អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

មេរោគកូរ៉ូណា៖ តើជាកំហុសសត្វប្រចៀវ ឬជាកំហុសមនុស្ស?

សំឡេង ០៩:៥៤
សត្វប្រចៀវ តាមអបិយ​ជំនឿរបស់ប្រជាជន​ខ្លះ គឺ​​​ប្រៀប​បាន​ដូច​បិសាចជញ្ជក់​ឈាម​
សត្វប្រចៀវ តាមអបិយ​ជំនឿរបស់ប្រជាជន​ខ្លះ គឺ​​​ប្រៀប​បាន​ដូច​បិសាចជញ្ជក់​ឈាម​ Getty Images/ Tom Walker
ដោយ៖ ម៉ម ពិសី
៥២ នាទី

ការផ្ទុះឡើង​នូវមេរោគកូរ៉ូណាវីរុសប្រភេទថ្មី ចេញពីទីក្រុងវូហានប្រទេសចិន បានធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង ដល់បញ្ហា​សុខភាពសាធារណៈ របស់ពិភពលោកទាំងមូល។ នេះមិនមែនជាលើកទីមួយទេ ដែលមេរោគជំងឺផ្លូវដង្ហើមអំបូរកូរ៉ូណានេះ បានផ្ទុះចេញពីប្រទេសចិន។ កាលពីឆ្នាំ២០០២ មេរោគជំងឺផ្លូវដង្ហើមឈ្មោះថាសារស៍ (SARS) ក៏បានចេញពីខេត្តគ័ងទុងប្រទេសចិនដែរ។ បើផ្អែកតាមស្រាវជ្រាវកន្លងមក សត្វប្រចៀវ គឺជាជង្រុកផ្ទុកនូវមេរោគកូរ៉ូណាជាច្រើនប្រភេទ។ ថ្វីបើប្រចៀវមានផ្ទុកមេរោគទាំងនោះមែន តែប្រចៀវមិនបាន​មកចម្លងឲ្យមនុស្ស​ដោយចិត្តឯងឡើយ គឺមនុស្សលោកខ្លួនឯងទេ ដែលបានធ្វើសកម្មភាពផ្សេងៗ ធ្វើឲ្យមេរោគដែលមានក្នុងខ្លួនប្រចៀវ អាចឆ្លងចេញមកសំងំ នៅ​ក្នុងខ្លួនមនុស្សបាន។

ផ្សាយពាណិជ្ជកម្ម

សត្វប្រចៀវ នៅក្នុងប្រទេសចិន និងមេរោគជំងឺផ្លូវដង្ហើម អំបូរកូរ៉ូណា មានប្រវត្តិទំនាក់ទំនងគ្នា ជាយូរមកហើយ។ តាមពិតទៅ ប៉ុន្មានឆ្នាំចុងក្រោយនេះ មានអ្នកជំនាញស្រាវជ្រាវផ្នែកមេរោគ និងជំងឺឆ្លងជនជាតិចិនជាច្រើននាក់ បានរួមគ្នាស្រាវជ្រាវ ស្វែងយល់ពីទំនាក់ទំនង រវាងមេរោគអំបូរកូរ៉ូណា និងសត្វប្រចៀវ។ ជំងឺឆ្លង ដែលកើតចេញពី​មេរោគមានក្នុងខ្លួនសត្វព្រៃ ហើយឆ្លងមកដល់មនុស្ស គឺជាការព្រួយបារម្ភធំណាស់ ជាពិសេស បន្ទាន់ពីមានករណីជម្ងឺផ្លូវដង្ហើម ដ៏កាចសាហាវ ក្នុងអំបូរកូរ៉ូណាវីរុសដែរ កាលពីឆ្នាំ២០០២ ឈ្មោះមេរោគ សារស៍ (SRAS-CoV)។

ប្រចៀវ ផ្ទុកនិងបំលែង មេរោគអំបូរកូរ៉ូណា

ចិនគឺជាចំណុចប្រសព្វ និងជាប្រភពនៃ​មេរោគកូរ៉ូណាកន្លងមក។ ជាក់ស្តែងមេរោគសារស៍ ដែលបានផ្ទុះចេះពីក្រុងហ្វូហ្សាន ខេត្តគ័ងទុក នៅខែវិច្ឆិកាឆ្នាំ២០០២។ ហើយចំណែកនៅ​ខែតុលាឆ្នាំ២០១៦ មានមេរោគផ្តាសាយជ្រូកមួយប្រភេទទៀត បានផ្ទុះឡើង ដែលធ្វើឲ្យមាន​​ជំងឺរាគរូសលើសត្វជ្រូក (SADS-CoV) ។ មេរោគនេះ បានសម្លាប់សត្វជ្រូក​ប្រមាណ​២ម៉ឺនក្បាល នៅក្នុងកសិដ្ឋាន​ចិញ្ចឹមសត្វចំនួន​៤កន្លែង ក្នុងខេត្តគ័ងទុង។ រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងទេ ថាមេរោគកូរ៉ូណាប្រភេទនេះ បានចូលមកដល់ខ្លួនសត្វជ្រូកដោយរបៀបណាទេ។ តែអ្វីដែលអ្នកស្រាវជ្រាវបានរកឃើញ គឺកោសិកាមេរោគ SRAS-CoV ក្នុងខ្លួនមនុស្ស និងមេរោគ SADS-CoV ដែលនៅក្នុងខ្លួនសត្វជ្រូក​ គឺដូចសឹងតែ៩៥% ទៅនឹងកោសិកា​មេរោគកូរ៉ូណា ដែលមានក្នុងខ្លួនសត្វប្រចៀវ (Rhinolophe)។

មានន័យថា មេរោគទាំងនេះ អាចមានប្រភពចេញពីសត្វប្រចៀវ។ ជាងនេះទៅទៀត នៅភាគខាងកើត និងខាងត្បូងប្រទេសចិន ដូចជាខេត្តគ័ងទុង ខេត្តគ័នស៊ី និងខេត្តយូណាន គឺជាសំបុកសត្វប្រចៀវ យ៉ាងហោច១២០ប្រភេទផ្សេងៗគ្នា។ កាលពីខែមីនា ឆ្នាំ២០១៩ នៅក្នុងរបាយការណ៍មួយ របស់អ្នកស្រាវជ្រាវនៅមន្ទីពិសោធន៍មេរោគ និងសន្តិសុខសរីរាង្គប្រចាំក្រុងវូហាន បានលើកឡើងដោយចំៗ ថាក្នុងចំណោមមេរោគកូរ៉ូណាទាំង៣៨ គឺ២២ប្រភេទអាចមាននៅក្នុងខ្លួនសត្វប្រចៀវ ក្នុងប្រទេសចិន។ លោក Zhou Peng ព្រមទាំងសហការី ដែលសរសេរការសន្និដ្ឋាននេះ បានទទួលស្គាល់ថា ចិនគឺជាតំបន់ស្នូល ឬតំបន់ក្តៅគគុកមួយ ដែលប្រឈមនឹងការផ្ទុះឡើង នូវមេរោគប្រភេទថ្មីណាមួយ ដែលចេញពីសត្វប្រចៀវ។

កាលពីឆ្នាំ២០១៦ អ្នកស្រាវជ្រាវសរីរាង្គនិងមេរោគ នៃសកលវិទ្យាល័យការ៉ូលីនខាងជើង នៅសហរដ្ឋអាមេរិក បានរកឃើញថា មេរោគ SRAS-CoV ដែលមានក្នុងខ្លួនសត្វប្រចៀវ អាចឆ្លងមកមនុស្ស ដោយមិនចាំបាច់មានអង្គជីវិតអន្តរការីណា មកធ្វើជាស្ពានឡើយ។ អ្នកស្រាវជ្រាវទាំងអាមេរិក ទាំងចិន សុទ្ធតែបានទាញសញ្ញាអាសន្ន តាំងតែពីមិនទាន់ផ្ទុះឡើងនូវមេរោគកូរ៉ូណាវីរុសប្រភេទថ្មី នៅក្រុងវូហាននេះម្លេះ។

ជាងនេះទៅទៀត អ្វីដែលអ្នកជំនាញបានរកឃើញ​ គឺថាមេរោគអំបូរកូរ៉ូណា មានបន្ទាត់កោសិកាវែងអន្លាយ ដែលធ្វើឲ្យងាយ ដល់ការផ្តាច់តជាមួយ​បន្ទាត់កោសិកាផ្សេង ហើយបំលែង​ជាមេរោគថ្មីផ្សេងទៀត​។ ការផ្សំផ្គុំហ្ស៊ែនមេរោគបញ្ចូលគ្នា នៅក្នុងប្រភេទមេរោគកូរ៉ូណានេះ គឺជាគ្រោះថា្នក់ធំបំផុត នៅពេលមេរោគ​នេះ ​ឆ្លងរវាងសត្វពីប្រភេទផ្សេងគ្នា ឬពីឆ្លង​សត្វទៅមនុស្សជាដើម។ មានន័យថា មេរោគកូរ៉ូណា អាចមានលទ្ធភាពផ្សាំខ្លួនបានយ៉ាងងាយ នៅក្នុងសរីរាង្គសត្វមួយទៀត ឬ ក្នុងសរីរាង្គមនុស្ស។

ប្រចៀវ​ផ្ទុគមេរោគ តែមិនមានជម្ងឺ

មេរោគកូរ៉ូណា ចែកជា៤សាខាធំៗ គឺ Alphacoronavirus Betacoronavirus Gammacoronavirus និងDeltacoronavirus។ Alphacoronavirus និង Betacoronavirus ជាទូទៅ គឺមាននៅក្នុងខ្លួនសត្វចិញ្ចឹមកូនដោយទឹកដោះ ដែលក្នុងនោះគឺមានសត្វប្រចៀវនេះឯង។ ចំណែក Gammacoronavirus និងDeltacoronavirus គឺអាចមានភាគច្រើននៅក្នុងខ្លួនសត្វស្លាបធម្មតា។ មេរោគកូរ៉ូណាវីរុសប្រភេទថ្មីនៅវូហាន ក៏ដូចជាមេរោគ SRAS-CoV មេរោគMERS-CoV និងមេរោគSADS-CoV គឺសុទ្ធតែជាអំបូរមេរោគ Betacoronavirus ហើយដែលមាននៅក្នុងខ្លួនសត្វប្រចៀវភាគច្រើន។ យ៉ាងហោចណាស់ មេរោគអំបូរកូរ៉ូណា ចំនួន​៣០ប្រភេទ ត្រូវបានគេរកឃើញ មាននៅក្នុងខ្លួនសត្វប្រចៀវ ក្នុងរវាង​១៥ឆ្នាំចុងក្រោយនេះ។ ក្នុងខ្លួនប្រចៀវ មិនមែនមានតែមេរោគកូរ៉ូណាទេ។ តែវាក៏អាចមាន ផងដែរ នូវមេរោគ ដូចជាមេរោគអេបូឡា មេរោគឆ្កែឆ្កួត​(Lyssavirus) ​ជាដើម។

មានផ្ទុកមេរោគកូរ៉ូណាច្រើនមុខមែនពិត តែសត្វប្រចៀវមិនមានជំងឺទេ។ សរីរាង្គ​​របស់​សត្វ​នេះ មាន​លក្ខណៈ​សម្បត្តិ​ពិសេស បង្កើត​ជា​ប្រព័ន្ធ​ការពារ​ខ្លួន​បាន​យ៉ាងល្អ។ ជាងនេះទៀត អ្នកជំនាញស្រាវជ្រាវនៅមន្ទីរពិសោធន៍ក្រុងវូហាន ធ្លាប់បាន​សន្និដ្ឋាននៅឆ្នាំ២០១៦ថា មេរោគ​កូរ៉ូណានៅក្នុងខ្លួនសត្វប្រចៀវ អាចសំងំរស់នៅ និងផ្សំគ្នាជាមួយមេរោគកូរ៉ូណា ដែលឆ្លងមកពីសត្វផ្សេងទៀតផង។​

ប្រចៀវ Rhinolophus Affinis នៅខេត្តយូណាន មានកោសិកាមេរោគដូច CoViD-19

សម្រាប់មេរោគកូរ៉ូណា​ប្រភេទថ្មី (CoViD-19) ដែលផ្ទុះឡើងនៅវូហាន បើផ្អែកតាមការចុះផ្សាយរបស់វិទ្យាស្ថានស្រាវជ្រាវមេរោគក្រុងវូហាន កាលពីថ្ងៃទី២៣មករា២០២០ បានសន្និដ្ឋានថា កូរ៉ូណាវីរុសប្រភេទថ្មី វាមានទំរង់កោសិកាស្រដៀងគ្នាដល់ទៅ​៩៦,២% ទៅនឹង​មេរោគនៅក្នុង​សត្វប្រចៀវ អំបូរ Rhinolophus Affinis ដែលរស់នៅភាគច្រើន ក្នុងខេត្តយូណាន។

ហើយ​​កាលពីថ្ងៃទី​៧ កុម្ភៈ ២០២០ អ្នកជំនាញ​នៅ​សកលវិទ្យាល័យកសិកម្មគ័ងចូវ បានលើកឡើងថា សត្វ​ពង្រូល ពូជម៉ាឡេស៊ី អាចជាអង្គអន្តរការី ចម្លងមេរោគកូរ៉ូណាវីរុសប្រភេទថ្មីនេះ ពីសត្វប្រចៀវមកក្នុងខ្លួនមនុស្ស។ យោងតាមការស្រាវជ្រាវនេះ សត្វពង្រូលប្រមាណជា៧០% មានផ្ទុកមេរោគ Betacoronavirus។ ជាងនេះទៀត កោសិកាមេរោគកូរ៉ូណាវីរុសប្រភេទថ្មី មានទំរង់ដូចគ្នាដល់ទៅ​៩៩% ទៅនឹងមេរោគBetacoronavirus ក្នុង​ខ្លួនសត្វពង្រូល។ តែសម្រាប់ពេលនេះ គេមិនទាន់ដឹងទេ ថាមេរោគBetacoronavirus ដែលមានក្នុងខ្លួនប្រចៀ​វ បានមកដល់ក្នុងខ្លួនសត្វពង្រូលដោយរបៀបណានោះទេ។ សត្វពង្រូល គឺជាសត្វស៊ីសត្វល្អិតជាអាហារ។ តាមការសង្ស័យវាអាចស៊ីសត្វល្អិ​ត ដែលស្ថិតនៅក្នុងគំនរលាមកប្រចៀកនៅតាមរូងភ្នំ។

មានផ្ទុកមេរោគ មិនមែនមានន័យថាខុសទេ

យោងតាមការសន្និដានទាំងអស់នេះ សត្វប្រចៀវមិនត្រឹមតែជាជង្រុកនៃមេរោគកូរ៉ូណាវីរុសទេ តែសត្វប្រចៀវ គឺជាសត្វចិញ្ចឹមកូនដោយទឹកដោះតែមួយគត់ ដែលអាចហោះបាន។ ការហោះពីទីកន្លែងមួយទៅទីកន្លែងមួយក្នុងចំងាយឆ្ងាយ អាចពង្រីកដែនដីលទ្ធភាព នៃការសាយភាយមេរោគនេះទៅ​​សត្វឯទៀត។ ហើយធ្វើឲ្យប្រ​ចៀវ អាចគេចផុតពីការប្រមាញ់របស់សត្វឯងទៀតដែរ។ សត្វប្រចៀវអំបូរខ្លះ​ អាចមានអាយុដល់ទៅ៤១ឆ្នាំ ខណៈដែលសត្វស្លាបជាទូទៅ មានអាយុមិនលើសពី​១៤ឆ្នាំ។ ក្នុងចំណោមសត្វចិញ្ចឹមកូនដោយទឹកដោះ ប្រចៀវមាន​ចំនួនស្មើនឹង៣០% ពោលគឺ​ច្រើនជាងគេលំដាប់ទី២ បន្ទាប់ពី​ពូជសត្វរទច្ឆេទី ដូចកណ្តុរ កំប្រុក ជាដើម។

ក៏ប៉ុន្តែសួរថា តើវាជាកំហុសរបស់ប្រចៀវឬ ដែលមានផ្ទុកមេរោគទាំងនោះ? តើមិនមែនមកពីមនុស្សខ្លួនឯងទេឬ ដែលចូលទៅកៀកនិងសត្វប្រចៀវ ទើបឆ្លងមេរោគទាំងនោះមកក្នុងខ្លួន?

មនុស្សកាន់តែខិតទៅជិតសត្វប្រចៀវ

អ្នកស្រាវជ្រាវខ្លះ បានលើកឡើងថា គឺសកម្មភាពរបស់មនុស្សទេ ដែលជាអ្នកធ្វើឲ្យមេរោគនេះ អាចបែកធា្លយពីសត្វប្រចៀវ ឆ្លងមកមនុស្សបាន។ គម្លាតគ្នារវាងមនុស្ស និងប្រព័ន្ធជីវចម្រុះសត្វព្រៃ កាន់តែចុះថយ ជាមួយនឹងល្បឿននៃការអភិវឌ្ឍន៍បច្ចុប្បន្ន មិនថាតែនៅចិនទេ គឺជាទូទៅនៅអាស៊ីអាគ្នេយ៍។​ ការកាប់រានឆ្កាព្រៃ យកដីដាំដំណាំ មានកាន់តែច្រើនឡើងៗ។ សកម្មភាពនេះ បានធ្វើឲ្យប្រែប្រួលដល់ប្រព័ន្ធជីវចម្រុះ ទីជំរករបស់សត្វព្រៃ ដូចជាប្រចៀវជាដើម។ ជាងនេះទៀត ចំនួន​ប្រជាជនចេះតែកើន ដែលត្រូវការ​ទីតាំងថ្មីបន្ថែមជានិច្ច ដើម្បីតាំងទីរស់នៅ។ មនុស្សកាន់តែរស់នៅ ខិតជិតនឹងប្រចៀវ។ ព្រៃភ្នំដែលធ្លាប់តែងងឹត ក្លាយជាភូមិ មានអំពូលភ្លឺព្រោងព្រាត ទាក់ទាញសត្វរាត្រីចរ ដូចជាប្រចៀវ ជ្រឹង ឲ្យចេញមកកៀកនិងមនុស្ស ព្រមទាំងកៀកនឹងសត្វចិញ្ចឹមផ្សេងទៀត។

ទំលាប់ទិញសត្វព្រៃទាំងរស់ និងបរិភោគសត្វព្រៃ

ទំលាប់បរិភាគសត្វព្រៃ របស់ប្រជាជននៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅចិន និងវៀតណាម គឺជាមាត់ច្រកគ្រោះថ្នាក់មួយទៀត។ ឆ្នាំ២០០៨ អ្នកស្រាវជ្រាវវៀតណាម បានរកឃើញថា ក្នុងចំណោមសត្វកណ្តុរ ដែលគេលក់ទាំងរស់យកទៅបរិភោគ នៅភាគខាងត្បូងវៀតណាម គឺមាន៤,៤% មានផ្ទុកមេរោគកូរូណា។ ចំណែកសត្វប្រចៀវវិញ គឺមាន​២២% ដែលមានមេរោគកូរ៉ូណា។ អ្នកស្រាវជ្រាវវៀតណាម បានលើកឡើងពីការបារម្ភ ព្រោះថានៅវៀតណាម មានកសិដ្ឋានចិញ្ចឹមប្រចៀវ ដើម្បីយកលាមកទៅធ្វើជី ហើយក្នុងលាមកនោះគឺពោរពេញដោយកោសិកាមេរោគ។

អ្នកជំនាញផ្នែកជំងឺឆ្លងនៅសកលវិទ្យាល័យហុងកុង បានសរសេរនៅក្នុងទស្សនាវត្តី Viruses ដោយបានលើកឡើងថា ទំលាប់ទិញសត្វប្រចៀវរស់រវើក​នៅតាមទីផ្សារ យក​មកបរិភោគ គឺជាទំលាប់មិនល្អ របស់ជនជាតិចិន និងជនជាតិអាស៊ីមួយចំនួន។ មេរៀនធ្លាប់មានរួចមកហើយ កាលពីក្នុងករណីជំងឺសារស៍ឆ្នាំ២០០២ គឺមេចុងភៅក្នុងភោជនីយដ្ឋាន លក់សាច់សត្វព្រៃមួយនៅក្រុងឆិនចិន ដែលទំនង​ជាបានឆ្លងមេរោគ​សារស៍នេះមុនគេ ពីសត្វប្រចៀវ។

ត្រូវតែបិទផ្សារលក់សត្វព្រៃទាំងរស់

ថ្មីៗនេះ ទស្សនាវត្តិវិជ្ជសាស្ត្រ ឈ្មោះ The Lancet បានចុះផ្សាយថា ជាមួយនឹងការផ្ទុះឡើង នូវមេរោគកូរ៉ូណាប្រភេទថ្មីនេះ ការស្វះស្វែងរកវ៉ាក់សាំងមកការពារ គឺមិនមែនជាជម្រើសល្អឡើយ។ ព្រោះថាថ្ងៃមុខ មេរោគថ្មីផ្សេង និងផ្ទុះឡើងមកទៀត។ អ្វីដែលត្រូវធ្វើ គឺការកែប្រែទំលាប់បរិភោគសាច់សត្វព្រៃ ដែលជាប្រភពនៃ​ការចម្លងមេរោគ​ពីសត្វមកមនុស្ស។ ការលក់សត្វព្រៃរស់រវើក នៅតាមទីផ្សារនានា នៅអាស៊ី និងជាពិសេសនៅចិន គឺជារឿងមួយ​ដែលប្រឈមនឹងគ្រោះថ្នាក់បំផុត។ ការផ្លាស់ប្តូរទំលាប់នេះ មិនមែនជារឿងងាយធ្វើទេ តែគេសង្ឃឹមថា មនុស្សយើងនឹងចាប់ផ្តើមយល់ដឹងពីគ្រោះថ្នាក់ ចាប់ពីពេលនេះទៅ។ ទស្សនាវត្តីនេះ ក៏បានសរសេរអំពាវនាវ ឲ្យអាជ្ញាធរចិន រិតបន្តឹងច្បាប់ បំបាត់រាល់អំពើពុករលួយ នៅតាមខេត្ត​ស្រុកភូមិឆ្ងាយៗ ដែលនៅតែបន្ត​មានទីផ្សារលក់សត្វព្រៃទាំងរស់ បើទោះបីជាធម្មតា ជំនួញនេះត្រូវបានច្បាប់ចិនហាមឃាត់ក៏ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ