ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាស៊ី​ប្រឈមនឹង​ការឆ្លងរាលដាលខ្លាំង​ជាលើកទី២​ ពី​វីរុស​កូវីដ១៩​

សំឡេង ០៦:៣៦
មនុស្សម្នាពាក់ម៉ាសការពារត្រូវបានគេឃើ ដើម្បីកុំឲ្យឆ្លងវីរុសកូវីដ១៩ នៅកណ្តាលក្រុងសៀងហៃ ប្រទេសចិន នាថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២០។
មនុស្សម្នាពាក់ម៉ាសការពារត្រូវបានគេឃើ ដើម្បីកុំឲ្យឆ្លងវីរុសកូវីដ១៩ នៅកណ្តាលក្រុងសៀងហៃ ប្រទេសចិន នាថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២០។ REUTERS - ALY SONG

ប្រទេសចិន ជាកន្លែងដែលវីរុសកូវីដ១៩ ផ្ទុះដំបូងគេ បានប្រកាសថាខ្លួនលែងមាន ករណីឆ្លងថ្មីក្នុងស្រុកជាលើកដំបូង កាលពីថ្ងៃពុធម្សិលមិញ។ តែទោះជាបែបនេះក្តី ចិន ហើយនិងប្រទេសនៅអាស៊ីជាច្រើន កំពុងតែប្រឈមនឹងការឆ្លងរាតត្បាតជាលើកទី២ ដោយសារតែករណីឆ្លងពីបរទេសនៅតែបន្តមានឥតឈប់។ តួយ៉ាង អាជ្ញាធរ​សុខាភិបាល​ជាតិចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៩ មីនានេះ ថា មានករណីឆ្លងថ្មីចំនួន ៣៤ ដែលទាំងអស់នេះ សុទ្ធតែជាករណីឆ្លងពីក្រៅប្រទេស។ហេតុអ្វីបានជាប្រជាជាតិអាស៊ីប្រឈមទៅនឹងការឆ្លងរាតត្បាតខ្លាំងពីវីរុសកូវីដ១៩ ជាលើកទី២? 

ផ្សាយពាណិជ្ជកម្ម

ប្រទេសអាស៊ីដែលប្រឈមនឹងការឆ្លងរាតត្បាតខ្លាំងជាងគេជាលើកទី២ ពីវីរុសកូវីដ១៩

វីរុសកូវីដ១៩ កំពុងបន្តរាតត្បាតខ្លាំង និងឥតឈប់នៅទូទាំងសកលលោក ហើយអឺរ៉ុប នៅតែជាកន្លែងដែលមានការឆ្លងរាតត្បាតខ្លាំងជាងគេបំផុតនាពេលបច្ចុប្បន្ននេះ។

គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី ១៩ មីនា នេះ បើយោងទៅតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានបារាំង AFP អ្នកឆ្លងវីរុសកូវីដ ១៩ បានកើនឡើងដល់ប្រមាណ ២២ ម៉ឺននាក់ ចំណែកអ្នកស្លាប់វិញមានជាង ៩ ពាន់នាក់។

ជារឿងដ៏គួរឲ្យកត់សម្គាល់ នៅមួយរយៈពេលចុងក្រោយនេះ ប្រទេសអាស៊ីមួយចំនួន មានចិន និងកូរ៉េខាងត្បូងជាដើម ពួកគេបានសាងភាពភ្ញាក់ផ្អើល ក្នុងប្រតិបត្តិការ កាត់បន្ថយ ករណីឆ្លងវីរុសកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពជាងគេ។

តែទោះជាបីជា ប្រទេសចិន ក៏ដូចជាកូរ៉េខាងត្បូង មានលទ្ធភាពអាចកាត់បន្ថយករណីឆ្លង នៃវីរុសកូវីដ១៩ ក្នុងស្រុកក្តី នៅថ្ងៃព្រហស្បតិ៍នេះ ប្រទេសទាំងពីរនេះ បានប្រកាស អំពីការកើនឡើងនៃករណីឆ្លងថ្មី។

គួរគូសបញ្ជាក់ជូនថា ប្រទេសបីស្ថិត​ក្នុងចំណោមបណ្តាប្រជាជាតិអាស៊ីដែលប្រឈម​នឹងការឆ្លងរាតត្បាតពីវីរុសកូវីដ១៩ លើកទី ២ ខ្លាំងជាងគេ រួមមានប្រទេសកូរ៉េខាងត្បូង​ ចិន និងសិង្ហបុរី។

មួយវិញទៀត​ ដោយសារតែករណីឆ្លងពីខាងក្រៅនៅតែបន្តមាន និងបន្តកើនឡើង​ជាពិសេសនៅក្នុងប្រទេសចិន  គេបានផ្តើមមានក្តីព្រួយបារម្ភអំពី​ចលនារាតត្បាតខ្លាំង សាជាថ្មីម្តងទៀតនៃវីរុសកូវីដ ១៩ នៅអាស៊ី។

ហេតុអ្វីប្រទេសអាស៊ី​ទាំងបីប្រឈមនឹងការឆ្លងរាតរាតត្បាតខ្លាំងជាងគេជាលើក ទី២

គួររំឭកជូនថា ចិនកាលពីថ្ងៃពុធ ទី ១៨ មីនា ម្សិលមិញ  បានប្រកាស ថាលែងមានករណី ឆ្លង វីរុសកូវីដ១៩ ​ក្នុងស្រុកទាល់តែសោះនិងជាលើកទី១ រាប់ចាប់តាំងពីមេរោគនេះផ្ទុះ នៅខែធ្នូ ឆ្នាំ ២០១៩មក។

ប៉ុន្តែ ស្របពេលដែលលែងមានករណីឆ្លងក្នុងស្រុក ការកើនឡើងករណីឆ្លង ដែលនាំ​ចូលពីខាងក្រៅ នៅតែមាន និងបន្តកើនឡើង។ នេះ គឺជាការគំរាមកំហែងមួយ ដល់​វឌ្ឍនភាព​របស់ចិន។

គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះ ថាមានករណីឆ្លងថ្មីចំនួន ៣៤ ហើយសុទ្ធតែជាករណីឆ្លងពីបរទេសទាំងអស់។ នេះ អាចរាប់​ចាត់​​ទុកថា ជាការកើនឡើងដ៏ច្រើនបំផុតក្នុង រយៈពេលពីរសប្តាហ៍ ជាមួយនឹងចំនួនសរុប ១៨៩ ករណី នៅចិន។

ទន្ទឹមគ្នានេះ ប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសអាស៊ីល្បីថាពូកែ និងមាន​យុទ្ធសាស្ត្រ​ល្អ​ ក្នុងការទប់ស្កា់ការីករាលដាល នៃវីរុសកូវីដ១៩ ក៏បានប្រកាសអំពីចំនួន នៃការឆ្លងថ្មី​ផងដែរ។ ជាក់ស្តែង នៅថ្ងៃព្រហស្បតិ៍នេះដែរ កូរ៉េខាងត្បូង មានករណីឆ្លងថ្មីកើនចំនួន ១៥២ ករណី។ តែទោះជាបែបនេះក្តី អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅមិនទាន់ប្រាកដក្នុងចិត្ត​នៅឡើយនោះទេ ថាតើឆ្លងថ្មីទាំងនោះមានប្រភពមកពីបរទេស ទាំងអស់ដូចនៅក្នុង​ប្រទេសចិន​​ដែរឬក៏អត់។

មួយវិញទៀត ប្រទេសសិង្ហបុរី  ក៏ពើបប្រទះនូវករណីឆ្លងថ្មីចំនួន ៤៧ ករណីផងដែរ ដែលក្នុងនោះករណីចំនួន ៣៣ ឆ្លងពីបរទេស។ ក្នុងចំណោម  ៣៣ ដែល ឆ្លងពីខាងក្រៅ នេះ មាន ៣០ ជាពលរដ្ឋសិង្ហបុរីខ្លួនឯង ដែលធ្វើដំណើរពីបរទេសចូលមកស្រុកវិញ។

បើនិយាយអំពី មូលហេតុដែលធ្វើប្រទេសអាស៊ី​  ប្រឈមនឹងការឆ្លង រាតត្បាតខ្លាំងនៃជំងឺ​កូវីដ ១៩ ជាលើក ទី២ គឺគ្មានអ្វី ក្រៅពីការធ្វើដំណើរផ្លាស់ទី​របស់មនុស្សនោះទេ។

ឧទាហរណ៍ដូចករណីនៅចិន។ ជារៀងរាល់ថ្ងៃមានមនុស្សមិនតិចនោះទេ ធ្វើដំណើរ​ចេញចូលប្រទេសអាស៊ីមួយនេះ និងត្រូវជួបប្រាស្រ័យទាក់ទងគ្នា តាមរបៀបផ្សេងៗ។ បើតាមការឲ្យដឹងពីអាជ្ញាធរចិន មានមនុស្សជាមធ្យមចំនួ ២​ម៉ឺននាក់ ហោះហើរចូលដែនដី​នៃប្រទេសចិនជារៀងរាល់ថ្ងៃ។

វិធានការបស់អាស៊ី​ដើម្បីការពារកុំឲ្យជំងឺកូវីដ១៩ ឆ្លងរាតត្បាតខ្លាំងជាលើកទី២

វីរុសកូវីដ ១៩​ គឺជាសត្រូវរបស់ពិភពលោកទាំងមូលមិនមែនតែរបស់ប្រទេសណា តែម្នាក់នោះទេ។ ប្រទេសនៅអាស៊ីមួយចំនួន ដែលបានជួបភាពធូរស្បើយ ពីការ

ឆ្លងរាលរាលខ្លាំង នៃវីរុសកូវីដ១៩ កំពុងប្រឈមនឹងការឆ្លងខ្លាំងជាថ្មីម្តងទៀត។

ឆ្លើយតបនឹងបញ្ហាប្រឈមនេះ វីធីសាស្ត្រដែលប្រទេសអាស៊ីទាំងនោះត្រៀមបង្កា គ្មានអ្វីក្រៅពី អំពាវនាវ ឬក៏រាំងខ្ទប់ឲ្យប្រជាជនសំងំនៅតែក្នុងផ្ទះ កុំធ្វើដំណើរចេញក្រៅ បើគ្មានកិច្ចការអ្វីចាំបាច់នោះ។

ប្រទេសអាស៊ី ដូចជាចិន សិង្ហបុរី កូរ៉េខាងត្បូង ជាដើម មានឆន្ទះខ្ពស់ណាស់ ក្នុងការ​ប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជងឺកូវីដ១៩។ មិនតែប៉ុណ្ណោះ ប្រទេសទាំងនេះ បានប្តេជ្ញាថានឹងខិតខំទប់ស្កាត់មិនឲ្យកូវីដ ១៩ មានលទ្ធភាពឆ្លងរាតត្បាត​ខ្លាំង​​ជាលើកទី ២ ឬជាលើកទី ៣ បានជាដាច់ខាត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI