អានតួអត្ថបទ
សិង្ហបុរី កូរ៉ូណាវីរុស

កូវីដ១៩៖ សិង្ហបុរី ដាក់​ពលករអន្តោប្រវេសន៍ជិត​២ម៉ឺននាក់ ឲ្យនៅ​ដាច់ដោយឡែក

Merlion Park ប្រទេសសិង្ហបុរី មានសភាព​ស្ងាត់ជ្រងំ ថ្ងៃទី​៣១ មីនា ២០២០
Merlion Park ប្រទេសសិង្ហបុរី មានសភាព​ស្ងាត់ជ្រងំ ថ្ងៃទី​៣១ មីនា ២០២០ REUTERS - EDGAR SU
ដោយ៖ ម៉ម ពិសី
១៤ នាទី

អាជ្ញាធរសុខាភិបាល​សិង្ហបុរី បានសម្រេច ដាក់ពលករជាជនអន្តប្រវេសន៍ ចំនួនជិត២ម៉ឺននាក់ ឲ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ។ ការសម្រេចនេះ គឺបន្ទាប់ពីបានរកឃើញថា ចំនួននៃការឆ្លងរាលដាល នូវមេរោគកូវីដ១៩ ក្នុងចំណោមបុគ្គលិកកម្មករអន្តោប្រវេសន៍ មានការកើនឡើងខ្លាំង គួរឲ្យបារម្ភ។ ក្នុងចំណោមអ្នកឆ្លងថ្មី១២០នាក់ ដែលគេបានរកឃើញនៅថ្ងៃអាទិត្យទី៥មេសា​ គឺមាន៩០នាក់ ជាពលករបរទេស ស្នាក់នៅក្នុងអាគារនិវេសនដ្ឋាន២កន្លែង។

ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃអាទិត្យទី​៥មេសា អាជ្ញាធរសុខាភិបាលសិង្ហបុរី បានសម្រេច​ដាក់ និវេសនដ្ឋានសម្រាប់ពលករ​អន្តោប្រវេសន៍ ចំនួន​​២កន្លែង ដែលមានមនុស្សស្នាក់នៅប្រមាណ១៩៨០០នាក់ ឲ្យស្ថិតនៅដាច់ដោយឡែក គ្មានការចេញចូល រយៈពេល១៤ថ្ងៃ​ គិតចាប់​ពីថ្ងៃចន្ទទី៦មេសា។ មនុស្សស្នាក់​នៅ​ក្នុងនោះ នឹងទទួលបានរបបអាហារ និងការពិនិត្យសុខ​ភាព​ជាប្រចាំ ពីមន្ត្រីសុខាភិបាលសិង្ហបុរី។

ការសម្រេចដូចនេះ គឺធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានរកឃើញ មានអ្នកឆ្លងកូវីដ១៩ ថ្មីបន្ថែម ចំនួន​១២០នាក់ នៅក្នុងថ្ងៃអាទិត្យទី៥មេសា។ ក្នុង​ចំណោម​អ្នកឆ្លង​ថ្មី​ទាំងនេះ មាន៩០នាក់ គឺជាពលករបរទេស ស្នាក់​​នៅក្នុងអាគារនិវេសនដ្ឋាន ចំនួន២កន្លែង។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង រដ្ឋមន្ត្រីក្រសួងការងារសិង្ហបុរី បានធ្វើសេចក្តីប្រកាសរួមគ្នាថា វិធានការដាក់និវេសនដ្ឋានស្នាក់នៅរបស់ពលករបរទេស ឲ្យនៅដាច់ដោយឡែកនេះ គឺរដ្ឋាភិបាលសិង្ហបុរី ចង់ការពារទាំងសុខភាពរបស់ប្រជាជនសិង្ហបុរី និងទាំងប្រជាពលករ​បរទេស ដែលកំពុងបំពេញការងារនៅសិង្ហបុរី។ ដើម្បីសម្រាលភាព​ចង្អៀតណែន នៅក្នុងនិវេសនដ្ឋាន អាជ្ញាធរនិងរំលែកបញ្ជូនពលករខ្លះទៅទីតាំងផ្សេង។ ក្នុងអំឡុងពេលដាក់នៅដាច់ដោយឡែកនេះ ពលករអន្តោប្រវេសន៍ទាំងអស់ នៅតែអាចទទួលបានប្រាក់បៀរវត្ស៍។

សូមបញ្ជាក់ថា សិង្ហបុរីជាប្រទេសតូច មានប្រជាជនតិច តែមានបុគ្គលិកកម្មករ ជាជនអន្តោប្រវេសន៍ ប្រមាណ​ជា​២៨០០០០នាក់។ ក្នុងចំណោមបុគ្គលិកកម្មករបរទេស គឺមានភាគច្រើន​​ជាជនជាតិបង់ក្លាដែស និងចិន ដែលពួកគេស្នាក់នៅជុំៗគ្នា នៅតាមមណ្ឌលនិវេសនដ្ឋានដ៏ធំ ដែលគេសាងសង់ សម្រាប់ទទួល​កម្មករ​បរទេស។

សូមរំលឹកថា ចាប់តាំងពីផ្ទុះការឆ្លងរាលដាល នូវមេរោគកូវីដ១៩ ប្រទេសសិង្ហបុរី ត្រូវបានគេមើលឃើញថា បានចេញវិធានការឆាប់រហ័ស មានប្រសិទ្ធិភាពជាក់ស្តែង ក្នុងការទប់ស្កាត់ការឆ្លងរាលដាល​ទ្រង់ទ្រាយធំ។​ វិធានការទាំងនោះ មានដូចជាការធ្វើតេស្តស្វែងរកមេរោគ បានទូលំទូលាយ និងឆាប់រហ័ស និងការប្រើប្រាស់បច្ចេកវិទ្យាតាមដានមនុស្ស ក្រោយពេលដឹងថាមានផ្ទុកកូវីដ១៩។ តែទោះជាយ៉ាងនេះក្តី ចំនួនអ្នកឆ្លងកូវីដ១៩នៅសិង្ហបុរី បានកើនឡើង នាប៉ុន្មានថ្ងៃចុងក្រោយនេះ រហូត​មានចំនួនសរុបប្រមាណ​១៣០០នាក់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ