អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រជាជន​ហុងកុង​សម្ងំ​ក្នុងផ្ទះ​ព្រោះ​កូវីដ​១៩ តែនៅ​តែ​ចិញ្ចឹមចិត្ត​ទាមទារ​​​លិទ្ធិ​ប្រជាធិបតេយ្យ​

សំឡេង ០៥:១៥
ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល​កូវីដ១៩ អាជ្ញាធរហុងកុង បានហាមឃាត់ ការលក់ភេសជ្ជៈមានជាតិអាល់កុល នៅតាមហាង និងក្លឹបកំសាន្តនានា។
ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាល​កូវីដ១៩ អាជ្ញាធរហុងកុង បានហាមឃាត់ ការលក់ភេសជ្ជៈមានជាតិអាល់កុល នៅតាមហាង និងក្លឹបកំសាន្តនានា។ ISAAC LAWRENCE / AFP
ដោយ៖ ម៉ម ពិសី
២៨ នាទី

យើងនៅចាំបាន ថាកាលពីខែមីនាឆ្នាំ២០១៩ មហាបាតុកម្មទាមទារលទ្ធិប្រជាធិបតេយ្យនៅហុងកុង បានផ្ទុះឡើថ ហើយបានអូសបន្លាយ សឹងតែពេញមួយឆ្នាំ២០១៩។ តែបាតុកម្មនេះ បានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពី​មានការផ្ទុះឡើងនូវមេរោគកូរ៉ូណា កូវីដ១៩ នៅរវាងចុងខែធ្នូ។ ៣ខែមកហើយ ដែលហុងកុងស្ងប់ស្ងាត់ គ្មានបាតុកម្មដូចមុន។ តើកូរ៉ូណាវីរុស បានធ្វើឲ្យប្រជាជនហុងកុង ភ័យខ្លាច សំងំនៅក្នុងផ្ទះ លែងហ៊ានតវ៉ា ទាមទារសិទ្ធិ​សេរីភាព និងលទ្ធិប្រជាធិបតេយ្យហើយ​មែនទេ?

ផ្សាយពាណិជ្ជកម្ម

ហុងកុង ក៏ដូ​ចជាដែនដីអាស៊ីផ្សេងទៀត កំពុងតែស្ថិតនៅក្នុងការគំរាមកំហែង បង្កឡើងដោយការរាតត្បាត នូវមេរោគឆ្លង កូវីដ១៩។ តាមផ្លូវមានសភាពស្ងាត់ជ្រងំ ដោយមនុស្សម្នា មិនសូវហ៊ានចេញដើរ ឬចៀសវាងការជួបជុំគ្នា។

គេនៅ​ចាំមិន​ទាន់ភ្លេចទេ សឹងតែពេញ​មួយឆ្នាំ២០១៩ នៅហុងកុង មាន​បាតុកម្មទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​​ ដែល​មាន​​ប្រជាជន​រាប់សែននាក់ចូលរួម សឹងតែមិនលោះថ្ងៃ។ តែសកម្មភាពជួបជុំគ្នាធ្វើបាតុកម្មដ៏ធំ និងរយៈពេលយូរនេះ ត្រូវបាន​ស្ងាត់បាត់សូន្យទៅវិញ បន្ទាប់ពីមានផ្ទុះការឆ្លងរាតត្បាត ​នូវមេរោគកូវីត១៩ ចេញពី​ទីក្រុងវូហានប្រទេសចិន នៅរវាងចុងខែធ្នូ។ អាជ្ញាធរហុងកុង បានចេញច្បាប់អាជ្ញាសិក ហាមឃាត់រាល់ការជួបជុំជាសាធារណៈទាំងអស់​ ដើម្បីបង្ការ​ការឆ្លងរាលដាល។

តែទោះជាយ៉ាងនេះក្តី ក៏មិនមែនមានន័យថា ប្រជាជនហុងកុង លែងមានចិត្តតវ៉ាប្រឆាំងនឹងរដ្ឋបាលហុងកុងរបស់​លោកស្រីការី ឡាំ ដែលពួកគេចាត់ទុកថា ជាអាយ៉ង របស់ចិនកុម្មុយនីស្តនោះទេ។ ពួកគេមិនអាចចេញទៅធ្វើបាតុកម្មមែន តែទឹកចិត្តប្រឆាំងរិះគន់ ទៅនឹងផែនការរឹតបន្តឹងសិទ្ធិសេរីភាព សម្រេចដោយគណបក្សកុម្មុយនីស្តចិនប៉េកាំង នៅតែមានដដែល។ មិនត្រឹមតែនៅតែមានទេ តែថែមទាំង​បានកើនសន្ទុះ និងកម្លាំងទៀតផង។

យោងតាមការស្ទាបស្ទង់មតិមួយ ធ្វើឡើងដោយ Hong Kong Public Opinion Research សហការជាមួយទីភ្នាក់ព័ត៌មាន Reuters បានបង្ហាញថា ការគាំទ្រចំពោះ​ចលនាទាមទារ​លិទ្ធិប្រជាធិបតេយ្យ បានកើនឡើងកាន់តែខ្លាំង បើទោះបីជាការធ្វើបាតុកម្ម ត្រូវបានផ្អាក ដោយសារតែមេរោគកូវីដ១៩ក្តី។ លទ្ធផល​ការ​ស្ទាបស្ទង់ស្ថិតិ បានបង្ហាញទៀតថា ទំហំនៃការមិនទុកចិត្ត ទៅលើរដ្ឋបាលគ្រប់គ្រងដែនដីហុងកុង ពីសំណាក់ប្រជាជនហុងកុង គឺមានកាន់តែធំ ជាពិសេស គឺទាក់ទិនទៅនឹងសមត្ថភាព និងតម្លាភាព ក្នុងយុទ្ធនាការ ដោះស្រាយវិបត្តិជម្ងឺឆ្លងកូវីដ១៩។

ក្នុងចំណោមមនុស្សដែលគេបានសាកសួរ មាន៦៣% នៅតែបន្តទាមទារចង់ឲ្យលោកស្រីការី ឡាំ ចុះ​ចេញ​ពី​តំណែង ប្រធានរដ្ឋបាលដែនដីស្វយ័តហុងកុង ខណៈដែល កាលពីខែធ្នូ ចុងឆ្នាំ២០១៩ អ្នកដែលទាមទារឲ្យលោកស្រីការី ឡាំចុះចេញពីតំណែង មានប្រមាណ៥៧%។

ការស្ទាបស្ទង់មតិចុងក្រោយនេះ ក៏បានបង្ហាញផងដែរ ថាទំហំនៃការទាមទារចង់ឲ្យមានការបោះឆ្នោតដោយសេរី សកល និងដោយផ្ទាល់ គឺមានកាន់តែធំ។ ពោលគឺមនុស្សប្រមាណ៦៨% ចង់បានការបោះឆ្នោតជាសកលដោយសេរី លើសពីលទ្ធផលស្ថិតិនៅខែធ្នូ ដែលមានត្រឹមតែ ៦០%។ ចំណែក ការទាម​​ទារ​​ឲ្យ​បង្កើត​គណកម្មការស៊ើបអង្កេតឯករាជ្យ ដើម្បីស្រាវជ្រាវរកយុត្តិធម៌ជុំវិញ ការប្រើអំពីហិង្សារបស់​នគរបាល​ធ្វើទៅ​លើបាតុករវិញ គឺមានអ្នកគាំទ្រ​ចំនួន​​៧៦% ក្នុងការ​ធ្វើ​ស្ថិតិចុងក្រោយ ខណៈ​​ដែល​​ចំនុច​​​ដដែល​នេះ មាន​អ្នកគាំទ្រ​៧៤% កាលពីខែធ្នូកន្លងទៅ។​

ជារួមយើងឃើញថា មតិតវ៉ា ទាមទារលទ្ធិប្រជាធិបតេយ្យ របស់ប្រជាជនហុងកុង នៅតែមានសន្ទុះខ្លាំង​។ ៦០%នៃប្រជាជនដែលត្រូវបានគេសាកសួរ បានបញ្ជាក់ថា ពួកគេបន្តគាំទ្រចលនាទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ ដែលបាន​ចាប់ផុសផុលឡើង កាលពីខែមីនា​ឆ្នាំ២០១៩។

គួររំលឹកថា ចលនា​បាតុកម្មរបស់ប្រជាជនហុងកុង បានចាប់ផ្ទុះឡើងនៅថ្ងៃទី​១៥មីនា ឆ្នាំ២០១៩   បន្ទាប់ពីរដ្ឋបាល​​ហុងកុង ដឹកនាំ​ដោយ​លោកស្រី ការី ឡាំ មានបំណងដាក់ស្នើសេចក្តីព្រាងច្បាប់មួយស្តីពីការអនុញ្ញាត ការ​ធ្វើបត្យាប័ន​បញ្ជូន​ជនជាប់ចោទ ទៅឲ្យអាជ្ញាធរ​និងតុលាការចិន​ដីគោក។ មតិមហាជនហុងកុង បានផ្ទុះការតវ៉ាប្រឆាំង​ ដោយលើកឡើងថា វាជាយុទ្ធសាស្ត្ររបស់ប៉េកាំង ដែលចង់ចាប់បញ្ជូន​អ្នកតវ៉ារិះគន់ទាំងអស់ យកទៅ​កាត់ទោស ឬដាក់ឃុំ​នៅក្នុង​ទឹកដី​ចិនដីគោក។

បាតុកម្ម​បានរីកធំឡើងៗ និងមានមនុស្សចូលរួមកាន់តែច្រើន ប្រមាណជា២លាននាក់ នៅរវាងខែមិថុនាឆ្នាំមុន។ អំពើហិង្សា ប្រឈមមុខ​ដាក់គ្នា រវាងក្រុមបាតុករ ដែលភាគច្រើន​ជាយុវជន ជាមួយ​នឹងសមត្ថកិច្ចនគរបាល​ហុងកុង បាន​ក្លាយ​ជាដំណឹងប្រចាំថ្ងៃ។ បើទោះបីលោកស្រី ការី ឡាំ បានសម្រេចលុប​ចោលគម្រោងសេចក្តីព្រាងច្បាប់នេះវិញក្តី តែការតវ៉ានៅតែអូសបន្លាយ រហូតដល់ខែធ្នូ ដោយបាតករ បានទាមទារឲ្យចិន គោរពសិទ្ធិសេរីភាពនៅហុងកុង ដោយយោងទៅតាម​គោលការណ៍ដែលមានកំណត់ គឺ​ "ប្រទេសមួយរបបគ្រប់គ្រង២" ។

គិតមកត្រឹមពេលនេះ គឺប្រមាណ​៣ខែហើយ ដែលហុងកុង​ត្រូវស្ថិតក្នុងភាពស្ងប់ស្ងាត់ ដោយសារតែប្រជាជន​​មានការភ័យបារម្ភ ពីការឆ្លងរាលដាលនៃមេរោគកូវីដ១៩។ ក្នុងអំឡុងពេលនេះ ដែលជាកាលៈទេសៈ​ពិសេស លោកស្រីការី ឡាំ បានដាក់ចុះនូវវិធានការ​រិត​បន្តឹង​​សិទ្ធិសេរីភាព​​មួយចំនួន ក្នុងកម្មវត្ថុ​ប្រយុទ្ធ​ប្រឆាំង​​នឹង​ការឆ្លងរាលដាល​កកូវីដ១៩។ ប្រជាជនហុងកុង ហាក់បានស្ម័គ្រចិត្តទទួលយកស្ថានការណ៍​បណ្តោះអាសន្ននេះ ដោយយោងលើហេតុផលសុខភាពសាធារណៈ។ ប៉ុន្តែបើផ្អែកតាមលទ្ធផល​ស្ថិតិខាងលើ ដែលអះអាងថា ប្រជាជនហុងកុង នៅតែគាំទ្រចង់ឲ្យមានចលនាតវ៉ាដើម្បីលទ្ធិ​ប្រជាធិបតេយ្យមែននោះ នោះមានន័យថា ពេលណា​​ស្ថានការឆ្លងកូវីដ១៩ស្ងប់ស្ងាត់ ប្រជាជនហុងកុង ច្បាស់ជាចេញធ្វើ​បាតុកម្ម​សាជាថ្មី មិន​ខានទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ