អារ៉ាប៊ីសាអូឌីត-G20

អារ៉ាប៊ីសាអូឌីត​ទទួល​រៀបចំ​កិច្ចប្រជុំ​ G20 ចំពេល​មាន​ការប្រកាសអាសន្ន​ពី​មេរោគកូរ៉ូណា​ថ្មី​

ទេសាភិបាលធនាគារកណ្តាលនៃប្រទេសអារ៉ាប់ប៊ីសាអូឌីតលោក Ahmed al-Kholifey ថ្លែងនៅក្នុងកិច្ចប្រជុំ G20 នាទីក្រុងរីយ៉ាដនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២០។
ទេសាភិបាលធនាគារកណ្តាលនៃប្រទេសអារ៉ាប់ប៊ីសាអូឌីតលោក Ahmed al-Kholifey ថ្លែងនៅក្នុងកិច្ចប្រជុំ G20 នាទីក្រុងរីយ៉ាដនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២០។ REUTERS/Ahmed Yosri

រដ្ឋមន្រ្តីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាល មកពី១៩ប្រទេស បូករួមទាំងគណៈកម្មការ​អឺរ៉ុបផង (G20) នាថ្ងៃសៅរ៍ ទី២២ កុម្ភៈនេះ បានទៅជួបប្រជុំគ្នាក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាអំពីសេដ្ឋកិច្ចពិភពលោក។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំរយៈពេល ២ថ្ងៃ ក្រុមប្រទេស G20 ក៏នឹងឆ្លៀតឱកាស ជជែកពិភាក្សាគ្នាអំពីហានិភ័យពីការរីករាលដាលមេរោគកូរ៉ូណាថ្មីផងដែរ។

ផ្សាយពាណិជ្ជកម្ម

នៅឯទីក្រុងរីយ៉ាដ ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនចំនួន ២០ បានផ្តើមកិច្ចពិភាក្សា ស្តីអំពីទស្សនវិស័យសេដ្ឋកិច្ចសកល និងគោលនយោបាយដែលអាចទ្រទ្រង់ ដល់កំណើនសេដ្ឋកិច្ចពិភពលោក។

មួយវិញទៀត ដោយសារតែការរីករាលដាលនៃមេរោគកូរ៉ូណាថ្មីកូវីត-១៩ បង្កជាផលប៉ះពាល់ច្រើន ក្រុមប្រទេសG20 ក៏នឹងឆ្លៀតពេលពិភាក្សាគ្នា រិះរកវិធី ដើម្បីការពារសេដ្ឋកិច្ចពិភពលោក ពីការផ្ទុះឡើងនៃមេរោគផ្លូវដង្ហើមនេះដែរ។

ជាមួយគ្នានេះ បើតាមការណ៍ឲ្យដឹងពីអ្នករៀបចំកិច្ចប្រជុំ ក្រុមប្រទេស G20 ក៏រំពឹងថានឹង អាចសម្រេចបាន នូវប្រព័ន្ធពន្ធគយមួយ ដែលល្អប្រសើរសម្រាប់ពិភពលោក នាយុគសម័យឌីជីថល។

គួរកត់សម្គាល់ថា ដោយសារជាប់រវល់ ប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណាក្នុងស្រុក ប្រទេសចិន មិនបានបញ្ជូនមន្ត្រីជាន់ខ្ពស់របស់ខ្លួន ទៅចូលរួមក្នុងកិច្ចប្រជុំ ក្រុមប្រទេសមានសេដ្ឋកិច្ចនាំមុខគេ G20​ នោះទេ។ តែទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលក្រុងប៉េកាំង បញ្ជាក់ថា ឯកអគ្គរដ្ឋទូតរបស់ខ្លួន ប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីត បានដឹកនាំគណៈប្រតិភូមួយចូលរួចប្រជុំជំនួស។

ចំណែកនៅក្នុងប្រទេសវិញ ដើម្បីទប់ស្កាត់កុំឲ្យមេរោគកូរ៉ូណាបន្តរាតត្បាត និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក រដ្ឋអំណាចចិន បានបន្តបិទចរាចរធ្វើដំណើរ របស់ប្រជាជនរាប់លាននាក់ផងដែរ។

គួររំឭកជូនថា រហូតមកទល់នឹងពេលនេះ មេរោគកូរ៉ណាថ្មីបានសម្លាប់មនុស្សចំនួនជាង ២ ៣០០ នាក់ និងឆ្លងទៅកាន់មនុស្សជាង ៧៦ ០០០ នាក់ នៅចិន ដែលជាហេតុបង្ខំឲ្យមានការកាត់ផ្តាច់វិស័យដឹកជញ្ជូន និងបង្ខំឱ្យអាជីវកម្មជាច្រើនត្រូវបិទទ្វារ៕

គួរជ្រាបដែរថា នៅចិននាខណៈនេះ ករណីឆ្លងថ្មីមេរោគកូរ៉ណាមានការថយចុះ បើទោះបីមានការផ្ទុះឡើងថ្មីៗ នៅក្នុងក្នុងពន្ធនាគារ និងមន្ទីរពេទ្យជាច្រើនកន្លែងយ៉ាងណាក្តី។ ជាក់ស្តែង នៅថ្ងៃសៅរ៍នេះ អាជ្ញាធរចិន បានរាយការណ៍ថា មានករណីថ្មីចំនួនជិត ៤០០ ករណី កើតឡើងនៅទូទាំងប្រទេស ពោលគឺតិចជាងពាក់កណ្តាល បើប្រៀបធៀបនឹងប៉ុន្មានថ្ងៃមុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI