ម៉ាឡេស៊ី

មហាធៀរ មហាម៉ាត់៖ សភា​នឹង​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្រ្តី​ថ្មី នៅថ្ងៃចន្ទ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅក្នុង​សន្និសីទ​កាសែត ថ្ងៃ​ព្រហស្បតិ៍ទី ២៧ កុម្ភៈ ២០២០
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅក្នុង​សន្និសីទ​កាសែត ថ្ងៃ​ព្រហស្បតិ៍ទី ២៧ កុម្ភៈ ២០២០ © REUTERS/Lim Huey Teng

សភា​ម៉ាឡេស៊ី​នឹង​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្រ្តី​ថ្មី នៅ​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍ ក្រោយ ដើម្បី បិទបញ្ចប់​វិបត្តិនយោបាយ ដែល​បណ្តាល​មកពីការលាលែង​ពីតំណែង ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​លោកនាយករដ្ឋមន្រ្តី មហាធៀរ មហាម៉ាត់។ នេះ​បើតាម​ការប្រកាស​របស់​លោក​មហាធៀរ ខ្លួនឯង នៅ​បន្ទាប់​ពី​លោក​បាន​ចូល​គាល់​ព្រះមហាក្សត្រ​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។ បើតាម លោកមហាធៀរ ម៉ាឡេស៊ី នឹង​រៀបចំ​ការបោះឆ្នោត​សាជាថ្មី បើសិន ជា​គ្មានបេក្ខជន​ណាម្នាក់ បាន​ទទួល​សំឡេង​គាំទ្រ ភាគច្រើន នៅ​រដ្ឋសភា។ 

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ជួបប្រជុំ​ជាមួយ សមាជិក​សភា​ទាំង ២២២​រូប នៅ​ដើម​សប្តាហ៍​នេះ ព្រះមហាក្សត្រ​​ម៉ាឡេស៊ី​បាន​ទទួល​ជួប លោក​មហាធៀរ មហាម៉ាត់ ដែល​បាន​ប្រកាស​លាលែង​ពីតំណែង​នាយករដ្ឋមន្រ្តី​កាលពី​ថ្ងៃ ចន្ទ។ តាំង​ពី​ថ្ងៃ​ចន្ទ ម៉ាឡេស៊ី​បានធ្លាក់ចុះ​ក្នុង​វិបត្តិនយោបាយ សាជាថ្មី បន្ទាប់ពី ការចុះចេញ​ពីតំណែង ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល របស់​លោក​មហាធៀរ ហើយនិង​ការប៉ុនប៉ង​មិនបាន​សម្រេច ក្នុង​ការបង្កើត​រដ្ឋាភិបាល ដោយ​គ្មាន គូប្រជែង របស់​លោកមហាធៀរ គឺ លោក​អាន់វ៉ា អ៊ីប្រាហ៊ីម។

នៅក្រោយចូល​គាល់​ព្រះមហាក្សត្រ នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ លោក​មហាធៀរ ដែល​ពេល​នេះ​កំពុង​ដឹកនាំ​រដ្ឋាភិបាល​បណ្តោះអាសន្ន បាន​លើកឡើង​ថា ព្រះមហាក្សត្រម៉ាឡេស៊ី បាន​សម្រេច​ទុក​សិទ្ធិ​ឲ្យ​សភា​ម៉ាឡេស៊ី ជាអ្នកបោះឆ្នោត សម្រេច​ជ្រើសរើស នាយករដ្ឋមន្រ្តី​ថ្មី បន្ត​ពី​លោក​មហាធៀរ មហាម៉ាត់។

នៅ​ម៉ាឡេស៊ី ព្រះមហាក្សត្រ​ជាអ្នកជ្រើសរើស​បេក្ខជន​នាយករដ្ឋមន្រ្តី ទៅ​តាម​ការស្នើ​របស់​គណបក្ស នយោបាយនានា មុន​នឹង​ដាក់​ឈ្មោះ​បេក្ខជន នាយករដ្ឋមន្រ្តី ទៅ​ឲ្យ​សភា​ជាអ្នកបោះឆ្នោត គាំទ្រ។ បេក្ខជន​ដែល​បាន​ទទួល​សំឡេង​គាំទ្រ​ភាគច្រើន ១១២ ក្នុង​ចំណោម​សំឡេង​សរុប​នៅសភា ចំនួន ២២២ នោះ នឹង​អាច​ក្លាយ​ជា​នាយករដ្ឋមន្រ្តី។ ប៉ុន្តែ បើតាម លោកមហាធៀរ​ដដែល នៅ​ថ្ងៃ ចន្ទ បើ​សិន បេក្ខជន​នាយករដ្ឋមន្រ្តី មិន​អាច​ទទួល​បាន​សំឡេង​គាំទ្រ ភាគច្រើន នៅ​សភា នោះ ការបោះឆ្នោត មុន​កាលកំណត់​មួយ​នឹង​រៀបចំ សាជាថ្មី នៅ​ម៉ាឡេស៊ី។

គណបក្ស​បី នៃ​អតីត​រដ្ឋាភិបាលចម្រុះ ដឹកនាំ​ដោយ​លោក​មហាធៀរ មហាម៉ាត់ បាន​អះអាងថា គេ​បាន​ដាក់​រួចហើយ ឈ្មោះ លោក​អាន់វ៉ា អ៊ីប្រាហ៊ីម ជា​បេក្ខជន​នាយករដ្ឋមន្រ្តី​ថ្មី​របស់​ម៉ាឡេស៊ី។ ជាមួយ​នឹង​សំឡេង​គាំទ្រ​របស់​សមាជិក​សភា មកពី​គណបក្ស​របស់លោក ហើយនិង​គណបក្ស​ដែល​ជា​សម្ព័ន្ធមិត្ត លោក​អាន់វ៉ា អ៊ីប្រាហ៊ីម មាន​សំឡេង​គាំទ្រ​សរុប ៩២នាក់។ ដើម្បី​អាចបាន​សំឡេង​ភាគច្រើន ដល់​១១២ លោក​អ៊ីប្រាហៀម ត្រូវការ​ស្វែងរក​ប្រមូល​សំឡេង​ពី​គណបក្ស​តូចៗ​ដទៃ​ទៀត នៅ​សភាម៉ាឡេស៊ី។

ម៉ាឡេស៊ី បាន​ត្រលប់ទៅ​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​សាជាថ្មី បន្ទាប់​ពី​លោក​មហាធៀរ​បាន​ប្រកាស​លាលែង​ពី​មុខ​តំណែង​នាយករដ្ឋមន្រ្តី ក្នុង​ខណៈពេល​ដែល​សមាជិក​សភា​មួយចំនួន របស់​គណបក្ស​កាន់អំណាចចម្រុះ ដកខ្លួន ចង់​ត្រលប់​ទៅ​ចាប់ដៃ ជាមួយ​គណបក្ស​ប្រឆាំង ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី។ តាមអ្នកជំនាញ និន្នាការ​របស់​ពួកគេ​ទាំងនោះ គឺ ចង់​ផាត់​លោក​អ៊ីប្រាហ៊ីម ចេញ​ពី​រដ្ឋាភិបាល​ថ្មី និង​ទប់ស្កាត់​កុំ​ឲ្យ​លោកអ៊ីប្រាហ៊ីម អាច​ស្នងតំណែង​ជា​នាយករដ្ឋមន្រ្តី​បន្ត​ពីលោក​មហាធៀរ។ បន្តាប់​ពី​ឈ្នះឆ្នោត ដ៏ធំធេង កាលពី​ឆ្នាំ ២០១៨ ដោយមកពី​មាន​ការចូលរួបរួម​ជាមួយ​គណបក្ស​ប្រឆាំង របស់​លោកអាន់វ៉ា អ៊ីប្រាហ៊ីម លោក​មហាធៀរ ធ្លាប់​បា​សន្យា ប្រគល់​តំណែង​នាយករដ្ឋមន្រ្តី ទៅ​ឲ្យ​អ៊ីប្រាហ៊ីម នៅ១ ឆ្នាំ ឬ ២​ឆ្នាំ ក្រោយ​ការបោះឆ្នោត។ ការសន្យា​ប្រគល់​តំណែង ទៅ​ឲ្យ​លោកអ៊ីប្រាហ៊ីម ត្រូវ​ធ្វើ​នៅ​ឆ្នាំ ២០២០ នេះ ប៉ុន្តែ ម៉ាឡេស៊ី​បាន​ធ្លាក់​ក្នុង​វិបត្តិនយោបាយ ដោយសារ​ការប្រកាស​ចុះចេញ​ពីតំណែង​នាយករដ្ឋមន្រ្តី របស់​លោកមហាធៀរ មហាម៉ាត់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI