អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រេងដូងម៉ាឡេស៊ី រងវិបត្តិកូរ៉ូណាវីរុសផង វិបត្តិភូមិសាស្ត្រនយោបាយផង

សំឡេង ០៥:០៣
ចំការ​ដូង​ប្រេង​នៅកោះ​ស៊ូមាត្រា​ ប្រទេស​ឥណ្ឌូណេស៊ី
ចំការ​ដូង​ប្រេង​នៅកោះ​ស៊ូមាត្រា​ ប្រទេស​ឥណ្ឌូណេស៊ី Jefta Images / Barcroft Images / Barcroft Media via Getty Images
ដោយ៖ អៀង សុខម៉ិញ
៣០ នាទី

នៅពេល​មាន​រោគរាតត្បាត​ចូល​មក​ចំពេល​មាន​វិបត្តិ​ភូមិសាស្ត្រ​នយោបាយ វិបត្តិ​​តូច​ប្រាកដ​ជា​អាច​ក្លាយ​ជា​ធំបាន។ នេះ​ជា​អ្វី​ដែលកំពុង​កើត​មាន​ចំពោះ​ប្រេង​ដូង​ម៉ាឡេស៊ី។ ដូច​​វត្ថុ​ធាតុ​ដើម​ផ្សេងៗទៀតដែរ ប្រេងដូង​ម៉ាឡេស៊ី បាន​ដាំក្បាល​ធ្លាក់​ថ្លៃ​​យ៉ាង​ខ្លាំង មិន​ធ្លាប់​មាន​​គិត​ចាប់​តាំង​ពី​​ឆ្នាំ​២០០៨​មក។ តែ​មូលហេតុមិនមែន​បណ្តាល​មកតែ​​ពី វិបត្តិកូរ៉ូណា​វីរុស មួយ​ទេ។ តម្លៃ​ប្រេង​ដូង​ម៉ាឡេស៊ី រង​សម្ពាធ​ដ៏ធ្ងន់​មួយ​​ទៀត​មក​ពី​ខាង​ឥណ្ឌា។ ដោយ​ហេតុ​តែ​​មិន​ពេញ​ចិត្ត​នឹង​ពាក្យ​រិះគន់​របស់​ម៉ាឡេស៊ី ឥណ្ឌាបាន​សងសឹក​ដោយ​​ដាក់​ទណ្ឌកម្មលើ​ការ​នាំ​ចូល​ប្រេង​ដូង​ម៉ាឡេស៊ី។

ផ្សាយពាណិជ្ជកម្ម

​កាលពី​ថ្ងៃទី ៣១​មករា ២០២០ តម្លៃ​ប្រេង​ដូង​ម៉ាឡេស៊ី​លើ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ថ្លៃ ចុះ​ទាប​បំផុត​មិន​ធ្លាប់​មាន​ទេ គិត​ចាប់​តាំង​ពី​ឆ្នាំ ២០០៨មក។ ​មក​ដល់​​​​ថ្ងៃ​ទី​២៤​កុម្ភៈ​២០២០ តម្លៃ​​ភាគហ៊ុន​របស់​ប្រេង​ដូង​ម៉ាឡេស៊ី នៅ​តែ​បន្ត​ធ្លាក់​ថ្លៃ​ដដែល។

បើ​ក្រលេក​មួយ​ភ្លែត គេច្បាស់​ជា​គិត​ថា​តម្លៃ​ប្រេង​ដូង​ម៉ាឡេស៊ី​ធ្លាក់​ ព្រោះ​មាន​ពាក់​ព័ន្ធ​នឹង​ការ​ព្រួយ​បារម្ភ​ជុំ​វិញ​ការ​រាត​ត្បាត​នៃ​​កូរ៉ូណាវីរុស​នៅក្នុង​​ប្រទេស​ចិន ដែល​ជា​មាន​ប្រជាពលរដ្ឋ​ច្រើន និងមាន​សេចក្តី​ត្រូវ​ការ​ធំ។ បរិបទ​បែប​នេះ​ ពិត​ជា​ធ្វើ​ឱ្យ​ទីផ្សារ​ប្រេង​ដូង​ជ្រួល​ច្របល់​ដូច​​វត្ថុធាតុ​ដើម​ផ្សេងៗទៀត ដោយ​មិន​អាច​ប្រកែក​បាន​ឡើយ។ ប៉ុន្តែ​នៅ​មាន​មូលហេតុ​ធំ​មួយ​ទៀត ដែល​មក​អង្រួន​ផលិតផល​ប្រេង​ដូង​ម៉ាឡេស៊ីឱ្យ​ក្រឡក គឺសេចក្តី​ប្រកាស​របស់​រដ្ឋាភិបាល​ឥណ្ឌា អំពាវនាវ​ឱ្យ​ក្រុម​ហ៊ុន​ឧស្សាហកម្ម​ចម្រាញ់​ប្រេង​ឥណ្ឌាធ្វើ​ពាហិការ​មិន​​នាំ​ចូល​ប្រេង​​ដូង​មក​ពី​ម៉ាឡេស៊ី។

រដ្ឋាភិបាល​ក្រុង​ញូវដែលី មិន​ពេញ​ចិត្ត​នឹង​ពាក្យ​រិះគន់​​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ចំពោះ​ច្បាប់​ថ្មី​ស្តីពី​ការ​ចូល​សញ្ជាតិ​ ដែល​សភា​បាន​ទើប​បាន​អនុម័ត​កាល​ពី​ដើម​ខែ​ធ្នូ​២០១៩។ ជា​ច្បាប់​ ដែល​មិនអនុគ្រោះសោះដល់ពលរដ្ឋ​អ្នក​​​កាន់​សាសនា​អ៊ីស្លាម។ លោក មហាធៀរ មហាម៉ាត់ បាន​ប្រកាស​នៅ​ថ្ងៃ​ទី ២០ ធ្នូ ២០១៩ ​ថា “មាន​មនុស្ស​​ស្លាប់ច្រើន​ដោយ​សារ​ច្បាប់​ថ្មី​របស់​ឥណ្ឌា​”! សម្រាប់​លោក​នាយករដ្ឋមន្ត្រី​​ម៉ាឡេស៊ី​ តើចាំបាច់​​អ្វី​ដែលឥណ្ឌា​​ត្រូវ​ធ្វើច្បាប់​ថ្មី បើ​ប្រជាពលរដ្ឋ​រស់​នៅ​សុខសាន្ត​នឹង​គ្នា​អស់​រយៈ​ពេល​៧០​ឆ្នាំ​មក​ហើយនោះ ?! កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៩ ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ីដដែល ក៏​ធ្លាប់​បាន​បរិហារ​​នយោបាយដក​ស្វ័យភាព​តំបន់​កាស្មៀរ ​របស់​រដ្ឋាភិបាល​លោក​ម៉ូឌី ទៀតថា​ ជាការ​ចូល​ “ឈ្លានពាន និង​ ​ត្រួតត្រា”​តំបន់​។ លោ​ក មហាធៀរ បាន​ថែម​ទាំង​ជំរុញ​ឱ្យ​ឥណ្ឌា​បើក​ការចរចា​ជាមួយ​ប៉ាគីស្ថាន​ផង។ ប្រតិកម្ម​របស់​ប្រមុខ​ដឹកនាំ​ម៉ាឡេស៊ី​ នៅពេល​នោះ បាន​ធ្វើ​ឱ្យ​ឥណ្ឌា​ខឹង​សម្បារ​ និងបាន​ព្រមានធ្វើ​ពាហិការ​ចំពោះ​ផលិតផល​ម៉ាឡេស៊ី​ ម្តង​​ហើយ។

តែ​រហូត​មក​ទល់​នឹង​ពេល​នេះ ឥណ្ឌា​បង្ហាញ​ការ​មិនពេញ​ចិត្ត​នឹង​ម៉ាឡេស៊ី ត្រឹម​ជា​ការ​ណែនាំ​ ដោយ​ពាក្យ​សំដី​ ឱ្យ​ក្រុមហ៊ុន​ឧស្សាហកម្ម​​ឥណ្ឌាធ្វើ​ពាហិការ​មិន​ទិញ​​ប្រេង​ដូង​ម៉ាឡេស៊ី​ប៉ុណ្ណោះ។ មិនទាន់​ជា​ការ​ហាមឃាត់ ជា​​ផ្លូវការ ​មិន​ឱ្យ​នាំ​ចូលប្រេង​ដូង​មក​ពី​ម៉ាឡេស៊ីផង ​ផលវិបាក​ធ្ងន់ធ្ងរ​ខ្លាំង​ទៅហើយ។ ហេតុ​អ្វី​បាន​ជា​ម៉ាឡេស៊ី​រំពឹង​លើ​ទីផ្សារ​ឥណ្ឌា​ខ្លាំង​ម្ល៉េះ? ហើយ​ហេតុ​អ្វី​បាន​ជា​ឥណ្ឌាចង់​មួល​ខ្ចៅ​ម៉ាឡេស៊ី ដោយ​ដៅ​លើ​ផលិតផល​ប្រេង​ដូង ?

​​ត្រឹម​តែ​សេចក្តី​អំពាវនាវ​ ​ឱ្យ​ធ្វើ​ពាហិការ​មិនទិញ​​ប្រេង​​ដូង​​ម៉ាឡេស៊ី ​ផលវិបាក​សេដ្ឋកិច្ចមាន​ទំហំ​​​ធ្ងន់ធ្ងរ​ណាស់ទៅ​ហើយ ព្រោះ ឥណ្ឌា ជា​ប្រទេស​នាំ​ចូល​ប្រេងឆា (ចម្រាញ់​ចេញ​ពី​រុក្ខជាតិ​) ច្រើន​ជាង​គេបង្អង់​​នៅ​លើ​ពិភពលោក ក្នុង​នោះ ៩​លាន​តោន​ជា​ប្រេង​ដូង និង​៤,៥​លាន​តោន​ជា​ប្រេង​ដូង​មក​ពី​ម៉ាឡេស៊ី។ ឥណ្ឌា​ជាទីផ្សារ​ស្រូប​យក​ មួយ​ភាគ​បួន​នៃ​ផលិតផល​ប្រេង​ដូង​ម៉ាឡេស៊ីសរុប។ ដូច្នេះ​ម៉ាឡេស៊ី ពិត​ជានឹង​ត្រូវ​​ជួប​ការ​លំបាក​ខ្លាំង​ណាស់​ក្នុងការ​រក​អតិថិជន​ថ្មី​មក​ជំនួស​ឥណ្ឌា​ណាស់។

ម្យ៉ាង​វិញ​ទៀត សហភាព​អឺរ៉ុប ដែលជា​​ក្រុម​ប្រទេស​អ្នក​នាំ​ចូល​ប្រេង​ដូងធំ​ជាង​គេ​ដែរ បន្ទាប់​ពី​ឥណ្ឌា​និងចិន ក៏​ចាប់​ផ្តើម​បិទ​ទ្វារបន្តិចម្តងៗ​​លែង​ចង់​ប្រើ​ប្រេង​ដូង​នេះ​ទៀត​ហើយ។ សហភាព​អឺរ៉ុបចេញ​បម្រាម​ កាលពី​ខែ​ធ្នូ​២០១៩ ឱ្យ​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​គិត​គូរ​​ស្ថាបនា​សេដ្ឋកិច្ច​ដោយ​ឈរ​លើ​គំរូ​បរិស្ថាន ដែល​មិន​បន្សល់​ជាតិ​កាបូនបំពុលបរិយាកាស​ឱ្យ​បាន​នៅ​ឆ្នាំ​២០៥០ និង ​ហាមឃាត់​មិន​ឱ្យ​ប្រើ​ប្រេង​ដូង​ ជា​ប្រេង​ឥន្ធនៈ​នៅ​អឺរ៉ុប​ចាប់​ពី​ឆ្នាំ​២០៣០​ទៅ ព្រោះ​ការ​​ដាំដូង​ប្រេង ជាប់​ឈ្មោះ​អាក្រក់​ជា​​កសិកម្មបំផ្លាញ​ព្រៃឈើ​ ព្រៃ​ត្រូពិច និងជម្រក​​សត្វ​។

​​ដាក់​ទណ្ឌកម្ម​ ដោយដៅលើ​ប្រេង​ដូង គឺ​ដូច​ជា​បាន​​ចុចត្រូវ​​ចំណុចដ៏​​រសើប​ខ្លាំងរបស់​​​ម៉ាឡេស៊ី​ តែ​ឥណ្ឌា​ខ្លួន​ឯងមិន​​ខាត​ប្រយោជន៍​ទេ ព្រោះ​បើឥណ្ឌា​បិទ​ទីផ្សារ​ម៉ាឡេស៊ី នោះ​ឥណ្ឌូណេស៊ី ប្រទេស​ដែល​ជា​គូ​ប្រជែងម៉ាឡេស៊ី​​ដ៏ធំ​ក្នុង​វិស័យ​ដូងប្រេង ពិត​ជាបាន​ឱកាស​មក​ដណ្តើម​យក​ចំណែក​នៅ​លើ​ទីផ្សារ​ឥណ្ឌា​ជាក់​ជាពុំ​ខាន។ ដូច្នេះអ្វីៗ​អាស្រ័យ​លើ​​ថា​តើ​ ពហិការ​​ឥណ្ឌា​មិន​ទិញ​ប្រេង​ដូងពី​​ម៉ាឡេស៊ី មាន​ទំហំ​ប៉ុនណា ?​ តើ​ប្រេង​ដូង នឹង​ក្លាយ​ជា​គ្រឿង​រំអិល​យន្តការ​ទំនាក់​ទំនង​ឥណ្ឌា-ម៉ាឡេស៊ី​ដែល​គាំងច្រែស​បាន​ដែរ​ឬ​ទេ? បើ​តាម​​ភ្នាក់ងារ​ Agritel គេ​សង្កេត​ឃើញ​មានការ​នាំ​ចេញ​​ប្រេង​ដូងម៉ាឡេស៊ី​ ចាប់​កំរើក​បន្តិច​​នៅ​​រវាង​ពី​ថ្ងៃ ១-២០​កុម្ភៈ ២០២០ ដោយ​ឥណ្ឌា​បានចាប់​បន្ធូរ​បម្រាម​នាំ​ចូល​បន្តិច។

សូម​បញ្ជាក់​ថា ប្រេង​ដូង ជា​ផលិតផល​ប្រេង​រុក្ខជាតិ​ ដែលមនុស្ស​លោក​ទទួល​ទាន​ច្រើន​ជាងគេ​បំផុត។ ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ជា​ប្រទេសដាំ​ដូង​ប្រេង​សំខាន់​ជាងគេ​នៅ​លើ​ផែនដី ពោល​គឺ​ស្មើ​នឹង​៨៥%​នៃ​ផលិតផល​ដូង​ប្រេង​សរុប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ