អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង្គការ​សុខភាព​ពិភពលោក ថា មិនអាច​ព្យាករ​ទិស​​នៃ​ការវិវឌ្ឍ​របស់​កូវីត-១៩ទេ

សំឡេង ០៦:២១
ការ​ធ្វើ​វិភាគ​រកមេរោគ​ COVID-19
ការ​ធ្វើ​វិភាគ​រកមេរោគ​ COVID-19 STR / AFP
ដោយ៖ អៀង សុខម៉ិញ
៣២ នាទី

អ្នក​ជំនាញ​សុខភាព​អន្តរជាតិ​ បាន​ចាប់​ផ្តើម​ជួប​​ប្រជុំ​ ជាមួយ​សមភាគី​​ចិន នៅ​ថ្ងៃ ចន្ទទី ១៧​កុម្ភៈ ២០២០​ នៅទីក្រុង​​ប៉េកាំង ដើម្បី​ជជែក​ពិភាក្សា​អំពី​ជំងឺ​រាតត្បាត​កូរ៉ូណា​វីរុស​ថ្មី។ កូរ៉ូណាវីរុស ឬ​កូវីត​-១៩ ដែល​បាន​និង​កំពុង​បន្ត​ចម្លង​និង​សម្លាប់​មនុស្ស​ជា​រៀង​រាល់​ថ្ងៃ​។ ចំនួន​អ្នក​ស្លាប់​បាន​ឡើង​ជិត​ដល់ ១៧៧០​នាក់ អ្នក​ឆ្លង​ថ្មី ប្រមាណ​៧ម៉ឺន​នាក់។ ​នេះ​បើ​តាម​តួលេខផ្លូវការ​របស់​រដ្ឋាភិបាល​ចិន នៅថ្ងៃ​ចន្ទនេះ ដែល​បញ្ជាក់​ថា​ចំនួន​អ្នក​ឆ្លង​ថ្មី​និង​ស្លាប់​ចាប់​ស្រក ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក​ នៅ​តែ​អះអាង​ គេ​មិន​អាច​ព្យាករ​ថាជំងឺរាតត្បាត​កូរ៉ូណាថ្មី​​វិវឌ្ឍ​ទៅ​ទិស​ណា​ទេ។

ផ្សាយពាណិជ្ជកម្ម

អង្គការ​សុខភាព​ពិភពលោក បាន​រួសរាន់​បញ្ជូន​​ក្រុម​អ្នក​ជំនាញ​​អន្តរជាតិ ទៅ​ប៉េកាំង ដើម្បីជួប​ជជែក​ជាមួយ​នឹង​អ្នក​ជំនាញ​សុខភាព​ចិន នៅ​ថ្ងៃ​ចន្ទ​នេះ​។ ប៉ុន្តែ​គេ​មិន​បាន​ដឹង​ច្បាស់​អំពីរបៀបវារៈ នៃ​ជំនួប​ប្រជុំ​និង​អំពី​កម្មវិធី​នៃ​ទស្សនកិច្ច​នេះ​ទេ។ ​នៅ​ក្នុង​សារ​របស់លោក Tedros Adhamom Ghebreyesus ​នាយក​អង្គការ​សុខភាព​ពិភពលោក បង្ហោះក្នុង​បណ្តាញ​សង្គម​ទ្វីតទ័រ​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ លោក​បាន​លើក​ឡើង​អំពី​កិច្ចសហប្រតិបត្តិការ​​ ​ដ៏​សំខាន់ និង​ចាំបាច់​​បំផុត រវាង​អ្នក​ជំនាញ​អន្តរជាតិ និង​ចិន ថា​ចូល​រួម​ចំណែក​​នាំ​​ពិភពលោកឱ្យ​បាន​ស្គាល់​ជំងឺ​រាតត្បាត​​រលាក​សួត ​Covid-19។

ជា​ការ​គួរ​ឱ្យ​កត់​សម្គាល់ ជំនួប​ប្រជុំ​ក្រុម​អ្នក​ជំនាញ ប្រព្រឹត្ត​ទៅ​ជួន​ចំពេល​ ដែល​ល្បឿន​នៃ​ការ​ចម្លង​ហាក់​ចុះថយ។ ​ តួលេខ​នៃ​ការ​ស្លាប់​​បន្ត​ឡើង​ជា​លំដាប់មែន ប៉ុន្តែ​ជា​ការ​ឡើង ក្នុង​ល្បឿន​យឺត​ជាង​មុន ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ​ជាប់​គ្នា។ បើ​តាម​តុល្យការ​ផ្លូវការ កាលពី​ថ្ងៃ​សៅរ៍​ទី​១៥កុម្ភៈ មាន​​​អ្នក​ស្លាប់ថ្មី​ចំនួន​១៤៣​នាក់ នៅ​ថ្ងៃ​អាទិត្យទី​១៦កុម្ភៈ ១៤២​នាក់ និង​តែ​១០៥នាក់​ទេនៅ​ថ្ងៃ​ចន្ទ​ទី​១៧កុម្ភៈ​។ ​ជាង​នេះ​ទៅ​ទៀត ចំនួន​អ្នក​ឆ្លង​ថ្មី ក៏​កើន​យឺត​ដូច​គ្នា។ តួលេខ​ចុងក្រោយ​បាន​បង្ហាញ​ថា​មាន​ករណី​ឆ្លង​ថ្មី​ នៅ​ក្រៅ​ខេត្ត​ហ៊ូពេ តែ​១១៥​ទេ នៅ​ថ្ងៃ​ចន្ទទី ១៧កុម្ភៈ ទល់​នឹង​៤៥០នាក់ កាលពី​សប្តាហ៍​មុន។

ហេតុដូច្នេះ​ហើយ​បាន​ជា​​​ក្រសួង​សុខាភិបាល​ចិន បាន​សម្តែង​ការកោត​សរសើរ​ខ្លួន​ឯង​រួច​ជា​ស្រេច​ហើយ​ថា ចិន​កំពុង​តែ​ចាប់​ផ្តើម​យក​ឈ្នះ​លើមេរោគ​។ វិធានការ​ត្រួត​ពិនិត្យ​និង​ការពារ​រោគរាតត្បាត​ កំពុង​ចាប់​ផ្តើម​មាន​ប្រសិទ្ធភាព​នៅ​តាម​ខេត្តក្រុង​ខ្លះ​របស់​ប្រទេស។ នេះ​បើតាមការ​អះអាងបន្ថែម​របស់​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ចិន​ដដែល។

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterrres ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ាគីស្ថាន ក៏​បាន​បង្ហាញ​ទំនុក​ចិត្ត​​លើ​កិច្ចខិត​ខំប្រឹង​ប្រែង​របស់​អាជ្ញាធរ​ចិន​ដែរ ថា​នឹង​ពិត​ជា​ធ្វើ​ឱ្យ​ជំងឺ​កូវីត​១៩​ចុះ​ថមថយ​ឥទ្ធិពល​ជា​លំដាប់​បាន។

ប៉ុន្តែ សម្រាប់នាយក​អង្គការ​សុខភាពពិភពលោក​វិញ លោក​បាន​ព្រមាន​ថា​គេ​មិន​អាច​ប្រមើល​មើល​​​អំពី​ទិសដៅ​នៃ​ការ​វិវឌ្ឍ​របស់​មេរោគ​បាន​ទេ។​ លោក​នាយក​បាន​អំពាវនាវ​ឱ្យ​គ្រប់​រដ្ឋាភិបាល គ្រប់​ប្រទេស គ្រប់អង្គការ​សង្គម​ស៊ីវិល​ និង​គ្រប់​ស្ថាប័ន​សារព័ត៌មាន​ សហការ​ជាមួយ​​អង្គការសុខភាព​ពិភពលោក ផ្តល់​ដំណឹង​ បញ្ជាក់​ពីកំរិត​អាសន្ន​ត្រឹម​ត្រូវ ដោយ​មិន​ផ្តុំបំប៉ោង​​ និង​បង្អើលភាព​ភ័យ​ខ្លាច។​

លើក​ពេល​បើក​មហាសន្និបាត​បក្ស

ទោះបី​ជា​តួលេខ​បង្ហាញ​ពីកំណើន​អ្នក​ស្លាប់​និង​ឆ្លង​ថ្មី​​យឺត​ជាង​មុន​បន្តិច​ក៏​ដោយ ក៏​អាជ្ញាធរ​ចិនខ្លួន​ឯង នៅ​បន្ត​ប្រុង​ប្រយ័ត្ន​ខ្លាំង និង​ចាត់​វិធានការ​យ៉ាង​តឹង​តែងបំផុត​ដដែល។ ខេត្ត​ហ៊ូពេ ក្រុង​វូហាននិងតំបន់​​មួយ​ចំនួន​ទៀត​​ បន្ត​ជាប់​បម្រាម​គ្មាន​សេរីភាព​ក្នុង​ការ​ធ្វើដំណើរ​ដដែល។ ​ចិន​រក្សា​វិធានការ​បិទ​ខ្ទប់ ឃាំង​ប្រជាពលរដ្ឋ​ ជាង​២៤លាននាក់​ រស់​នៅ​ក្នុង​​២០​ម៉ឺន​តំបន់​ ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ពីគេ ដោយ​ឃ្លាំ​យាម​២៤ម៉ោង​លើល​២៤ម៉ោង មិន​ឱ្យ​ចេញ​ពី​ផ្ទះ​ រហូត​ដល់​មាន​បទ​បញ្ជា​ថ្មី។ មហាសន្និបាតបក្ស ​​ដែល​រៀប​ចំ​ធ្វើ​ជា​រៀង​រាល់​​ឆ្នាំ​ តាំង​ពី​៣៥​ឆ្នាំមកនៅ​ថ្ងៃទី ៥​មីនា សម្រាប់​រយៈ​ពេល​១០​ថ្ងៃ ដើម្បី​កំណត់​ច្បាប់ កំណត់​កម្មវត្ថុ​សេដ្ឋកិច្ចប្រចាំ​ឆ្នាំ​ ទំនង​ជា​នឹង​ត្រូវ​លើក​ពេល សម្រាប់​ឆ្នាំ​២០២០នេះ ដោយហេតុ​តែ​កូរ៉ូណាវីរុស។

បើ​នៅក្នុង​ប្រទេស​ចិន ចិនកំពុង​​ប្រយុទ្ធ​ត​តាំង​យ៉ាង​ខ្លាំង​នឹង​មេរោគ នៅ​ក្រៅ​ប្រទេស​ចិនវិញ ពិភពលោក​ក៏​មិន​ស្ងប់ចិត្ត​​ដែរ។ គ្រប់​គ្នា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​​ជានិច្ច។ ការ​ព្រួយ​បារម្ភ​ខ្លាច​មេរោគ Covid-19 ​បន្ត​រីករាលដាល​នៅ​ក្រៅ​ប្រទេស​ចិន​ នៅ​តែ​ធំធេង​ដដែល ព្រោះ​ចំនួន​អ្នក​ឆ្លង​ថ្មី នៅ​ក្រៅ​ប្រទេស​ចិន​ កើន​ឡើង​ជា​លំដាប់ ​ជាក់​ស្តែង​ នៅ​សិង្ហបុរី ​ថៃ និងជាពិសេស​​​នៅ​ជប៉ុន នៅ​លើ​នាវា​ទេសចរណ៍ Diamond Princess។ ​ករណី​ស្លាប់​នៅ​ក្រៅ​ប្រទស​ចិន បាន​កើន​ឡើង​ដល់​៥​នាក់។ ម្នាក់​​នៅ​លើ​ទ្វីប​អឺរ៉ុប កាលពី​សប្តាហ៍​មុន​ និង​ម្នាក់​ថ្មី​ទៀត ​ស្លាប់​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ នៅ​តៃវ៉ាន់។ ករណី​បុរស​តៃវ៉ាន់ស្លាប់​​ជា​តំណាង​នៃ​ការ​ព្រួយ​បារម្ភ​ខ្លាំង​ជាង​គេ ព្រោះ​ជនរងគ្រោះ​មិន​បាន​ចាក​ចេញ​ពី​ទឹកដី​តៃវ៉ាន់​សោះ ស្រាប់​តែ​ឆ្លង​​មេរោគ​បាន ដោយ​គ្រាន់តែ​ឧស្សាហ៍​ជួប​​អ្នក​ដំណើរ​មក​ពី​ចិន ហុងកុង ឬ​ម៉ាកាវ នៅ​ពេល​ប្រកប​ការងារ​អ្នក​បើកបរតាក់ស៊ី។ ជនរងគ្រោះ​ បាន​ស្លាប់ផុត​ហើយ តែ​បាន​ចម្លង​មេរោគ​ដល់​សមាជិក​គ្រួសារ​ម្នាក់ទៀត។

មិន​ដឹង​ថា​មេរោគ​អាចរីករាលដាល​យ៉ាង​ណា មិន​ដឹង​ច្បាស់លាស់​ពី​ប្រភេទ​មេរោគ​ មិន​ដឹង​ថា​តើ​ចិន​មាន​សមត្ថភាព​ទប់​ទល់​មេរោគ​ប៉ុនណា... “មិនដឹង”​ ជា​ប្រភព​ដ៏​ចំបង​នៃ​ការ​ភ័យ​ខ្លាច។ តែ​អ្វី​ដែល​គេ​ដឹង​ច្បាស់ គឺ​ជំងឺរាតត្បាត​នេះ នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​​ទូទាំង​ពិភពលោក។ ​កំណើន​សេដ្ឋកិច្ចពិភពលោក​ នៅ​ឆ្នាំ ២០២០​ រំពឹងទៅ​សមត្ថភាព​របស់​ចិន​ក្នុង​ការ​ទប់​ស្កាត់​មេរោគ​។ នេះបើ​តាម​នាយិកា​អង្គការ​មូលនិធិរូបិយវត្ថុអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ