អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើមេរោគកូរ៉ូណាថ្មីកំពុងទាញសេដ្ឋកិច្ចពិភពលោកឲ្យធ្លាក់ដូចវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ ឬ?

សំឡេង ០៦:២៩
ផ្សារភាគហ៊ុន​ក្នុង​លោក​រំជើបរំជួល​ដោយ​មេរោគ​កូរ៉ូណាថ្មី
ផ្សារភាគហ៊ុន​ក្នុង​លោក​រំជើបរំជួល​ដោយ​មេរោគ​កូរ៉ូណាថ្មី Reuters
៣៣ នាទី

មេរោគកូរ៉ូណាថ្មី ឬ Covid-១៩ ដែល​កំពុង​បន្ត​ធ្លាក់​ឥទ្ធិពល​នៅ​ក្នុង​ប្រទេស​ចិន​ហាក់​កំពុង​បង្កើន​ល្បឿន​ឆ្លង​ចូល​ប្រទេស​កាន់​តែ​ច្រើន​ក្នុង​លោក។ អង្គការ​សុខភាព​ពិភពលោក​បាន​ប្រកាស​ដំឡើង​កម្រិត​គំរាមកំហែង​ខ្ពស់បំផុត អំពាវនាវ​ឲ្យ​ប្រទេស​ទាំង​អស់​ក្នុង​លោក​ត្រៀម​ទទួល Covid-១៩ និង​ព្រមាន​ទុក​ជា​មុន​ថា ប្រទេស​ណា​មើលស្រាល ឬ​ជឿជាក់​គេច​ផុត​ពី​ការ​ចម្លង Covid-១៩ គឺ​ជា​កំហុសឆ្គង​មួយ​ធ្ងន់ធ្ងរ​ណាស់។ កំណត់​សម្គាល់​មួយ​ទៀត មេរោគកូរ៉ូណាថ្មី​កំពុង​ជះឥទ្ធិពល​អាក្រក់​ដល់​សេដ្ឋកិច្ច​ក្នុង​លោក។ ចិន​បាន​ប្រកាស​ក្នុង​ថ្ងៃ​សៅរ៍ ទី២៩ កុម្ភៈ​ថា វិស័យ​កម្មន្តសាល​បាន​ធ្លាក់​ទាប​ខ្លាំង​ជា​ប្រវត្តិសាស្រ្ត។ ការ​ប្រកាស​របស់​ចិន​បាន​ធ្វើ​ឡើង បន្ទាប់​ពី​តម្លៃភាគហ៊ុន​នៅ​ផ្សារភាគហ៊ុន Wall Street បាន​ធ្លាក់​ថ្លៃ​ខ្លាំង​មិន​ធ្លាប់​មាន គិត​តាំង​ពី​វិបត្តិហិរញ្ញវត្ថុ​ក្នុង​លោក​ឆ្នាំ ២០០៨។

ផ្សាយពាណិជ្ជកម្ម

វា​ហាក់​ដូច​ជា​រហ័ស​ពេក​ដែល​ហ៊ាន​ផ្តល់​ចម្លើយ​ច្បាស់​ថា មេរោគកូរ៉ូណាថ្មី​កំពុង​សម្លាប់​សេដ្ឋកិច្ច​ក្នុង​លោក​ដូច​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ ២០០៨ ព្រោះ​អ្វីៗ​វា​អាស្រ័យ​លើ​កត្តា​ច្រើន ពិសេស​ការ​វិវត្តន៍​របស់ Covid-១៩។ Covid-១៩ ដែល​មាន​ប្រភព​ចេញ​ពី​ចិន​ហាក់​កំពុង​ថយ​ល្បឿន​នៅ​ចិន​ដោយ​ចំនួន​អ្នក​ស្លាប់ និង​អ្នក​ឆ្លង​មាន​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់។ តែ​ទន្ទឹម​គ្នា​នេះ Covid-១៩ ហាក់​កំពុង​បង្កើន​ការ​ចម្លង​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន និង​មាន​ប្រទេស​កាន់​តែ​ច្រើន​កំពុង​ទទួល​ Covid-១៩។ សូម្បី​តែ​ក្រុម​អ្នកជំនាញ​ផ្នែក​ជំងឺ​ឆ្លង​ក៏​មិន​ហ៊ាន​ប្រមើល​ទុក និង​មិន​អាច​និយាយ​បាន​ពី​កំណើន​ឥទ្ធិពល និង​ពី​ថ្ងៃ​អវសាន​របស់ Covid-១៩។ បើ Covid-១៩ បន្ត​មាន​ឥទ្ធិពល និង​វត្តមាន​កាន់​តែ​យូរ ផលវិបាក​ក៏​នឹង​មាន​កាន់​តែ​ខ្លាំង​ចំពោះ​ជីវិត​មនុស្ស និង​សេដ្ឋកិច្ច​ក្នុង​លោក។

តែ​ពេល​ខ្លះ ផលវិបាក​នៃ​ការ​ភ័យខ្លាច​ហាក់​បាន​គ្របដណ្តប់​ខ្លាំង​ជាង​ផលវិបាក​កើត​ចេញ​ពី​ Covid-១៩ ពិតៗ។ ក្នុង​សប្តាហ៍​នេះ តម្លៃ​ភាគហ៊ុន​នៅ​ផ្សារភាគហ៊ុន​ក្នុង​លោក​បាន​ដាំក្បាល​ចុះ​យ៉ាង​ខ្លាំង ពិសេស​នៅ​ក្នុង​តំបន់​អាស៊ី​ដូច​យ៉ាង​នៅ​ចិន ហុងកុង ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន ឬ​អូស្រា្តលី។ Moody’s ដែល​ជា​ទីភ្នាក់ងារ​វាយតម្លៃ​ហានិភ័យ​ប្រាក់បំណុល​បាន​ឲ្យ​ដឹង​ថា អាស៊ីប៉ាស៊ីហ្វិក​ជា​តំបន់​ដែល​កំពុង​ប្រឈម​នឹង​មេរោគកូរ៉ូណា​ថ្មី​ខ្លាំង​ជាង​គេ។ នៅ​អាមេរិក តម្លៃភាគហ៊ុន​នៅ​ផ្សារភាគហ៊ុន Wall Street បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង គិត​តាំង​ពី​វិបត្តិហិរញ្ញវត្ថុ​សកល​ក្នុង​ខែ​តុលា ឆ្នាំ ២០០៨។ ពេញ​មួយ​សប្តាហ៍​នេះ តម្លៃភាគហ៊ុន​នៅ​ផ្សារភាគហ៊ុន Wall Street បាន​បាត់បង់​ជាង ១០% នៅ​ពេល​បិទទ្វារ​នា​ថ្ងៃ​សុក្រ ទី២៨ កុម្ភៈ។

វិស័យ​កម្មន្តសាលចិន​ដាំក្បាល​ចុះ​ខ្លាំង​ក្នុង​ខែ​កុម្ភៈ

នៅ​ចិន ផលវិបាក​កើត​ចេញ​ពី​មេរោគកូរ៉ូណាថ្មី​បាន​ហុច​លទ្ធផល​ជាក់ស្តែង​លើកទី១។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍ ទី២៩ កុម្ភៈ​ថា វិស័យកម្មន្តសាល​បាន​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​ខែ​កុម្ភៈ។ គួរ​បញ្ជាក់​ថា ចិន​បាន​កំណត់​យក​លេខ ៥០ ជា​តួលេខគោល​ដើម្បី​កំណត់​ពី​សកម្មភាព​នៅ​ក្នុង​វិស័យកម្មន្តសាល។ បើ​លើស​ពី ៥០ វិស័យកម្មន្តសាល​មាន​សកម្មភាព​ស្វាហាប់ និង​រីកចម្រើន ហើយ​បើ​ក្រោម ៥០ គឺ​មាន​សកម្មភាព​ធ្លាក់​ចុះ។ តាម​ការិយាល័យ​ស្ថិតិជាតិចិន សកម្មភាព​ក្នុង​វិស័យកម្មន្តសាល​នា​ខែ​កុម្ភៈ​មាន​ត្រឹម ៣៥,៧ ពោល​គឺ​តិច​ជាង​ឆ្ងាយ​ក្នុង​ខែ​មករា​ដែល​មាន ៥០។ មួយ​វិញ​ទៀត តួលេខ ៣៥,៧ គឺ​តិច​ជាង​ការ​ប្រមើល​ទុក​របស់​ក្រុម​អ្នកវិភាគ​ដែល​គិត​ថា​អាច​មាន ៤៥។ ដូច្នេះ​សម្រាប់​ចិន នេះ​ជា​សញ្ញា​មួយ​អាក្រក់​ខ្លាំង​មិន​ធ្លាប់​មាន​សម្រាប់​វិស័យ​កម្មន្តសាល​របស់​ខ្លួន គិត​តាំង​ពី​វិបត្តិហិរញ្ញវត្ថុ​សកល​ក្នុង​ខែ​តុលា ឆ្នាំ ២០០៨។

មេរោគកូរ៉ូណាថ្មី​ជា​ដើមចម ព្រោះ​មេរោគ​ថ្មី​មួយ​នេះ​បាន​បង្ខំ​ចិន​ឲ្យ​ចាត់​វិធានការ​តឹងតែង និង​ចាស់ដៃ​ជា​ច្រើន​ក្នុង​រយៈពេល ២ខែ​កន្លង​ទៅ។ វិធានការ​ទាំង​នោះ​មាន​ដូច​ជា បិទ​ការ​ចេញ ចូល​ទីក្រុង​វូហាន​ដែល​ជា​ប្រភព​ផ្ទុះ Covid-១៩ និង​រឹតបន្តឹង​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ចិន​រាប់​លាននាក់។ វិធានការ​ក្រុង​មនុស្ស​រាប់​លាននាក់​មិន​ឲ្យ​ធ្វើ​ដំណើរ​នេះ​បាន​កម្រិត​ការ​ចំណាយ​របស់​ពលរដ្ឋ​ទាំង​នោះ​ជា​ស្វ័យប្រវត្តិ។ បន្ទាប់​មក ការ​បង្ខំ​ពលករ​ចិន​រាប់លាននាក់​ឲ្យ​បន្ត​វិស្សមកាល​ចូល​ឆ្នាំ​ចិន​បាន​ធ្វើ​ឲ្យ​ចង្វាក់​ផលិកម្ម​គ្រប់​ប្រភេទ​ជាប់គាំង ពិសេស​ការ​ផលិត​គ្រឿងបន្លាស់ និង​វត្ថុធាតុដើម​គ្រប់​ប្រភេទ​សម្រាប់​ផ្គត់ផ្គង់​ដល់​តម្រូវការ​ក្នុង​លោក។ ក្រៅ​ពី​ភាព​រអាក់រអួល​ក្នុង​វិស័យ​ឧស្សាហកម្ម Covid-១៩ ក៏​បាន​ប៉ះពាល់​ខ្លាំង​ក្នុង​វិស័យ​សេវា​ជា​ច្រើន ពិសេស​ក្នុង​ផ្នែក​ដឹកជញ្ជូន សណ្ឋាគារ ភោជនីយដ្ឋាន និង​ទេសចរណ៍។

Covid-១៩ ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ចិន​ធ្លាក់​ចុះ​បន្ថែម ?

ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក និយាយ​ជា​រួម និង​ស្ថានភាព​សេដ្ឋកិច្ច​ចិន​និយាយ​ដោយឡែក គឺ​អាស្រ័យ​លើ​ការ​វិវឌ្ឍន៍​របស់​មេរោគកូរ៉ូណា​ថ្មី។ តែ​ចិន​ហាក់​មាន​សុទិដ្ឋិនិយម​ថា ការ​ចុះ​ថយ​ឥទ្ធិពល​របស់ Covid-១៩ និង​ការ​គ្រប់​បាន​នូវ​មេរោគ​មួយ​នេះ​អាច​នឹង​អនុញ្ញាត​ឲ្យ​ខ្លួន​ផ្តើម​ចង្វាក់​ផលិកម្ម​បន្តិច​ម្តងៗ​ឡើង​វិញ។ ខណៈ​នេះ រដ្ឋាភិបាល​បាន​លើក​ទឹកចិត្ត​ដល់​រោងចក្រ សហគ្រាស​មួយ​ចំនួន​ឲ្យ​ផ្តើម​ការងារ​របស់​ពួក​គេ​ឡើង​វិញ​ជា​បណ្តើរៗ។ ក្នុង​សប្តាហ៍​នេះ រដ្ឋាភិបាល​បាន​ប្រកាស​ចេញ​នូវ​មហា​ផែនការ​មួយ​ដើម្បី​ជួយ​គាំទ្រ​ដល់​រោងចក្រ សហគ្រាស​ខ្នាតតូច និង​មធ្យម។ បន្ទាប់​មក រដ្ឋាភិបាល​ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​ធនាគារ​ឲ្យ​ផ្តល់​ប្រាក់កម្ចី​ក្នុង​អត្រា​ការប្រាក់ទាប។

គួរ​រម្លឹក​ថា​កន្លង​មក ពោល​ក្នុង​ពេល​ផ្ទុះ​មេរោគកូរ៉ូណា​យ៉ាង​ពេញ​ទំហឹង ក្រុង​ប៉េកាំង​បាន​បញ្ចេញ​លុយ​ជាង ១៧១ ០០០លានដុល្លារ​ដើម្បី​ជួយ​គាំទ្រ​វិស័យ​សេដ្ឋកិច្ច។ បើ​តាម​ក្រុម​អ្នកវិភាគ Covid-១៩ បាន​ធ្វើ​ឲ្យ​ចិន​បាត់បង់​ទឹកប្រាក់​សរុប​ជាង ១៤០ ០០០លានដុល្លារ​នៅ​ក្នុង​វិស័យ​សំខាន់ៗ​ជា​ច្រើន។ តាម​ក្រុម​អ្នក​វិភាគ​ដដែល ចិន​ដែល​កំពុង​មាន​កំណើន​សេដ្ឋកិច្ច​ទាប​ខ្លាំង​គិត​ក្នុង​រយៈពេល ៣០ឆ្នាំ​ចុងក្រោយ​អាច​នឹង​ស្គាល់​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ថែម​ទៀត​ដោយសារ​មេរោគកូរ៉ូណាថ្មី។ តែ​បើ​សេដ្ឋកិច្ច​ចិន​ធ្លាក់ សេដ្ឋកិច្ចពិភពលោក​ក៏​មិន​អាច​គេច​ផុត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ