អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោក ស៊ីជីនពីង កំពុង​សាកល្បង​ទាញ​ប្រយោជន៍​ពី​ការប្រយុទ្ធ​ប្រឆាំង​នឹង​កូរ៉ូណាវីរុស ?

សំឡេង ០៤:៤៥
ស៊ីជីនពីង កំពុងទាញប្រយោជន៍ពីការប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុស ?
ស៊ីជីនពីង កំពុងទាញប្រយោជន៍ពីការប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុស ? EUTERS/Aly Song
ដោយ៖ អៀង សុខម៉ិញ
២៨ នាទី

ផ្ទុះ​ឡើង​ដំបូង​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៩​ នៅ​ក្រុង​វូហាន ខេត្ត​ហ៊ូពេ កូរ៉ូណា​វីរុស ឬ​កូវីត​-១៩ បាននិង​កំពុង​​បន្ត​សម្លាប់ ​ និង​ចម្លង​មនុស្ស​បន្ថែម​ជា​រៀង​រាល់​ថ្ងៃ នៅប្រទេស​ចិន។ តួលេខ​បញ្ជាក់​អំពី​ចំនួន​​អ្នក​ស្លាប់ អ្នក​ឆ្លង​ថ្មី អ្នក​ជា ក៏​ត្រូវ​បានអាជ្ញាធរ​ចិន ផ្តល់​ជូន​​ជារៀង​រាល់​ថ្ងៃ​ដែរ។ ​មិន​តែ​ប៉ុណ្ណោះ អាជ្ញាធរ​កុម្មុយនិស្ត​ បាន​ផ្សព្វផ្សាយ​សុន្ទរកថា​របស់លោកស៊ីជីនពីង ​ ​ដែលបញ្ជាក់​ថា ប្រធានាធិបតី​ចិន​បាន​ដឹង​អំពី​ភាព​ធ្ងន់ធ្ងរ​ខ្លាំង​នៃ​ជំងឺ​រាតត្បាត​កូរ៉ូណា​ថ្មី តាំង​ពី​ថ្ងៃទី ៧ មករា ២០២០​ ពោលគឺ​តាំង​ពី​ដំបូងភ្លាមម្ល៉េះ។

ផ្សាយពាណិជ្ជកម្ម

គិត​ចាប់តាំង​ពី​​បដិវត្ត​វប្បធម៌​បាន​បិទ​បញ្ចប់​ទៅ នេះ​ជា​លើក​ទី​មួយដែល​សភា​ប្រជាជន​ចិន ត្រូវ​លើក​ពេល​បើក​សម័យ​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់ខ្លួន ដែល​មានប្រពៃណី​បើក​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ នៅ​ដើម​ខែ​មីនា។ តាម​ទម្លាប់​ សមាជិក​សភា ២៩៨០​រូប និង​ប្រតិភូមកពីគ្រប់​ខេត្ត​ក្រុង​ជាង​ពីរពាន់នាក់​ផ្សេង​ទៀត ត្រូវ​មក​ជួប​ជុំ​គ្នា​នៅ​ក្នុង​វិមាន​ប្រជាជន​ នា​ទីក្រុង​ប៉េកាំង ជាមួយ​នឹង​​កាលវិភាគ​ស្ទើរ​មិន​ប្រែប្រួល​សោះ តាំង​ពី ឆ្នាំ​១៩៧០មក។ បើ​សរុបទាំង​​បុគ្គលិក​ធ្វើការ​ ដែល​មក​រៀប​ចំ​​តាំង​ពី​ជាង​១០​ថ្ងៃ​មុន​ទៀត សម័យប្រជុំ​សភា​ប្រចាំ​ឆ្នាំ​ តែង​​ប្រមូល​​ផ្តុំ​មនុស្ស​ប្រមាណ​​ជាង​ ៨ពាន់​នាក់។

បើ​តាម​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ចិន គណៈកម្មការ​អចិន្ត្រៃយ៍​សភា​ ត្រូវ​សម្រេច​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២៤​កុម្ភៈ ថា​លើក​សម័យ​ប្រជុំ​ឬ​ក៏​អត់។ ប៉ុន្តែ​គ្មាន​អ្វី​គួរ​ឱ្យ​សង្ស័យ​ទេ។ សភា​ច្បាស់​ជា​លើក​ពេល​ប្រជុំ គ្រាន់​តែ​មិន​ដឹង​លើក​ពេល​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ ព្រោះ កាលពី​ថ្ងៃ​ទី ១៤​កុម្ភៈ ប៉េកាំង​បាន​ចេញ​បទបញ្ជា​ឱ្យ​​ឃុំ​ជន​គ្រប់រូប​ដែល​ត្រលប់​ចូល​រដ្ឋធានី ឱ្យនៅ​​ដាច់​ដោយ​ឡែក​ពី​គេ​២​សប្តាហ៍​សិន។ ដូច្នេះ​​ប្រតិភូ​ណា​ដែល​ត្រូវមក​ចូល​រួម​ប្រជុំសភា ត្រូវ​ចាក​ចេញនិង​អវត្តមាន​​ពី​ខេត្ត​របស់​ខ្លួន រយៈ​ពេលជិត​មួយ​ខែ។ អាជ្ញាធ​រ​ចិន​ពិត​ជា​អាច​អនុញ្ញាត​ឱ្យ​មេដឹកនាំ​បាត់​មុខ​​យូរ ក្នុង​ពេល​កំពុង​មាន​វិបត្តិ​ធ្ងន់ធ្ងរ​​ដូច្នេះ​បាន​ឡើយ។

សេចក្តី​សម្រេច​បែបនេះ ស​បញ្ជាក់​ឱ្យ​ឃើញ​​ថាលោក ស៊ី ជីនពីង ផ្តល់​តម្លៃ ដល់​​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគ​រាតត្បាត​​កូរ៉ូណា​វីរុស សំខាន់​ជាង​អ្វីៗ​ទាំងអស់។ នេះជាសេចក្តី​សម្រេច​ប្រកប​ដោយ​និម្មិត្ត​រូប​ខ្ពស់​ណាស់ ព្រោះ​ការ​លើក​សម័យ​ប្រជុំ​សភា​ នឹង​ធ្វើ​ឱ្យ​កាលវិភាគ​ការ​ទូត​និង​កាលវិភាគ​របស់​ប្រធានាធិបតី​ ត្រូវ​ប្រែប្រួល​ដែរ។ តាម​គម្រោង​លោក ស៊ី ជីនពីង ត្រូវ​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​ដ៏​សំខាន់​មួយ​នៅ​ប្រទេស​ជប៉ុន នៅ​ដើម​ខែ​មេសា និង​ត្រូវ​បើក​​​ជំនួប​ ចិន-សហភាព​អឺរ៉ុប នៅ​ចុង​ខែ​មីនា នៅ​ប៉េកាំង ព្រមទាំង​ជំនួប​កំពូល​ចិន​និង​ក្រុម​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត​នា​ពាក់កណ្តាល​ខែ​មេសា។ យោង​តាម​ស្ថានភាព​បច្ចុប្បន្ន ប្រធាន​គណៈកម្មការអឺរ៉ុប​និងប្រធាន​​ក្រុមប្រឹក្សា​អឺរ៉ុប​ទំនង​ជា​មិនអាច​​អញ្ជើញ​ទៅ​ប៉េកាំង​បានទេ។

បន្ថែម​ពី​លើ​ការ​ប្រកាស​លើក​សម័យ​ប្រជុំ​សភា ទស្សនាវដ្តី​របស់​គណៈកម្មការ​កណ្តាល​បក្ស​ បាន​ផ្សព្វផ្សាយ​ ខុស​ទម្លាប់ កាលពី​ថ្ងៃទី ១៥​កុម្ភៈ សុន្ទរកថា​ទាំង​ស្រុង​របស់​លោក ស៊ី ជីនពីង ធ្វើ​នៅ​ចំពោះ​មុខ​សមាជិក​គណៈកម្មការអចិន្ត្រៃ​យ៍​នៃ​ការិយាល័យ​​នយោបាយ​មជ្ឈិមបក្ស​ ដែល​ជា​ស្ថាប័ន​កំពូលចិន។​ នៅ​ក្នុង​សុន្ទរកថា​ លោក​ ស៊ី ជីនពីង បាន​រំលឹក​ថ្នាក់​ដឹកនាំ​ទាំង​អស់​នោះឡើង​វិញ អំពីវិធានការ​ ការពារ និងគ្រប់គ្រង​រោគរាតត្បាត ដែល​លោកធ្លាប់​​បាន​ស្នើ​​នៅ​ក្នុង​ជំនួប​ប្រជុំថ្ងៃទី ៧ មករា រាប់​ទាំង​វិធានការ​​បិទ​ក្រុង​វូហាន និង​ក្រុង​ផ្សេង​ទៀត នៅខេត្ត​​ហ៊ូពេផង។ ​វិធានការ​នេះត្រូវ​បាន​​អនុវត្តចាប់​ពី​ថ្ងៃ​ទី ២៣មករា។ ក្នុងសុន្ទរកថា​នោះ លោក ស៊ី ជិនពីង បាន​ប្រើ​ពាក្យ​ថា « ខ្ញុំ” ដល់​ទៅ ១៣​ដង។ បាន​ន័យ​ថា ពេញ​មួយ​ខែមករាកន្លង​មក​ ថ្វីបើ​គេ​មិន​បាន​ឃើញ​មុខ​លោក​ប្រធានាធិបតី​មែន តែ​​លោកពិតជា​អ្នក​បញ្ជាកិច្ចការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូរ៉ុណាវីរុស។

ការ​បង្ហើប​ព័ត៌មាន​មួយ​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​សង្កេតការណ៍​ភ្ញាក់​ច្រងាង ព្រោះ​វា​ខុស​ស្រលះ​​អ្វីដែលគេធ្លាប់​គិតថា​ប៉េកាំង​ទំនង​ជា​មិន​បាន​ដឹង​រឿង​កូរ៉ូណា​មុន​ថ្ងៃទី ១៨-១៩​មករាទេ។ ប៉ុន្តែបើ​ប៉េកាំង​ដឹង​តាំង​ពី​ដំបូងមែន ហេតុអ្វី​បាន​ជា​ត្រូវ​រង់ចាំ​ដល់​ទៅពីរ​សប្តាហ៍​ទើប​ប្រកាស​​បិទ​វូហាន ? ហេតុអ្វីបាន​ជា​លោក​ស៊ីជីនពីង ​ចង់​បង្ហាញ​ថា​លោក​ជា​អ្នក​ដឹកនាំ​ប្រតិបត្តិការ​ប្រឆាំង​នឹង​កូរ៉ូណាវីរុស ?​ មក​ពី​មាន​អ្នក​បន្ទោស​លោក​ស៊ីជីនពីង​ដែលអវត្តមាន​យ៉ាង​ចម្លែក​នៅ​រវាង​ពី​ថ្ងៃទី ២១ មករា ​ដល់​១០​កុម្ភៈ ឬ ? ឬ​ក៏​មក​ពី​ពេល​នេះ​ស្ថានភាព​បាន​ប្រសើរ លោកចង់​ទាញ​យក​ស្នាដៃ ?

ទោះ​ដោយ​ហេតុផល​ណាមួយ​ក៏​ដោយ ក៏​លោក​ស៊ីជីនពីង ដូច​ជា​​ប្រថុយប្រថានបន្តិច។ លោក បាន​ទទួល​ស្គាល់​នៅ​ក្នុង​សុន្ទរកថា​នោះ​ថា ត្រូវ​កែ​ទម្រង់​អភិបាលកិច្ច​ឱ្យ​បាន​ប្រសើរ​ឡើង ឬ​និយាយ​ឱ្យ​ស្រួល​ស្តាប់ គឺ​ទំនង​ជា​មាន​បញ្ហាផ្នែក​អភិបាលកិច្ច។ ប៉ុន្តែ តាមរយៈ​ រឹត​បន្តឹងវិធានការ​តាមប្រព័ន្ធ​សង្គម តាម​ប្រព័ន្ធ​អ៊ីនធ័រនែត វិធានការ​បិទ​ខ្ទប់​ចរាចរណ៍​របស់​ពលរដ្ឋ ក្រោម​ផ្លាក​សន្តិសុខ​សុខភាព ​លោក​ ស៊ីជីនពីង ហាក់​កាន់​តែឡើង​ខ្លាំង និង​អាច​គ្រប់គ្រង​នយោបាយ​និង​ពលរដ្ឋ​បាន​កាន់​តែ​ស្រួល។ លោក​ប្រធានាធិបតី បាន​រុញ​មនុស្សជំនិត​ឡើង​ម​ក​គ្រប់គ្រង​នៅ​ស្ទើរ​គ្រប់​ខេត្ត មិន​ថា​នៅ​ហុងកុង​ ឬ​នៅ​ហ៊ូពេ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ