ចិនបង្ហាញតុល្យការថ្មីដំឡើងចំនួនអ្នកស្លាប់ និងបង្ហាញពីសេដ្ឋកិច្ចដាំក្បាលចុះ

សំឡេង ០៧:៥៨
ចិនបង្ហាញតុល្យការថ្មីដំឡើងចំនួនអ្នកស្លាប់ និងបង្ហាញពីសេដ្ឋកិច្ចដាំក្បាលចុះ
ចិនបង្ហាញតុល្យការថ្មីដំឡើងចំនួនអ្នកស្លាប់ និងបង្ហាញពីសេដ្ឋកិច្ចដាំក្បាលចុះ REUTERS - Aly Song

​កូវីដ១៩ ​បន្ត​សម្លាប់​ជីវិត​មនុស្ស​ជារៀង​រាល់​ថ្ងៃ ៖ មាន​ស្លាប់​ជាង​១៤០០០០នាក់ នៅ​លើ​ពិភពលោក ក្នុងនោះជាង​៣២០០០នាក់​នៅ​សហរដ្ឋ​អាមេរិក និងបានចម្លង​លើ​មនុស្សជាង​ពីរលាននាក់។ ជាប់​សង្ស័យ ថា​លាក់​តួលេខ​ពិត​នៃ​ចំនួន​អ្នក​ស្លាប់​ដោយ​កូវីដ១៩ ​ អាជ្ញាធរ​ចិន បាន​ប្រកាស នៅថ្ងៃ​សុក្រ​នេះ ​ផ្តល់​តុល្យការ​ថ្មី​។ ជា​ផ្លូវការ​​​ចំនួន​អ្នកស្លាប់​ដោយ​កូវីដ១៩ បាន​ឡើង​ដល់​ ៤៦៣០​នាក់។ ពោល​គឺ​មានស្លាប់​បន្ថែម​ពីលើ​តួលេខ​ចាស់ ចំនួន​១២៩០​នាក់ នៅ​វូហាន។ ផ្ទុះឡើង​នៅ​វូហាន ​កូវីដ​១៩​ ដែល​បង្ក​ឱ្យ​សេដ្ឋកិច្ច​ចិន​ធ្លាក់​ចុះ​អស់ ៦,៨%​។

ផ្សាយពាណិជ្ជកម្ម

គួរ​ឱ្យ​ភ្ញាក់​ផ្អើល នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី ១៧ មេសានេះ ចៅហ្វាយក្រុង​វ៉ូហាន បាន​បង្ហាញ​តុល្យការ​ថ្មី ដែលបញ្ជាក់​ថាមាន ​អ្នកស្លាប់ចំនួន​ ៤៦៣២​នាក់ ពោល​គឺ ១២៩០​នាក់ លើស​តួលេខ​ចាស់។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​បង្ហោះ​ក្នុង​ប្រព័ន្ធ​សង្គម អាជ្ញាធរ​ក្រុង​វូហាន​បាន​ពន្យល់​ថា​ នៅ​ក្នុង​អំឡុង​ពេល​មាន​ការ​រាត​ត្បាត​ខ្លាំង​ មាន​ពលរដ្ឋ​ជា​ច្រើន​បាន​ស្លាប់​នៅ​ក្នុង​ផ្ទះ ដោយ​មិន​បាន​ទទួល​ការ​ព្យាបាល​ នៅ​មន្ទីរ​ពេទ្យ។ អ្នក​ស្លាប់​ទាំង​អស់​នោះ ពុំត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​បញ្ជី​អ្នក​ស្លាប់​ដោយ​កូវីដ១៩ជា​ផ្លូវការទេ​ពី​មុន​មក។ ដោយភាព​យឺតយ៉ាវនៃ​ការ​បញ្ជូន​ព័ត៌មាន​ ​ទើប​អាច​គិត​បញ្ចូល​បាន​នៅ​ពេល​នេះ។

ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា សេចក្តីប្រកាស​ដំឡើង​តុល្យការ​អ្នក​ស្លាប់ ធ្លាក់​មកតែ​ប៉ុន្មាន​ម៉ោង​ក្រោយ​អន្តរាគមន៍​​​របស់​មេដឹកនាំ​បារាំង​និងអង់គ្លេស។ នៅ​ល្ងាចថ្ងៃទី ១៦ មេសា ​ម្សិលមិញ​ រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស បាន​ធ្វើការ​ព្រមាន​ចិនថា​ត្រូវ​ឆ្លើយ​នឹង​​សំណួរ​រសើបៗ​បំផុតជុំ​វិញ​បញ្ហា​កូវីដ១៩។ ការព្រមាន​​របស់​អង់គ្លេស​ ជាការ​បន្ទរ​សេចក្តី​ប្រកាស​របស់​​ប្រធានាធិបតី​បារាំង។  នៅ​ក្នុង​​បទសម្ភាសន៍​ជាមួយសារព័ត៌មាន​អង់គ្លេស Financial Times លោកម៉ាក្រុង​ បាន​ឆ្លើយ​ថា “​ទំនង​ជាមានអ្វី​កើត​ឡើង​នៅ​ចិន​ដែល​យើង​មិន​ដឹង។ នៅ​ក្នុង​ប្រទេស​ដែល​ប្រព័ន្ធ​ឃោសនាព័ត៌មាន ស្ថិត​ក្រោម​ការត្រួតត្រា យើង​មិនអាច​ដឹង​អ្វី​បាន​ដោយ​ច្បាស់​លាស់ឡើយ។”

តាមការ​ពិត តាំង​ពី​កូវីដ១៩​បាន​ផ្ទុះ​ឡើងភ្លាម គ្មាននរណា​សូវ​ជឿ​លើ​តួលេខ​របស់​ចិន​ទេ។ វីរុស​ធ្វើការ​រាតត្បាត​នៅ​វូហាន និងបន្ត​រាតត្បាត​ចម្លង នៅ​លើ​ពិភពលោក​ កាន់​តែ​ច្រើន​ឡើង​ៗ ការសង្ស័យ​លើ​តួលេខ​អ្នក​ស្លាប់ និង​ចំណាត់ការ​របស់​​ចិន​ កាន់​តែ​រីកធំ។ បន្ទាប់​ពី​បាន​បង្ហាញ​ការសង្ស័យ និង​​ចោទ​ប្រកាន់រាលដាល​ដល់​អង្គការ​សុខភាព​ពិភពលោក ថា​កាន់​ជើង​ចិន សហរដ្ឋ​អាមេរិក​បាន​របស់​​លោកដូណាល់ ត្រាំ បាន​ប្រកាស​បើក​អង្កេត​ស៊ីជម្រៅ​មួយ ដើម្បី​បាន​យល់​ថា​ហេតុ​អ្វីមាន​​ការ​រាតត្បាត​របស់​​វីរុស​កូរ៉ូណា​ថ្មី។

​ចិន​ គួរ​រួបរួមគ្នា​ប្រឆាំងសត្រូវ​កូវីដ១៩

ក្រោយ​ពី​បាន​ឮការរិះគន់​របស់​ប្រធានាធិបតី​បារាំ​ង និង​អង់គ្លេស ​ចិន បាន​បញ្ចេញ​ប្រតិកម្ម​ បដិសេធ​ថា​មិន​បាន​បិទ​បាំង​ព័ត៌មាន​កូវីដ​ទេ និង​បាន​អំពាវនាវ​ឱ្យ​សហគមន៍អន្តរជាតិ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ ប្រយុទ្ធ​ប្រឆាំងនឹង​​កូរ៉ូណាវីរុស​ថ្មី។ “មានការ​តែ​រួបរួម​គ្នា​គ្រប់​ប្រទេស​ទេ ទើប​អាច​យកឈ្នះសត្រូវ​កូវីដ១៩​បាន” នេះ​បើ​តាមការ​ប្រកាស​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ដោយ​បញ្ជាក់​ទៀត​ថា​ គ្មាន​​ប្រយោជន៍​អ្វី​ដែល​ត្រូវប្រឹងរំ​លើក​អំពី​គុណសម្បត្តិ​និង​គុណវិបត្តិ នៃ​​ប្រព័ន្ធ​នយោបាយ​ដឹកនាំ​ដែល​ខុស​គ្នា​នោះ​ទេ។

ក្រៅ​អំពីប្រតិកម្ម​ការពារ​ខ្លួន ចិន​បាន​ទទួល​ការ​គាំទ្រ​ពី​រុស្ស៊ី។ ល្ងាចមិញ​ នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​លោក ស៊ី​ ជីនពីង ប្រធានាធិបតី​ ពូទីន បានចាត់​ទុក ការ​ប៉ុនប៉ង​ចោទ​ប្រកាន់​ប៉េកាំង​ថា​បិទ​បាំង​ព័ត៌មាន​ មិន​ប្រាប់​ពិភពលោក​ពី​កម្លាំង​រាតត្បាត​របស់​កូវីដ១៩ ជា​ទង្វើ​ ខាត។ លោក​ពូទីន បាន​សម្តែង​ការ​អបអរ​សាទរ ចំពោះ​សកម្មភាពទប់​ស្កាត់​កូវីដ១៩​ដ៏​ល្អ​និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ ធ្វើ​ឱ្យ​ស្ថានភាព​រាតត្បាត​មាន​​ស្ថិរភាព។

កំណើន​សេដ្ឋកិច្ច​បាន​ធ្លាក់​ចុះ​អស់ ៦,៨%

មិន​ខុស​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត កូវីដ១៩ បាន​និង​កំពុង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ចិនដាំក្បាលចុះ​ជាគំហុក។ នៅ​ត្រីមាស​ទី​មួយ​ឆ្នាំ​២០២០​នេះ បើ​តាម​របាយការណ៍​ផ្លូវ​ការ ផលិត​ផលសរុប​ក្នុង​ស្រុក​ចិន បាន​ធ្លាក់​ចុះ​អស់ ៦,៨%។ ជាការ​ធ្លាក់​ចុះ​ខ្លាំង​ ​លើក​ទី​មួយ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ ឆ្នាំ​ដែល​ចិនចាប់​ផ្តើមធ្វើស្ថិតិកំណើន​សេដ្ឋកិច្ច​ជា​ផ្លូវការ។ ​បើគិត​អំពី​​​កំរិត​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​វិញ ចិន​ពុំ​ធ្លាប់​ស្គាល់​​គ្រោះ​មា​នផលិតផលសរុប​ក្នុង​ស្រុកធ្លាក់​ទាប​ខ្លាំង​យ៉ាង​នេះទេ តាំង​ពី​ឆ្នាំ​១៩៧៦​មក។ ប៉ុន្តែ​តួលេខនេះទៀត​សោត ក៏​ទំនង​ជា​ទាប​ជាង​ការ​ពិត។ នេះ​បើ​តាមសេដ្ឋកិច្ចវិទូ  ទីង លូ នៃ​សាកលវិទ្យាល័យ​ណូម៉ូរ៉ា។ ​ ​អ្នក​វិភាគមួយ​​ក្រុម បាន​ការព្យាករថា​ផលិតផលសរុប​ចិន​ធ្លាក់​ចុះ​ដល់​ទៅ​៨,២%។

ថ្វីបើ​ស្ថានភាព​សុខាភិបាល​​បាន​ប្រសើរ​បន្តិចមែន​ ប៉ុន្តែចិន​នៅ​​កំរិត​ការ​ធ្វើ​ដំណើរ​នៅ​ឡើយ ដោយ​ខ្លាច​ការឆ្លង​ថ្មី។ បាន​ន័យ​ សកម្មភាព​សេដ្ឋកិច្ច​ចាយ​វាយ​ទិញ​ដូរ ក៏​នៅ​មាន​កំរិត។ ​​នៅ​ត្រីមាស​ទីពីរ ពីខែ​មេសាទៅ​មិថុនា សេដ្ឋកិច្ចចិន​នឹង​អាច​ចាប់កំរើកខ្លះ បើប្រៀប​ទៅ​នឹង​ត្រីមាស​ទីមួយ​ តែ​​ការ​លំបាកនៅ​តែ​មាន​​ខ្លាំង។ នេះ​បើ​គេ​ជឿ​តាមការ​វិភាគ​របស់​អ្នក​ជំនាញ​ Julian Evans-Pritchardនៅការិយាល័យ​វិភាគ​ Capital Economics ពីព្រោះ​ អត្រាអត់ការងារ​ធ្វើ​ឡើង​ខ្ពស់​ខ្លាំង​ ដល់​ទៅ​ជាង​៣០លាន​នាក់ (ខ្លាំង​ជាង​ពេល​មាន​វិបត្តិហិរញ្ញវត្ថុ​ឆ្នាំ​២០០៨​ទៀត) សេចក្តីត្រូវការ​ក្នុង​ស្រុកទាប បរិបទ​ពិភពលោក​បាន​ធ្វើ​ការ​នាំ​ចេញទៅ​បរទេស​ដែល​ជន្ទល់​ទ្រទ្រង់​សេដ្ឋកិច្ច​បាន​ធ្លាក់​ចុះយ៉ាង​ខ្លាំង ក្រុមហ៊ុន​ខ្នាតតូច​និង​មធ្យម​ រង​ផល​ប៉ះពាល់ខ្លាំង​ជាង​គេ​ពីវិបត្តិកូវីដ។

​ប៉េកាំង​បាន​ចាត់​វិធានការ​ ផ្នែក​ពន្ធដា​រ និង​ការប្រាក់​ ដែរ តែ​មិន​គ្រប់គ្រាន់​ទេ។ បើ​តាម​អ្នក​វិភាគ​ដដែល ​ចិន​គួរ​តែមាន​ផែនការ​សង្គ្រោះ​សេដ្ឋកិច្ច​ដ៏​ធំធេង​មួយ បើចង់​ឱ្យ​ស្តាទ្រទ្រង់​ឱ្យ​មាន​ស្ថិរភាព​យូរអង្វែង។​ ប៉ុន្តែ​ប៉េកាំង​​គ្មាន​ចេតនា​ធ្វើ​ទេ ក្នុង​ដំណាក់កាលនេះ។ ដោយ​ហេតុ​តែ​គំរាមកំហែង​របស់​កូវីដ១៩ ចិនពុំទាន់​មាន​ផែនការ​ កំណត់​កម្មវត្ថុ​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​២០២០​នៅ​ឡើយ​ទេ។ បើ​តាម​ការព្យាករណ៍​របស់​ មូលនិធិ​រូបិយវត្ថុ កំណើន​សេដ្ឋកិច្ចចិន​អាច​មាន​ត្រឹម​១,២%​នៅ​ឆ្នាំនេះ មុន​នឹង​អាច​ស្ទុះ​ឡើងដល់ ៩,២% នៅ​ឆ្នាំក្រោយ ​បើ​សេដ្ឋកិច្ចពិភពលោក​ចាប់​កំរើក​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI