ប្រមុខការទូតអាមេរិកទៅល្បួងចែចង់ទាញអាហ្វ្រិកពីចិន
ចុះផ្សាយនៅថ្ងៃ៖
ក្នុងដំណើរទស្សនកិច្ចមួយជុំនៅទ្វីបអាហ្វ្រិក ដែលចាប់ផ្តើមពីប្រទេសកេនយ៉ា ដោយឆ្លងកាត់ប្រទេសនីហ្សេរីយ៉ា និងត្រូវបញ្ចប់នៅប្រទេសសេណេហ្កាល់ លោកប្រមុខការទូតអាមេរិក អង់តូនី ប្លីងកិន បានធានាអះអាងថា ក្នុងបរិបទនៃការប្រកួតប្រជែងគ្នារវាងអាមេរិកនិងចិន អាហ្វ្រិកគ្មានអ្វីត្រូវគិតជ្រើសរើសទេ។ អាមេរិកអាចផ្តល់ជូនអាហ្វ្រិកច្រើនប្រកបដោយតម្លាភាព និងមានសិទ្ធិស្មើតាមបែបប្រជាធិបតេយ្យទៀត។
បីថ្ងៃមុនបើកជំនួបកំពូលអាហ្វ្រិក-ចិន នៅប្រទេសសេណេហ្កាល់ ប្រមុខការទូតអាមេរិក បានអះអាងប្រាប់អាហ្វ្រិកថា ប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏គ្រោងនឹងរៀបចំជំនួបកំពូលតាមអនឡាញជាមួយអាហ្វ្រិកដែរ នៅខែធ្នូខាងមុខ ដើម្បីបញ្ជាក់អំពីសាមគ្គីភាពអាមេរិកប្រឈមនឹងការស្ទុះឡើងនៃភាពផ្តាច់ការនិយមនៅលើពិភពលោក។
ក្នុងសុន្ទរកថានៅចំពោះមុខសហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្វ្រិកខាងលិចហៅកាត់ថា Cédéao ពីទីក្រុងអាប៊ូហ្សា ប្រទេសនីហ្សេរីយ៉ា លោក ប្លីងកិន មិនបាននិយាយចំឈ្មោះប្រទេសចិនទេ តែលោកបានសន្យា ពង្រឹងភាពជាដៃគូជាមួយអាហ្វ្រិកដោយស្មើភាពគ្នា មិនមែនចាត់ទុកអាហ្វ្រិកជាដៃគូក្មេងខ្ចីឬអន់ជាង ដូចប្រទេសខ្លះឡើយ។ អាមេរិកចង់ ផ្តល់សំណាងឱ្យអាហ្វ្រិក ក្នុងការសម្រេចរើសយកកិច្ចព្រមព្រៀង មានតម្លាភាព ជានិរន្តន៍ និងគោរពតម្លៃប្រជាធិបតេយ្យ មិនដូចកិច្ចព្រមព្រៀងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាមួយរដ្ឋផ្សេងដែលមានគំនួច ដែលមានលក្ខណៈបង្ខិតបង្ខំ និងដែលនាំឱ្យជាប់បំណុលជាតិវណ្ឌក ហើយបំផ្លាញបរិស្ថាន និងគ្មានផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋទេ។ អាមេរិកដឹងច្បាស់ថា អាហ្វ្រិកធ្លាប់មិនទុកចិត្តលើពាក្យប្តេជ្ញារបស់បរទេស ប៉ុន្តែពេលនេះអាហ្វ្រិកគ្មានអ្វីត្រូវគិតរើសទៀតទេ។
បើតាមលោកប្រមុខការទូតអាមេរិក រដ្ឋាភិបាលលោកបៃដិនមានជំនឿជាក់ថាដល់វេលាដែលត្រូវបញ្ឈប់ការយកចំណេញពីអាហ្វ្រិក ហើយត្រូវចាត់ទុកអាហ្វ្រិកថាជាតួអង្គភូមិសាស្ត្រនយោបាយដ៏សំខាន់មួយ។ អាមេរិកនឹងមានទំនាក់ទំនងថ្មីជាអាហ្វ្រិក និងដើម្បីលទ្ធិប្រជាធិបតេយ្យ ព្រោះលទ្ធិប្រជាធិបតេយ្យកំពុងធ្លាក់ចុះនៅគ្រប់ទិសទី មិនមែនជាបញ្ហារបស់អាហ្វ្រិកតែម្នាក់ឡើយ។ នេះបើតាមប្រសាសន៍របស់លោកប្លីងកិន ដែលទទួលស្គាល់ថាសូម្បីតែអាមេរិកខ្លួនឯងក៏មិនល្អខ្ចោះក្នុងវិស័យប្រជាធិបតេយ្យដែរ។ ហើយបន្ថែមពីលើនេះទៀត លោកប្រមុខការទូតបានសន្យាបង្កើតកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុនិងកូវីដ១៩ជាមួយអាហ្វ្រិកទៀត។
សូមបញ្ជាក់ថា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ក្រៅអំពីបង្កើនឥទ្ធិពលនិងជាតំណាងការគំរាមកំហែងសន្តិភាពនិងស្ថិរភាពតំបន់អាស៊ីសម្រាប់ក្រសែភ្នែកអាមេរិក ចិនបានបង្កើនការវិនិយោគសម្បើមណាស់លើទ្វីបអាហ្វ្រិក ជាពិសេសក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងផលិតកម្មវត្ថុធាតុដើម រ៉ែមាស ឬព្រៃឈើ។ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងការបរទេសនីហ្សេរីយ៉ា បានអះអាងប្រាប់អាមេរិកថា ចិនបានផ្តល់ឱកាសធំណាស់ដល់ប្រទេស មិនមែនជាតំណាងការព្រួយបារម្ភទេ តែនីហ្សេរីយ៉ា នឹងសហការជាមួយគ្រប់ប្រទេសផ្សេង ដែលផ្តល់ការប្រកួតប្រជែងខ្លាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ