ភូមា-អ៊ីនធ័រនែត

ភូមាបិទវេបសាយជាងពីររយ ដោយគ្មានបញ្ជាក់មូលហេតុ

​មជ្ឈមណ្ឌលអ៊ីនធ័រនែតមួយ នៅ​ក្រុង​ Rangoon (រូប​ថត​ឆ្នាំ​២០១៨)
​មជ្ឈមណ្ឌលអ៊ីនធ័រនែតមួយ នៅ​ក្រុង​ Rangoon (រូប​ថត​ឆ្នាំ​២០១៨) Sai Aung MAIN / AFP

នៅ​ភូមា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​និងសេរីភាព​សារ​ព័ត៌មាន​ ត្រូវ​រង​ការ​គំរាម​កំហែង​ទៀត​ហើយ​។ ​វេបសាយ នៅ​លើ​ទំព័រអ៊ីនធ័រនែត ​ជាង​២២០​ ត្រូវ​បាន​រដ្ឋាភិបាលភូមា​​​បញ្ជា​ឱ្យ​បិទ ក្នុង​នោះ​មាន​វេបសាយខ្លះ​ជា​របស់​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ឯករាជ្យ​ផង។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​មិន​បាន​ចេញ​ថ្លែងការណ៍​អ្វី​បញ្ជាក់​អំពី​ការ​បិទ​ខ្ទប់​វេបសាយចំនួន​​២២១នេះ​ទេ។ សេចក្តីប្រកាស​ផ្លូវការ​ក៏​គ្មាន​ ការ​ពន្យល់​អំពី​មូល​ហេតុ​ក៏​អត់ បញ្ជី​ឈ្មោះ​វេបសាយ​ដែល​ត្រូវ​បិទ ក៏​​មិន​​បង្ហាញ​ជា​សាធារណៈ តែ​គឺ​ក្រុមហ៊ុន​ទូរស័ព្ទ​ជា​អ្នក​ផ្តល់ដំណឹង។

ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​រដ្ឋាភិបាល​ បាន​ប្រកាស​ថា សេចក្តី​សម្រេច​នេះ​ ធ្វើ​ឡើង​ក្នុង​បំណង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ក្លែង​បន្លំ​ព័ត៌មាន​​ក្នុង​បរិបទ​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ​១៩។ “​ក្នុង​ស្ថានភា​ព​អាសន្ន និង​ដើម្បី​ប្រយោជន៍​សាធារណៈ”  ​រដ្ឋាភិបាល​មាន​​អំណាចដាក់​កំហិត​​ឱ្យ​បិទ​ខ្ទប់វេបសាយ​​​បាន។​

ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា ក្នុង​ចំណោម​វេបសាយ​ដែល​រដ្ឋាភិបាល​បាន​បិទ​ខ្ទប់ មាន​ខ្លះ​ជា​វេបសាយ​របស់​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​ឯករាជ្យ ជា​វេបសាយ​របស់​កាសែត​ ​ដែល​តាម​ដាន​ព័ត៌មាន​​នៅ​តំបន់​មាន​ជម្លោះ​ ​​មានការ​រំលោភ​សិទ្ធិមនុស្ស​ច្រើន ឬជា​កាសែត​ដែល​តែង​ផ្តល់​ព័ត៌មាន​ស្តី​អំពី​ស្ថានភាព​​របស់​ជនជាតិ​ភាគតិច។ ហើយ​​ប៉ុន្មាន​ថ្ងៃមក​នេះ មាន​ករណីតាមចាប់​​​អ្នក​កាសែត​ច្រើន​ណាស់។ ខ្លះ​តាម​ចាប់​ដល់​កន្លែង​ធ្វើ​ការ ខ្លះ​ដល់​ផ្ទះ។

គិត​ត្រឹម​ថ្ងៃ​នេះ មាន​អ្នក​កាសែត​ភូមា​បី​នាក់​ កំពុង​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ពីប​ទ​​បាន​រំលោភ​ច្បាប់​​ប្រឆាំង​នឹង​ភេរវកម្ម។ ម្នាក់​ត្រូវ​បាន​គេ​ចាប់​ជាប់ ពីរ​នាក់​ទៀត​កំពុង​រត់​គេច​ខ្លួន។ អ្ន​កកាសែត​ទាំង​បី បាន​ផ្សាយ​បទ​សម្ភាសន៍​ជាមួយ​ពួក​ឧទ្ទាម​ យោធា​អារ៉ាកាន ដែល​យោធា​​ភូមា​បាន​ចាត់ទុកជា​ក្រុម​ភេរវនិយម។​

បើ​តាម​អង្គការ​អ្នក​យកការណ៍​គ្មាន​ព្រំដែន មាន​អ្នកកាសែត​ភូមា​ជា​ច្រើន​ទៀត​កំពុង​លាក់​ខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ។ តែ​ការគំរាមកំហែងនិង​បំបិទ​​សេរីភាព​ព័ត៌មាន​មិន​មែន​ថ្មី​ថ្មោង​ទេនៅ​រដ្ឋ​អារ៉ាកាន និង​រដ្ឋ​ជីន​ជិត​ខាង។ តាំ​ងពី​ឆ្នាំមុនមក​ ​រដ្ឋាភិបាល​​ភូមា​បាន​ផ្តាច់​ប្រព័ន្ធ​អ៊ីនធ័រនែត​ ជា​កន្លែង​ ក្នុង​រដ្ឋ​នេះ ក្រោម​ហេតុ​ផល​ថា​ដើម្បី​រក្សាសណ្តាប់​ធ្នាប់​សង្គម។ ហើយ​គឺ​នៅ​ក្នុង​​តំបន់ដដែល​នេះ ​​ដែល​យោធា​ភូមា​បាន​បើក​យុទ្ធនាការ​បង្ក្រាប​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា កាលពី​ឆ្នាំ​២០១៧ រហូត​ស្ទើរ​ក្លាយ​ជា​សម្លាប់​រង្គាល​ប្រល័យ​ពូជសាសន៍។

ផ្តាច់​អ៊ីនធ័រនែត បិទ​វេបសាយ​ គំរាម​ចាប់​អ្នក​កាសែត យោធា​ភូមា​កំពុងពង្រឹង​អំណាច​និង​​ខ្ទប់​ស្ថានភាព​នៅ​តំបន់​ភាគ​ខាង​ប្រទេស​កាន់​តែ​ខ្លាំង​ឡើងៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI