អានតួអត្ថបទ
អូស្ត្រាលី

អាជ្ញាធរ​អូស្ត្រាលី​ដាក់​រដ្ឋ​New South Wales ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន

ទីភ្នាក់ងារ​ពន្លត់អគ្គិភ័យកំពុង​ការពារ​​កសិដ្ឋាន​មួយ​ពីភ្លើងឆេះសន្ធោសន្ធៅ​នៅភាគខាងនិរតី​ទីក្រុង​ស៊ីដនី នៅខែ​ធ្នូ ២០១៩​
ទីភ្នាក់ងារ​ពន្លត់អគ្គិភ័យកំពុង​ការពារ​​កសិដ្ឋាន​មួយ​ពីភ្លើងឆេះសន្ធោសន្ធៅ​នៅភាគខាងនិរតី​ទីក្រុង​ស៊ីដនី នៅខែ​ធ្នូ ២០១៩​ ©AAP Image/Dean Lewins/via REUTERS
ដោយ៖ ឈាង បុប្ផា
1 នាទី

អាជ្ញាធរ​អូស្ត្រាលី នៅថ្ងៃ​ព្រហស្បតិ៍នេះ បាន​ប្រកាស​ដាក់​រដ្ឋ New South Wales ភាគខាងកើត​អូស្ត្រាលី ក្នុង​ស្ថានភាព​ប្រកាស​អាសន្ន រយៈពេល ៧ថ្ងៃ។ ចាប់តាំង​ពី​មាន​ភ្លើងឆេះ​រាលដាល ពី​ខែ​កញ្ញា​មក នេះជា​លើកទី២​ហើយ​ដែល​រដ្ឋ New South Wales ដែល​មាន​ប្រជាជន​រស់នៅ​៥លាននាក់ នៅទីក្រុង​ស៊ីដនី ត្រូវរដ្ឋ ប្រកាស​ដាក់​ក្នុង​ស្ថានភាព​អាសន្ន។ ការប្រកាស​របស់​អាជ្ញាធរ​រដ្ឋ​ New South Wales ធ្វើឡើង នៅបន្ទាប់ពី ក្រុមឧតុនិយម​ជាតិ​អូស្ត្រាលី បាន​ប្រកាស​ចាត់ទុក ថ្ងៃ​អង្គារ កន្លងទៅ ថា ជាថ្ងៃ​ដែល​អូស្ត្រាលី មាន​អាកាសធាតុ ក្តៅបំផុត មិនធ្លាប់មាន ប្រមាណ ៤០,៩អង្សារ។ 

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី សីតុណ្ហភាព ឡើងក្តៅ កាន់តែខ្លាំង មិនធ្លាប់​មាន កាលពី​ថ្ងៃ​អង្គារ អាជ្ញាធរ​អូស្ត្រាលី​បាន​សម្រេច ប្រកាស​ អាសន្ន នៅ​New South Wales ដែល​ជា​រដ្ឋ​មាន​ប្រជាជន​រស់នៅ​ច្រើន​ជាងគេ នៅ​អូស្ត្រាលី។ តាម​អាជ្ញាធរ​អូស្ត្រាលី រដ្ឋ​New South Wales​ត្រូវ​ដាក់​ក្នុង​ស្ថានភាព​អាសន្ន រយៈពេល ៧ថ្ងៃ ដោយសារ​លក្ខខណ្ឌ​អាកាសធាតុ ដ៏អាក្រក់បំផុត។

ការិយាល័យ​ឧតុនិយម​ជាតិ​អូស្ត្រាលី​វាយតម្លៃថា សីតុណ្ហភាព នៅ​ភាគខាងត្បូង​អូស្ត្រាលី នឹង​អាច​កើនឡើង​ដល់ ៥០អង្សារ ចំណែក ភាគខាងលិច ទីក្រុង​ស៊ីដនី ក្នុង​រដ្ឋ New South Wales​នឹង​អាច​កំដៅ ខ្ពស់​បំផុត ដល់ ៤៥​អង្សា នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។ អាកាសធាតុ​ក្តៅខ្លាំង បូកផ្សំ​ជាមួយ​នឹង​ល្បឿន​ខ្យល់ ១០០​គីឡូម៉ែត្រ ក្នុង​មួយម៉ោង កំពុង​ធ្វើ​ឲ្យ​ទីក្រុង​ស៊ីដនី ដែល​មាន​ប្រជាជន​រស់នៅ ៥​លាន​នាក់ កំពុង​ប្រឈមខ្លាំង​នឹង​មហាអគ្គី។

ប៉ុន្មាន​សប្តាហ៍​មក​នេះ រដ្ឋ​New South Wales ​ដ៏ស្ងួតហួតហែង កើតមាន​ភ្លើងឆេះ​ជាង ១០០​កន្លែង ដែល​ក្នុង​នោះ មាន​ពាក់កណ្តាល កំពុង​ឆេះរាលដាល​ខ្លាំង ដែល​គេ​មិន​អាច​ទប់ទល់ ពន្លត់​បាន ជាពិសេស ភ្លើងអគ្គី ដែល​កំពុង​បែរឆ្ពោះ សំដៅ ទីក្រុង​ស៊ីដនី។

អ្នកវិទ្យាសាស្ត្រ​វាយតម្លៃថា ភ្លើងឆេះ​មុន​កាលកំណត់ និង​សន្ធោសន្ធៅ ខ្លាំង ជាង​ធម្មតា នៅ​អូស្ត្រាលី នៅ​ឆ្នាំនេះ កើតឡើង​ដោយសារ​រដូវ​ក្តៅ​ស្ងួតខ្លាំង លើសកំណត់ត្រា និង​មាន​រយៈពេល​វែង ដែល​អាច​ជា​លទ្ធផល​នៃ​ការប្រែប្រួល​អាកាសធាតុ។ នៅថ្ងៃព្រហស្បតិ៍ នេះ សកម្មជន​ដើម្បី​អាកាសធាតុ​បាន​ធ្វើ​បាតុកម្ម​នៅមុខ​គេហដ្ឋាន​របស់​នាយករដ្ឋមន្រ្តី អូស្ត្រាលី ស្កុត ម៉ូរីសុន ដើម្បី ទាមទារ​ឲ្យ​រដ្ឋាភិបាល ចាត់វិធានការ កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជា​ប្រភព​ធ្វើ​ឲ្យផែនដី ឡើងកំដៅ។ លោកនាយករដ្ឋមន្រ្តី ស្កុត ម៉ូរីសុន កំពុង​រង​ការរិះគន់​ខ្លាំង​ផងដែរ ក្នុង​ស្រុក ដោយសារ​តែ​លោក​ចេញ​ទៅ​លំហែរកាយ​នៅ​បរទេស នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កំពុង​ជួបគ្រោះមហន្តរាយ។

រហូតមក​ រដ្ឋាភិបាល​អភិរក្ស​និយម អូស្ត្រាលី បាន​បដិសេធ​មិន​ចាត់វិធានការ​នយោបាយ តឹងរ៉ឹង ដើម្បី កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិក ទៅតាម​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីសនោះទេ ក្នុង​ហេតុផល​ចង់ការពារ​ផលប្រយោជន៍ ឲ្យ​វិស័យ​ឧស្សាហកម្ម​នាំចេញ​ធ្យូងថ្ម ដែល​ជាប្រភព​​ចំណូល​សំខាន់​សម្រាប់​សេដ្ឋកិច្ច​អូស្ត្រាលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ