អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ថៃ​ប្រឈម​នឹង​ការបាត់បង់​តំណែង​ជា​ជើង​ឯក​ផ្នែក​នាំ​ចេញ​អង្ករ

សំឡេង ០៤:៣៣
កសិករ​ថៃ​កំពុង​ស្ទូង​ស្រូវ
កសិករ​ថៃ​កំពុង​ស្ទូង​ស្រូវ Getty Images/Patrick Foto
ដោយ៖ អៀង សុខម៉ិញ
២៧ នាទី

នៅ​ឆ្នាំ២០២០នេះ​ ទិន្នផល​ស្រូវ​របស់​ថៃ ​​ធ្លាក់​ចុះ និង​មិន​សូវ​ប្រកួត​ប្រជែង​ទេ។ ដូច្នេះ​ថៃ អាច​នឹង​ត្រូវ​ធ្លាក់​ចំណាត់​ថ្នាក់ ​ជា​ប្រទេស​អ្នក​នាំ​អង្ករចេញ​លំដាប់​លេខ​មួយ​​ពិភពលោក។ ប្រទេស​ដែល​នឹង​មកដណ្តើមយក​តួនាទីនេះ​ពី​ថៃ គឺ​វៀតណាម។

ផ្សាយពាណិជ្ជកម្ម

ថៃ​មាន​ឈ្មោះ​បោះ​សំឡេង ជា​ប្រទេស​អ្នក​នាំ​អង្ករ​ចេញ​ដ៏​សំខាន់​មួយ​ នៅ​លើ​ពិភពលោក តាំង​ពី​ទសវត្សរ​៦០មក និងធ្លាប់​​បាន​ជាប់​ចំណាត់​ថ្នាក់​​លេខ​មួយ​​ផង។ ប៉ុន្តែ​នៅ​ឆ្នាំ២០២០​ ​រាជាណាចក្រថៃ នឹង​អាច​បាត់​បង់​នាម​ជា​ប្រទេស​នាំ​ចេញ​អង្ករ​លំដាប់​ទីពីរ​ពិភពលោក ដោយ​ធ្លាក់​ចំណាត់​មក​នៅ​ត្រឹម​លេខ​បី​។ សមាគម​អ្នក​នាំ​ចេញ​អង្ករ​ថៃ បានទទួល​ស្គាល់​ដោយ​ខ្លួន​ឯង​តែ​ម្តងថា សម្រាប់ការ​​នាំ​ចេញ​​នាឆ្នាំ​២០២០នេះ ថៃមិន​អាច​សម្រេច​កម្មវត្ថុប្រមូល​​អង្ករ​ឱ្យ​បាន​៧លាន​តោន​កន្លះ​​បាន​ទេ បើ​ទោះ​បី​ជា​កម្មវត្ថុឆ្នាំ​នេះ​មាន​កំរិត​​ដ៏​ទាប​ខ្លាំង​មិន​ធ្លាប់​មាន​គិត​ចាប់​ពី​ឆ្នាំ​២០១៣មក​ក៏​ដោយ។

​​ផ្ទុយ​ទៅ​វិញ វៀតណាម ដែលមាន​សង្ឃឹម​ថា​នឹង​អាច​​នាំ​​​អង្ករ​ទៅលក់​នៅ​​បរទេស​បាន​ចំនួន​ ៧​លាន​តោន នៅ​ឆ្នាំ​នេះ អាច​នឹង​ឆក់​ឱកាសវ៉ារ​ថៃ​យក​តំណែង​ជា​អ្នក​នាំ​ចេញ​អង្ករ​លំដាប់​ទីពីរពិភពលោក។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ Chookiat​ Ophaswongse​ ប្រធាន​កិត្តិយស​សមាគម​អ្នក​នាំ​អង្ករ​ចេញ​​របស់​ថៃ ដែល​ពន្យល់​ទៀត​ថា វៀតណាម​មិន​ត្រឹម​តែ​អាច​នាំ​ចេញ​អង្ករ​ក្នុង​តម្លៃ​ថោក​ជាង​ថៃ​ទេ តែ​ថែម​ទាំង​បាន​ពង្រឹង​វត្តមាន​នៅលើ​ទីផ្សារ​អង្ករ​សំខាន់ៗ​ ដូច​ជា​ទីផ្សារ​ចិន ហុងកុង ម៉ាឡេស៊ី និង​ហ្វីលីពីន។ កិច្ចព្រមព្រៀង​ផ្តោះប្តូរ​ពាណិជ្ជកម្មសេរី ​វៀតណាម-អឺរ៉ុប​ ជា​ឱកាស​មួយ​បន្ថែម​ទៀត សម្រាប់​​វៀតណាម​​បង្កើន​ការ​នាំ​ចេញ​អង្ករ​ទៅ​សហភាព​អឺរ៉ុប។

ក្នុង​ប្រវត្តិ​នាំ​ចេញ​​អង្ករ វៀតណាម​ធ្លាប់​បាន​វ៉ារ​ឈ្នះថៃ​តែ​ម្តង​​នៅ​ឆ្នាំ២០១២។ នៅឆ្នាំនោះ រដ្ឋាភិបាល​ថៃ របស់​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា មិន​អាច​បញ្ចេញ​អង្ករ​ទៅ​លក់​នៅលើ​​ទីផ្សារ​អន្តរជាតិ​ ឱ្យ​អស់​ពី​ស្តុក​បាន ព្រោះ​រដ្ឋាភិបាល​បាន​ប្រមូលទិញ​ស្រូវ​ពីប្រជាពលរដ្ឋ​ក្នុង​តម្លៃ​ថ្លៃ​ពេក ទើប​មិន​អាច​ទៅ​ប្រកួត​ប្រជែង​នឹង​គេ​បាន។ នយោបាយ​ទិញ​ស្រូវ​ថ្លៃ​ពី​ប្រជាពលរដ្ឋ​ ​បាន​នាំ​​លោកស្រី​ យីងឡាក់ ឱ្យ​ទៅ​ប្រឈម​នឹង​តុលាការ​ ពី​បទ​ធ្វេសប្រហែសធ្វើ​ឱ្យ​ខូច​ផលប្រយោជន៍​ជាតិ​ និង​ទំនង​​ជាលេស​មួយ​ជំរុញ​ឱ្យ​មេដឹកនាំ​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោកស្រីនៅ​ឆ្នាំ​២០១៤។ ការនាំ​ចេញ​អង្ករ​របស់​ថៃ បានឡើង​ដល់​កំរិត​ដើម​វិញ នៅ​ឆ្នាំ​២០១៤ ប៉ុន្តែ​ថៃ​លែង​មាន​ចំណែកធំ​នៅ​​លើ​ផ្សារ​អង្ករ​ដូច​មុន​ទៀត​ហើយ ជាពិសេសទីផ្សារ​នៅហុងកុង។

តើមាន​​មូលហេតុ​អ្វី​ដែល​ជំរុញ​ឱ្យ​ថៃ មិន​អាច​សម្រេច​កម្មវត្ថុ​នាំ​ចេញ​អង្ករ​របស់​ខ្លួន​បាន សម្រាប់​ឆ្នាំ​២០២០?

ផ្ទុយ​ពី​ឆ្នាំ​២០១២ នៅ​ឆ្នាំ​២០២០នេះ ថៃ​ខ្វះ​អង្ករ​សម្រាប់​នាំ​ចេញ​តែ​ម្តង ! ដោយហេតុតែ​ភាព​រាំង​ស្ងួត ស្រូវផ្តល់​ទិន្នផល​​ទាប។ ម្យ៉ាង​ទៀត អង្ករ​ថៃ​បាត់​ភាព​​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ ដោយសារ​​លុយ​បាត​ឡើង​ថ្លែ​ បើប្រៀប​ទៅនឹង​ប្រាក់​ដុល្លារ​អាមេរិក។ នៅមាន​បញ្ហា​មួយ​ទៀត ដែល​ធ្វើ​ឱ្យ​ការ​នាំ​ចេញ​​ធ្លាក់​ចុះដែរ គឺ​ថៃ​មិន​ចេះ​បង្កើន​​ប្រភេទ​អង្ករ ​សម្រាប់​តម្រូវ​ចិត្ត​ទីផ្សារ​ពិភពលោក ចង់​បាន​រសជាតិ​ថ្មីៗ​រហូត​ទេ។ ពិភពលោក​កាន់​តែ​និយម​ ចង់​បានច្រើនឡើងៗ ​អង្ករ​ក្រអូប​ ឬ​ទន់។ តំណាង​សមាគម​កសិករអ្នក​នាំ​អង្ករ​ចេញ​ថៃ ក៏​ធ្លាប់​បាន​ទទួល​ស្គាល់​ថា​ អង្ករ​ថៃ​លែង​សូវ​ក្រអូប​ និង​ធ្លាប់​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​រក​មធ្យោបាយ​កែ​លម្អ តែ​គ្មាន​ចម្លើយ។

ក្រៅ​អំពី​កត្តា​ក្នុង​ស្រុក​ ភាព​ប្រកួត​ប្រជែង​រវាង​ថៃ​និង​វៀតណាម ត្រូវ​រំពឹង​លើ​កត្តា​ខាង​ក្រៅ​មួយ​ទៀត គឺ​ចិន។ នេះ​បើ​តាម​ការ​អះអាង​របស់​អ្នក​ជំនាញ​សេដ្ឋកិច្ចនៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​អន្តរជាតិផ្នែក​ស្រាវជ្រាវ​កសិឧស្សាហកម្មដើម្បីអភិវឌ្ឍន៍ Cirad ​ លោក Patricio Mendez del Villar ។ តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មក​នេះ ចិន​​បានក្លាយ​ជាអ្នក​គ្រប់គ្រង​ទីផ្សារអង្ករ ដោយចិននាំ​ចូល​អង្ករ​ដ៏សម្បើម​ខ្លាំង។ ប៉ុន្តែ​ជាមួយ​នឹង​ការ​លេច​ឡើង​នៃ​មេរោគ​កូរ៉ូណា​វីរុស ចិន​បាន​បិទ​ព្រំដែន​​ជាមួយ​វៀតណាម​ជិត​ខាង។ ការ​នេះ​អាច​នឹងធ្វើ​ឱ្យ​ការ​ផ្តោះ​ប្តូរ​អង្ករ​វៀតណាម​រអាក់រអួល។ ចិន​នេះ​ដដែល​ ក៏​បានក្លាយ​ជា​ប្រទេស​នាំ​ចេញ​អង្ករ (បីលាន​តោន​នៅ​ឆ្នាំ​២០១៩) ដោយ​ធ្វើ​ការនាំ​ចេញ​ទៅ​លក់​ជា​ពិសេស​នៅ​អាហ្វ្រិក ដែល​​ជា​ការ​ច្រិប​យក​ទីផ្សារ​ពី​ថៃ និង​ពី​ឥណ្ឌា។

ក្រោយ​ពី​ពាណិជ្ជកម្ម​អង្ករ​ពិភពលោក​បាន​ធ្លាក់​ចុះ នៅ​ឆ្នាំ​២០១៩ ដោយ​ហេតុ​តែ​សេចក្តីត្រូវការ​នៅ​ឥណ្ឌូណេស៊ី នៅ​បង់ក្លាដែស និង​នៅ​ចិន​ធ្លាក់​ចុះ គេ​សង្ឃឹមថា​ការ​នាំ​ចេញអង្ករ​នឹង​អាច​កើនប្រសើរ​​ឡើង​វិញ​​​នៅ​ឆ្នាំ​២០២០​។ ប៉ុន្តែរោគ​រាតត្បាត​ Covid-19 អាច​ជា​អាវុធ​មុខ​ពីរ ៖ ទប់​ពាណិជ្ជកម្ម​អង្ករ ឬជំរុញ​ឱ្យមាន​ការ​បង្កើន​ស្តុក​អង្ករ នៅ​ចិន ​ហុងកុង ឬ​​សិង្ហបុរី។

អ្វី​ដែល​ច្បាស់​លាស់​ជាង​គេ គឺ​ឥណ្ឌានឹង​រក្សា​តំណែង​ជា​អ្នកនាំ​អង្ករ​​ចេញ​លំដាប់ទីមួយពិភពលោក ដោយ​មាន​ចំណែក​ដល់​ទៅ​២៥%​លើ​ទីផ្សារ​ពិភពលោក។​ ហើយ​តម្លៃ​អង្ករ​នឹង​ប្រែប្រួល​ចុះ​ឡើង​ខ្លាំង​ជាង​ឆ្នាំ​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ