អានតួអត្ថបទ
ថៃ-នយោបាយ

ថៃ៖ គណបក្ស​លោក​ថាណាថន ប្រឈម​នឹង​ការ​សម្រេច​រំលាយ​ចោល របស់​តុលាការ​ធម្មនុញ្ញ

លោក ថាណាថន ប្រធានគណបក្ស អាណាឃត់ម៉ៃ នៅកណ្តាល​ហ្វូង​អ្នក​គាំទ្រ​លោក នៅ​ទីក្រុង​បាងកក ថ្ងៃ​ទី​១៤​ ធ្នូ ​២០១៩​
លោក ថាណាថន ប្រធានគណបក្ស អាណាឃត់ម៉ៃ នៅកណ្តាល​ហ្វូង​អ្នក​គាំទ្រ​លោក នៅ​ទីក្រុង​បាងកក ថ្ងៃ​ទី​១៤​ ធ្នូ ​២០១៩​ REUTERS/Soe Zeya
ដោយ៖ ម៉ម ពិសី
1 នាទី

តុលាការធម្មនុញ្ញថៃ បានប្រកាសឲ្យដឹង កាលពីថ្ងៃពុធ ទី២៥ធ្នូថា ខ្លួនទើបតែបានចាប់ផ្តើមបើកនីតិវិធីមួយ ដើម្បីឈានទៅរំលាយគណបក្ស អាណាឃត់ម៉ៃ របស់លោក ថាណាថន។ តាមរយៈនីតិវិធីនេះ ចៅក្រុមតុលាការធម្មនុញ្ញថៃ នឹងពិចារណា ពិនិត្យមើល ថាតើសកម្មភាពរបស់គណបក្ស ក៏ដូចជាប្រធានគណបក្សនេះ មានលក្ខណៈប្រឆាំងនឹងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ របស់ថៃ ដែរឬទេ?

ផ្សាយពាណិជ្ជកម្ម

ពាក្យបណ្តឹងរំលាយគណបក្សអាណាឃត់ម៉ៃ គឺត្រូវបានតុលាការធម្មនុញ្ញថៃ ជាអ្នករៀបចំឡើយដោយខ្លួនឯង។ យោងតាមលិខិតប្រកាស របស់តុលាការធម្មនុញ្ញថៃ គឺនៅថ្ងៃទី២១មករា ខាងមុខ ចៅក្រមនៃស្ថាប័នយុត្តិធម៌កំពូលនេះ នឹងបើកសវនាកា សម្រេចថាតើលោក ថាណាថន ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត របស់គណបក្សអាណាឃត់ម៉ៃ បានធ្វើសកម្មភាពព ប្រឆាំងនឹងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញថៃ ដែរឬទេ។ ក្រៅពីពាក្យបណ្តឹងរំលាយគណបក្ស តុលាការធម្មនុញ្ញថៃ ក៏បានបញ្ជាក់ថា ខ្លួនបានទទួលពាក្យបណ្តឹងមួយទៀត ទាក់ទិននឹងការទទួលបានកម្ចីដោយមិនស្របច្បាប់ របស់លោក ថាណាថន មេបក្សអាណាឃត់ម៉ៃ។

សូមបញ្ជាក់ថា គណបក្សអាណាឃត់ម៉ៃ គឺជាគណបក្សនយោបាយថ្មីមួយ ដែលត្រូវបានបង្កើតឡើង និងដឹកនាំដោយអ្នកនយោបាយវ័យក្មេង ឈ្មោះថាណាថន ជឹងរុងរឿងគិត។ លោកថាណាថន មានគំនិតនយោបាយ រិះគន់ ប្រឆាំងនឹងរបបសិក ដឹកនាំដោយលោកប្រាយុទ្ធ ចាន់អូចា។ ក្នុងវ័យ៣៩ឆ្នាំ លោកថាណាថន បានទទួលប្រជាបិ្រយភាពយ៉ាងខ្លាំង ក្នុងស្រទាប់យុវជនថៃ នឹងបាននាំគណបក្សអាណាឃត់ម៉ៃ ឲ្យក្លាយជាបក្សប្រឆាំងដ៏ធំមួយ ប្រជែងជាមួយនឹងគណបក្សរបស់លោកប្រាយុទ្ធ ចាន់អូចា។

គណបក្សអាណាឃត់ម៉ៃ គឺជាគណបក្សមួយដ៏កម្រ ដែលហ៊ានចេញមុខ និយាយរិះគន់ស្ថាប័នព្រះមហាក្សត្រ ក៏ដូចជាក្រុមគ្រួសាររាជវង្សថៃ។ នៅក្នុងការបោះឆ្នោតកាលពីខែមីនា ឆ្នាំ២០១៩ គណបក្សអាណាឃត់ម៉ៃ បានទទួលសម្លេងឆ្នោតដល់ទៅជាង៦លានសន្លឹក និងបានអាសនៈ ក្នុងសភា ជិត៨០អាសនៈ។

ទោះជាយ៉ាងណា លទ្ធផលបោះឆ្នោត បានប្រគល់ជោគជ័យ ទៅឲ្យគណបក្សរបស់លោកប្រាយុទ្ធ ចាន់អូចា ដែលឈានទៅបង្កើតរដ្ឋាភិបាល​ស៊ីវីល។ ក្រោយមក លោកថាណាថន ត្រូវប្រឈមមុខ នឹងការគម្រាមកំហែងជាច្រើន តាមរយៈពាក្យបណ្តឹងទៅកាន់តុលាការ។ នៅ​ខែ​មេសា ឆ្នាំ២០១៩ នគរបាល ថៃបានចោទប្រកាន់ លោក ថាណាថន ពីបទ ញុះញង់ឲ្យមានការបះបោរ និងបង្កអស្ថិរភាពជាតិ។ ក្រោយមក នៅខែវិច្ឆិកា លោកថាណាថន ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចដកងារជាតំណាងរាស្ត្រ។

ប្រឈមនឹងការចោទប្រកាន់ទាំងអស់នេះ គណបក្សអាណាឃត់ម៉ៃ បានច្រានចោលទាំងស្រុង ហើយបានអះអាងថា តុលាការធម្មនុញ្ញ គឺជាអ្នកធ្វើតាមបញ្ជារបស់រដ្ឋាភិបាល ដឹកនាំដោយលោកប្រាយុទ្ធ ចាន់អូចា។ កម្មវត្ថុរបស់គេ គឺដើម្បីរារាំង មិនឲ្យគណបក្សប្រឆាំងមួយនេះ អាចធ្វើនយោបាយបាន។ គណបក្សអាណាឃត់ម៉ៃ អះអាងថា សំណើររបស់ខ្លួន ក្នុងការសុំឲ្យលប់ចោលនូវ កាតព្វកិច្ចយោធា ទំនងជាបានធ្វើឲ្យរដ្ឋាភិបាលយោធារបស់លោកប្រាយុទ្ធ ចាន់អូចា ខឹងសម្បារខ្លាំង។

អ្នកវិភាគខ្លះលើកឡើងថា គណបក្សអាណាឃត់ម៉ៃ ទំនងជាអាចត្រូវគេរំលាយចោល។ ចំណែកតំណាងរាស្ត្រមកពីគណបក្សនេះ អាចត្រូវបង្ខំចិត្តប្តូរទៅកាន់គណបក្សផ្សេងទៀត ដើម្បីអាចបន្តធ្វើការជាតំណាងរាស្ត្រ​ ក្នុងសភាថៃបាន។ តែយ៉ាងណាក៏ដោយ គេជឿថា ការរំលាយគណបក្សអាណាឃត់ម៉ៃ ប្រាកដជានឹងបញ្ឆេះកំហឹងអ្នកគាំទ្រ របស់បក្សនេះ ដែលភាគច្រើន សុទ្ធតែជាយុវជន និងមនុស្សវ័យកណ្តាល ដែលមានស្មារតីតស៊ូនយោបាយ ដ៏រឹងមាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ