អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រវាង សុខភាព និង​ផលប្រយោជន៍​សេដ្ឋកិច្ច តើ​គេ​ត្រូវ​ជ្រើសរើស​យក​មួយណា?

ប្រជាជន​ប៉ាគីស្ថាន​ពាក់ម៉ាស នៅទីក្រុង​Lahoreដែល​អួរអាប់​ដោយ​ខ្យល់ពុល​បរិយាកាស
ប្រជាជន​ប៉ាគីស្ថាន​ពាក់ម៉ាស នៅទីក្រុង​Lahoreដែល​អួរអាប់​ដោយ​ខ្យល់ពុល​បរិយាកាស REUTERS/Mohsin Raza - RC1312589480
ដោយ៖ ឈាង បុប្ផា
២៦ នាទី

រូបភាព​ផ្កាយរណប​របស់​ទីភ្នាក់ងារ​អវកាស​ណាសា បាន​បង្ហាញ​ពី​ការធ្លាក់ចុះ គួរ​ឲ្យ​កត់សំគាល់ នៃខ្យល់​ពុល​បរិយាកាស នៅ​ប្រទេស​ចិន ដែល​មួយផ្នែក បណ្តាល​មកពី​ការធ្លាក់ថយចុះ​របស់​សេដ្ឋកិច្ច​ចិន បង្កឡើង​ដោយ​មេរោគ​រាតត្បាត កូរ៉ូណាវីរុស។ ការសិក្សា​មួយ ដែល​ចេញផ្សាយ ដោយ​ទស្សនាវដ្តី ស្រាវជ្រាវ ជំងឺបេះដូង បាន​បង្ហាញថា ខ្យល់ពុល​បរិយាកាស កាត់បន្ថយ ជីវិត របស់​មនុស្ស នៅក្នុង​ពិភពលោក ជាមធ្យម ៣ឆ្នាំ។ មនុស្ស​នឹង​រស់នៅពេញលេញ បរិបូរណ៌​បើសិន​មាន​សុខភាព​ល្អ គ្មានការរំខាន​ពី​ខ្យល់ពុល​បរិយាកាស។ គ្មាន​ខ្យល់ពុល​បរិយាកាស នៅពេល ដែល​គ្មាន​សកម្មភាព​សេដ្ឋកិច្ច ដំណើរការ​រោងចក្រ។ បើសិន​ជាដូច្នេះ មែន តើ​មនុស្ស​នឹង​ជ្រើសរើស​យក​មួយ​ផ្លូវមួយណា? ផ្លូវ​ដែល​ពិភពលោក​គ្មាន​ផ្សែងពុល ដើម្បី​រស់នៅដោយ​មិនខាតអាយុ ឬ​មួយ​ក៏​ពិភពលោក មាន​សេដ្ឋកិច្ច​ដំណើរការល្អ ប៉ុន្តែ ដែល​ពោរពេញ​ដោយ​ផ្សែងពុល?  

ផ្សាយពាណិជ្ជកម្ម

កូរ៉ូណាវីរុស​បាន​សម្លាប់​មនុស្ស ជាង ៣ពាន់នាក់ ជះផលអាក្រក់​ដល់​សេដ្ឋកិច្ច។ ការរស់នៅ​របស់​មនុស្ស​រាប់លាន​នាក់ នៅ​ក្នុង​ពិភពលោក បាន​រង​ប៉ះពាល់ ដោយសារ វិធានការនានា ដែល​រដ្ឋាភិបាល បានចាប់អនុវត្ត ដើម្បី ទប់ស្កាត់​ការរីករាលដាល មេរោគ​កូរ៉ូណា COVID -19។ នៅ​ប្រទេស​ចិន វិធានការ​ដាច់ណាត់ របស់​រដ្ឋាភិបាល ក្នុងការបិទ​ទីក្រុង ជាច្រើន​ទីក្រុង ហើយ​និង​ការផ្អាក​សកម្មភាព នៅ​តាម​រោងចក្រ ដើម្បី ទប់ស្កាត់​ការចម្លង រីករាល​មេរោគកូរ៉ូណា បាន​ប៉ះពាល់​យ៉ាងខ្លាំង ដល់​ការរស់នៅ ការធ្វើដំណើរ របស់​ប្រជាជន​ចិន និង​ជាពិសេស សែចង្វាក់សេដ្ឋកិច្ច​របស់​ចិន។

កូរ៉ូណាវីរុស បង្ក​ឲ្យ​មាន​ការបាត់បង់ជីវិត​មនុស្ស និង​ការខាតបង់​សេដ្ឋកិច្ច​មែនហើយ។ ប៉ុន្តែ ចំណុច​កូរ៉ូណាវីរុស មាន​ចំណុច​វិជ្ជមាន​របស់​វា​មួយ នៅត្រង់ថា វិធានការ​បិទទីក្រុង ការតកាត់បន្ថយ ការធ្វើដំណើរ​របស់​មនុស្ស ហើយ​និង​ការផ្អាកសកម្មភាព​រោងចក្រ ដើម្បី ជៀសវាង ការឆ្លង រាតត្បាត កូរ៉ូណាវីរុស បាន​ជួយ​កាត់បន្ថយ គួរ​ឲ្យ​កត់សំគាល់ ការបញ្ចេញ​ផ្សែងពុល ទៅក្នុងបរិយាកាស។

នៅ​ដើម​សប្តាហ៍នេះ រូបភាព ផ្កាយរណប​របស់​ទីភ្នាក់ងារ​អវកាស ណាសា របស់​អាមេរិក បាន​បង្ហាញ​ជា​លើកដំបូង នូវ​បរិមាណ​ខ្យល់ពុល​ដ៏តិចតួច នៅទីក្រុង​វូហាន។ តាម​ការវិភាគ​របស់​អ្នកវិទ្យាសាស្រ្ត​របស់​ណាសា គិត​ចាប់តាំង​ពី​មាន​វិធានការ​បិទទីក្រុង និង​ការកាត់បន្ថយ ការធ្វើដំណើរ នៅ​ប្រទេស បរិមាណ​ខ្យល់ពុល បាន​ថយ​ចុះ  ជាបន្ត​បន្ទាប់ នៅ​តំបន់​ជុំវិញ ទីក្រុង​វូហាន រហូត​ទៅដល់ ទីក្រុង​ប៉េកាំង ដែល​ធ្លាប់តែ​ស្គាល់​ផ្សែងពុល ក្រាសក្រែល ក្នុងរយៈពេល​ដូចគ្នានេះ កាលពី​ឆ្នាំមុន។

ខ្យល់ពុល បរិយាកាស​ដែល​ថយចុះ នៅ​ប្រទេស​ចិន គឺ Dioxyde d’azote ដែលជាទូទៅ​បញ្ចេញ ដោយ រថយន្ត រោងចក្រ​អគ្គិសនី ដើរដោយ​ចរន្តទឹក។ ផ្សែង​ពុល​ប្រភេទនេះអាច​បង្ក​ឲ្យ​មាន​បញ្ហា​ផ្លូវដង្ហើម ជាពិសេស​ជំងឺហឺត។

ការធ្លាក់ចុះ​នៃ​ផ្សែងពុល ក្នុង​បរិយាកាស​អាច​ជា​ដំណឹង​ល្អ សម្រាប់​ជីវិត​មនុស្ស​លោក ព្រោះថា នៅក្នុង​ការសិក្សា​មួយ ដែល​ចេញផ្សាយ កាលពី​ថ្ងៃ​អង្គារ ​អ្នកជំនាញ​សុខភាព​អាល្លឺម៉ង់ បាន​វាយតម្លៃ ថា ខ្យល់ពុល​បរិយាកាស ដែល​កំពុង​រីកសាយភាយ គ្រប់ទីកន្លែង​ក្នុង​ពិភពលោក បានធ្វើ​ឲ្យ​មនុស្ស​ខាត​អាយុ ជា​មធ្យម ៣ឆ្នាំ និង​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​មុនអាយុ ប្រមាណ ៨,៨​លាន​នាក់ ក្នុង​មួយ​ឆ្នាំៗ។ ការសិក្សា​បាន​បង្ហាញ​ថា ខ្យល់ពុល​ ក្នុង​បរិយាកាស​កាចសាហាវ សម្លាប់​មនុស្ស ច្រើន​ជាង ជំងឺគ្រុនចាញ់ ដល់ទៅ ១៩ដង ច្រើនជាង ជំងឺអេដស៍ ៩ដង ហើយនិង​ច្រើនជាង​មនុស្ស​ស្លាប់​ដោយសារ​គ្រឿងស្រវឹង ៣ដង។

តាម​អ្នកជំនាញ​សុខភាព សារធាតុ​ល្អិតឆ្មារ នៅក្នុង​ខ្យល់ពុល​បាន​ជ្រៀតចូល​ទៅក្នុង​សួត ប្រព័ន្ធ​សរសៃឈាម​បេះដូង​របស់​មនុស្ស ដោយ​បាន​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព ដូចជា ជំងឺ​ដាច់សរសៃឈាម ក្នុង​ខួរក្បាល ជំងឺបេះដូង ជំងឺមហារីកសួត និង​ជំងឺប្រព័ន្ធ​ផ្លូវដង្ហើម ជាដើម។ គេ​រកឃើញថា នៅក្នុង​ចំណោម​អ្នកស្លាប់ មុនអាយុ មានជាង​ពាក់កណ្តាល ស្លាប់ដោយសារ​ជំងឺ បេះដូង និង​គ្រោះថ្នាក់​ដាច់សរសៃឈាម ក្នុង​ខួក្បាល។ ចំណែក ៦%ផ្សេងទៀត គឺ​ស្លាប់​ដោយសារ​មហារីក​សួត។ នៅត្រង់​ចំណុច​នេះ អ្នកស្រាវជ្រាវ អាល្លឺម៉ង់ ចង់​បញ្ជាក់ថា ការរាតត្បាត នៃ​ខ្យល់ពុល បរិយាកាស​ពិតជា​មាន​ជាក់ស្តែង នៅលើ​លោកយើងនេះ។

ប៉ុន្តែ អ្វីដែល គេ​សោកស្តាយ គឺ​រហូតមក វិធានការ និងការយកចិត្ត​ទុកដាក់​ទាំងឡាយ បាន​ផ្តោត​តែ​ទៅលើ​គ្រោះថ្នាក់​របស់​ផ្សែងបារី ចំណែក​ផ្សែងពុល​មិនសូវជា​ត្រូវ​គេ​ចាប់អារម្មណ៍ច្រើននោះទេ ទោះជានៅក្នុង​វិស័យ​សុខាភិបាល​ក៏ដោយ។

ដូចការសិក្សា​កន្លងមកដែរ ភាគច្រើន​នៃចំនួន​មរណភាព​ដោយសារ​ខ្យល់ពុល កើតមាននៅក្នុង​ប្រទេស​ក្រីក្រ និង​កំពុង​អភិវឌ្ឍ ដែលស្ថិតនៅ​អាស៊ី និង​អាហ្វ្រិក។ នៅ​អាស៊ី ការខាតអាយុ រស់នៅ​របស់​មនុស្ស មានការប្រែប្រួល ទៅតាមស្ថានភាពប្រទេស។ នៅ​ចិន មនុស្ស​អាច​ខាតអស់​អាយុ ៤,១ឆ្នាំ ចំណែក នៅ ប៉ាគីស្ថាន មនុស្ស​អាច​ខាតអាយុ ៣,៨ឆ្នាំ និង​នៅ​ឥណ្ឌា ៣,៩ឆ្នាំ។ នៅ​ឥណ្ឌា ដដែល ប៉ុន្តែ នៅក្នុង​រដ្ឋ​Uttar Pradesh ជាទី​ដែល​មានប្រជាជន​រស់នៅ ជាង ២០០​លាននាក់ ខ្យល់ពុល​បរិយាកាស​កាត់បន្ថយ​អាយុជីវិត​មនុស្ស ដល់ទៅ ៨,៥ឆ្នាំ។

ខ្យល់​ពុល​នេះ មាន​ទាំង​នៅ​ក្រៅ និង​ក្នុង​ផ្ទះ។ នៅ​តាម​បណ្តាប្រទេស​ក្រីក្រ​ ការប្រើ​ឧស ធ្យូង ប្រេងកាត សម្រាប់​ធ្វើ​ម្ហូប សម្រាប់​ដុតកម្តៅ ឬ​សម្រាប់​បំភ្លឺ បាន​ធ្វើ​ឱ្យ​ខ្យល់​នៅ​ក្នុង​ផ្ទះ ក្លាយជា​ខ្យល់​ពុល​ខ្លាំង។ ខ្យល់ពុល​បរិយាកាស អាច​ទៅ​បំផ្លាញ​សរសៃឈាម​បេះដូង ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជំងឺ​ទឹកនោមផ្អែម ជំងឺដាច់សរសៃឈាម​ក្នុង​ខួរក្បាល គាំងបេះដូងជាដើម។ សម្រាប់​អ្នកជំនាញ​របស់​អង្គការ​សុខភាព ពិភពលោក កាលណា មនុស្ស​យល់ដឹង​ច្បាស់​ថា ខ្យល់ពុលបរិយាកាស ជះ​ផល​អាក្រក់ ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​សុខភាព នោះ គេ​ប្រាកដ​ជា​មាន​ឆន្ទៈ​ច្រើនជាងមុន ដើម្បី​ចូលរួម​កាត់បន្ថយ ការប្រើប្រាស់ ធ្យូងថ្ម ប្រេងកាត ដែល​ជា​ប្រភព​បញ្ចេញ​ផ្សែងពុល​ក្នុង​បរិយាកាស។ ដោយ​ជ្រើសរើស​ប្រភព​ថាមពលផ្សេង ដែល មិន​បញ្ចេញ​ផ្សែងពុល ដែល​ទៅ​ប្រមូលផ្តុំ បង្កើត​ជា​ឧស្ម័ន​ផ្ទះកញ្ចក់ គេ​ក៏អាច​ចូលរួម​ចំណែក ក្នុង​ការទប់ស្កាត់ ការប្រែប្រួល​អាកាសធាតុ​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ