពិភពលោក ហើយ​ដែលភាគច្រើនបំផុត គឺស្ថិតនៅ​ តំបន់​អាមេរិក​ឡាទីន។

ផ្សាយពាណិជ្ជកម្ម

នេះជាឆ្នាំទី២ហើយ ដែល​កូឡុំប៊ី ស្ថិតនៅជួរមុខគេ បើ​និយាយ​ពីចំនួន​ករណី​ឃាតកម្ម ទៅលើសកម្មជន​បរិស្ថាន និង​អ្នកដឹកនាំសហគមមូលដ្ឋាន។ ឆ្នាំ​២០២០ នៅកូឡុំប៊ី មានមនុស្ស​ចំនួន​៦៥នាក់ ត្រូវបាន​គេសម្លាប់ ដោយសារតែពួកគេ បាន​ធ្វើ​សកម្ម​ក្នុងការការពារ​បរិស្ថាន និង​ធនធានធម្មជាតិ។

បន្ទាប់​ពីកូឡុំប៊ី ករណីឃាតកម្ម​ ទៅលើ​សកម្មជនបរិស្ថាន គឺមាន​ភាគច្រើននៅ មិចស៊ិក ៣០ករណី ហ្វ៊ីលីពីន ២៩ករណី ប្រេស៊ីល ២០ករណី ហុងឌូរ៉ាស់ ១៧ករណី និងនៅតាមប្រទេសចំនួន​ជាង១០​ប្រទេសផ្សេងទៀត។

សរុបក្នុងឆ្នាំ​២០២០ ករណីឃាតកម្មទៅលើ​សកម្មជនបរិស្ថាន មានចំនួន​ ២២៧ករណី។ យោងតាមរបាយការណ៍ របស់អង្គការ Global Witness ២ភាគ៣ នៃករណីឃាតកម្ម​ទាំងនេះ គឺកើតឡើងនៅតំបន់អាមេរិកកណ្តាល និងអាមេរិកខាងត្បូង។ ជនរងគ្រោះទាំងអស់ គឺមាន​លក្ខណៈរួមដូចគ្នា ពោលគឺ ៧០% នៃជនរងគ្រោះ គឺសុទ្ធតែ​ជាអ្នកធ្វើការ ​ប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើ ហើយ​១ភាគ៣ គឺសុទ្ធតែជាប្រជាជន ជនជាតិភាគតិចម្ចាស់ស្រុក។

លោកស្រី Celia Umenza សកម្មជនបរិស្ថាន តំណាងសហគមន៍ជនជាតិភាគតិច Nasa នៅកូឡុំប៊ី ហើយដែលធ្លាប់រងនូវការប៉ុនប៉ងសម្លាប់ ចំនួន​៣ដងនោះ បានថ្លែងប្រាប់អ្នកយក​ព័ត៌មានបារាំងថា ជនជាតិភាគតិចម្ចាស់ស្រុក យល់ដឹងច្បាស់ណាស់ អំពីសារៈសំខាន់ នៃបរិស្ថាន និងធនធានធម្មជាតិ ដែលជាប្រភពនៃជីវិត។ ដូច្នេះហើយបានជាជនជាតិ​ភាគតិចម្ចាស់ស្រុក​​ ហ៊ានពលីជីវិត ដើម្បីតវ៉ាប្រឆាំងនឹង​ការបំផ្លាញព្រៃឈើ ការដាំដំណាំតែមួយមុខ ដែលបានបំផ្លាញ​រុក្ខជាតិនិងទម្រង់ជីវិតឯទៀត ព្រមទាំង​ការគាស់កកាយ​ជីករ៉ែ ដោយខុសច្បាប់ជាដើម។

គួរបញ្ជាក់ថា អង្គការ Global Witness បានចាប់ផ្តើម​ប្រមូលទិន្នន័យស្តីពីការធ្វើឃាត សម្លាប់សកម្មជន​បរិស្ថាន ចាប់ពីឆ្នាំ​២០១២មក។ យោងតាមអង្គការនេះ ករណីឃាតកម្មរបៀបនេះ បាន​កើនឡើងខ្លាំង​ នៅរវាង​៣ឆ្នាំចុងក្រោយនេះ ពោល​គឺ ឆ្នាំ២០១៨ មាន​១៦៧ករណី និង ២០១៩ ២១២ករណី។

នៅក្នុងរបាយការណ៍​ប្រចាំឆ្នាំ​២០២០ អង្គការ Global Witness មាន​បំណងពញាក់មតិ​សាធារណៈ ក៏ដូចជាថ្នាក់ដឹកនាំ ឲ្យ​យល់អំពី​វិបត្តិអាកាសធាតុ ព្រមទាំង​ការបំផ្លិចបំផ្លាញ​ធម្មជាតិ ដែលបង្កឡើងដោយ​ក្រុមហ៊ុនឧស្សាហកម្ម កសិកម្មធំៗ។ ការកាប់បំផ្លាញព្រៃឈើ ការសាងសង់ទំនប់ កសិឧស្សាហកម្ម និង​ការ​ជីកគាស់យករ៉ែ វិស័យទាំងនេះហើយដែលភាគច្រើន នៅពីក្រោយ​ការបញ្ជា ឲ្យ​មានអំពើឃាតកម្មទៅលើសកម្មជនបរិស្ថាន។ Global Witness ក៏បានអំពាវនាវផងដែរ ដល់អង្គការសហប្រជាជាតិ​ ត្រូវតែទទួលស្គាល់ « សិទ្ធិក្នុងការទទួលបាន​បរិស្ថានស្អាតស្អំ » ថាគឺជាសិទ្ធិជាមូលដ្ឋាន នៅក្នុងទ្រឹស្តីសិទ្ធិមនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI