អានតួអត្ថបទ
អង់គ្លេស

អង្គការ​មនុស្សធម៌អង់គ្លេស រាប់ឃើញ​មាន​គ្រោះមហន្តរាយធម្មជាតិ ចំនួន ១៩ នៅ​ឆ្នាំ ២០១៩

ទិដ្ឋភាព​កោះ Biliran នៅប្រទេស​ហ្វីលីពីន ថ្ងៃទី ២៦ ធ្នូ ឆ្នាំ ២០១៩ នៅក្រោយ​រងការបក់បំផ្លាញ​របស់​ខ្យល់ព្យុះសង្ឃរា​Phanfone
ទិដ្ឋភាព​កោះ Biliran នៅប្រទេស​ហ្វីលីពីន ថ្ងៃទី ២៦ ធ្នូ ឆ្នាំ ២០១៩ នៅក្រោយ​រងការបក់បំផ្លាញ​របស់​ខ្យល់ព្យុះសង្ឃរា​Phanfone REUTERS
ដោយ៖ ឈាង បុប្ផា
១៤ នាទី

នៅពេល​ព្យុះសង្ឃរា Phanfone កំពុងបោកបក់ និង​សម្លាប់មនុស្ស​យ៉ាងតិច ៤១នាក់ នៅ​ហ្វីលីពីន នៅថ្ងៃអាទិត្យទី ២៩ ធ្នូ អង្គការ​អង់គ្លេស​មួយ ដែល​មាន​ឈ្មោះថា Christian aid បាន​រាប់រកឃើញ​ថា មាន​គ្រោះមហន្តរាយ​ធម្មជាតិ​ចំនួន ១៥ នៅក្នុង​ពិភពលោក ដែល​កើត​ឡើង ដោយសារ​កត្តាប្រែប្រួល​អាកាសធាតុ នៅឆ្នាំ ២០១៩។ គ្រោះមហន្តរាយធម្មជាតិ ដែល​បាន​បណ្តាល​ឲ្យ​មានការខូចខាត ខាតបង់​ថវិកា​ជាច្រើនពាន់​លាន​ដុល្លារ។ 

ផ្សាយពាណិជ្ជកម្ម

ដោយ​ផ្អែក លើ​ទិន្នន័យ ដែល​ប្រមូល​បានមកពី​គ្រប់​ប្រភព​ដូចជា​របាយការណ៍​អង្គការ​សហប្រជាជាតិ របាយការណ៍​របស់​រដ្ឋាភិបាល ការចុះផ្សាយ​របស់​ប្រព័ន្ធផ្សព្វផ្សាយ និង​ការសិក្សា​របស់​អ្នកវិទ្យាសាស្រ្ត អង្គការ​ផ្តល់ជំនួយមនុស្ស​ធម៌ អង់គ្លេស Chritian Aid បានរាប់​រកឃើញ​មាន គ្រោះមហន្តរាយធម្មជាតិធំៗ ចំនួន ១៩ ដែល​បាន​កើតឡើង នៅគ្រប់ទ្វីប ក្នុង​ពិភពលោក នៅ​ឆ្នាំ ២០១៩។

តាមរបាយការណ៍​របស់​អង្គការ​អង់គ្លេស គ្រោះធម្មជាតិ ដូចជា ទឹកជំនន់ ព្យុះសង្ឃរា ហើយនិង​ភ្លើងឆេះព្រៃ បាន​បណ្តាល​ឲ្យ​មាន​ការបាត់បង់​ជីវិតមនុស្ស និង​ការខាតបង់​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ។ សម្រាប់​អ្នកនិពន្ធ​របាយការណ៍​របស់​អង្គការ​Christian Aid គ្រោះមហន្តរាយធម្មជាតិ​នីមួយៗ មាន​ជាប់ទាក់ទង​នឹង​កត្តាប្រែប្រួល​អាកាសធាតុ។ ឧទាហរណ៍ នៅអាហ្សង់ទីន និង​អ៊ុយរ៉ូហ្កាយ ទឹកជំនន់ ដែល​បាន​បង្ក​ឲ្យមាន​ការខាតបង់​ទឹកប្រាក់ ២ពាន់លានដុល្លារ កាលពី​ខែ​មករា​ដើមឆ្នាំនេះ បានកើតមាន​នៅតំបន់ ដែល ទទួលទឹកភ្លៀង​ច្រើន​ខុសពី​ធម្មតា បន្ទាប់ពី​បាន​ជួប​គ្រោះរាំងស្ងួត ពេញមួយ​ឆ្នាំមុន។ ក្នុងករណី​ព្យុះ​Idai ដែល​បាន​ជន់លិច ទឹកដី​មួយផ្នែក​របស់​ប្រទេស​ម៉ូសំប៊ិក អ្នកវិទ្យាសាស្រ្ត​បាន​វាយតម្លៃថា វា​កើតឡើង​ដោយសារ​ការឡើងកំដៅ​ទឹកសមុទ្រ នៅមហាសមុទ្រ​ឥណ្ឌា បូកផ្សំ​នឹង​ការឡើង​កំពស់ទឹក​សមុទ្រ ដែល​ជំរុញ​ឲ្យ​មានការជន់លិច​ខ្លាំង នៅក្រោយ ខ្យល់ព្យុះ។

ជាការកត់សំគាល់​របស់​អង្គការ​មនុស្សធម៌ អង់គ្លេស គ្រោះមហន្តរាយធម្មជាតិ ដូចជា​ទឹកជំនន់ និង​ព្យុះសង្ឃរា បាន​សម្លាប់​ជីវិត ភាគច្រើន នៅ​តាមប្រទេស​ក្រីក្រ ប្រទេស កំពុង​អភិវឌ្ឍន៍ ដូចជា​ឥណ្ឌា ជាដើម ជាទី ដែលគ្រោះ​ទឹកជំនន់នៅភាគខាងជើង​ប្រទេស បាន​សម្លាប់​មនុស្ស ជាង ១៩០០​នាក់ នៅពេល​គ្រោះទឹកជំនន់ និង​ព្យុះសង្ឃរា​Idai សម្លាបមនុស្ស​១៣០០នាក់។

ចំណែក​នៅបណ្តា​ប្រទេស​អ្នកមាន ការបាត់បង់​ជីវិត​មាន​តិចតួច ប៉ុន្តែ ការខូចខាត គិតជា​ទឹកប្រាក់​មាន​ទំហំច្រើន ដូចជា​នៅអាមេរិក ជាដើម ការខាតបង់ ដោយសារ ភ្លើងឆេះព្រៃ នៅ​រដ្ឋកាលីហ្វនីញ៉ា មាន ប្រមាណ ២៥ពាន់​លាន​ដុល្លារ ក្នុងពេល​ជប៉ុន​បាន​ខាតបង់​ប្រាក់​ប្រមាណ ១៥ពាន់​លាន​ដុល្លារ​ដោយសារ​គ្រោះទឹកជំនន់ Hagibis៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ