Sipri-ចិន

Sipri៖ចិនជាប្រទេសផលិតអាវុធច្រើនលំដាប់ទី២ និងជាប្រទេសនាំអាវុធចេញលំដាប់ទី៥ ក្នុងលោក

របាយការណ៍ Sipri ថា ចិនជាប្រទេសផលិតអាវុធលំដាប់ទី២ និងជាប្រទេសនាំអាវុធចេញលំដាប់ទី៥ ក្នុងលោក
របាយការណ៍ Sipri ថា ចិនជាប្រទេសផលិតអាវុធលំដាប់ទី២ និងជាប្រទេសនាំអាវុធចេញលំដាប់ទី៥ ក្នុងលោក (@defence-blog.com)

នៅ​ថ្ងៃ​ចន្ទ ទី២៧ មករា វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​ស្តុកខុល​ហៅ​កាត់ Sipri បាន​ផ្សព្វផ្សាយ​របាយការណ៍​មួយ​ស្តីពី​ការ​ជួញដូរ​អាវុធ​នៅ​ក្នុង​ប្រទេស​ចិន។ របាយការណ៍​បាន​បញ្ជាក់​ថា ចិន​ដែល​កាល​ពី ១០ឆ្នាំ​មុន​ជា​ប្រទេស​ដែល​ពឹង​លើ​ការ​នាំ​អាវុធ​ចូល​ពី​បរទេស​បាន​ក្លាយ​ជា​ប្រទេស​ផលិត​អាវុធ​ច្រើន​លំដាប់ទី២ និង​ជា​ប្រទេស​នាំ​អាវុធ​ចេញ​លំដាប់ទី៥ ក្នុង​លោក។ តែ Sipri បាន​ទទួល​ស្គាល់​ពី​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ទិន្នន័យ​ដែល​អាច​ជឿទុកចិត្ត​ស្តីពី​ទឹកប្រាក់​បាន​មក​ពី​ការ​លក់អាវុធ និង​ទំហំ​ឧស្សាហកម្ម​អាវុធ​របស់​ចិន។

ផ្សាយពាណិជ្ជកម្ម

កាល​ពី ១០ឆ្នាំ​មុន ចិន​បាន​ទិញ​​អាវុធ​ពី​បរទេស ពិសេស​ពី​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន។ តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ ប្រទេស​យក្ស​អាស៊ី​មួយ​នេះ​បាន​ក្លាយ​ជា​អ្នក​ផលិតអាវុធ​ច្រើន​លំដាប់ទី២ បន្ទាប់​ពី​អាមេរិក និង​ជា​អ្នក​នាំ​អាវុធ​ចេញ​លំដាប់ទី៥ ក្នុង​លោក។ តាម​របាយការណ៍​របស់ Sipri មាន​ឧស្សាហកម្ម​អាវុធ​ចិន​ចំនួន ៣ បាន​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​នៃ​ឧស្សាហកម្ម​អាវុធ​គ្រាក់ៗ​ទាំង ១០ ក្នុង​លោក។ Sipri បាន​ប៉ាន់​ប្រមាណ​ថា​ក្នុង​មួយ​ឆ្នាំៗ ទឹកប្រាក់​ដែល​ចិន​បាន​មក​ពី​ការ​លក់​អាវុធ​មាន​ពី ៧០ ០០០ ទៅ ៨០ ០០០លានដុល្លារ ហើយ​អាវុធ​ភាគ​ច្រើន​ត្រូវ​បាន​ទិញ​ដោយ​សាខា​ផ្សេងៗ​នៃ​កងទ័ព​រំដោះ​ប្រជាមានិត​ចិន។

របាយការណ៍​របស់ Sipri បាន​បញ្ជាក់​ថា ឧស្សាហកម្ម​អាវុធ​ចិន​ក៏​មានជំនាញ​ជាង​ឧស្សាហកម្ម​អាវុធ​បរទេស​ដែរ ដូច​យ៉ាង Aviation Industry Corp of China មាន​ជំនាញ​ខាង​ផលិត​យន្តហោះចម្បាំង និង​ផលិតផល​សម្រាប់​យន្តហោះចម្បាំង។ រីឯ​ឧស្សាហកម្ម​អាវុធ​បរទេស​គ្រាក់ៗ​មួយ​ចំនួន​បាន​ផលិត​សព្វាវុធ​ទូទៅ។ យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នកស្រាវជ្រាវ​របស់ Sipri បាន​ទទួល​ស្គាល់​ពី​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​ទិន្នន័យ​ដែល​អាច​ជឿ​ទុក​ចិត្ត​ស្តីពី​ទំហំ​ឧស្សាហកម្មអាវុធ​ចិន ព្រោះ​ឧស្សាហកម្ម​អាវុធ​ទាំង​អស់​ជា​របស់​រដ្ឋ។ « អ្វីៗ​គ្រប់​យ៉ាង​ត្រូវ​បាន​លាក់ជិត​ក្រោម​ហេតុផល​សន្តិសុខជាតិ » នេះ​ជា​ការ​ថ្លែង​របស់​លោក​ណាន ចៀន អ្នក​និពន្ធ​របាយការណ៍​ម្នាក់​របស់ Sipri។

ទោះ​បី​ជា​គ្មាន​ស្ថិតិ​ផ្លូវការ​ស្តីពី​ការ​នាំ​ចេញ​អាវុធ​ចិន​ក៏​ដោយ​ក៏ Sipri បាន​កត់សម្គាល់​ឃើញ​ថា ឧស្សាហកម្ម​អាវុធ​ចិន​បាន​អភិវឌ្ឍ​ដល់​កម្រិត​មួយ​ដែល​តម្រូវ​ការ​អាវុធ​ចិន​នៅ​បរទេស​មាន​ការ​កើន​ឡើង។ ពិត​ណាស់ កំណើន​នៃ​ការ​នាំ​អាវុធ​ចេញ​បង្កើន​ហានិភ័យ​នៃ​ការ​រីកសាយ​អាវុធ តែ​វត្តមាន​របស់​ចិន​នៅ​ក្នុង​វិស័យ​មួយ​នេះ​កំពុង​ធ្វើ​ឲ្យ​ក្រុម​អ្នកស្រាវជ្រាវ​របស់ Sipri ព្រួយបារម្ភ​ជា​ពន់ពេក។ នេះ​ក៏​ដោយសារ​តែ​ចិន​បាន​ចុះ​ហត្ថលេខា​តិចតួច​លើ​ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​អាវុធ។ ជាក់ស្តែង ចិន​មិន​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អាវុធ​ដែល​អនុម័ត​ក្នុង​ឆ្នាំ ២០១៣ ដោយ​អង្គការ​សហប្រជាជាតិ​ទេ៕​

(ព័ត៌មាន​ដកស្រង់​ពី AFP)

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI