អានតួអត្ថបទ
អូស្ត្រាលី

ភ្លើងឆេះព្រៃ ៖ សត្វជាង១ពាន់លានក្បាលស្លាប់ នាយករដ្ឋមន្ត្រី​សន្យា​កាត់​បន្ថយ​ឧស្ម័នផ្ទះកញ្ចក់

សត្វកូអាឡា​អូស្ត្រាលីតែ​៥%​អាច​គេចរួចជីវិត​​ពី​ភ្លើង​ឆេះ​ព្រៃ​
សត្វកូអាឡា​អូស្ត្រាលីតែ​៥%​អាច​គេចរួចជីវិត​​ពី​ភ្លើង​ឆេះ​ព្រៃ​ Murielle Paradon/RFI
ដោយ៖ អៀង សុខម៉ិញ
១៩ នាទី

ជា​សរុប​ មាន​អ្នក​ពន្លត់​អគ្គីភ័យ២៨​នាក់​បាន​បាត់​បង់​ជីវិត នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភ្លើង​ឆេះ​ព្រៃ ដែល​បាន​ចាប់​ឆាប​ឆេះ​ឡើង​តាំង​ពី​​ខែ​តុលា​មក សត្វ​រាប់​លាន​ក្បាល​​បាន​ងាប់ ប្រជាពលរដ្ឋ​រាប់​សិបពាន់នាក់​ត្រូវ​ជម្លៀស​ខ្លួន​​ចេញ​ ... ជា​គ្រោះមហន្តរាយដែល​បំផ្លិច​បំផ្លាញ​អូស្ត្រាលី​ខ្លាំង​បំផុត​ស្ទើរ​មិន​ដែល​ធ្លាប់​ជួបប្រទះ។ ការ​ឡើង​កម្តៅ​អាកាសធាតុ​នៃ​ភាព​ផែន​ដី​ដែល​បង្ក​ឡើង​ដោយ​ស្នាដៃ​មនុស្ស ជា​ចំណែក​មួយនៃ​​គ្រោះ​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី ដែល​ជាប់​ឈ្មោះ​ជា​សិស្ស​មិន​ល្អ​ក្នុង​ការ​ការពារ​អាកាសធាតុ​នៃ​ភពផែនដី។ ប្រឈម​នឹង​ការ​រិះគន់​កាន់​តែ​ខ្លាំង​ឡើងៗ នាយករដ្ឋមន្ត្រី​អូស្រា្តលី​បាន​ប្រកាស​នៅ​ថ្ងៃអាទិត្យ​នេះ កាន់​បន្ថយ​បន្ថែម​ទៀត ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់។

ផ្សាយពាណិជ្ជកម្ម

លម្អង​ភ្លើង​និង​ផ្សែង​ រសាត់​ខាប់​គ្រប​ពេញ​ផ្ទៃ​ប្រទេស​ និង​អណ្តែត​ដល់​ប្រទេស​ប្រេស៊ីល ដែល​នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​មហាសមុទ្ទ​ប៉ាស៊ីហ្វិក ចម្ងាយប្រមាណ​១២០០០​គីឡូម៉ែត្រ​ពី​​អូស្ត្រាលី។ ​តាំង​ពី​ខែ​តុលា​មក​ ​ព្រៃ១០,៣​លាន​ហិចតា​ ពោលគឺ​ស្មើ​នឹង​ផ្ទៃក្រឡា​ប្រទេស​កូរ៉េខាង​ត្បូង​ ឬ​ព័រទុយហ្កាល់​ទាំង​មូល បាន​ក្លាយ​ជា​ចំណី​ព្រះ​អគ្គី សត្វ​ព្រៃ​ចំនួន ១២៥០០​លាន​ក្បាល ក្នុងនោះ​រាប់​សិប​ពាន់​ជា​សត្វកូអាឡា កង់ហ្គូរ៉ូ ជា​ពពួក​សត្វ​ល្មូន សត្វ​ស្លាប សត្វ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ បាន​ស្លាប់​ក្នុង​ភ្លើង​ អត់​អាហារ ឬ​អត់​ទឹក។ សត្វកូអាឡា រងគ្រោះ​ខ្លាំងជាង​គេ​ពី​គ្រោះ​មហន្តរាយ​ឆេះ​ព្រៃ​នេះ។ បើ​តាមអង្គការ​WWF អូស្ត្រាលី មាន​កូអាឡា​តែ​ប្រមាណ​៥%​ប៉ុណ្ណោះ​បាន​រួច​ជីវិត។ ពូជ​សត្វកម្រ​ៗ​ជា​ច្រើន​​នឹង​ត្រូវ​ផុត​ពូជ​ពី​ទឹក​ដី​អូស្រា្តលី​តែ​ម្តង។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​របស់​មូលនិធិ​ពិភពលោក​ដើម្បី​ធម្មជាតិ WWF ដោយ​សម្តែង​ការ​សោកស្តាយ​ថា តុល្យការ​អាច​នឹង​ធ្ងន់ធ្ងរ​ខ្លាំង​ថែម​ទៀត ព្រោះ​ពេល​នេះ​ភ្លើង​ព្រៃ​មិន​ទាន់​ពន្លត់​បាន​ទេ។

មាន​ទម្លាប់​មិនសូវ​​អើពើ​ ខ្វល់នឹង​បញ្ហា​អាកាសធាតុ និង​បរិស្ថាន ពេល​នេះ​អូស្ត្រាលី​ត្រូវ​ប្រឈម​នឹង​​គ្រោះ​មហន្តរាយ​ធម្មជាតិ​ បរិស្ថាន​ដ៏​ធ្ងន់ធ្ងរ​ និង​យ៉ាង​ជាក់ស្តែង។ ប្រឈម​នឹង​ការ​រិះគន់​របស់​បក្ស​ប្រឆាំង​និង​សកម្មជន​បរិស្ថាន ចំពោះ​ចំណាត់ការ​មិន​ល្អ​ប្រឆាំង​នឹង​ភ្លើង​ឆេះ​ព្រៃ នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison បាន​ប្រកាស​​តាម​កញ្ចក់​ទូរទស្សន៍​ABC នៅ​ថ្ងៃអាទិត្យ​នេះ ទទួល​ស្គាល់​អំពីផលរំខាន​ចំពោះ​​ជីវិត​​របស់​ប្រជាពលរដ្ឋ។ លោក​ប្រមុខ​រដ្ឋាភិបាល​បាន​សន្យាថា​នៅ​ឆ្នាំ​ខាង​មុខ អូស្ត្រាលី​នឹង​វាយ​តម្លៃ​នយោបាយ​បរិស្ថាន​​របស់​ខ្លួន​ឡើង​វិញ ដើម្បី​ឈាន​ទៅ​កាន់​បន្ថយ​ ឱ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ការ​បញ្ចេញ​ឧស្ម័ន​បំពុល​បរិស្ថាន (ឧស្ម័ន​ផ្ទះ​កញ្ចក់)។ វិធានការ​ថ្មី​នោះ​នឹង​ធ្វើ​ដោយ​មិន​យក​​​ពន្ធកាបូន ដោយ​មិន​ដំឡើង​ថ្លៃចរន្ត​​អគ្គិសនី និង​ដោយ​មិន​បិទ​ទ្វារ​ឧស្សាហកម្ម​ធ្យូងថ្ម​ជា​ប្រពៃណី​របស់​ខ្លួន​ឡើយ។​

​អូស្ត្រាលី​រង​​ភាព​រាំងស្ងួត​ខ្លាំង​ជាពិសេស​ បូក​នឹង​មហន្តរាយភ្លើង​ឆេះ​ព្រៃ​ទៀត កម្តៅ​សីតុណ្ហភាព​កាន់​តែ​ឡើង​ខ្លាំង។ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​ព្យាករ​​តាំង​ពីយូរ​មក​ហើយ​ថា គ្រោះ​ធម្មជាតិដ៏កំណាចៗ​ នឹង​កើត​មាន​ជា​ញឹកញយ​ និង​ធ្ងន់ធ្ងរ​ខ្លាំង​ជា​លំដាប់។ ឆ្នាំ​២០១៩ ជា​ឆ្នាំ​ដែល​ក្តៅ​ជាង​បំផុត​មិន​ធ្លាប់​មាន​ក្នុង​កំណត់ត្រា ជាមួយនឹង​ការ​ឡើង​សីតុណ្ហភាព១,៥​អង្សា លើស​កំរិត​មធ្យមភាគ​។ ហើយ​ខែ​ធ្នូ​ជា​ខែ​ដែល​ក្តៅ​ខ្លាំង​និង​ស្ងួត​ខ្លាំង​បំផុត (មាន​ភ្លៀង​តិច​ជាង​​ធម្មតា​៤០%)។ កំរិត​កម្តៅ​ហួសហេតុ លើស​ពី​៤០​អង្សា នៅ​រដូវ​ក្តៅ កើត​មាន​កាន់​តែ​ញឹកញាប់​ខ្លាំង​ តាំង​ពី​​១០​ឆ្នាំកន្លង​មកហើយ ជា​ហេតុ​ធ្វើ​​ឱ្យដីហួត​ ​ព្រៃស្ងួត​​ និង​ងាយ​​​​ឆេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ