អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សម្រាប់​អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប​ជា​សម្ព័ន្ធមិត្ត​យុទ្ធសាស្រ្ត​មិន​អាច​ខ្វះ​បាន

សំឡេង ០៤:៥៩
ស្តេច​អារ៉ាប៊ីសាអូឌីត សាលម៉ាន និង​លោក​ប្រធានាធិបតី​អេហ្ស៊ីប​អាល់ស៊ីស៊ី
ស្តេច​អារ៉ាប៊ីសាអូឌីត សាលម៉ាន និង​លោក​ប្រធានាធិបតី​អេហ្ស៊ីប​អាល់ស៊ីស៊ី Reuters

ចប់​ហើយ​ព្រះរាជ​ទស្សនកិច្ច​រយៈពេល ៥ថ្ងៃ​របស់​ស្តេច​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប។ គឺ​ជា​ទស្សនកិច្ច​ប្រកប​ដោយ​ជោគជ័យ​យ៉ាង​ធំ​ធេង ព្រោះ​ទីក្រុង​គែរ និង​រីយ៉ាដ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​សាងសង់​ស្ពាន​មួយ​ឆ្លង​កាត់​ឈូងសមុទ្រ​អាកាបា​នៅ​ក្នុង​សមុទ្រក្រហម និង​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ច្រើន។ សំណួរ​ដែល​កំពុង​ចោទ​ពេល​នេះ​គឺ​ថា ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត​ដូច​គ្នា ចុះ​ហេតុអ្វី​បាន​ជា​ទើប​ចាប់​ផ្តើម​ពង្រឹង​ទំនាក់ទំនង​ខ្លាំង​នៅ​ពេល​នេះ?។

ផ្សាយពាណិជ្ជកម្ម

ជា​លើកទី១ តាំង​ពី​បាន​ឡើង​សោយរាជ្យ​នៅ​ដើម​ឆ្នាំ ២០១៥ ដែល​ស្តេច​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​បាន​ដាក់​ជើង​ជាន់​ទឹកដី​អេហ្ស៊ីប​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត​ដូច​គ្នា។ កំណត់​សម្គាល់​មួយ​ទៀត គឺ​ព្រះរាជ​ទស្សនកិច្ច​រហូត​ដល់​ទៅ ៥ថ្ងៃ​ដែល​គេ​កម្រ​ឃើញ​មាន​សម្រាប់​មហាក្សត្ស​ស្តេច​ប្រេងកាត​អារ៉ាប៊ីសាអូឌីត។ តើ​អារ៉ាប៊ីសាអូឌីត​បាន​សម្លឹង​ឃើញ​ប្រយោជន៍​អ្វី​ខ្លះ​នៅ​អេហ្ស៊ីប និង​ថា តើ​អេហ្ស៊ីប​អាច​នឹង​ហុច​ប្រយោជន៍​អ្វី​ខ្លះ​ដល់​អារ៉ាប៊ីសាអូឌីត?។

បើ​និយាយ​ពី​ភូមិសាស្រ្ត អារ៉ាប៊ីសាអីឌីត និង​អេហ្ស៊ីប​ជា​ប្រទេស​ដែល​ស្ថិត​ក្នុង​ទ្វីប​ពីរ​ខុស​គ្នា និង​ខ័ណ្ឌដាច់​ពី​គ្នា​ដោយ​ឈូង​សមុទ្រ​អាកាបា​នៅ​ក្នុង​សមុទ្រក្រហម។ គឺ​នៅ​ក្នុង​ឈូង​សមុទ្រ​អាកាបា​នោះ​ឯង​ដែល​នា​ឱកាស​ព្រះរាជ​ទស្សនកិច្ច​របស់​ស្តេច​អារ៉ាប៊ីសាអូឌីត​សាលម៉ាន ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​សាងសង់​ស្ពាន​មួយ​មាន​ប្រវែង ៣២គីឡូម៉ែត្រ និង​មាន​កម្ពស់ ១គីឡូម៉ែត្រ​ពី​ផ្ទៃទឹកសមុទ្រ។

ស្តេច​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​បាន​មាន​ព្រះរាជបន្ទូល​ដោយ​មោទនភាព​ថា អនាគត​ស្ពាន​នោះ​មិន​ត្រឹម​ជា​ការ​ចង​ស្ពានមេត្រី​រវាង​អេហ្ស៊ីប និង​អារ៉ាប៊ីសាអូឌីត​ប៉ុណ្ណោះ​ទេ តែ​ជា​ស្ពាន​ដែល​ចាប់​ទ្វីប​អាហ្រ្វិក និង​ទ្វីបអាស៊ី​ឲ្យ​ខិត​ចូល​គ្នា​កាន់​តែ​ជិត។ ក្រៅ​ពី​គម្រោង​សាងសង់​ស្ពានមេត្រី​ត​ភ្ជាប់​រវាង​ប្រទេស​ទាំង​ពីរ ទីក្រុង​គែរ និង​ទីក្រុង​រីយ៉ាដ​ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រមាណ​ជា ១០ ក្នុង​នោះ​មាន​កិច្ចព្រមព្រៀង​បង្កើត​មូលនិធិ​អភិវឌ្ឍន៍​រួម​គ្នា​មួយ​ដែល​មាន​ទឹកប្រាក់ ១៦ ០០០លានដុល្លារ។

បន្ថែម​ពី​លើ​លទ្ធផល​វិជ្ជមាន​ទាំង​អស់​ខាង​លើ ស្តេច​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​ក៏​បាន​មាន​បន្ទូល​ពេញ​មាត់​នៅ​ចំពោះ​មុខ​លោក​ប្រធានាធិបតី​អេហ្ស៊ីប​អាប់ដែល អាល់ស៊ីស៊ី​ថា អេហ្ស៊ីប​ជា​សម្ព័ន្ធមិត្ត​យុទ្ធសាស្រ្ត​របស់​អារ៉ាប៊ីសាអូឌីត។ បើ​គេ​ពិនិត្យ​មើល​មួយ​ភ្លែត​ទៅ​ឃើញ​ថា បន្ទូល​របស់​ស្តេច​អារ៉ាប៊ីសាអូឌីត​សាលម៉ាន​របៀប​នេះ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ឡើយ ព្រោះ​អេហ្ស៊ីប​ក៏​ជា​ប្រទេស​កាន់​សាសនាអ៊ីស្លាម​និកាយ​ស៊ុយនីត​ដូច​អារ៉ាប៊ីសាអូឌីត​អ៊ីចឹង​ដែរ។ ស៊ុយនីត​កាន់ជើង និង​ជួយ​ស៊ុយនីត​ដូច​គ្នា​ជា​រឿង​មួយ​ធម្មតា​ក្នុង​នាម​អារ៉ាប៊ីសាអូឌីត​ជា​ប្រទេស​ស៊ុយនីត​ធំ​ជាង​គេ​នៅ​ក្នុង​តំបន់ និង​ក៏​កំពុង​ចង់​សោយរាជ្យ​នៅ​ក្នុង​តំបន់​ដែរ។

តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ទំនាក់ទំនង​រវាង​អេហ្ស៊ីប និង​អារ៉ាប៊ីសាអូឌីត​មិន​មែន​ល្អ​ឥត​ខ្ចោះ​ដូច​ដែល​គ្រប់​គ្នា​បាន​គិត​នោះ​ទេ។ ភាព​ល្អក់​កករ​រវាង​ទីក្រុង​គែរ និង​ទីក្រុង​រីយ៉ាដ​បាន​កើត​មាន​តាំង​ពី​នយោបាយ​ផ្ទៃក្នុង​នៅ​អេហ្ស៊ីប រហូត​ដល់​ការ​មិន​ចុះ​សម្រុង​គ្នា​នៅ​ក្នុង​សំណុំរឿង​អន្តរជាតិ​មួយ​ចំនួន ពិសេស​សំណុំរឿង​តំបន់​ដូច​យ៉ាង​វិបត្តិ​នៅ​ស៊ីរី​ជា​ដើម។ នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ក៏​ដូច​ជា​នៅ​ប្រទេស​ផ្សេង អារ៉ាប៊ីសាអូឌីត​តែងតែ​ចេញ​មុខ​គាំទ្រ​គ្រប់​បែប​យ៉ាង​ដល់​ចលនា​ភាតរអ៊ីស្លាម។ ជាក់ស្តែង​នៅ​ក្រោយ​បដិវត្តន៍​អារ៉ាប់​ផ្តួល​រំលំ​របប​ផ្តាច់ការ​ដឹកនាំ​ដោយ​លោក​ហូស្ន៊ី មូបារ៉ាក់​នៅ​អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត​សប្បាយ​ចិត្ត​ឃើញ​លោក​ម័រស៊ី​ចេញ​ពី​ចលនា​ភាតរអ៊ីស្លាម​ជាប់​ឆ្នោត​ប្រធានាធិបតី។

តែ​បាន​ខកចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​ដែល​លោក​ម័រស៊ី​ត្រូវ​បាន​គេ​ធ្វើ​រដ្ឋប្រហារ​យោធា​ទម្លាក់​ពី​អំណាច។ ហើយ​អ្នក​ដែល​ទម្លាក់​លោក​ម័រស៊ី​តាម​ផ្លូវអាវុធ គឺ​គ្មាន​នរណា​ក្រៅ​ពី​លោក​អាល់ស៊ីស៊ី​ដែល​កំពុង​អង្គុយ​កៅប្រធានាធិបតី​អេហ្ស៊ីប​សព្វថ្ងៃ​នោះ​ទេ។ នៅ​លើ​ឆាក​អន្តរជាតិ​វិញ អេហ្ស៊ីប​ហាក់​ដូច​ជា​មិន​សូវ​ឈឺ​ក្បាល​នឹង​រឿង​អ្នក​ដទៃ​ប៉ុន្មាន​ទេ តែ​ក៏​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ខ្លះ​ចំពោះ​ជំហរ​របស់​អារ៉ាប៊ីសាអូឌីត​ក្នុង​វិបត្តិ​ស៊ីរី។ ជាក់ស្តែង ទីក្រុង​គែរ​មិន​បាន​មើល​ឃើញ​ដូច​ទីក្រុង​រីយ៉ាដ​ក្នុង​ការ​ទម្លាក់​តំណែង​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ​ចេញ​ពី​តំណែង​ឡើយ។

អេហ្ស៊ីប​មិន​សូវ​ខ្វល់ខ្វាយ​ពី​រឿង​អ្នក​ដទៃ​ក៏​ដោយសារ​ថា​ខ្លួន​មាន​បញ្ហា​ផ្ទៃក្នុង​ជា​ច្រើន​ដែល​ត្រូវ​ដោះស្រាយ ព្រម​ទាំង​បញ្ហា​ប្រឈម​ជាមួយ​ប្រទេស​ជិត​ខាង​ផ្សេង​ទៀត ពិសេស​គឺ​ប្រទេស​អ៊ីស្រាអែល។ តែ​សម្រាប់​អារ៉ាប៊ីសាអូឌីត​ឯណោះ​វិញ ទីក្រុង​រីយ៉ាដ​ហាក់​ដូច​ជា​គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​រត់​មក​រឹត​ចំណង​ជាមួយ​ទីក្រុង​គែរ​របស់​លោក​អាល់ស៊ីស៊ី​ទេ។ គ្មាន​ជម្រើស​ព្រោះ​អារ៉ាប៊ីសាអូឌីត​កំពុង​ត្រូវ​ការ​រួបរួម និង​ការ​គាំទ្រ​ពី​កម្លាំង​ក្រុម​ស៊ុយនីត​ដូច​គ្នា​ដើម្បី​ប្រឆាំង​ទប់​នឹង​អ៊ីរ៉ង់​ដែល​ជា​មហាប្រទេស​ឈីអ៊ីត និង​ដែល​កំពុង​ប្រជែង​ឥទ្ធិពល​ទល់​នឹង​ខ្លួន​នៅ​ក្នុង​តំបន់។

សម្រាប់​អារ៉ាប៊ីសាអូឌីត អេហ្ស៊ីប​ជា​សម្ព័ន្ធមិត្ត​យុទ្ធសាស្រ្ត​មួយ​មិន​អាច​ខ្វះ​បាន។ តែ​មុន​នឹង​អាច​ទទួល​បាន​សម្ព័ន្ធមិត្ត​យុទ្ធសាស្រ្ត​មិន​អាច​ខ្វះ​បាន​មួយ​នេះ អារ៉ាប៊ីសាអូឌីត​ក៏​បាន​ចាយ​លុយ​មិន​តិច​ដែរ។ មិនមែន​ជា​ការ​សូកប៉ាន់​ទេ តែ​ជា​ការ​បោះទុន​វិនិយោគ និង​ជា​ជំនួយ​ក្នុង​គោលដៅ​ជួយ​ស្រោចស្រង់​សេដ្ឋកិច្ច​ត្រដាបត្រដួស​របស់​អេហ្ស៊ីប។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៥ កន្លង​ទៅ ទីក្រុង​រីយ៉ាដ​សន្យា​ធ្វើ​វិនិយោគ​នៅ​អេហ្ស៊ីប​ក្នុង​ទឹកប្រាក់ ៨ ០០០លាន​ដុល្លារ និង​ផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ​ឲ្យ​អេហ្ស៊ីប​រយៈពេល ៥ឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ