អានតួអត្ថបទ
អូស្រ្តាលី-អាកាសធាតុ

ប្រជាជន​អូស្ត្រាលី​រិះគន់​នាយករដ្ឋមន្ត្រី​​​ទៅ​លំហែកាយ​នៅ​កោះហាវ៉ៃ ខណៈ​ប្រទេស​មាន​​ភ្លើង​ឆេះព្រៃ

លោក Scott Morrison កំពុងស្តាប់​​ក្រុមស្ម័គ្រចិត្តពន្លត់​អគ្គីភ័យ​នៅក្រុង​ស៊ីដនី ថ្ងៃទី​២២ ធ្នូ​២០១៩​
លោក Scott Morrison កំពុងស្តាប់​​ក្រុមស្ម័គ្រចិត្តពន្លត់​អគ្គីភ័យ​នៅក្រុង​ស៊ីដនី ថ្ងៃទី​២២ ធ្នូ​២០១៩​ AAP Image/Joel Carrett/via REUTERS
ដោយ៖ ម៉ម ពិសី
១៥ នាទី

លោក ស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្ត្រាលី បាន​បង្ខំចិត្ត​ បង្ខើចការឈប់សម្រាកវិស្សមកាល នៅលើកោះហាវ៉ៃ ដើម្បីត្រលប់មកប្រទេសវិញ បន្ទាប់ពីមាន​ការរិះគន់ខ្លាំងៗ ពីសំណាក់ប្រជាជនអូស្ត្រលី ថាលោក ឆ្លៀតទៅលំហែកាយ ខណៈដែលប្រទេសកំពុងជួបគ្រោះភ្លើងឆេះព្រៃ និងផ្សែងខ្មៅអួរអាប់ នៅតាមទីក្រុងធំៗ។ នៅថ្ងៃអាទិត្យទី​២២ធ្នូ លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី បានត្រលប់មកវិញហើយដោយបានថ្លែងសុំទោសប្រជាជន និងបានទៅជួបផ្តល់កម្លាំងចិត្ត ដល់ក្រុមពន្លត់អគ្គីភ័យ។

ផ្សាយពាណិជ្ជកម្ម

ការសម្រាកលំហែរកាយ របស់លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ស្កុត ម៉ូរីសុន ជាមួយនឹងគ្រួសារ នៅលើកោះហាវ៉ៃ បានក្លាយជារឿងរ៉ាងធ្វើឲ្យប្រជាជនអូស្ត្រាលីរិះគន់ធ្ងន់ៗ។ មតិមហាជន បានលើកឡើងថា លោកស្កុត ម៉ូរីសុន មិនត្រឹមតែមិនបង្ហាញការឈឺឆ្អាល ស្ទុះស្ទាររឿងភ្លើងឆេះព្រៃទេ តែថែមទាំងបាននាំប្រពន្ធកូន ទៅលំហែរកាយ នៅលើ​កោះ​ហាវ៉ៃ​ថែមទៀត។ ចំណែកនៅក្នុងស្រុកឯណេះ ក្រុមពន្លត់អគ្គីភ័យកំពុងតស៊ូយ៉ាងលំបាក ជាមួយអណ្តាតភ្លើង ហើយ​នៅតាមទីក្រុងធំៗ ដូចជាស៊ីដនី កង់បេរ៉ា ផ្សែងខ្មៅអួរអាប់ កំពុងធ្វើបាបផ្លូវដង្ហើម របស់​ប្រជាជនជាខ្លាំង។

ក្រោយការរិះគន់ទាំងនេះ លោកស្កុត ម៉ូរីសុន បានបង្ខើចវិស្សមកាល ហើយបានត្រលប់មកអូស្ត្រាលីវិញ។ លោកបានថ្លែង ថាលោកយល់ពីការមិនសប្បាយចិត្តរបស់ប្រជាជន និងសូមការ​អភ័យទោសពីប្រជាជនចំពោះកំហុសនេះ។ លោកបន្ថែមថា លោក​​ជឿថាប្រជាជនអូស្ត្រាលីនឹងយល់ អនុគ្រោះដល់លោក ព្រោះថាលោកបាន​សន្យាជាមួយកូនៗថានឹងទៅសម្រាកលំហែ តែក្នុងនាមជានាយករដ្ឋមន្ត្រី លោកក៏ត្រូវមាន​ការទទួលខុសត្រូវផ្សេងទៀតដែរ។

សូមបញ្ជាក់ថា ជាច្រើនថ្ងៃមកហើយ ដែលភ្លើងឆេះព្រៃ នៅភាគខាងកើតឈាងខាងត្បូងអូស្ត្រាលី បានលេបត្របាក់ផ្ទៃដីប្រមាណ​ជា​៣សែនគីឡូម៉ែត្រក្រឡា។ សីតុណ្ហភាព​បានឡើងដល់ ៥០អង្សារសេ មនុស្ស១០នាក់បានបាត់បង់ជីវិត ផ្ទះប្រមាណ​៨០០ខ្នង ត្រូវភ្លើងឆាបត្របាក់។ ទីក្រុងស៊ីដនី ដែលនៅកៀកនឹងភ្លើងបំផុត កំពុងតែជួបបញ្ហា ដោយសារតែផេះ ផ្សែងខ្មៅអួរអាប់ គ្រប់ដណ្តាប់ពីលើ។ គ្រូពេទ្យ បាន​លើកឡើងអំពីករណី​ជំងឺផ្លូវដង្ហើម កើនឡើងយ៉ាងខ្លាំង ខណៈដែល​ប្រព័ន្ធសុខាភិបាលអូស្ត្រាលី មិនបានត្រៀមលក្ខណៈដោះស្រាយ។

គួរកត់សំគាល់ផងដែរថា ការសម្រាកលំហែកាយរបស់លោកនាយករដ្ឋមន្ត្រី ស្កុត ម៉ូរីសុន ខណៈពេលដែលប្រទេសជួបគ្រោះអាសន្ននេះ មិនមែនជាការរិះគន់តែមួយចំណុចពីប្រជាជននោះទេ។ ប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រជាជនអូស្ត្រាលីបានផ្ទុះការតវ៉ា រិះគន់រដ្ឋាភិបាលរបស់លោកស្កុត ម៉ូរីសុន ដែលមិនយកចិត្តទុកដាក់ទាល់តែសោះ នៅក្នុងបញ្ហាអាកាសធាតុ ការកើនឡើងនូវកំដៅផែនដី។ ប្រជាជនបានរិះគន់ ទៅលើគោលនយោបាយថាមពល ដែលរដ្ឋាភិបាលមិនព្រមបោះបង់ចោល​ការប្រើធ្យូងថ្ម ដែលជាប្រភពនៃការបញ្ចេញឧស្ម័នកាបូនិក ទៅក្នុងបរិយាកាស។ អ្នកជំនាញបរិស្ថាន បានលើកឡើងថា ជាមួយនឹងការកើនឡើងកំដៅផែនដី សីតុណ្ហភាព​កាន់តែឡើងក្តៅ និងស្ងួតខ្លាំង ដែលវាអំណោយផល ដល់ការរីករាលដាលនូវអគ្គីភ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ