ម៉ាឡេស៊ី ដាក់ពង្រាយកងទ័ពដើម្បីពង្រឹងការទប់ស្កាត់វីរុសកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
គិតត្រឹមថ្ងៃសុក្រ ទី២០ មីនានេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅទូទាំងពិភពលោកបានកើនឡើងដល់ជាង ១ ម៉ឺននាក់ ចំណែកអ្នកឆ្លងវិញមានចំនួនជិត ២៥ ម៉ឺននាក់។ ដូចប្រទេសជាច្រើនក្នុងលោកដែរ ប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មាន កម្ពុជា ថៃ វៀតណាម និងម៉ាឡេស៊ីជាដើម កំពុងប្រឈមខ្លាំងទៅនឹងវិបត្តិកូវីដ១៩។ គិតត្រឹមថ្ងៃសុក្រនេះដែរចំនួនអ្នកឆ្លងកូវីដ១៩ នៅកម្ពុជាកើនដល់ចំនួន ៥១ នាក់ នៅថៃ ៣២២ នាក់ នៅវៀតណាម ៨៥ នាក់ ហើយម៉ាឡេស៊ីវិញកើនដល់ជាង ១ ០០០នាក់។ នៅម៉ាឡេស៊ី ដោយតែករណីឆ្លងកើនឡើងខ្លាំង រដ្ឋាភិបាលនៃប្រទេសនេះ បានប្រកាសដាក់ពង្រាយកងកម្លាំងយោធា ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន។
សេចក្តីប្រកាសរបស់រដ្ឋាភិបាលម៉ាឡេស៊ីនេះធ្វើឡើង បន្ទាប់ពីមានប្រជាជនពីរនាក់បានស្លាប់ដោយសារវីរុសកូវីដ១៩ និងមានករណីឆ្លងកើនឡើងខ្លាំងដល់ជាង ១ ០០០ ករណី។ នេះ គឺជាតួលេខខ្ពស់បំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។
នៅសប្តាហ៍នេះ អាជ្ញាធរម៉ាឡេស៊ី បានដាក់ចេញនូវវិធានការ រឹតត្បិតលើការធ្វើដំណើរ ហើយសាលារៀន ព្រមទាំងអាជីវកម្មភាគច្រើននៅក្នុងប្រទេសត្រូវបានបិទលែងឲ្យដំណើរការ។
ប្រជាជនម៉ាឡេស៊ី ត្រូវបានគេរារាំងមិនឲ្យធ្វើដំណើរទៅក្រៅប្រទេស។ ចំណែកឯជនបរទេសវិញ ក៏មិនត្រូវបានអនុញ្ញាតឲ្យចូលប្រទេសម៉ាឡេស៊ីដូចគ្នា។ តែទោះជាបែបនេះក្តី ប្រជាជនម៉ាឡេស៊ី ហាក់នៅតែមិនអើពើនិងគោរពខ្ជាប់ខ្ជួនឡើយនូវបទបញ្ជារបស់រដ្ឋាភិបាល។
មិនតែប៉ុណ្ណោះ មានពលរដ្ឋម៉ាឡេស៊ីមួយចំនួន ថែមទាំងបានចេញក្រៅ ដើរលេងតាមសួនច្បារ និង បរិភោគអាហារខាងក្រៅទៀតផង ដែលជាហេតុបណ្តាលឲ្យការឆ្លងរាលដាលនៃកូវីដ១៩ នៅតែបន្តកើនឡើងដដែល។
ដោយហេតុដូចនេះហើយ ទើបអាជ្ញាធរម៉ាឡេស៊ី សម្រេចចាត់វិធានការបន្ថែមទៀត ដើម្បីការពារកុំឲ្យកូវីដ១៩ ឆ្លងរាតត្បាតខ្លាំងបន្តទៅមុខទៀត។ រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោកអ៊ីសម៉េល សាប៊្រីរី យ៉ាអាកុប (Ismail Sabri Yaakob) បានឲ្យដឹងថា ចាប់ពីថ្ងៃអាទិត្យ ទី២២ មីនានេះតទៅអាជ្ញាធរម៉ាឡេស៊ីនឹងចាប់ដាក់ពង្រាយកងទ័ពដើម្បីជួយគាំទ្រដល់កងកម្លាំងប៉ូលិសក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាល់ដាលនៃវីរុស កូវីដ១៩។
កងកម្លាំងការពារជាតិចម្រុះម៉ាឡេស៊ីមានចំនួនបី ដែលក្នុងនោះមាន កងយោធា កងទ័ពជើងទឹក ព្រមទាំងកងទ័ពជើងអាកាស នឹងសហការគ្នាក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ