កូរ៉ូណាវីរុសថ្មី កំពុងជាន់ឈ្លីទីផ្សារកប្បាសពិភពលោក

សំឡេង ០៤:០១
កប្បាសធ្លាក់ថ្លៃខ្លាំង​មិនធ្លាប់​មាន​គិត​តាំង​ពី​ឆ្នាំ​២០០៨
កប្បាសធ្លាក់ថ្លៃខ្លាំង​មិនធ្លាប់​មាន​គិត​តាំង​ពី​ឆ្នាំ​២០០៨ © REUTERS/Amit Dave

ផលវិបាក​នៃ​ការ​បិទ​ខ្ទប់​ប្រទេស​និង​ប្រជាពលរដ្ឋ​ឱ្យ​នៅ​តែ​ផ្ទះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាត​ត្បាត​នៃ​កូរ៉ូណាវីរុស​ថ្មី​ បាន​ធ្វើ​ឱ្យ​ឧស្សាហកម្ម​វាយណភ័ណ្ឌ​​ពិភពលោក ស្ទើរ​គាំង​ស្តូក។ ផលិតផល​កប្បាស ដែលជា​វត្ថុ​ធាតុដើម​ដ៏​សំខាន់​មួយ​នៃឧស្សាហកម្ម​កាត់ដេរ​ លក់លែង​ដាច់​សោះ។ តម្លៃ​កប្បាស​បាន​ធ្លាក់​ចុះយ៉ាង​ខ្លាំង មិនធ្លាប់​មាន​ទេ​គិត​ចាប់​តាំង​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨មក។

ផ្សាយពាណិជ្ជកម្ម

ទីផ្សារ​កប្បាស​ក៏​ដូច​ជា​​ទីផ្សារ​វត្ថុធាតុដើម​ទាំងឡាយ ​កំពុង​រងគ្រោះ​យ៉ាង​ខ្លាំង ពី​វិបត្តិកូរ៉ូណាវីរុសថ្មី។ ជា​លើក​ទីមួយ ប្រចាំ​ទសវត្សរ៍​ តម្លៃ​សំឡីកប្បាស នៅលើទីផ្សារ​ភាគហ៊ុន​ក្រុង​ញូវយ៉ក បាន​ធ្លាក់​ថ្លៃ​មក​នៅ​ត្រឹម​តែ ៤៩សេន ដុល្លារសហរដ្ឋ​អាមេរិក ក្នុង​មួយលីវ (មួយលីវស្មើនឹង​០,៤៥​គីឡូក្រាម)។ ក្នុង​រយៈ​ពល​តែ​៣៧​ថ្ងៃ កប្បាស​បានធ្លាក់​ថ្លៃ​អស់​មួយភាគបី។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់អនុប្រធាន​គណៈកម្មាធិការដើម្បីសហប្រតិបត្តិការអន្តរជាតិសមាគមអ្នក​ផលិត​សំឡីកប្បាស​ ហៅកាត់​ថា CICCA លោក George Toby ។ ប៉ុន្តែ​​កប្បាស មិន​មែន​ចុះ​ថ្លៃ​ត្រឹម​នេះ​ហើយ​ឈប់​ទេ។ តម្លៃ​កប្បាស​អាច​នឹង​បន្ត​ធ្លាក់​ចុះ​ទៀត រហូត​ដល់​ក្រោម​ ៤០សេនក្នុង​មួយ​លីវ។ គេ​នៅ​ចង​ចាំ​បានថា កាលពី​​​ដើមឆ្នាំ គ្រាន់​តែ​បាន​ឮ​ដំណឹង​ថា​​ចិន​និង​អាមេរិកនឹង​​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​បឋម​ ដោយ​ប៉េកាំង​សន្យា​ព្រមទិញ​សំឡី​កប្បាស​អាមេរិក​ភ្លាម តម្លៃ​កប្បាស​បានចាប់​ឡើងថ្លៃ​ក្រឺត​តែ​ម្តង។ កប្បាស​រីកមុខ​ ត្រូវ​ប៉ាន់ ឡើង​ថ្លៃ​២៥% ពោល​គឺឡើង​ដល់​៧០​សេនក្នុង​មួយ​លីវ កាលពីខែមករា។

តាមទម្លាប់​ ទីផ្សារ​កប្បាស​ក៏​ដូច​ជា​ប្រេង​ឆៅ ងាយរក​ឥទ្ធិពល​ពី​ស្ថានភាព​នយោបាយ​ភូមិសាស្ត្រ​ពិភពលោកស្រាប់​ទៅ​ហើយផង ឥលូវ​ពិភពលោក​កំពុង​​ប្រឈម​នឹងវិបត្តិ​សុខភាព​បង្ក​ឡើង​ដោយ​កូវីដ១៩មួយ​បន្ថែមទៀត។ កូរ៉ូណាវីរុស​បាន​មកជាន់​ពន្លិច​ឧស្សាហកម្មវាយនភណ្ឌ​ឱ្យ​រាប​ស្ទើរ​ដល់​ដី​។ ក្រុមហ៊ុន​សម្លៀក​បំពាក់​ម៉ាកធំៗ មិននឹក​ស្មានសោះ​ថា​កូវីដ១៩​អាច​រាតត្បាត​ធ្លាយ​ពី​ប្រទេស​ចិន ឆ្លង​ចេញ​​ដល់​ទូទាំង​ពិភពលោក​ដូច្នេះ​ទេ។ ក្រុមហ៊ុន​ជា​ច្រើន​បាន​ប្តូរ​ទិសដៅ ងាក​ទៅ​បង្កើន​ផលិតកម្ម​របស់​ខ្លួន​នៅ​ប្រទេសផ្សេងវិញ​ ដូច​ជា​​តួកគី បង់ក្លាដែស ប៉ាគីស្ថាន ឬ​ម៉ារ៉ុក។

ប៉ុន្តែស្ថានការណ៍បន្ត​​ប្រែក្រឡាស់បត់មិន​ទាន់។ ​ក្រុមហ៊ុន​វាយនភ័ណ្ឌនិងសម្លៀក​បំពាក់​​ធំជាង​គេ​បំផុត​នៅអឺរ៉ុបចំនួន​១០ បាន​ប្តូរ​ជំហរ មិន​ត្រឹម​តែ​លុប​​ការបញ្ជាទិញ (កុម្មង់)ទេ តែ​ថែម​ទាំង​បដិសេធ​ មិន​ទទួល​យក​ទំនិញ​​ដែលផលិតរួច និង​ដឹកជញ្ជូន​ឡើង​ដល់​នាវា​ នៅ​កំពង់ផែទៅហើយ​ទៀត។ នេះ​បើ​តាម​អ្នក​វិភាគ​វិស័យ​វាយនភណ្ឌ​និង​សម្លៀកបំពាក់បារាំង​ អ្នក​ស្រី Anne-Laure Linget។ ហើយ​ឥលូវ ​ឧស្សាហកម្មវាយនភ័ណ្ឌទាំង​អស់ ត្រូវ​បក​ទៅ​ធ្វើ​នៅ​ចិនវិញ ព្រោះ​ចិន​ចាប់​​ដើរ​ចេញ​ពី​វិបត្តិកូរ៉ូណាវីរុស​មុន​គេ។ ប៉ុន្តែ​ចិន​បាន​នាំ​ចូល​សំឡី​កប្បាស​ច្រើន​សន្ធឹកសន្ធាប់​រួច​ទៅ​ហើយ​ផង និងចង់​ងាក​​ទៅ​ប្រើវត្ថុ​ធាតុដើម​សំយោគ​ជា​​​ប៉ូលីយេស្ទែរ​វិញ ព្រោះ​តម្លៃ​ប្រេង​កាត​បាន​ធ្លាក់​ថ្លៃ​ទាប​ខ្លាំង​ដល់ក្រោម​២០​ដុល្លារក្នុង​មួយ​ធុង​បារីល​ទៅ​ហើយ។

​ក្នុង​ពេល​នេះ ពាណិជ្ជកម្ម​កប្បាស​ត្រូវ​​ងាប់​ស្តូក។ សូម្បីតែ​សំឡីកប្បាស ដែល​លក់​ដាច់​ទៅ​ហើយ ទៅ​​ឱ្យ​អ្នក​ផលិត​អំបោះត្បាញ​ ក៏​មិន​អាច​ដឹក​ចេញ​បាន​ដែរ។ អ្នកសម្របសម្រួល​ពាណិជ្ជកម្ម​​​អាហរ័ណ-នីហរ័ណ​ម្នាក់​​បាន​​ផ្តល់​សក្ខីកម្មថា សម្លីកប្បាស​អាហ្វ្រិក​ឬ​ឥណ្ឌា ធម្មតា​ត្រូវ​ចុះ​ផែ និង​កំពុង​ធ្វើ​ដំណើរ​តាម​កប៉ាល់ទៅ​ហើយ តែ​ពេល​នេះកកស្ទះកណ្តាល​ទី​​ទាំង​អស់។ ​ឈ្មួញ​កណ្តាល កំពុង​ងក​មិន​ដឹងចេញ​ច្រក​ណា ព្រោះ​ខាង​ប្រទេស​អ្នក​ផលិត​ ​ត្រូវការ​ជម្លៀស​កប្បាស​ចេញ ឯ​ប្រទេស​អ្នកទិញ​មិន​ចង់​​ទទូល​ទំនិញ។ តើ​ត្រូវ​ធ្វើ​ដូចម្តេច ? ត្រូវ​រក​កន្លែង​ស្តុក​កប្បាសនេះ​សិន ប៉ុន្តែ​ត្រូវ​ស្តុក​យ៉ាង​ណា បើ​នៅ​តំបន់​​​អាហ្វ្រិក​ខាង​លិច​ជា​ឧទាហរណ៍ រដូវ​វស្សារំកិល​កាន់​តែ​ជិត​មកដល់​ទៅ​ហើយ​នោះ។

នេះ​ជា​ផលវិបាក​មួយ។ ផលវិបាក​មួយ​ទៀត កាន់​តែ​ធ្ងន់ខ្លាំងគឺ ប្រសិន​បើ​ទីផ្សារ​កប្បាស​នៅ​តែ​បន្ត​រងគ្រោះ​ខ្លាំង​យូរ​ តួអង្គ​ពាណិជ្ជកម្ម​​កប្បាស​ខ្លះ​នឹង​ត្រូវ​ខាត​បង់​រលំរលាយបាត់។ ក្នុង​បណ្តាប្រទេស​នៅ​អាហ្វ្រិក​ ដែល​លក់​ផល​កប្បាស​ខ្លួនមិន​ទាន់​​អស់ និង​បាន​ទាន់​ពេល​វេលា​ក្នុង​ពេល​មាន​តម្លៃ​កប្បាសខ្ពស់ សមាគម​កប្បាស​ត្រូវ​បង្ខំ​ចិត្ត​បញ្ចុះ​តម្លៃ​ ​ទិញ​កប្បាស​ពី​កសិករ​ដើម្បី​ឱ្យ​ពួក​គេ​អាច​ចាប់​ផ្តើម​រដូវ​ថ្មី។ ប៉ុន្តែ​យោង​តាម​តម្លៃ​ទីផ្សារ​ពិភពលោក តម្លៃ​លក់កប្បាស​នេះមិន​រួច​ថ្លៃដើមផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI