អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កាហ្វេធ្លាក់ថ្លៃ ដោយហេតុកូរ៉ូណាវីរុស ?

សំឡេង ០៥:០២
ហាងកាហ្វេមួយ​នៅ​ Kunming ខេត្ត​ Yannan ​បិទទ្វារ ​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​កូរ៉ូណាវីរុស
ហាងកាហ្វេមួយ​នៅ​ Kunming ខេត្ត​ Yannan ​បិទទ្វារ ​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​កូរ៉ូណាវីរុស REUTERS/Wong Campion
ដោយ៖ អៀង សុខម៉ិញ
២៨ នាទី

វិបត្តិកូរ៉ូណាវីរុស បាន​រីក​រាលដាល​ដល់​ទីផ្សារ​វត្ថុធាតុដើម។ ប្រេង​ឆៅ​បាន​ធ្លាក់​ថ្លៃ​ខ្លាំង​បំផុត​ កាលពី​សប្តាហ៍​មុន។ រ៉ែដែក រ៉ែស្ពាន់ គ្រាប់​ធញ្ញជាតិ ស្រូវ​សាលី ពោត សណ្តែក ប្រេង​ដូង សុទ្ធ​តែ​ធ្លាក់​ថ្លៃ​នៅ​លើ​ទីផ្សារ​ទាំង​អស់ ចំណែក​តម្លៃ​គ្រាប់​កាហ្វេ បាន​ធ្លាក់​ថ្លៃ​ ដល់​ទៅ​២០% តាំង​ពី​ចូល​ឆ្នាំ ២០២០​មក។ កាហ្វេ បាន​ក្លាយ​​ជា​វត្ថុ​ធាតុ​ដើម​ដែល​រងគ្រោះ​ព្រោះ​វិបត្តិកូរ៉ូណា​ ខ្លាំង​ជាង​គេ។ ហេតុអ្វី ?

ផ្សាយពាណិជ្ជកម្ម

ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា អាច​អូសបន្លាយ​ពេលវេលា​វែង។ ក្រុង​ធំៗ​របស់​ចិន​មួយ​ចំនួនបន្ត​ជាប់​បម្រាម​ បិទ​មិន​ឱ្យ​មាន​ទំនាក់ទំនង​ចេញ​ចូល។​ ​ចង់ឬ​មិន​ចង់ ការផ្តោះប្តូរ​ សកម្មភាព​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ចិន ត្រូវ​តែ​ចុះ​ថយ។ តើ​វីរុស​កូវីត​-១៩ រំខាន​សេដ្ឋកិច្ច​ចិនកំរិតណា ? គេ​នៅ​មិន​ទាន់​អាច​វាស់​វែង​បាន​នៅឡើយ​ទេ។ ប៉ុន្តែ​ ផលវិបាក​បាន​ជះ​ចំហាយ​ទូទាំងពិភពលោក។ ទីផ្សារ​វត្ថុ​ធាតុ​ដើម​ ចាប់​រង​ឥទ្ធិពល។

​រងគ្រោះ​មុន​គេ គឺ​ប្រេង​ ព្រោះជា​​វត្ថុធាតុ​ដើមដ៏​ចាំបាច់​​ប្រើ​ក្នុង​វិស័យ​ដឹកជញ្ជូន។ គ្រាន់​តែ​វីរុស​កូរ៉ូណា ផ្ទុះ​ឡើង​​ភ្លាម ពិភពលោក​បាន​សម្រេច​​ផ្អាក​ចរាចរណ៍​ផ្លូវអាកាស ទៅ​និង​មកពី​ ចិន ដើម្បី​ទប់​ការ​រាតត្បាត​នៃ​មេរោគ។ ចរាចរណ៍​ដឹកជញ្ជូន​ផ្លូវគោក​ ក្នុង​ប្រទេស​ចិន ចំពេល​បុណ្យ​ឆ្លង​ឆ្នាំ​ ដែល​មាន​ពលរដ្ឋ​រាប់​លាន​នាក់​ធ្វើ​ដំណើរ​ ក៏​ត្រូវ​បិទខ្ទប់។ គ្មាន​ចរាចរណ៍​ដឹក​ជញ្ជូន គ្មាន​ការ​ចំណាយ​ប្រេង​យន្តហោះ ប្រេង​សាំង ប្រេង​ម៉ាហ្សូត។ ចិន​ជា​ប្រទេស​ទិញ​ប្រេង​លំដាប់​លេខ​មួយ​ពិភពលោក បាន​បន្ថយ​ការ​នាំចូល​ប្រេង​ ៣លាន​ធុង​បារីល​ក្នុង​មួយ​ថ្ងៃ ពោល​គឺ​តិច​ជាង​ទម្លាប់ ដល់​​-​២០%។ បើតាម​ការិយាល័យ​សិក្សា Keyrros ចិន​បាន​បន្ថយ​ការ​នាំ​ចូល​ប្រេង​ឆៅ​រយៈ​ពេល​ពីរ​សប្តាហ៍​ជាប់​គ្នា ហើយ​ប្រេង​ស្តុក​ក្នុង​ឃ្លាំង ក៏មិន​បានស្រក​ចុះ។ ផលិតកម្ម​អគ្គីសនី ក៏​ចុះ​ថយ។​ ទាំងនេះ​ មិន​មែន​ជា​​សញ្ញាល្អ​ទេ សម្រាប់​ទីផ្សារ​ប្រេង ព្រួយ​បារម្ភ​ និង​ធ្លាក់​ថ្លៃ​ដល់​ក្រោម​៦០​ដុល្លារ​ក្នុង​មួយ​ធុង​បារីល និង​ទើប​ចាប់​រើប​ថ្លៃ​បន្តិច នៅ​សប្តាហ៍នេះ។

ប្រេងធ្លាក់​​ថ្លៃ​ព្រោះ​ចិន​លែង​សូវ​ត្រូវ​ការ។ ចុះ​កាហ្វេ មាន​អ្វី​ពាក់ព័ន្ធ​នឹង​កូរ៉ូណាវីរុស​ដែរ បាន​ជា​បាត់​បង់​តម្លៃ​ខ្លាំង​ជាងគេ ក្រែង​ចិន​ល្បី​ខាង​ផឹក​តែ​ទេតើ ?! តាំង​ពីចូល​ខែ​មករា​មក តម្លៃ​កាហ្វេ​បាន​ធ្លាក់តម្លៃ​អស់​២០%។ ជាការ​ធ្លាក់​​ថ្លៃដ៏​​ខ្លាំង ខ្លាំង​ជាង​វត្ថុ​ធាតុ​ដើមផ្សេងៗ​ ដូច​ជា​​ស្រូវ​ ពោត សណ្តែក ​... និង​ ប្រេង​ទៅ​ទៀត។ គ្រាន់​តែ​មាន​ករណី​ផ្ទុះ​កូរ៉ូណាវីរុស ដល់​ស្លាប់​​ភ្លាម អាជ្ញាធរ​ចិន​បាន​ចាត់​វិធានការ​តឹង​តែង បញ្ជា​ឱ្យ​បិទ​ហាង​កាហ្វេ របស់​ក្រុមហ៊ុនខ្នាត​ពហុជាតិ​របស់​អាមេរិកStarbucks ចំនួន ជាង​២០០០​កន្លែង​ ក្នុងទូទាំង​​ប្រទេសចិន និង​ហាង​កាហ្វេរបស់​ក្រុមហ៊ុនជាតិ​ Luckinជាច្រើន​កន្លែង ដើម្បី​ទប់​ស្កាត់​ការរាតត្បាត​នៃ​កូវីត-១៩។

តាមការពិត​ប្រជាជនចិនគ្មាន​ប្រពៃណី​​ជា​អ្នក​ទទួល​ទាន​កាហ្វេ​មែន ចិន​ទិញ​កាហ្វេតែ​២%​នៃ​ទីផ្សារ​​ពិភពលោក​ប៉ុណ្ណោះ ប៉ុន្តែ​ចិន​បាន​បង្កើន​ការ​នាំ​ចូល​ដល់ បី​ដង ក្នុង​រយៈ​ពេល​តែ​១០​ឆ្នាំ ហើយ​នឹង​អាច​ត្រូវ​ការ​​ច្រើន​បន្ថែម​ទៀត។ ​ទីផ្សារ​កាហ្វេពិភពលោក ដែល​ជួប​ការ​លំបាក​តាំង​ពី​មួយ​ឆ្នាំ​មក​ហើយ​ រំពឹង​លើ​​​សក្តានុពល​របស់​ចិនខ្លាំងណាស់។ ចុះ​បើ​​ឥលូវ​ចិន​​ត្រូវ​បន្ថយ​គ្រប់​សកម្មភាពគ្រប់​យ៉ាង​​ដោយ​ហេតុ​កូរ៉ូណាវីរុស ទីផ្សារ​កាហ្វេត្រូវ​តែ​រងគ្រោះ​ ​ដោយ​ចៀសមិន​រួច។

កាហ្វេបាន​ធ្លាក់​ថ្លៃ ពេញ​មួយ​ឆ្នាំ​កន្លង​មកហើយ។ កសិករ​អ្នក​ដាំ​កាហ្វេ ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ជា​ពិសេស កសិករ​នៅ​តំបន់​អាមេរិក​កណ្តាល។ តម្លៃកាហ្វេ ហាក់​ចាប់​រើបថ្លៃ​ឡើង​វិញបន្តិច​ នៅ​ខែ​តុលា រហូត​ដល់​​ពាក់​កណ្តាល​ខែ​ធ្នូ ឆ្នាំ​២០១៩។ ប៉ុន្តែ​​ក្រោយ​សេចក្តី​​ប្រកាស​​របស់​ប្រេស៊ីលថា ​​កាហ្វេ​របស់​ខ្លួននឹង​ផ្តល់​ទិន្នផល​ខ្ពស់​ខ្លាំង​​​នៅ​ឆ្នាំ​២០២០-២១ ​ទីផ្សារ​កាហ្វេ​ក៏ចាប់អន់​​ថ្លៃមកវិញ។

នៅ​វៀតណាម ដែល​​ជា​ជើង​ឯក​ម្នាក់​ខាង​ដាំកាហ្វេ​​ដែរ​នោះ កសិករ​នៅ​តំបន់​ខ្ពង់រាប​សង្កេត​ឃើញ​ថា​តម្លៃ​កាហ្វេ​នៅ​ទីផ្សារ​ក្នុង​ប្រទេស​ក៏​បាន​ធ្លាក់​ចុះ​ដែរ​ នៅ​ខែ​មករា។ សម្រាប់​ពួកគេ គឺ​បណ្តាលមក​ពី​​បញ្ហា​កូរ៉ូណាវីរុស។ វិបត្តិ​​កូរ៉ូណាវីរុស ជា​ការ​បន្ថែម​ទម្ងន់​ទៅ​លើ​​ទីផ្សារ​កាហ្វេ​ដែល​ទន់​ខ្សោយ​ស្រាប់។ បើតាម​អ្នក​វិភាគ តម្លៃ​កាហ្វេ​វៀតណាម អាច​ងើប​ឡើងវិញ ​អាស្រ័យ​ទៅ​លើ​រយៈ​ពេល​នៃ​ការរីករាលដាល​នៃ​មេរោគ និង​ទៅ​លើ​កំរិត​នៃ​ផលប៉ះពាល់​របស់​កូរ៉ូណា​ទៅ​លើ​សេចក្តី​ត្រូវ​ការ​ផ្នែកកាហ្វេ​ក្នុង​តំបន់​អាស៊ី​។

កូរ៉ូណាវីរុស​ក៏​បាន​ធ្វើ​ឱ្យ​ប្រេង​ឆា និង​វត្ថុធាតុដើម​ជា​ច្រើន​ធ្លាក់​ថ្លៃ​គ្រប់​មុខ នៅ​ខែ​មករាកន្លង​ទៅ បើ​ទោះ​បី​ជា​អ្នក​ជំនាញ​បាន​ព្យាករ​ថា ឆ្នាំ​២០២០ ជា​ឆ្នាំ​ដ៏​ល្អ​សម្រាប់​ជំនួញ​ប្រេង​ឆា​ក៏​ដោយ។ បើ​តាម​ប្រធានក្រុមហ៊ុន​ប្រេង​ឆាពិភពលោក oil World ការ​ធ្លាក់​ថ្លៃ​ប្រេង​ឆា គ្រាន់​តែ​ជា​ហេតុការណ៍​មួយ​ឆាវ មាន​ពាក់ព័ន្ធ​នឹង​ភាព​ស្លន់​ស្លោ​បង្ក​​ឡើង​ដោយ​វីរុស​កូរ៉ូណា​តែ​ប៉ុណ្ណោះ។ តម្លៃ​ប្រេង​ឆា​នឹង​ឡើង​ថ្លៃ​វិញ​ ដូច​ការ​ព្យាករ ព្រោះទិន្នផល​​ដូង​ប្រេងចាប់​ធ្លាក់ចុះ ឯ​ផលិតផល​ផ្កាColza បាន​ផល​ទាប​ខ្លាំងមិន​ធ្លាប់​មាន​គិត​ក្នុង​រយៈ​ពេល​៨​ឆ្នាំ​ចុងក្រោយនេះ។

ជំងឺ​រាតត្បាត​លើកមុន បាន​ធ្វើ​ឱ្យ​ពិភពលោក​ខាត​បង់​ថវិកា​រាប់​សិបពាន់​លាន។ ក្នុង​ពេល​មាន​វិបត្តិ​ ​​ មាន​តែ​វត្ថុ​ធាតុ​ដើម ជា​ មាសនិង​ប្រាក់ ទេ ដែល​ពុំ​ចេះ​បាត់​បង់​តម្លៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ