កូរ៉េខាងត្បូងបោះឆ្នោតសភា ក្នុងបរិយាកាសការពារសុខភាពតឺងតែងប្រឈមនឹងវិបត្តិកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
ក្នុងពេលដែលប្រជាជនជិតកន្លះផែនដី កំពុងជាប់បម្រាមនៅតែក្នុងផ្ទះដើម្បីទប់ស្កាត់ការរាតត្បាតនៃកូវីដ១៩ នៅប្រទេសកូរ៉េខាងត្បូងវិញ ប្រជាពលរដ្ឋជិត៤៤លាននាក់ ត្រូវចេញទៅបោះឆ្នោតសភា នៅថ្ងៃពុធ ទី ១៥មេសា ២០២០ ដើម្បីជ្រើសរើសតំណាងរាស្ត្រថ្មី ចំនួន៣០០អសនៈ។ ជាប្រទេសរងគ្រោះ ខ្លាំងដំបូងគេទីពីរបន្ទាប់ចិន កូរ៉េខាងត្បូង បានចាត់វិធានការការពារសុខភាពដ៏តឹងតែងបំផុតក្នុងអំឡុងពេលបោះឆ្នោតនេះ។ គណបក្សកាន់អំណាចរបស់លោកប្រធានាធិបតីមូន ចែអ៊ីន សង្ឃឹមថានយោបាយទប់ស្កាត់ការរាតត្បាតរបស់កូវីដ១៩ ជាការនាំជោគជ័យឱ្យបក្ស។
ត្រូវពាក់ម៉ាស់ជាដាច់ខាត វាស់កម្តៅសីតុណ្ហភាពជាស្វ័យប្រវត្តិ លាងដៃនឹងល្បាយអាល់កុលមុនពាក់ស្រោមដៃប្លាស្ទិកទើបអាចចូលក្នុងការិយាល័យបោះឆ្នោតបាន ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចមួយម៉ែត្រពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ អ្នកមានសញ្ញាក្តៅខ្លួន ត្រូវចូលបន្ទប់បោះឆ្នោតពិសេសដែលនឹងត្រូវសម្អាតដោយថ្នាំសម្លាប់មេរោគតាមក្រោយភ្លាម។ ពលរដ្ឋជាង៥ម៉ឺននាក់ដែលត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកពីគេ ព្រោះសង្ស័យខ្លាចមានរោគកូវីដ១៩ ក៏អាចចេញមកបោះឆ្នោតបានដែរ បើគ្មានរោគសញ្ញា ដោយត្រូវចេញទៅការិយាល័យបោះឆ្នោតទូទៅបិទ នៅវេលាម៉ោង៦ល្ងាច និងត្រូវត្រលប់ចូលផ្ទះវិញយ៉ាងយូរនៅម៉ោង៧ល្ងាច។
តាមការពិត វិធានការការពារសុខភាពដ៏តឹងតែងនេះ ជានយោបាយប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដែលរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាន់យក និងដែលបានទប់ស្កាត់មេរោគកូរ៉ូណាថ្មី មិនឱ្យរីករាលដាលខ្លាំងនៅក្នុងប្រទេស។ គិតត្រឹមថ្ងៃព្រឹកថ្ងៃពុធទី ១៥មេសានេះ កូរ៉េខាងត្បូងមានអ្នកផ្ទុកមេរោគកូវីដ១៩ ១ម៉ឺនមួយពាន់នាក់ ក្នុងនោះ២២៥នាក់ស្លាប់។ តាំងពី៧ថ្ងៃជាប់គ្នាមកនេះ ចំនួនអ្នកឆ្លងថ្មី បានថយចុះលំដាប់ ដោយរាប់ឃើញមានអ្នកវិជ្ជមានថ្មីមិនដល់៤០នាក់ទេក្នុងមួយថ្ងៃៗ។
តែកូវីដ១៩ បានរំខានខ្លាំងដល់យុទ្ធនាការឃោសនាបោះឆ្នោត។ គ្មានការចុះជួបប្រជាពលរដ្ឋចាប់ដៃ ឬចែកចាយសារនយោបាយ។ បេក្ខជននីមួយៗរំពឹងតែលើប្រព័ន្ធសង្គម។ ជាការបោះឆ្នោតខុសប្លែកពីប្រក្រតី ប៉ុន្តែបើតាមការស្ទង់មតិ មានប្រជាពលរដ្ឋកូរ៉េខាងត្បូង តែប្រមាណ២៧% ដែលមិនចង់ចូលរួមបោះឆ្នោតដោយខ្លាចកូវីដ១៩ និង៧២%មិនបារម្ភសោះ។ ដូច្នេះអត្រាអ្នកទៅបោះឆ្នោតនឹងខ្ពស់ខ្លាំង។ ការបោះឆ្នោតមួយវគ្គមុន សម្រាប់ពលរដ្ឋជិត១២លាន កាលពីថ្ងៃទី ១០-១១មេសា ជាភស្តុតាងដ៏ជាក់ស្តែង។
ការបោះឆ្នោតសភាជាតិ ត្រូវបានកូរ៉េខាងត្បូងចាត់ទុកជាប្រជាមតិវាស់វែងពីសកម្មភាពរបស់ប្រធានាធិបតី ប៉ុន្តែនៅឆ្នាំនេះ លោកប្រធានាធិបតី មូន ចែអ៊ីន ទំនងជាងនឹងអាចឈ្នះ ប្រមូលអសនៈបានកាន់តែច្រើនសភាចប់អាណត្តិទៅទៀត។ ដោយសារចំណាត់ការល្អក្នុងវិបត្តិកូវីដ១៩ លោកមូន បានឡើងប្រជាប្រិយភាពខ្លាំង ដល់ទៅ ៥៧% កាលពីសប្តាហ៍មុន ទល់នឹង៤១%កាលពីចុងខែមករា ដែល កាលណោះរដ្ឋាភិបាលរងការរិះគន់ខ្លាំង ដោយហេតុតែសេដ្ឋកិច្ចមានកំណើនយឺត ការចរចាជាមួយកូរ៉េខាងជើងមិនទៅមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ