សិង្ហបុរី-កូវីដ-១៩

កូវីដ-១៩៖ក្រុមអ្នកវិទ្យាសាស្រ្តសិង្ហបុរីបង្កើតមនុស្សយន្តប្រឆាំងមេរោគកូរ៉ូណាថ្មី

ក្រុមអ្នកវិទ្យាសាស្រ្តសិង្ហបុរីបង្កើតមនុស្សយន្តប្រឆាំងមេរោគកូរ៉ូណាថ្មី
ក្រុមអ្នកវិទ្យាសាស្រ្តសិង្ហបុរីបង្កើតមនុស្សយន្តប្រឆាំងមេរោគកូរ៉ូណាថ្មី AFP - HANDOUT

នៅ​ក្នុង​ប្រទេស​សិង្ហបុរី ក្រុម​អ្នកវិទ្យាសាស្រ្ត​បាន​បង្កើត​មនុស្សយន្ត​សម្រាប់​សម្លាប់​មេរោគកូរ៉ូណាថ្មី។ មនុស្សយន្ត​នេះ​មាន​ឈ្មោះ XDBOT និង​ដែល​មាន​រាង​ចតុកោណកែង​ត្រូវ​បាន​គេ​បញ្ចូល​កម្មវិធី​បង្ហាត់បង្រៀន​ឲ្យ​ធ្វើ​កាយវិការ​តាម​បុគ្គលិក​ជូត សំអាត។ កម្មវត្ថុ​នៃ​ការ​បង្កើត​មនុស្សយន្ត​ប្រភេទ​នេះ​ឡើង​មិនមែន​ដើម្បី​ជំនួស​បុគ្គលិក​ជូតសំអាត​ទេ តែ​ដើម្បី​ជួយ​រំលែក​ការងារ​ពី​ពួក​គេ​ដែល​កំពុង​មមាញឹក​ខ្លាំង​ក្នុង​ការ​សម្លាប់​កូវីដ-១៩ នៅ​តាម​ទីកន្លែង​សាធារណៈ និង​នៅ​តាម​មន្ទីរពេទ្យ។ នៅ​សិង្ហបុរី ករណី​ឆ្លង​កូវីដ-១៩ ថ្មី​មាន​ចំនួន ៧២៨ករណី​ក្នុង​រយៈពេល ២៤ម៉ោង​ចុង​ក្រោយ​នេះ។ គិត​សរុប​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ មេសា សិង្ហបុរី​មាន​អ្នក​ឆ្លង​ចំនួន ៤ ៤២៧នាក់ និង​អ្នក​ស្លាប់​ចំនួន ១០នាក់។

ផ្សាយពាណិជ្ជកម្ម

មិនមែន​ជា​វេជ្ជបណ្ឌិត​មនុស្សយន្ត​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​ឆ្លង​មេរោគកូរ៉ូណាថ្មី​ទេ តែ​ជា​បុគ្គលិក​មនុស្សយន្ត​សម្រាប់​ជួយ​ជូត សំអាត​សម្លាប់​កូវីដ-១៩។ មនុស្សយន្ត​ឈ្មោះ XDBOT ដែល​មាន​រូបរាង​ជា​ប្រអប់ចុតុកោណកែង មាន​កង់​បួន និង​មាន​ដៃ​បត់​ចុះ ឡើង​បាន​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Nanyang Technological University។ គេ​អាច​បញ្ជា​មនុស្សយន្ត​នេះ​ពី​ចម្ងាយ​ដោយ​ប្រើ​កុំព្យូទ័រ ឬ tablette ហើយ​លក្ខណៈ​ពិសេស​របស់​វា គឺ​អាច​លូកដៃ​ទៅ​ជូត សំអាត​នៅ​កន្លែង​លំបាកៗ​ដែល​បុគ្គលិក​មនុស្ស​ធម្មតា​ពិបាក​ធ្វើ ដូច​យ៉ាង​ជូត សំអាត​នៅ​ក្រោម​គ្រែ ឬ​ក្រោម​តុ​ជា​ដើម។ ការ​ប្រើ​មនុស្សយន្ត​ប្រភេទ​នេះ គឺ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​កូវីដ-១៩ ទៅ​លើ​ក្រុម​អ្នក​ជូត​សំអាត ពិសេស​នៅ​តាម​មន្ទីរពេទ្យ​ដែល​កំពុង​ព្យាបាល​អ្នក​ជំងឺ​កូវីដ-១៩។

លោក Chen I-Ming អ្នក​ស្រាវជ្រាវ​ម្នាក់​នៃ​សាកលវិទ្យាល័យ Nanyang Technological University ដែល​បាន​ដឹកនាំ​ការ​បង្កើត​មនុស្សយន្ត XDROT បាន​បញ្ជាក់​ថា គេ​អាច​បញ្ជា​មនុស្សយន្ត​ប្រភេទ​នេះ​ឲ្យ​ជូត សំអាត​នៅ​គ្រប់​កន្លែង​ទាំង​អស់ មិន​ថា​នៅ​កៀនកោះ កាច់ជ្រុង លើ ឬ​ក្រោម​ទេ។ XDBOT ត្រូវ​បាន​គេ​សាកល្បង​ដំបូង​នៅ​ក្នុង​បរិវេណសាកលវិទ្យាល័យ​ Nanyang Technological University និង​គ្រោង​យក​ទៅ​សាកល្បង​នៅ​តាម​កន្លែង​សាធារណៈ និង​នៅ​តាម​មន្ទីរពេទ្យ។ ការ​បង្កើត​មនុស្សយន្ត​ប្រភេទ​នេះ​បាន​ធ្លាក់​មក ក្នុង​ពេល​ដែល​សិង្ហបុរី​កំពុង​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ លើក​ទី២។

ក្រសួង​សុខាភិបាល​សិង្ហបុរី​បាន​ប្រកាស​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ មេសា​ពី​កំណើន​ករណី​ឆ្លង​ច្រើន​មិន​ធ្លាប់​ក្នុង​រយៈពេល ២៤ម៉ោង​ចុង​ក្រោយ​ដែល​មាន​ដល់​ទៅ ៧២៨នាក់។ គិត​សរុប​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី១៦ មេសា សិង្ហបុរី​មាន​អ្នក​ឆ្លង​ចំនួន ៤ ៤២៧នាក់ និង​អ្នក​ស្លាប់​ចំនួន ១០នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI