អានតួអត្ថបទ
សេដ្ឋកិច្ចចិន-កូវីដ១៩

ចិន​ទទួល​ជោគជ័យ​ក្នុង​ការ​គ្រប់​គ្រង​កូវីដ​១៩​ តែ​ជនជាតិ​ចិន​រាប់​លាន​នាក់​បាន​បាត់​បង់​ការងារ​ធ្វើ

ប្រជាជនចិនពាក់ម៉ាស់មុខ នៅតំបន់ទិញទំនិញមួយក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី៦ មេសា ឆ្នាំ២០២០។
ប្រជាជនចិនពាក់ម៉ាស់មុខ នៅតំបន់ទិញទំនិញមួយក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី៦ មេសា ឆ្នាំ២០២០។ REUTERES - TINGSHU WANG
ដោយ៖ អ៊ុង គឹមអ៊ាន់
១៥ នាទី

ខណៈ​ពេល​ដែល​ប្រទេស​ចិន​ កំពុង​តែ​ទទួល​ជោគជ័យ​ក្នុង​ការ​គ្រប់​គ្រង​ជំងឺ​កូវីដ​១៩​  ប្រជាជន​ចិន​ចំនួន​រាប់លាន​នាក់​ បាន​បាត់បង់​ការងារ​ធ្វើ​។ និន្នាការ​ថ្មី​នេះ​ កំពុង​ទាញ​​ចិន​ឲ្យ​ធ្លាក់​ចូល​ទៅក្នុង​គ្រោះថ្នាក់​ និង​បង្ក​ជា​ឧបសគ្គ​រាំង​ស្ទះ​ផងដែរ ​​ដល់​មហិច្ឆតា​​របស់​ក្រុង​ប៉េកាំង​ ក្នុងការ​លុប​បំបាត់​ភាព​ក្រីក្រ​ឲ្យ​បាន​នៅ​ឆ្នាំ​ ២០២០​ នេះ​។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​អាច​គ្រប់គ្រង​ការ​ឆ្លង​រីក​រាលដាល​​នៃ​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​ប្រទេស​រួច​មក​ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ស៊ី​ ជីន​ពីង​ បាន​ខ្មីឃ្មាត​ស្តារ​ចរន្ត​សេដ្ឋកិច្ច​ជា​ខ្លាំង​។ ក៏ប៉ុន្តែ​ ក្រុមហ៊ុន​ក្នុង​ស្រុក​ចិន​ជាច្រើន​ បាន​ចាប់​ផ្តើម​ដំណើរ​ការ​ឡើងវិញ​ទាំង​ត្រដាប​ត្រដួស​ ហើយ​បុគ្គលិក​អ្នក​ធ្វើការ​ប្រឈម​នឹង​គ្រោះ​អត់​ការងារ​ធ្វើ​ខ្ពស់​។

បើ​យោង​ទៅ​តាម​ស្ថិតិ​ផ្លូវ​ការ​មួយ​ ចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មានបារាំង AFP ចំនួនអ្នកអត់ការងារធ្វើនៅចិន បានកើនឡើងយ៉ាងខ្លាំង ដោយមានមនុស្សប្រមាណ​ជា ៥ លាននាក់​ បាត់បង់ការងារ នៅចន្លោះខែធ្នូ ឆ្នាំ ២០១៩ និង ខែកុម្ភៈ ឆ្នាំ ២០២០។ មិនតែប៉ុណ្ណោះ មានទិន្នន័យផ្សេងទៀត បានបង្ហាញផងដែរថា ​ក្រុមហ៊ុន​ក្នុង​ស្រុក​ចិន​ជា​ច្រើន​ បាន​បន្ត​កាត់​បន្ថយ​បុគ្គលិក​ កាល​ពី​ខែមីនា​កន្លងទៅ​។

ស្ត្រី​វ័យក្មេង​ចិន​ម្នាក់​ ឈ្មោះ​ លីលី ហាន់ ដែល​បាន​បាត់បង់​ការងារ​ផ្នែកលក់​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​កាលពី​ខែមុន​បាន​និយាយ​ថា​ នាង​ចាំបាច់​ត្រូវ​រក​ការងារ​ថ្មី​ឲ្យ​បាន​ ក្នុង​រយៈពេល​ពីរ​ខែ​ទៀត​ ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ចិញ្ចឹម​ជីវិត​។ ស្រ្តី​ចិន​វ័យ​ ២៤​ ឆ្នាំ​រូប​នេះ​ បាន​បញ្ជាក់​ប្រាប់​ដែរ​ថា​ នាង​បាន​ដាក់​ពាក្យ​ធ្វើការ​ជាង​ ៣០០​ មុខ​តំណែង​ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​នេះ​ នាង​នៅតែ​មិន​ទាន់​អាច​រក​បាន​ការងារ​ថ្មី​ធ្វើ​នៅ​ឡើយ​នោះទេ​។

គួរ​ជ្រាប​ថា​ ស្របពេល​ដែល​ប្រទេស​ជាច្រើន​នៅ​ទូទាំង​សកល​លោក​ កំពុង​នៅ​តែ​ជាប់​ដៃ​រវល់​ជាមួយ​នឹង​យុទ្ធនាការ​ប្រឆាំង​ជំងឺ​រាត​ត្បាត​សកល​ ការ​នាំ​ចេញ​មុខ​ទំនិញ​របស់​ចិន​ ក៏​ត្រូវ​រាំង​ស្ទះ​ផងដែរ​។

អ្នក​វិភាគ​ម្នាក់​នៅ​ក្រុមហ៊ុន​ Nomura បាន​ព្យាករ​ថា​ ​ប្រជាជន​ចិន​ប្រមាណ​ជា​ ១៨​ លាន​នាក់​ អាច​បាត់បង់​ការងារ​ធ្វើ។ អត្រា​នេះ​ គិត​តែ​ក្នុង​វិស័យ​នាំចេញ​ ដែល​មាន​ចំនួន​ជិត​មួយ​ភាគ​បី​ នៃ​កម្លាំង​ពលកម្ម​របស់​ឧស្សាហកម្ម​ចិន​តែ​ប៉ុណ្ណោះ​។

ទាក់ទង​រឿង​នេះ​ ក្រុម​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ បាន​មាន​ប្រសាសន៍​ថា​ ចំនួន​អ្នក​អត់​ការងារ​ធ្វើ​ដែល​កំពុង​កើន​ឡើង​នេះ​ នឹង​ក្លាយ​ជា​គ្រោះថ្នាក់​មួយ​ដល់​កំណើន​សេដ្ឋកិច្ច​ចិន​។ នៅ​ពេល​ដែល​សេដ្ឋកិច្ច​ចិន​ជួប​បញ្ហា​ មាន​ន័យ​ថា​ មហិច្ឆតា​របស់​ចិន​ក្នុងការ​លុប​បំបាត់​ភាព​ក្រីក្រ​ក្នុង​ប្រទេស​ឲ្យ​បាន​នៅ​ក្នុង​ឆ្នាំ​ ២០២០​ នេះ​ ក៏​ពិបាក​នឹង​សម្រេច​ទៅ​រួច​បាន​ដែរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ