អានតួអត្ថបទ
ចិន-Covid-១៩

កូវីដ-១៩៖ចិនអនុញ្ញាតឲ្យសាកល្បងថ្នាំវ៉ាក់សាំងដំបូងប្រឆាំងមេរោគកូរ៉ូណាថ្មីលើមនុស្ស

ចិនអនុញ្ញាតឲ្យសាកល្បងថ្នាំវ៉ាក់សាំងដំបូងប្រឆាំងមេរោគកូរ៉ូណាថ្មីលើមនុស្ស
ចិនអនុញ្ញាតឲ្យសាកល្បងថ្នាំវ៉ាក់សាំងដំបូងប្រឆាំងមេរោគកូរ៉ូណាថ្មីលើមនុស្ស REUTERS - Dado Ruvic
១៤ នាទី

នៅ​ក្នុង​ប្រទេស​ចិន កាសែត​រដ្ឋ​ឈ្មោះ​ស៊ីនហួរ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ ទី១៤ មេសា​ថា មាន​ថ្នាំវ៉ាក់សាំង​ពិសោធន៍​ប្រឆាំង​ជំងឺ​កូវីដ-១៩ ចំនួន​ពីរ​ប្រភេទ​នឹង​ត្រូវ​ធ្វើ​តេស្ត​លើ​មនុស្ស។ ព័ត៌មាន​មួយ​នេះ​បាន​ធ្លាក់​មក ខណៈ​ដែល​ចិន​កំពុង​ព្យាយាម​ទប់​ស្កាត់​លំហូរ​មេរោគកូរ៉ូណាថ្មី​ពី​ខាង​ក្រៅ ពិសេស​ពី​ប្រទេស​រុស្ស៊ី។ គួរ​រម្លឹក​ថា ចិន​ដែល​ជា​ប្រភព​ កូវីដ-១៩ និង​បាន​រងគ្រោះ​ខ្លាំង​តាំង​ពី ៣ខែ​មុន​ហាក់​កំពុង​មាន​ស្ថានភាព​ធូរស្រាល​ឡើង​វិញ​បន្តិច។ តែ​កំពុង​បារម្ភ​ខ្លាំង​ពី​ការ​ឆ្លង​រាតត្បាត​ខ្លាំង​លើកទី២ ដោយ​ការ​នាំ​ចូល​មេរោគ​ដដែល​នេះ​ពី​ខាង​ក្រៅ ពិសេស​ពី​ពលរដ្ឋ​ចិន​ត្រឡប់​ចូល​ស្រុក​កំណើត​វិញ។

ផ្សាយពាណិជ្ជកម្ម

ខណៈ​ដែល​ ជំងឺ​កូវីដ-១៩ កំពុង​បន្ត​ឆ្លង​រាតត្បាត​ខ្លាំង​នៅ​ក្នុង​ប្រទេស​ខ្លះ និង​ប្រទេស​ខ្លះ​ទៀត​ហាក់​បាន​ធូរស្បើយ​បន្តិច យុទ្ធនាការ​ស្វែង​រក​ថ្នាំ​ព្យាបាល និង​ថ្នាំវ៉ាក់សាំង​បង្ការ​ក៏​បាន​និង​កំពុង​បន្ត​មាន​យ៉ាង​សកម្ម​ដែរ។ ក្រៅ​ពី​បស្ចិមលោក ចិន​ដែល​ជា​ប្រទេស​ប្រភព​មេរោគ​កូរ៉ូណាថ្មី​បាន​ប្រកាស​ឲ្យ​ដឹង​តាម​រយៈ​កាសែត​ផ្លូវការ​ឈ្មោះ​ស៊ីនហួរ​ពី​ការ​ធ្វើ​តេស្ត​ថ្នាំវ៉ាក់សាំង​ចំនួន​ពីរ​ប្រភេទ​លើក​ដំបូង​លើ​មនុស្ស។ តែ​កាសែត​ស៊ីនហួរ​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​ថ្នាំវ៉ាក់សាំង ឈ្មោះ​ក្រុមហ៊ុន​ផលិត​ថ្នាំវ៉ាក់សាំង និង​ថ្ងៃ​នៃ​ការ​ចាប់​ផ្តើម​សាកល្បង​ទេ។

គួរ​រម្លឹក​ថា​កាល​ពី​ខែ​មីនា​កន្លង​ទៅ រដ្ឋអំណាច​ចិន​ធ្លាប់​បាន​ផ្តល់​ភ្លើងខៀវ​ឲ្យ​ធ្វើ​ការ​សាកល្បង​ថ្នាំវ៉ាក់សាំង​មួយ​ប្រឆាំង​ កូវីដ-១៩ ដែល​ផលិត​ដោយ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​យោធា​ចិន និង​ក្រុមហ៊ុន​ជីវបច្ចេកវិទ្យា​ឈ្មោះ HK CanSino Bio។ តែ​នៅ​ពេល​នេះ គេ​នៅ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​អ្វី​បន្ថែម​នៅ​ឡើយ​ទេ។ អ្វី​ដែល​គេ​អាច​និយាយ​បាន ព័ត៌មាន​ជុំវិញ​ការ​សាកល្បង​ថ្នាំវ៉ាក់សាំង​របស់​ចិន​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ បាន​ធ្លាក់​មក ក្នុង​ពេល​ដែល​ចិន​កំពុង​បារម្ភ​ខ្លាំង​ពី​ករណី​ឆ្លង​ថ្មី​ហូរ​មក​ពី​ពលរដ្ឋ​ចិន​ត្រឡប់​ចូល​ស្រុក​វិញ​ពី​បរទេស ពិសេស​ពី​ប្រទេស​រុស្ស៊ី​ដែល​ជា​សមរភូមិ​ថ្មី​នៃ​សង្រ្គាម​ប្រឆាំង​នឹង​​ ជំងឺ​កូវីដ-១៩។

កាសែតផ្លូវការ​ចិន​បាន​ប្រកាស​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​អង្គារ ទី១៤ មេសា​ថា មាន​ករណី​ឆ្លង​ថ្មី​ចំនួន​៧៩ករណី​នា​ថ្ងៃ​ចន្ទ ទី១៣ មេសា​នៅ​ក្នុង​ខេត្ត Heilongjiang ស្ថិត​ប៉ែក​ឦសាន​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​រុស្ស៊ី។ គិត​ក្នុង​រយៈពេល ២៤ម៉ោង​ចុង​ក្រោយ ចិន​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ៨៦ករណី និង​គ្មាន​ករណី​ស្លាប់​ថ្មី​ទេ។ បើ​គិត​សរុប​ត្រឹម​ថ្ងៃ​អង្គារ ទី១៤ មេសា ចិន​មាន​អ្នក​ឆ្លង​សរុប​ចំនួន ៨២ ២៤៩នាក់ និង​អ្នក​ស្លាប់​សរុប​ចំនួន ៣ ៣៤១នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ