អានតួអត្ថបទ
ចិន-កូរ៉ូណាវីរុស

ប្រធានាធិបតីចិន ស៊ីជិនពីង ជំរុញ​ឱ្យ​រឹតបន្តឹង​សណ្តាប់​ធ្នាប់​សង្គម​និង​អ៊ីនធ័រនែត

ប្រធានាធិបតី​ចិន លោក ស៊ីជិនពីង ពេល​ចុះ​សួរ​សុខទុក្ខ​ពលរដ្ឋ​នៅ​ប៉េកាំង
ប្រធានាធិបតី​ចិន លោក ស៊ីជិនពីង ពេល​ចុះ​សួរ​សុខទុក្ខ​ពលរដ្ឋ​នៅ​ប៉េកាំង (Foto: AFP/XINHUA / JU Peng)
ដោយ៖ អៀង សុខម៉ិញ
១៨ នាទី

ក្នុង​ពេល​ដែល​ប្រទេស​កំពុងជាប់​ដៃ​ យ៉ាង​ប្រញឹក ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគកូរ៉ូណា​ថ្មី ប្រធានាធិបតីចិន លោក ស៊ីជិនពីង​ បាន​ជំរុញ​ឱ្យ​​អាជ្ញាធរ​ពង្រឹង​សណ្តាប់​ធ្នាប់និង​ស្ថិរភាព​​សង្គម​​ ដោយ​ត្រូវ​បង្កើន​ការ​​ត្រួត​ពិនិត្យ ការ​ឃោសនា​ព័ត៌មានតាម​​​អ៊ីនធ័រនែត។ នេះ​បើ​តាម​សំណេរ​របស់​ប្រព័ន្ធ​ឃោសនាព័ត៌មាន​រដ្ឋ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍ទី ១៥​កុម្ភៈ ២០២០។

ផ្សាយពាណិជ្ជកម្ម

សម្តី​​របស់​លោកប្រធានាធិបតី ធ្លាក់មក​ជួន​ចំពេល​ដែល​ មតិសាធារណៈ​បាននិង​កំពុង​បន្ត​នាំ​គ្នា​សម្តែង​ការ​មិន​ពេញ​ចិត្ត យ៉ាង​​​ពុះ​កញ្ជ្រោលចំពោះ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ប្រឆាំង​នឹង​មេរោគ​កូវីត​-១៩។

ថ្វី​បើ​​ពាក្យ​រិះគន់​​ប្រឆាំង​នឹង​អ្នក​ទទួល​ខុស​ត្រូវ​នយោបាយ​តំបន់​ហ៊ូពេ ដែល​បានខ្ទាត​ចេញ​តំណែង​រួច​​ទៅហើយ មាន​​សល់​នៅ​លើ​បណ្តាញ​សង្គមខ្លះ​មែន ប៉ុន្តែ​រាល់​សារ​បញ្ចេញ​កំហឹង និង​សារ​អំពាវនាវ​​ទាមទារ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ បង្ហោះ​ក្រោយ​មរណភាព​របស់​វេជ្ជបណ្ឌិតលី វិនលាំង​ ដែល​ជា​អ្នក​ប្រកាស​អាសន្ន​កូរ៉ូណាវីរុស​ដំបូង​គេ ត្រូវ​បានអាជ្ញាធរ​ចិនរួសរាន់​​​លុប​ចោល​វិញ​ស្ទើរ​ទាំង​អស់។

រដ្ឋាភិបាល​ត្រូវ​តែ​ពង្រឹង​ការ​ ត្រួត​ពិនិត្យ​ប្រព័ន្ធ​ឃោសនាព័ត៌មាន​ តាម​អ៊ីនធឺនែត និង​ត្រូវ​តែ​បង្ក្រាប​ រាល់​គ្រប់​ទម្រង់​និង​បុគ្គលណា​ដែល​ចង់​ផ្សព្វផ្សាយពាក្យ​ចចាមអារាម​ ទាក់​ទង​នឹង​ជំងឺ​រាតត្បាត​កូរ៉ូណាថ្មី។ ​នេះ​ជា​ប្រសាសន៍​របស់​លោក​ស៊ីជិនពីង នៅ​ក្នុង​សុន្ទរកថា​​ចុះ​ថ្ងៃ​ទី ៣កុម្ភៈ ២០២០ តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​សៅរ៍​ទី ១៥​កុម្ភៈ​នេះ ដោយ​ភ្នាក់ងារ​សារព័ត៌មាន​ចិន​ថ្មី។

“ពាក្យ​ចចាមអារាម” ដែល​លោក​ប្រធានាធិបតី​ចិន​ប្រើ​​នេះ គឺ​សំដៅ​លើ ការ​ផ្តល់​ព័ត៌មាន​ក្លែងក្លាយ​ផង និង​រាល់​គ្រប់​ដំណឹង​ដែល​ប៉ះពាល់​ រំខាន​ដល់​គណបក្ស​កុម្មុយនិស្ត​ចិនផង។ ក្នុង​ន័យ​នេះ ដើម្បី​ធានា​ "ស្ថិរភាព​សង្គម” ចិន​ត្រូវ​តែ​ពង្រាយ​កម្លាំង​នគរបាល​ និង​បង្ក្រាប​ជន​ណា​ដែល​ចង់​ឆ្លៀត​យក​ចំណេញពី​​វិបត្តិ​កូរ៉ូណា​ ទៅ​បំប៉ោងព័ត៌មាន ទៅ​ធ្វើ​មាន​បាន ឬ​យក​ចំណេញ​ពីការ​លក់​សម្ភារៈ​បរិក្ខា​រពេទ្យ​ ឬ​ថ្នាំ​ក្លែងក្លាយ។

លោក​ស៊ីជិនពីង បាន​ថែម​ទាំង​​ជំរុញ​ឱ្យ​សមាជិក​បក្ស​កុម្មុយនិស្ត​​ទាំង​អស់ ហ៊ាន​ធ្វើ​ការ​រិះគន់ សមាជិក​បក្ស​ណា​ដែល​មិនគោរព​តាម​សេចក្តី​ណែនាំ​ផ្លូវការ​របស់​បក្ស ឬ​សមាជិក​ណា​ដែល​មិន​បាន​បំពេញ​តួនាទី​ត្រឹម​ត្រូវ។ ជា​ឧទាហរណ៍​ជាក់​ស្តែង​ អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​សុខាភិបាល​ខេត្ត​ហ៊ូពេ​ពីរ​រូប​ត្រូវ​បានដក​ហូត​តួនាទី កាលពី​ដើម​សប្តាហ៍។ ចំណែក​ប្រធាន​បក្ស​កុម្មុយនិស្ត​ខេត្ត​និង​ចៅហ្វាយ​ក្រុង​វូហាន ក៏​បាន​ខ្ទាត​ចេញ​ពី​តំណែង​កាលពី​ថ្ងៃព្រហស្បតិ៍​ទី ១៣​កុម្ភៈ ពី​បទ​បាន​បញ្ចេញ​សកម្មភាព​យឺតយ៉ាវ​ទល់​នឹង​ការ​រាតត្បាត​របស់​Covid-19។

លោក ស៊ី ជិនពីង ផ្ទាល់ក៏​មិន​សូវ​ចេញ​មុខ​មាត់​ដែរ នៅ​ពេល​ផ្ទុះ​ជំងឺកូរ៉ូណា​ថ្មី​ភ្លាម។ ពីរ​សប្តាហ៍​ក្រោយ ទើប​គេ​ឃើញ​ទូរទស្សន៍​ជាតិ​​ ​ចាប់​ផ្តើម​បញ្ចេញ​រូបភាព​សកម្ម​របស់​លោក​ប្រធានាធិបតី ដឹកនាំ​ប្រជុំ​រាល់​ថ្ងៃ​ ​ចុះ​សួរ​សុខ​ទុក្ខ​ពលរដ្ឋ​ផ្ទាល់​ដល់​មូលដ្ឋាន​ និង​ប្រកាសធ្វើ​​សង្គ្រាម​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូរ៉ូណា​។ មេរោគកូរ៉ូណា​ថ្មី​ ដែល​បាន​សម្លាប់​មនុស្ស​អស់​ជាង​១៦០០​នាក់ ​ចម្លង​ដល់​មនុស្ស​ជាង​៦៦០០០នាក់ នៅ​ក្នុង​ប្រទេស​ចិន និង​មាន​ករណី​ស្លាប់​ម្នាក់ នៅ​អឺរ៉ុប នោះ​គឺ​​អ្នក​ជំងឺជាទេសចរ​ចិន​នៅ​ស្រុក​បារាំងអាយុ​៨០​ឆ្នាំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ