អានតួអត្ថបទ
ចិន

មេរោគ​ផ្លូវដង្ហើម​ថ្មី កូរ៉ូណាវីរុស​សម្លាប់​មនុស្ស​ម្នាក់ទៀត នៅប្រទេស​ចិន

មេរោគ​កូរ៉ូណាវីរុស​ដែល​គេ​មើលឃើញ​នឹង​មីក្រូទស្សន៍
មេរោគ​កូរ៉ូណាវីរុស​ដែល​គេ​មើលឃើញ​នឹង​មីក្រូទស្សន៍ Creative Commons
ដោយ៖ ឈាង បុប្ផា
២១ នាទី

នៅប្រទេស​ចិន ករណី​មនុស្ស​ស្លាប់​ដោយសារ​មេរោគ កូរ៉ូណាវីរុស​បាន​កើត​មាន​ជា​លើក​ទី​២ នៅ​ទីក្រុង​វូហាន ដែល​ជាកន្លែង​ផ្ទុះដំបូង​នៃ​មេរោគ​ផ្លូវដង្ហើម នៅ​ប្រទេស​ចិន។ នេះ​បើតាម​ការប្រកាស​របស់​អាជ្ញាធរ​សុខាភិបាល ចិន កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ។ នៅពេល​មេរោគ​ថ្មី កំពុង​ចម្លង​ដល់​មនុស្ស ៤១​នាក់ ដែល​នៅ​ក្នុង​នោះ ៥នាក់ ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ នៅ​ទីក្រុង​វូហាន ភាគកណ្តាល​ប្រទេស​ចិន អាជ្ញាធរថៃ បានអះអាង​ថា គេ​បាន​រកឃើញ ករណី​អ្នកជម្ងឺ ទី២ ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណាវីរុស នៅ​ក្រៅ​ទឹកដី​ចិន។ 

ផ្សាយពាណិជ្ជកម្ម

មេរោគថ្មី នៃ​អំបូរ កូរ៉ូណាវីរុស បាន​សម្លាប់​មនុស្ស​ម្នាក់​ទៀត នៅ​ទីក្រុង​វូហាន។ តាម​ការប្រកាស​របស់​អាជ្ញាធរ​សុខាភិបាល​ចិន អ្នកជម្ងឺ វ័យ ៦៣​ឆ្នាំ បាន​ស្លាប់ កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី បានឆ្លង​មេរោគ កូរ៉ូណាវីរុស តាំង​ពី​ថ្ងៃ​ទី ៣១​ធ្នូ។ នៅក្នុង​សេចក្តីប្រកាស​ដែល​ចុះផ្សាយ តាម​វិបសៃតិ៍​ផ្លូវការ​របស់​គណៈកម្មការ​សុខភាព និងអនាម័យ​ក្រុង​វូហាន កាលពី​ថ្ងៃ​ព្រហស្បតិ៍ អាជ្ញាធរ​ចិន​បាន​លម្អិត​ពី​ស្ថានភាព​ធ្ងន់ធ្ងរ​របស់​អ្នកជម្ងឺ ដែល​មាន​បញ្ហា​រលាកសាច់ដុំ​បេះដូង របេង ហើយនិង​សរីរាង្គ​ជាច្រើនទៀត ​ដែល​ខូច មិន​ដំណើរការ។

គិត​ចាប់តាំង​ផ្ទុះឡើងដំបូង នៅ​ទីក្រុង​វូហាន ភាគកណ្តាល​ប្រទេស​ចិន នាពាក់កណ្តាល​ខែ​ធ្នូ ឆ្នាំមុន មេរោគ​ផ្លូវដង្ហើម ថ្មី នៃ​អំបូរមេរោគ កូរ៉ូណាវីរុស បាន​សម្លាប់​មនុស្ស​២នាក់ ក្នុង​ចំណោម​អ្នកជម្ងឺ​យ៉ាងតិច ៤១នាក់ នៅទីក្រុង​វូហាន ដែលក្នុង​នោះ ៥នាក់ ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

អាជ្ញាធរ​ចិន នៅ​ទីក្រុង​វូហាន​ជឿថា ផ្សារលក់គ្រឿង​សមុទ្រ ដែល​មាន​លក់ត្រី និង​សត្វស្លាប​ផ្សេង​ទៀត ជា​ប្រភពកើតមាន​មេរោគថ្មី​នៃអំបូរកូរ៉ូណាវីរុស។ នៅក្រោយ ផ្ទុះរាតត្បាត មេរោគ​ផ្លូវដង្ហើមថ្មី អាជ្ញាធរ​ចិន ​បាន​បិទ​ផ្សារត្រី តាំង​ពីថ្ងៃទី១​មករា​មក។

ប៉ុន្តែ អាជ្ញាធរ​ជប៉ុន ដែល​បាន​រកឃើញ​មាន​ករណី​អ្នកផ្ទុកមេរោគ​កូរ៉ូណាវីរុស ជា​លើកទី ១​ នៅ ប្រទេស​ជប៉ុន នៅ​សប្តាហ៍នេះ បាន​និយាយ​ថា អ្នកជម្ងឺ​ម្នាក់​(ជនជាតិ​ចិន រស់នៅភាគខាងត្បូង​ទីក្រុង​តូក្យូ) ដែល​គេរកឃើញ​ថា មាន​មេរោគ​កូរ៉ូណាវីរុស ធ្លាប់​បាន​ធ្វើ​ដំណើរ​ទៅទីក្រុង​វូហាន​មែន ប៉ុន្តែ មិន​បាន​ទៅ​ផ្សារត្រី​នៅទីនោះទេ។

នៅ​ប្រទេស​ថៃ អាជ្ញាធរ​បាន​អះអាង​នៅថ្ងៃ​សុក្រនេះ ថា បាន​រកឃើញ​មាន​ករណី​អ្នកមានមេរោគ​កូរ៉ូណាវីរុស សាជាថ្មី ដែល​ធ្វើ​ឲ្យ​ថៃ ជួបករណី អ្នកមានមេរោគ​កូរ៉ូណាវីរុស ជាលើកទី២។ តាមអាជ្ញាធរ​ថៃ ដូច​ករណីមុន អ្នកដែល​គេរកឃើញ​មាន​ផ្ទុកមេរោគ​កូរ៉ូណាវីរុស ជាទេសចរ ជនជាតិ​ចិន មក​ពី​ទីក្រុង​វូហាន។

នៅពេល​ដែល​បុណ្យចូលឆ្នាំ ចិន កាន់តែ​ចូល​ខិតមកដល់ អាជ្ញាធរ​ថៃ ផ្នែក​សុខាភិបាល​បាន​ប្រកាស​ពង្រឹង ការឆ្លុះ ត្រួតពិនិត្យ​សុខភាព របស់អ្នកដំណើរ នៅ​តាម​ព្រលាន​យន្តហោះ ជាទី ដែល​គេ​រំពឹងថា នឹង​មាន​ឆ្លង​ចេញចូល អ្នកទេសចរ​ចិន មក​ពី​ទីក្រុង​វូហាន ជាង ១ពាន់នាក់ ក្នុង​មួយថ្ងៃៗ។

នៅពេល​អង្គការ​សុខភាព​ពិភពលោក កំពុង​បន្ត​ស្រាវជ្រាវ ដើម្បី ស្វែងយល់​ពី ប្រភព មធ្យោបាយ ចម្លង និង​ទំហំ​គ្រោះថ្នាក់​នៃ​មេរោគថ្មី នៅ​ប្រទេស ចិន អាជ្ញាធរ​សុខាភិបាល​ចិន​កាលពី​ថ្ងៃ​ពុធ មិន​បាន​បដិសេធ​ទេ​ថា អាច​មាន​គ្រោះថ្នាក់​ឆ្លង​មេរោគ កូរ៉ូណាវីរុស​ពី​មនុស្ស​ទៅ​មនុស្ស ពោល​គឺ​វា​ឆ្លង​ក្នុង​ចំណោម​សមាជិក​គ្រួសារ។ យ៉ាងណា​ក៏ដោយ អាជ្ញាធរ​វាយតម្លៃថា ការឆ្លងពី​មនុស្ស​ទៅ​មនុស្ស អាច​មាន​លទ្ធភាព កើតឡើង​​តិចតួច​បំផុត។

អ្វីដែល​ធ្វើ​ឲ្យ​គេ​ព្រួយបារម្ភ​ខ្លាំង នោះ គឺ​ករណី​ផ្ទុះមេរោគ​ផ្លូវដង្ហើម​ថ្មី បាន​កើត​មាន នៅ​ពេល​ដែល​ពិធីបុណ្យ​ចូលឆ្នាំ​ចិន កាន់តែ​ខិតចូល​មកដល់ ដែល​ការណ៍នេះ នឹង​ធ្វើ​ឲ្យ​មាន​ចរាចរណ៍​មនុស្ស ចុះឡើង​ច្រើន ដែល​ងាយ​នឹង​ធ្វើ​ឲ្យ​មាន​ការចម្លង​មេរោគ ពី​កន្លែងមួយ ទៅ​កន្លែង​មួយ។ មេរោគ​ថ្មី​នេះ​ធ្វើ​ឲ្យ​គេ​នឹក​ទៅដល់​ជម្ងឺ​ផ្លូវដង្ហើម ដ៏រាតត្បាត ដែល​បង្កឡើង​ដោយ​មេរោគ SARS នៃអំបូរ​មេរោគកូរ៉ូណាវីរុស ដែល​ផ្ទុះឡើង​ដំបូង នៅ​ប្រទេស​ចិន ប៉ុន្តែ បាន​រីកសាយ​ភាយ ដល់​ប្រទេស ចំនួន ២៣​ក្នុង​ពិភពលោក និង​បាន​សម្លាប់​មនុស្ស​ជាង ៦០០នាក់ នៅ​ប្រទេស​ចិន និង​ទីក្រុង​ហុងកុង កាលពី​ឆ្នាំ ២០០៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ